១៩ មេសា ២០២៦

Written on 23/01/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៣ ថ្ងៃអាទិត្យ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១០,១-៥.៧

ព្រះមេស្ស៊ី ជាព្រះមហាក្សត្រ និងជាបូជាចារ្យ

ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។

បន្ទរទី១៖ លុះ​ព្រះអង្គ​ប្រោស​មនុស្ស​ឱ្យ​បរិសុទ្ធផុត​ពី​បាបរួច​ហើយ ព្រះអង្គ​ក៏​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​ឧត្តុង្គ​ឧត្ដម នា​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្រ្កាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!”។

សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា
លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!

នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ
ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។

ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។

ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា
នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។

នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ រួចហើយ
ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ លុះ​ព្រះអង្គ​ប្រោស​មនុស្ស​ឱ្យ​បរិសុទ្ធផុត​ពី​បាបរួច​ហើយ ព្រះអង្គ​ក៏​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​ឧត្តុង្គ​ឧត្ដម នា​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

ទំនុកតម្កើងលេខ ១១១

ស្នា​ព្រះហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌អម្ចាស់

ឱព្រះជាអម្ចាស់ដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់អើយ !
ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យស្ញប់ស្ញែងពន់ពេកណាស់ (វវ ១៥,៣)។

បន្ទរទី២៖ ព្រះអម្ចាស់​បាន​រំដោះ​ប្រជារាស្ដ្រ​របស់​ព្រះអង្គឱ្យ​មាន​សេរី‌ភាព អាលេលូយ៉ា!

(បទពាក្យ ៧)

១- ចូរលើកតម្កើងព្រះជាម្ចាស់ ប្រសើរពេកណាស់លើលោកា  
  ខ្ញុំថ្កើងព្រះអង្គហួសសិរសា ក្នុងហ្វូងមនុស្សម្នាដែលទៀងត្រង់
២- គ្រប់ស្នាព្រះហស្តព្រះអម្ចាស់ ប្រសើរពេកណាស់ខ្ពស់ឧត្តុង  
  អ្នកពេញចិត្តស្នាព្រះហស្តទ្រង់ ស្វះស្វែងយល់ផងកុំរារែក
៣- គ្រប់ស្នាព្រះហស្តបានបញ្ចោញ រស្មីចិញ្ចែងភ្លឺអនេក  
  សេចក្តីសុចរិតល្អពន់ពេក មិនប្រេះបាក់បែកនៅរហូត
៤- ព្រះអង្គទ្រង់សព្វព្រះហឫទ័យ ឱ្យយើងស្រមៃមិនរលត់  
  ដល់ការអស្ចារ្យខ្ពស់បំផុត ហឫទ័យអាណិតចិត្តអាសូរ
៥- ព្រះអង្គប្រទានទាំងអាហារ ដល់អ្នកវេទនាស្រែកទ្រហោ  
  អ្នកដែលកោតខ្លាចទ្រង់អាសូរ សម្ពន្ធមានយូរធ្លាប់មេត្រី
៦- ព្រះអង្គសម្តែងអានុភាព ឱ្យរាស្ត្រជ្រួតជ្រាបឥតសង្ស័យ  
  គឺព្រះអង្គបានឱ្យទឹកដី ប្រជាដទៃមកពួកគេ
៧- គ្រប់ស្នាព្រះហស្តព្រះអង្គធ្វើ សុទ្ធតែអំពើល្អឥតរេ  
  សុចរិតយុត្តិធម៌ឥតប្រួលប្រែ ដូច្នេះគួរតែជឿទាំងស្រុង
៨- បញ្ហាទាំងនោះឥតចន្លោះ មិនបាត់មួយសោះស្ថិតគង់វង្ស  
  សុចរិតល្អល្អះភ្លឺត្រចង់ ក្តីពិតទៀងត្រង់យ៉ាងប្រពៃ
៩- ព្រះអង្គរំដោះប្រជារាស្ត្រ ពួកគេទាំងអស់មានសិរី  
  ទ្រង់បានចងសម្ពន្ធមេត្រី នឹងរាស្ត្រប្រុសស្រីរហូតទៅ
  ព្រះនាមព្រះអង្គគង់ទីខ្ពស់ វិសុទ្ធឥតមោះឥតហ្មងសៅ  
  បារមីគួរស្ញែងខ្លាចពេកកូវ រាល់យប់ថ្ងៃត្រូវតែគោរព
១០- អ្នកណាដែលចង់មានប្រាជ្ញា គួរតែគិតថាមានប្រភព  
  ប្រាជ្ញានឹងកើតមានសព្វគ្រប់ បើអ្នកគោរពខ្លាចព្រះម្ចាស់
  អ្នកដែលធ្វើតាមប្រាជ្ញានេះ គេអាចត្រិះរិះបានល្អល្អះ  
  យើងសូមតម្កើងព្រះអម្ចាស់ ជាព្រះខ្ពង់ខ្ពស់រហូតទៅ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ព្រះអម្ចាស់​បាន​រំដោះ​ប្រជារាស្ដ្រ​របស់​ព្រះអង្គឱ្យ​មាន​សេរី‌ភាព អាលេលូយ៉ា!

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៧)

វិវាហមង្គលការកូនចៀម

បន្ទរទី៣ ៖ អាលេលូយ៉ា! ព្រះអម្ចាស់ជាព្រះជាម្ចាស់នៃយើង ព្រះអង្គជាព្រះមហាក្សត្រ! ចូរយើងត្រេកអរសប្បាយ ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អាលេលូយ៉ា!

