រដូវបុណ្យចម្លង សប្តាហ៍ទី៥ ថ្ងៃអាទិត្យ
ថ្ងៃសៅរ៍ (ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១៤១,១-៩
ពាក្យអធិដ្ឋានក្នុងគ្រាមានអាសន្ន
“ផ្សែងគ្រឿងក្រអូបនោះក៏ហុយចេញពីដៃទេវទូតឡើងទៅលើ
ជាមួយពាក្យអធិដ្ឋានរបស់ប្រជាជនដ៏វិសុទ្ធ នៅចំពោះព្រះភក្ត្ររបស់ព្រះជាម្ចាស់” (វវ ៨,៤)។
បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ សូមទទួលពាក្យសរសើរតម្កើងរបស់ទូលបង្គំដូចតង្វាយនៅពេលល្ងាច! អាលេលូយ៉ា!
| ១ | ឱព្រះអម្ចាស់អើយ! ទូលបង្គំសូមអង្វរព្រះអង្គ សូមមេត្តាយាងមកជួយ ទូលបង្គំជាប្រញាប់! ពេលទូលបង្គំអង្វរព្រះអង្គ សូមផ្ទៀងព្រះការណ៍ស្តាប់ទូលបង្គំផង! |
| ២ | សូមឱ្យពាក្យអធិដ្ឋានរបស់ទូលបង្គំឡើងទៅដល់ព្រះអង្គ ដូចផ្សែងគ្រឿងក្រអូប សូមទទួលពាក្យសរសើរតម្កើងរបស់ទូលបង្គំ ដូចតង្វាយនៅពេលល្ងាច ! |
| ៣ | ឱព្រះអម្ចាស់អើយ! សូមរក្សាមាត់ទូលបង្គំ សូមកុំឱ្យទូលបង្គំពោលពាក្យអាក្រក់ឡើយ។ |
| ៤ | សូមកុំបណ្តោយឱ្យចិត្តទូលបង្គំ លំអៀងទៅរកអំពើអាក្រក់ ហើយប្រព្រឹត្តអំពើទុច្ចរិតរួមជាមួយមនុស្សទុច្ចរិត សូមកុំឱ្យទូលបង្គំចូលរួមជប់លៀងជាមួយពួកគេឡើយ។ |
| ៥ | បើមនុស្សសុចរិតវាយប្រដៅ និងស្តីបន្ទោសទូលបង្គំ ដោយចិត្តស្មោះត្រង់ ទូលបង្គំមិនប្រកែកទេ ព្រោះជាការល្អចំពោះទូលបង្គំ ប្រៀបដូចជាទឹកអប់ហូរលើក្បាលទូលបង្គំ។ ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្តអធិដ្ឋានតបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។ |
| ៦ | សូមឱ្យចៅក្រមរបស់ពួកនោះ ត្រូវគេច្រានទម្លាក់ទៅក្នុងក្រហែងថ្ម ហើយសូមឱ្យបច្ចាមិត្តស្ដាប់សេចក្ដីដែលទូលបង្គំនិយាយ ដោយសុទ្ធចិត្ត។ |
| ៧ | “ដីប្រេះចេញពីគ្នាយ៉ាងណា សូមឱ្យស្ថានមនុស្សស្លាប់បើកចំហ លេបឆ្អឹងរបស់គេដែលនៅរាយប៉ាយ គ្រប់ទីកន្លែងយ៉ាងនោះដែរ” ។ |
| ៨ | បពិត្រព្រះជាអម្ចាស់! ទូលបង្គំសម្លឹងទៅរកព្រះអង្គជានិច្ច ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ សូមកុំបណ្តោយឱ្យទូលបង្គំបាត់បង់ជីវិត។ |
| ៩ | សូមការពារទូលបង្គំឱ្យរួចផុតពីអន្ទាក់ ដែលគេដាក់ចាំចាប់ទូលបង្គំ សូមកុំឱ្យទូលបង្គំធ្លាក់ទៅក្នុងរណ្តៅរបស់មនុស្សទុច្ចរិតឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះអម្ចាស់អើយ សូមទទួលពាក្យសរសើរតម្កើងរបស់ទូលបង្គំដូចតង្វាយនៅពេលល្ងាច! អាលេលូយ៉ា!
