រដូវសែសិបថ្ងៃ សប្ដាហ៍ទី៤ ថ្ងៃព្រហស្បតិ៍
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១៤៤
ពាក្យអធិដ្ឋានសម្រាប់ជ័យជម្នះ និងសន្តិភាព
ព្រះគ្រីស្តបានរៀនអំពីសិល្បៈនៃសង្រ្គាម នៅពេលព្រះអង្គមានជ័យជម្នះលើលោកិយ
ដូចព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំបានឈ្នះលោកិយនេះហើយ (សន្តហ៊ីលឡារី)។
បន្ទរទី១ ៖ ព្រះអម្ចាស់សម្ដែងព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំ ព្រះអង្គជាបន្ទាយការពារខ្ញុំ។ ខ្ញុំផ្ញើជីវិតលើព្រះអង្គ។
(ក)
| ១ | សូមលើកតម្កើងព្រះអម្ចាស់ដែលជាថ្មដារបស់ខ្ញុំ ព្រះអង្គបង្រៀនខ្ញុំអំពីយុទ្ធសាស្ត្រ ហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។ |
| ២ | ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំ ព្រះអង្គជួយការពារខ្ញុំ ព្រះអង្គជាទីជម្រកដ៏រឹងមាំរបស់ខ្ញុំ ព្រះអង្គរំដោះខ្ញុំ ព្រះអង្គជាខែលការពារខ្ញុំ ខ្ញុំតែងមកជ្រកកោននឹងព្រះអង្គជានិច្ច ព្រះអង្គប្រគល់ប្រជាជាតិនានាមកក្រោមអំណាចរបស់ខ្ញុំ |
| ៣ | ឱព្រះអម្ចាស់អើយ តើមនុស្សជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ? តើមនុស្សលោកជាអ្វីបានជាព្រះអង្គនឹកគិតដល់គេដូច្នេះ? |
| ៤ | មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ អាយុជីវិតរបស់គេប្រៀបបាននឹងស្រមោល ដែលតែងតែរសាត់បាត់ទៅ។ |
| ៥ | ឱព្រះអម្ចាស់អើយ សូមផ្អៀងផ្ទៃមេឃរបស់ព្រះអង្គ ហើយយាងចុះមក! សូមពាល់ភ្នំ ដើម្បីឱ្យមានផ្សែងហុយឡើង។ |
| ៦ | សូមព្រះអង្គធ្វើឱ្យមានផ្លេកបន្ទោរ កម្ចាត់កម្ចាយខ្មាំងសត្រូវ សូមបាញ់ព្រួញរបស់ព្រះអង្គបំបាក់ទ័ពពួកគេ។ |
| ៧ | សូមលាតព្រះហស្ដពីស្ថានលើមករំដោះទូលបង្គំ សូមស្រង់ទូលបង្គំឱ្យចេញផុតពីទឹកសមុទ្រ សូមរំដោះទូលបង្គំឱ្យរួចពីអំណាចរបស់ជនបរទេសទាំងនេះផង។ |
| ៨ | ពួកគេមិនដែលនិយាយពាក្យពិតទេ ហើយក៏មិនដែលគោរពពាក្យសម្បថរបស់ខ្លួនដែរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់សម្ដែងព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំ ព្រះអង្គជាបន្ទាយការពារខ្ញុំ។ ខ្ញុំផ្ញើជីវិតលើព្រះអង្គ។
បន្ទរទី២ ៖ ប្រជាជាតិណាគោរពព្រះអម្ចាស់ទុកជាព្រះរបស់ខ្លួន ប្រជាជាតិនោះមានសុភមង្គលហើយ!
