១៧ មីនា ២០២៦

Written on 12/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី៤ ថ្ងៃអង្គារ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១៣៧,១-៦

ទន្លេនៃស្រុក​បាប៊ីឡូន

ការជាប់ឃុំឃាំងនៅស្រុកបាប៊ីឡូន គឺជាប្រភេទនៃការជាប់ឃុំឃាំងខាង​វិញ្ញាណរបស់យើង (សន្តហ៊ីលឡារី)។

បន្ទរទី១ ៖ ឱក្រុងយេរូសាឡឹមអើយ ! បើខ្ញុំភ្លេចអ្នក សូមឱ្យដៃស្តាំរបស់ខ្ញុំស្ពឹកចុះ។

យើងអង្គុយនៅមាត់ទន្លេស្រុកបាប៊ីឡូន នាំគ្នាយំស្រណោះក្រុងស៊ីយ៉ូន។
 
យើងភ្ជួរពិណរបស់យើងនឹងដើមឈើ នៅជិតមាត់ទន្លេ។

ពេល​នោះ ពួក​អ្នក​ដែល​ចាប់​យើង​មក​ជា​ឈ្លើយសឹក បាន​សុំ​ឲ្យ​យើង​ច្រៀង
ពួក​អ្នក​ធ្វើ​ទោស​យើង បាន​សុំ​ឲ្យ​យើងច្រៀង​បទ​សប្បាយ គេ​ពោល​ថា: 
«ចូរ​នាំ​គ្នា​ច្រៀង​បទ​ខ្លះ​ពី​ក្រុង​ស៊ីយ៉ូនឲ្យ​យើង​ស្ដាប់​ផង!»។

តើឱ្យយើងច្រៀងបទតម្កើងថ្វាយព្រះអម្ចាស់ នៅលើទឹកដីបរទេសដូចម្តេចកើត?

ឱក្រុងយេរូសាឡឹមអើយ! បើខ្ញុំភ្លេចអ្នក សូមឱ្យដៃស្តាំរបស់ខ្ញុំស្ពឹកចុះ!

ប្រសិន​បើ​ខ្ញុំ​មិន​នឹក​ដល់​អ្នក​ទេ ហើយ​ប្រសិន​បើ​ខ្ញុំ​មិន​ចាត់​ទុក​អ្នក​
ជា​អំណរដ៏​ខ្លាំង​ក្លា​បំផុត​របស់​ខ្ញុំ​ទេ​នោះ សូម​ឲ្យ​អណ្ដាត​ខ្ញុំ​រឹង​ទៅ​ចុះ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ឱក្រុងយេរូសាឡឹមអើយ ! បើខ្ញុំភ្លេចអ្នក សូមឱ្យដៃស្តាំរបស់ខ្ញុំស្ពឹកចុះ។

ទំនុកតម្កើងលេខ ១៣៨

ពាក្យអរព្រះគុណ

ជាតិសាសន៍នានា នឹងដើរក្នុងពន្លឺរបស់ក្រុងនោះ 
ហើយស្តេចនានានឹងនាំរាជទ្រព្យចូលមកក្នុងក្រុងនោះដែរ (វវ ២១,២៤)។

បន្ទរទី២ ៖ ទូលបង្គំស្មូតទំនុកតម្កើងថ្វាយព្រះអង្គ នៅចំពោះមុខពពួក​ទេវទូត។

(បទកាកគតិ)

១- ខ្ញុំសូមតម្កើង ព្រះម្ចាស់ខ្ពស់ឡើង អស់ពីដួងចិត្ត
  នៅមុខទេវតា ទូលបង្គំស្មូតបទ តម្កើងថ្វាយថ្វាត់
    ដល់ព្រះអង្គថ្លៃ
២- ខ្ញុំក្រាបបែរមុខ តម្រង់ទៅរក  វិហារប្រពៃ
  ខ្ញុំលើកតម្កើង ព្រះនាមថ្លាថ្លៃ ដោយព្រះហឫទ័យ
    ស្មោះស្ម័គ្រឥតស្បើយ
៣- នៅថ្ងៃដែលខ្ញុំ ស្រែកអង្វរសុំ ព្រះអង្គតបឆ្លើយ
  ព្រះអង្គប្រទាន ឥតមានកន្តើយ ឱ្យខ្ញុំបានស្បើយ
    ក្នុងចិត្តក្លាហាន
៤- ឱព្រះម្ចាស់អើយ សូមទ្រង់ផ្តល់ឱ្យ ស្តេចទាំងប៉ុន្មាន
  នៅលើផែនដី នាំគ្នាគ្រប់ប្រាណ តម្កើងពេលបាន
    ឮទ្រង់សន្យា
៥- សូមឱ្យគេនាំ គ្នីគ្នាច្រៀងរាំ តម្កើងកិច្ចការ
  ថាព្រះអម្ចាស់ រុងរឿងអស្ចារ្យ ឧត្តមថ្លៃថ្លា
    បំផុតគ្មានពីរ
៦- ទោះបីព្រះម្ចាស់ ខ្ពង់ខ្ពស់ពេកណាស់ ក៏ទ្រង់សំភី
  គិតមនុស្សលោក គ្រប់វិនាទី មនុស្សកាចយាយី
    ទ្រង់ស្គាល់ពីឆ្ងាយ
៧- ពេលទូលបង្គំ ជួបអាសន្នធំ ទ្រង់ឥតជិនណាយ
  ជួយការពារខ្ញុំ វាយខ្មាំងខ្ចាត់ខ្ចាយ សង្គ្រោះខ្ញុំដោយ
    ឫទ្ធីបារមី
៨- បពិត្រព្រះម្ចាស់ ការគ្រប់យ៉ាងនេះ ពិតជាប្រពៃ
  ព្រះអង្គប្រកប ដោយព្រះហឫទ័យ ករុណាក្រៃ
    ឥតបីបោះបង់
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ  ថ្កើងថ្កានឥតហ្មង
     ដែលគង់ជានិច្ច
 