ទំនុកតម្កើងលេខ ១៤២
ព្រះអង្គជាជម្រករបស់ទូលបង្គំ
អ្វីដែលបានសរសេរនៅក្នុងទំនុកតម្កើងនេះ
ត្រូវបានបំពេញនៅក្នុងទុក្ខលំបាករបស់ព្រះអម្ចាស់យើង (សន្តហ៊ីលឡារី)។
បន្ទរទី២ ៖ សូមដោះលែងទូលបង្គំឱ្យមានសេរីភាព ដើម្បីឱ្យទូលបង្គំលើកតម្កើងព្រះនាមព្រះអង្គ អាលេលូយ៉ា!
(បទកាកគតិ)
| ២- | ខ្ញុំខំបន្លឺ | សម្លេងរន្ទឺ | អង្វរព្រះម្ចាស់ |
| ស្រែកដោយទទូច | ឱ្យទ្រង់ឮច្បាស់ | ព្រោះរូបខ្ញុំនេះ | |
| វេទនាពេកក្រៃ | ។ | ||
| ៣- | ខ្ញុំទូលព្រះអង្គ | ឱ្យបានជ្រាបផង | នូវអស់អត្ថន័យ |
| ពីពាក្យត្អូញត្អែរ | ទុក្ខសោករីងរៃ | វេទនារាល់ថ្ងៃ | |
| ស្ទើរក្ស័យជីវិត | ។ | ||
| ៤- | ពេលទូលបង្គំ | មានទុក្ខក្រៀមក្រំ | បាក់ធ្លាក់ទឹកចិត្ត |
| ព្រះអង្គជ្រាបច្បាស់ | ពីដំណើរពិត | ពួកគេជុំជិត | |
| ដាក់អន្ទាក់ខ្ញុំ | ។ | ||
| ៥- | សូមទ្រង់ទតចុះ | គ្មាននរណាសោះ | អើពើទូលបង្គំ |
| គ្មានទីជ្រកកោន | ឱ្យបានសមរម្យ | នរណាក៏ពុំ | |
| រវល់ឡើយណា | ។ | ||
| ៦- | បពិត្រព្រះម្ចាស់ | ខ្ញុំស្រែកពោលនេះ | អង្វរទ្រង់ថា |
| ទ្រង់ជាជម្រក | នៅក្នុងលោកា | គ្មានអ្វីអស្ចារ្យ | |
| ជាងព្រះអង្គឡើយ | ។ | ||
| ៧- | សូមទ្រង់ប្រណី | សម្តែងហឫទ័យ | កុំបីកន្តើយ |
| ដ្បិតទូលបង្គំ | ទាល់ច្រកអស់ហើយ | រំដោះឱ្យស្បើយ | |
| ពីជនអប្រីយ៍ | ។ | ||
| ៨- | សូមដោះលែងខ្ញុំ | ផុតពីទុក្ខធំ | មានសិទ្ធិសេរី |
| ដើម្បីខ្ញុំអាច | ថ្កើងព្រះនាមល្បី | ចំណោមប្រុសស្រី | |
| នៃជនសុចរិត | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ សូមដោះលែងទូលបង្គំឱ្យមានសេរីភាព ដើម្បីឱ្យទូលបង្គំលើកតម្កើងព្រះនាមព្រះអង្គ អាលេលូយ៉ា!