(ខ)
(បទព្រហ្មគីតិ)
| ៩- | បពិត្រព្រះម្ចាស់អើយ | ខ្ញុំច្រៀងថ្វាយនូវបទថ្មី | |
| និងប្រគុំតន្ត្រី | ពីរោះក្រៃថ្វាយព្រះម្ចាស់ | ។ | |
| ១០- | ព្រះអង្គបានប្រទាន | ឱ្យស្តេចមានជ័យជម្នះ | |
| ព្រះអង្គបានសង្គ្រោះ | ដាវីឌរស់មានសិរី | ។ | |
| ១១- | សូមសង្គ្រោះរំដោះ | ខ្ញុំឱ្យរស់ផុតពីដៃ | |
| ជនបរទេសអប្រីយ៍ | ដែលនិយាយពាក្យមិនពិត | ។ | |
| ១២- | សូមឱ្យកូនប្រុសៗ | យើងទាំងអស់ស្រស់ប្រណីត | |
| លូតលាស់ល្អម៉ងម៉ត់ | ដូចរុក្ខជាតិស្រស់ខៀវខ្ចី | ។ | |
| ឯកូនស្រីសំណព្វ | ល្អគួរគាប់ស្រស់ប្រិមប្រីយ៍ | ||
| ដូចទេពអប្សរស្រី | ល្អប្រពៃស្រស់ផូរផង់ | ។ | |
| ១៣- | សូមឱ្យក្នុងជង្រុក | យើងមានផ្ទុកភោគផលផង | |
| ចៀមក្នុងហ្វូងត្រសង | កើនច្រើនដងរាប់ម៉ឺនពាន់ | ។ | |
| ១៤- | ហ្វូងគោក៏ចម្រើន | មានកូនច្រើនមិនថយអន់ | |
| គ្មានបាត់គ្មានគេប្លន់ | គ្មានអាសន្នតាមទីផ្សារ | ។ | |
| ១៥- | ប្រជាណាទទួល | ពរនិមលដូច្នេះណា | |
| កើតមានក្តីសុខា | មង្គលថ្លាល្អត្រចះ | ។ | |
| ប្រជាណាគោរព | ព្រះម្ចាស់ទុកធ្វើជាព្រះ | ||
| នោះគេនឹងឃើញច្បាស់ | ជួបប្រទះតែមង្គល | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ប្រជាជាតិណាគោរពព្រះអម្ចាស់ទុកជាព្រះរបស់ខ្លួន ប្រជាជាតិនោះមានសុភមង្គលហើយ!
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨.១២,១០ខ-១២ក)
ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់
បន្ទរទី៣ ៖ ដ្បិតព្រះជាអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ។
| ១៧ | “បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅតាំងពីដើមរៀងមកដែរ ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។ |
| ១៨ | ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធក៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។ នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។ |
| ១០ | ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំង នៅលើមេឃថា ៖ “ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯង ដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃ ទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។ |
| ១១ | បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។ |
| ១២ | ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ! ចូរមានអំណរសប្បាយឡើង! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ដ្បិតព្រះជាអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យក ៤,៧-៨.១០)
ដូច្នេះ សូមបងប្អូនគោរពចុះចូលព្រះជាម្ចាស់ ហើយប្រឆាំងនឹងមារនោះវាមុខជារត់ចេញឆ្ងាយពីបងប្អូនមិនខាន។ សូមចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងយាងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជម្រះខ្លួនឱ្យបានបរិសុទ្ធទៅ! មនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តគំនិតឱ្យបានស្អាតឡើង!។ ចូរបន្ទាបខ្លួននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ នោះព្រះអង្គនឹងលើកតម្កើងអ្នករាល់គ្នាជាមិនខាន។
បន្ទរ៖ ខ្ញុំទូលព្រះអម្ចាស់ថា *ព្រះអង្គអើយសូមប្រណីមេត្តាទូលបង្គំ។ បន្ទរឡើងវិញ៖…
-សូមប្រោសទូលបង្គំឱ្យជាឡើងវិញផង ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហប្ញទ័យរបស់ព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ ពាក្យដែលខ្ញុំបាននិយាយនេះ មិនមែនចេញមកពីខ្ញុំទេ គឺព្រះបិតាដែលបានចាត់ខ្ញុំឱ្យមក។
ពាក្យអង្វរសកល
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមប្រទានជីវិតដល់ប្រជារាស្រ្តរបស់ព្រះអង្គ ដែលព្រះគ្រីស្តបានលោះនោះផង !
—ដើម្បីពួកគេអាចនាំមកនូវព្រះហឫទ័យប្រណីសន្តោសមកក្នុងជីវិតប្រចាំថ្ងៃ ដែលគេបានទទួលដោយសារជំនឿ និងតាមរយៈអគ្គសញ្ញានានា។ (បន្ទរ)
—ហើយឱ្យយើងខ្ញុំចេះខ្វល់ខ្វាយពីសេចក្តីត្រូវការរបស់អ្នកដទៃផង។ (បន្ទរ)
—សូមប្រោសប្រទានឱ្យពួកគេនូវរង្វាន់នៃសុភមង្គលអស់កល្បជានិច្ច។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

