ថ្ងៃអាទិត្យ បុណ្យចម្លងដ៏ឱឡារិកបំផុត
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១០,១-៥.៧
ព្រះមេស្ស៊ី គឺជាព្រះមហាក្សត្រ និងជាបូជាចារ្យ
ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។
បន្ទរទី១ ៖ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀតនាំគ្នាទៅមើលផ្នូរ អាលេលូយ៉ា! ។
| ១ | ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាព្រះអម្ចាស់របស់ខ្ញុំថា ៖ “សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ! ”។ |
| ២ | សូមព្រះជាអម្ចាស់ប្រោសប្រទាន ឱ្យព្រះរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
| ៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ |
| ៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖ “ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។ |
| ៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
| ៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ រួចហើយ ព្រះអង្គងើបព្រះភក្រ្តប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀតនាំគ្នាទៅមើលផ្នូរ អាលេលូយ៉ា! ។
ទំនុកតម្កើងលេខ ១១៤,១-៨
ប្រជាជនអ៊ីស្រាអែលបានសេរីភាពពីប្រទេសអេស៊ីប
អ្នកដែលបានលះបង់ពិភពលោកនេះ ក៏ត្រូវបានដឹកនាំចេញពីប្រទេសអេស៊ីបផងដែរ (សន្តអូគូស្ទីន)។
បន្ទរទី២៖ សុំមកមើលកន្លែងដែលគេដាក់ព្រះសពព្រះអង្គឯណេះសិន។ អាលេលូយ៉ា !
(បទពាក្យ ៧)
| ១- | ពេលអ៊ីស្រាអែលបានចាកចេញ | ពីអេស៊ីបវិញហើយពេលនោះ | |
| ពូជពង្សយ៉ាកុបចេញទាំងអស់ | ពីដីបរទេសមិនសល់នៅ | ។ | |
| ២- | ឯប្រជាជនជាតិយូដា | បានក្លាយទៅជាឥតហ្មងសៅ | |
| ជាប្រជាជាតិមិនអាស្រូវ | វិសុទ្ធពេកកូវផ្ទាល់ព្រះអង្គ | ។ | |
| ៣- | ពេលទឹកសមុទ្រឃើញពួកគេ | តក់ស្លុតម៉្លេះទេមិនបង្អង់ | |
| គេចខ្លួនថយទៅមិនរេរង់ | ទាំងយ័រដាន់ផងក៏ថយដែរ | ។ | |
| ៤- | ភ្នំតូចភ្នំធំភ្នំទាំងអស់ | នៅមិនស្ងៀមសោះដូចពពែ | |
| លោតទៅលោតមកមិនឈប់ទេ | ភ្នំតូចលោតដែរដូចកូនចៀម | ។ | |
| ៥- | ឱសមុទ្រអើយម្តេចក៏អ្នក | រត់គេចជាជាក់ទៅនៅស្ងៀម | |
| អ្នកធ្លាប់រលកលោតរវាម | ម្តេចសំងំស្ងៀមធ្មឹងដូច្នេះ | ។ | |
| ឱទឹកទន្លេយ័រដាន់អើយ | ពេលនេះម្តេចឡើយរត់លឿនម៉្លេះ | ||
| ម្តេចអ្នកដកខ្លួនឆាប់ដូច្នេះ | តើរឿងទាំងនេះមកពីអ្វី | ។ | |
| ៦- | ភ្នំអើយម្តេចអ្នកមិនឈប់លោត | ផ្លាស់ប្តូររហូតដូចសត្វព្រៃ | |
| ភ្នំតូចអើយអ្នកលោតព្រោះអ្វី | មិនស្គាល់យប់ថ្ងៃមិនសម្រាក | ។ | |
| ៧- | ឱផែនដីអើយចូររីករាយ | អំណរសប្បាយចំពោះភក្រ្ត | |
| ព្រះជាអម្ចាស់របស់អ្នក | និងចំពោះភក្រ្តព្រះយ៉ាកុប | ។ | |
| ៨- | គឺទ្រង់បានធ្វើឱ្យសិលា | ប្រែក្លាយទៅជាបឹងសាយសព្វ | |
| ឱ្យថ្មប្រែក្លាយជាប្រភព | ទឹកហូរឥតឈប់ឥតស្រាកស្រាន្ត | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ សុំមកមើលកន្លែងដែលគេដាក់ព្រះសពព្រះអង្គឯណេះសិន។ អាលេលូយ៉ា !