បទលើកតម្កើងតាមលិខិតទៅភីលីព (ភីល ២,៦-១១)
ព្រះគ្រីស្ដជាអ្នកបម្រើរបស់ព្រះជាម្ចាស់
បន្ទរទី៣ ៖ បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈហើយ ព្រះអង្គក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ អាលេលូយ៉ា!
| ៦ | ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈ ដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។ |
| ៧ | ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។ |
| ៨ | ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ |
| ៩ | ហេតុនេះហើយ បានជាព្រះជាម្ចាស់ លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់ |
| ១០ | ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ |
| ១១ | និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈហើយ ព្រះអង្គក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ២,៩-១០)
រីឯបងប្អូនវិញ បងប្អូនជាពូជសាសន៍ដែលព្រះអង្គបានជ្រើសរើស ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាជាតិសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្ដ្រដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីឱ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ដែលបានហៅបងប្អូនឱ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ។ ពីដើម បងប្អូនមិនមែនជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ទេ តែឥឡូវនេះ បងប្អូនជាប្រជារាស្ដ្ររបស់ព្រះអង្គហើយ ពីដើម បងប្អូនពុំបានទទួលព្រះហឫទ័យមេត្តាករុណាទេ តែឥឡូវនេះ បងប្អូនបានទទួលព្រះហឫទ័យមេត្តាករុណាហើយ។
បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។ អាលេលូយ៉ា!
ពាក្យអង្វរសកល
ព្រះគ្រីស្តជាជីវិត និងជាការរស់ឡើងវិញរបស់យើងខ្ញុំ។ ចូរយើងស្រែករកព្រះអង្គដោយជំនឿថា ៖
បន្ទរ៖ បពិត្រព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ ! សូមព្រះអង្គថែរក្សាការពារប្រជារាស្រ្តរបស់ព្រះអង្គផង !
បពិត្រព្រះអម្ចាស់យេស៊ូ ! យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់ព្រះសហគមន៍កាតូលិក
—សូមប្រោសឱ្យព្រះសហគមន៍បានវិសុទ្ធ ដើម្បីឱ្យព្រះរាជ្យរបស់ព្រះអង្គអាចបង្កើតឡើង នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។ (បន្ទរ)
យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់អ្នកជំងឺ និងអ្នកមានទុក្ខព្រួយ សម្រាប់អស់អ្នកដែលជាប់ឃុំឃាំង និងនិរទេសខ្លួន
—សូមឱ្យពួកគេបានទទួលការលួងលោម និងការជួយផង។ (បន្ទរ)
យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់អស់អ្នកដែលចាកឆ្ងាយពីមាគ៌ារបស់ព្រះអង្គ
—សូមឱ្យគេមានបទពិសោធន៍ពីព្រះហឫទ័យនៃការលើកលែងទោស និងអំណរសប្បាយនៃការមានជីវិតថ្មីផង។ (បន្ទរ)
ឱព្រះសង្រ្គោះដែលត្រូវគេឆ្កាង និងមានព្រះជន្មរស់ឡើងវិញអើយ! ព្រះអង្គនឹងយាងមកវិញ ដើម្បីវិនិច្ឆ័យទោសមនុស្សលោក
—សូមអាណិតអាសូរយើងខ្ញុំជាអ្នកបាប។ (បន្ទរ)
យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់ការរស់នៅគ្រប់បែបយ៉ាង
—និងសម្រាប់អស់អ្នកដែលបានឃ្លាតឆ្ងាយពីយើងខ្ញុំ ដោយមានចិត្តសង្ឃឹមនឹងរស់ឡើងវិញ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ ! ព្រះអង្គសព្វព្រះហឫទ័យចាត់ព្រះបុត្រាឱ្យយាងមកណែនាំ និងប្រមូលមនុស្សគ្រប់ជាតិសាសន៍ ធ្វើជាមហាគ្រួសារតែមួយ។ សូមព្រះអង្គមេត្តាប្រែចិត្តគំនិតរបស់យើងខ្ញុំឱ្យស្រឡាញ់ព្រះអង្គ និងស្រឡាញ់បងប្អូនយ៉ាងស្មោះតាមគំរូព្រះយេស៊ូ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