អាលេលូយ៉ា!
សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង
ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព

ដ្បិតទ្រង់វិនិច្ឆ័យយ៉ាងត្រឹមត្រូវតាមយុត្តិធម៌
អាលេលូយ៉ា!
អាលេលូយ៉ា!

អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់
អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ!
ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!។
អាលេលូយ៉ា!
អាលេលូយ៉ា!

ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ

យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង
ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ
អាលេលូយ៉ា!
អាលេលូយ៉ា!
ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ
ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ”។
អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អាលេលូយ៉ា! ព្រះអម្ចាស់ជាព្រះជាម្ចាស់នៃយើង ព្រះអង្គជាព្រះមហាក្សត្រ! ចូរយើងត្រេកអរសប្បាយ ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ១០,១២-១៤)

រីឯ​ព្រះ‌គ្រីស្ត​វិញ បន្ទាប់​ពី​ព្រះ‌អង្គ​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​មួយ ដើម្បីរំដោះ​បាប​រួច​ហើយ ព្រះ‌អង្គ​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់រហូត​ត​ទៅ។ ឥឡូវ​នេះ ព្រះ‌អង្គ​រង់‌ចាំ​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ឱ្យ​ចុះ​ចូល​ក្រោម​ព្រះ‌បាទា​ព្រះ‌អង្គ។ ដោយ‌សារ​តង្វាយ​តែ​មួយ​គត់ ព្រះ‌គ្រីស្តធ្វើឱ្យ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រោស​ឱ្យ​វិសុទ្ធហើយ​នោះ បាន​គ្រប់លក្ខណៈ​រហូត​ត​ទៅ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សុំ​យក​ត្រី​ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​ចាប់​បាន​មក​ណេះ!»។ លោក​ស៊ីម៉ូន‌សិលា​ចុះ​ទៅ​ក្នុង​ទូក ទាញ​អួន​ដែល​មាន​ត្រី​ពេញ​មក​ដាក់​លើ​គោក អាលេលូយ៉ា!

ពាក្យអង្វរសកល

ចូរយើងដង្ហោយហៅរកព្រះគ្រីស្តជាអម្ចាស់ ដោយអំណរសប្បាយនៅក្នុងដួងចិត្ត ព្រោះព្រះអង្គបានសោយទិវង្គត និងរស់ឡើងវិញ ហើយមានព្រះជន្មគង់នៅជានិច្ច ដើម្បីទូលអង្វរឱ្យយើងខ្ញុំ ៖

បន្ទរ ៖ ឱព្រះមហាក្សត្រដ៏មានជ័យជម្នះអើយ ! សូមព្រះអង្គសណ្តាប់ពាក្យអង្វរយើងខ្ញុំ !

បពិត្រព្រះសង្រ្គោះ ! ព្រះអង្គជាព្រះពន្លឺបំភ្លឺមនុស្សគ្រប់ជាតិសាសន៍
—សូមព្រះអង្គបញ្ជូនភ្លើងនៃព្រះវិញ្ញាណដ៏វិសុទ្ធមកក្នុងដួងចិត្តយើងខ្ញុំ ដូចយើងខ្ញុំប្រកាសថា ព្រះអង្គមានព្រះជន្មរស់ឡើងវិញមែន។ (បន្ទរ)

បពិត្រព្រះអម្ចាស់យេស៊ូ ! សូមឱ្យជនជាតិអ៊ីស្រាអែលទទួលស្គាល់ព្រះអង្គជាព្រះមេស្ស៊ី
—ហើយសូមឱ្យផែនដីទាំងមូល ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គរក្សាយើងខ្ញុំក្នុងការរួបរួមនៃសន្តបុគ្គលទាំងឡាយ
—ហើយសូមប្រទានឱ្យយើងខ្ញុំបានសម្រាកពីការងារពលកម្មក្នុងក្រុមហ៊ុន។ (បន្ទរ)

ព្រះអង្គមានជ័យជម្នះលើខ្មាំងសត្រូវ ព្រះអង្គបានបំផ្លាញអំណាចនៃសេចក្តីស្លាប់នៅក្នុងយើងខ្ញុំ
—ដើម្បីឱ្យយើងខ្ញុំអាចរស់នៅសម្រាប់ព្រះអង្គតែមួយគត់ ដែលមានជ័យជម្នះ និងជាព្រះអម្ចាស់អស់កល្បជានិច្ច មិនចេះសាបសូន្យឡើយ។ (បន្ទរ)

ឱព្រះគ្រីស្តអើយ ! ព្រះអង្គបានស្តាប់បង្គាប់រហូតដល់សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ទៅគង់ខាងស្តាំព្រះបិតា
—ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមទ្រង់ព្រះមេត្តាទទួលបងប្អូនរបស់ព្រះអង្គ ឱ្យចូលក្នុងព្រះរាជ្យនៃសិរីរុងរឿងនោះផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គប្រោសឱ្យព្រះយេស៊ូទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ ហើយទ្រង់ក៏ប្រោសឱ្យយើងខ្ញុំ មានកិត្តិយសជាបុត្រធីតារបស់ព្រះអង្គដែរ។ សូមព្រះអង្គមេត្តាពង្រឹងជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់របស់យើងខ្ញុំឱ្យរស់នៅតាមឋានៈដ៏ថ្លៃថ្នូររបស់ខ្លួនជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។