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៧)
វិវាហមង្គលការកូនចៀម
បន្ទរទី៣៖ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំភ័យខ្លាចអ្វីឡើយ! សុំទៅប្រាប់បងប្អូនខ្ញុំឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ» ។ អាលេលូយ៉ា !
| ១ | អាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព |
| ២ | ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌ អាលេលូយ៉ា! |
| ៥ | អាលេលូយ៉ា! អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ! ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!។ អាលេលូយ៉ា! |
| ៦ | អាលេលូយ៉ា! ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ |
| ៧ | យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ អាលេលូយ៉ា! អាលេលូយ៉ា! ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំភ័យខ្លាចអ្វីឡើយ! សុំទៅប្រាប់បងប្អូនខ្ញុំឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ» ។ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ១០,១២-១៤)
រីឯព្រះគ្រីស្តវិញ បន្ទាប់ពីព្រះអង្គបានថ្វាយយញ្ញបូជាតែមួយ ដើម្បីរំដោះបាបរួចហើយ ព្រះអង្គគង់នៅខាងស្ដាំព្រះជាម្ចាស់រហូតតទៅ។ ឥឡូវនេះ ព្រះអង្គរង់ចាំព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ ឲ្យចុះចូលក្រោមព្រះបាទាព្រះអង្គ។ ដោយសារតង្វាយតែមួយគត់ ព្រះគ្រីស្តធ្វើឲ្យអស់អ្នកដែលព្រះអង្គបានប្រោសឲ្យវិសុទ្ធហើយនោះ បានគ្រប់លក្ខណៈរហូតតទៅ។
បន្ទរ៖ នេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា! ។
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ នៅល្ងាចថ្ងៃអាទិត្យនោះ ពួកសាវ័កនៅក្នុងផ្ទះខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេ មានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត!» ។ អាលេលូយ៉ា!
ពាក្យអង្វរសកល
ចូរយើងដង្ហោយហៅរកព្រះគ្រីស្តជាអម្ចាស់ ដោយអំណរសប្បាយនៅក្នុងដួងចិត្ត ព្រោះព្រះអង្គបានសោយទិវង្គត និងរស់ឡើងវិញ ហើយមានព្រះជន្មគង់នៅជានិច្ច ដើម្បីទូលអង្វរឱ្យយើងខ្ញុំ ៖
បន្ទរ៖ ឱព្រះមហាក្សត្រដ៏មានជ័យជម្នះអើយ ! សូមព្រះអង្គសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ !
បពិត្រព្រះសង្រ្គោះ ! ព្រះអង្គជាព្រះពន្លឺបំភ្លឺមនុស្សគ្រប់ជាតិសាសន៍
—សូមព្រះអង្គបញ្ជូនភ្លើងនៃព្រះវិញ្ញាណដ៏វិសុទ្ធមកក្នុងដួងចិត្តយើងខ្ញុំ ដូចយើងខ្ញុំប្រកាសថា ព្រះអង្គមានព្រះជន្មរស់ឡើងវិញមែន។ (បន្ទរ)
បពិត្រព្រះអម្ចាស់យេស៊ូ ! សូមឱ្យជនជាតិអ៊ីស្រាអែលទទួលស្គាល់ព្រះអង្គជាព្រះមេស្ស៊ី
—ហើយសូមឱ្យផែនដីទាំងមូល ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។ (បន្ទរ)
សូមព្រះអង្គរក្សាយើងខ្ញុំក្នុងការរួបរួមនៃសន្តបុគ្គលទាំងឡាយ
—ហើយសូមប្រទានឱ្យយើងខ្ញុំបានសម្រាក ពីការងារពលកម្មក្នុងក្រុមហ៊ុន។ (បន្ទរ)
ព្រះអង្គមានជ័យជម្នះលើខ្មាំងសត្រូវ ព្រះអង្គបានបំផ្លាញអំណាចនៃសេចក្តីស្លាប់នៅក្នុងយើងខ្ញុំ
—ដើម្បីឱ្យយើងខ្ញុំអាចរស់នៅសម្រាប់ព្រះអង្គតែមួយគត់ ដែលមានជ័យជម្នះ និងជាព្រះអម្ចាស់អស់កល្បជានិច្ច មិនចេះសាបសូន្យឡើយ។ (បន្ទរ)
ឱព្រះគ្រីស្តអើយ ! ព្រះអង្គបានស្តាប់បង្គាប់រហូតដល់សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ទៅគង់ខាងស្តាំព្រះបិតា
—ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមទ្រង់ព្រះមេត្តាទទួលបងប្អូនរបស់ព្រះអង្គ ឱ្យចូលក្នុងព្រះរាជ្យនៃសិរីរុងរឿងនោះផង។ (បន្ទរ)
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! នៅថ្ងៃនេះ ព្រះអង្គប្រោសព្រះបុត្រាតែមួយឲ្យមានជ័យជម្នះលើសេចក្តីស្លាប់ និងបើកផ្លូវឲ្យយើងខ្ញុំឆ្ពោះទៅកាន់ភាពអស់កល្បជានិច្ច។ ពេលប្រារព្ធពិធីបុណ្យព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញយ៉ាងឱឡារិកនេះ សូមព្រះអង្គប្រោសប្រណីឲ្យយើងខ្ញុំរស់ឡើងវិញក្នុងពន្លឺនៃជីវិតថ្មី ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