បន្ទរ៖ ទូលបង្គំស្មូតទំនុកតម្កើងថ្វាយព្រះអង្គ នៅចំពោះមុខពពួក​ទេវទូត។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩-១០.១២)

ទំនុកតម្កើងការប្រោសលោះ

បន្ទរទី៣ ៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញ‌បូជា ព្រះអង្គសមនឹងទទួលព្រះកិត្តិនាម សិរី‌រុងរឿង និងការសរសើរតម្កើង។

១១ “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង 
ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក
អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ
ដោយសារព្រះហឫទ័យរបស់ព្រះអង្គ”។

គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖
“ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា
ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន
និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់
ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១០
ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ
បម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី”។
១២
នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា
ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ
ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង”។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញ‌បូជា ព្រះអង្គសមនឹងទទួលព្រះកិត្តិនាម សិរី‌រុងរឿង និងការសរសើរតម្កើង។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យក ២,១៤.១៧.១៨ខ)

បង‌ប្អូន​អើយ ប្រសិន​បើ​មាន​ម្នាក់​ពោល​ថា ខ្លួន​មាន​ជំនឿ តែ​មិន​ប្រព្រឹត្ត​អំពើ​ល្អ​ទេ តើ​មាន​ប្រយោជន៍​អ្វី? តើ​ជំនឿ​នេះ​អាច​ធ្វើ​ឲ្យ​គេ​ទទួល​ការ​សង្គ្រោះ​បាន​ឬ? រីឯ​ជំនឿ​វិញ​ក៏​ដូច្នោះ​ដែរ ប្រសិន​បើ​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ទេ ជំនឿ​នោះ​ស្លាប់​តែ​ម្ដង!។ សូម​បង្ហាញ​ជំនឿ​របស់​អ្នក​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អឲ្យ​ខ្ញុំ​មើល​មើល៍ នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ជំនឿ​របស់​ខ្ញុំ ដោយ​អំពើ​ល្អ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត។

បន្ទរ ៖ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា *ព្រះ‌អង្គ​អើយសូម​ប្រណី​មេត្តា​ទូល‌បង្គំ។ បន្ទរឡើងវិញ៖…
-សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ឡើង​វិញ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្តអំពើ​បាប ទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​របស់ព្រះ‌អង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ «ឥឡូវ​នេះ អ្នក​បាន​ជា​ហើយ កុំ​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ឲ្យ​សោះ ក្រែង​លោ​កើត​ការ​អាក្រក់​ដល់​អ្នក លើស​មុន​ទៅ​ទៀត» ។

ពាក្យអង្វរសកល

ចូរយើងកោតសរសើរព្រះអម្ចាស់យេស៊ូ ដែលត្រូវគេឆ្កាងនៅលើឈើឆ្កាង ហើយព្រះអង្គបានទាញយកអ្វីៗទាំងអស់មកឯព្រះអង្គ។ ដោយសេចក្តីស្រឡាញ់ យើងសូមទូលព្រះអង្គថា ៖

បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គទាញយកអ្វីៗទាំងអស់មកឯព្រះអង្គ !

បពិត្រព្រះអម្ចាស់! សូមឱ្យការអាថ៌កំបាំងនៃព្រះឈើឆ្កាងបំភ្លឺមនុស្សគ្រប់ជាតិសាសន៍
—ដើម្បីឱ្យមនុស្សទាំងអស់បានឃើញព្រះអង្គ ដែលជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ (បន្ទរ)

ព្រះអង្គដែលជាប្រភពទឹកផ្តល់ជីវិត
—សូមព្រះអង្គប្រទានឱ្យអស់អ្នកស្រេកឃ្លានព្រះអង្គបានឆ្អែតជារៀងរហូត។ (បន្ទរ)

សូមព្រះអង្គជម្រុញលោកគ្រូអ្នកគ្រូ និងសិល្បករទាំងអស់
—ឱ្យរៀបចំមនុស្សជាតិសម្រាប់ព្រះរាជ្យរបស់ព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គណែនាំអស់អ្នកដែលឃ្លាតឆ្ងាយពីព្រះអង្គ ដោយសារអំពើបាប ឬរឿងអាស្រូវផ្សេងៗ
—ដូច្នេះ ពួកគេអាចត្រឡប់មករកព្រះអង្គវិញ ហើយស្ថិតនៅជាប់នឹងសេចក្តីស្រឡាញ់របស់ព្រះអង្គជានិច្ច។ (បន្ទរ)

សូមព្រះអង្គទទួលអស់បងប្អូនយើងខ្ញុំ ដែលបានលាចាកលោកនេះ ទៅឯព្រះអង្គនៅស្ថានបរមសុខ
—សូមឱ្យពួកគេទាំងនោះចូលរួមចំណែកក្នុងអំណរសប្បាយរួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី និងសន្តបុគ្គលទាំងឡាយផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់ដ៏មានធម៌មេត្តាករុណាអើយ ! ព្រះអង្គសង្គ្រោះមនុស្សលោក ដោយសារព្រះយេស៊ូជាព្រះបុត្រាព្រះអង្គដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ ក្នុងរដូវសែសិបថ្ងៃនេះ សូមប្រោសឲ្យយើងខ្ញុំហ៊ានប្រកាសដំណឹងល្អដល់មនុស្សលោកថា ព្រះអង្គពិតជាព្រះសង្គ្រោះមែន។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។