១៥ មីនា ២០២៦

Written on 12/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី៤ ថ្ងៃអាទិត្យ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១០,១-៥.៧

ព្រះមេស្ស៊ីជាព្រះមហាក្សត្រ និងជាបូជាចារ្យ

ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំង​ប៉ុន្មាន
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។

បន្ទរទី១ ៖ ព្រះជាម្ចាស់​បាន​តែងតាំង​ព្រះអង្គ​ឲ្យ​វិនិច្ឆ័យ​ទោស​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជាជាអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!” ។

សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា
លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!

នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ
ប្រៀបដូចជាទឹកសន្សើម នៅពេលព្រឹកព្រលឹម។

ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក” ។

ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា
នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។

នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ
រួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់​បាន​តែងតាំង​ព្រះអង្គ​ឲ្យ​វិនិច្ឆ័យ​ទោស​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។

ទំនុកតម្កើងលេខ ១១២

សុភមង្គលរបស់មនុស្សសុចរិត

ចូររស់នៅឱ្យសមជាមនុស្សដែលមានពន្លឺក្នុងខ្លួនទៅ។
ផលនៃពន្លឺនោះ គឺសេចក្តីសប្បុរស សេចក្តីសុចរិត និងសេចក្តីពិតគ្រប់បែបយ៉ាង (អភ ៥,៨-៩)។

បន្ទរទី២ ៖ មានសុភមង្គលហើយ មនុស្សណាដែលព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា ដ្បិតគាត់នឹងបានសុខជានិច្ច។

(បទពាក្យ ៧)

១- អ្នកអោនកោតខ្លាចព្រះអម្ចាស់ ប្រតិបត្តិច្បាស់តាមព្រះទ័យ  
  ស្មោះស្ម័គ្រគោរពតាមវិន័យ បានសុខពេកក្រៃមានមង្គល
២- ពូជរបស់គេមានអំណាច ចិត្តក្លាអង់អាចគ្មានកង្វល់  
  ដ្បិតព្រះជាម្ចាស់ប្រទានផល ព្រះពរពិតដល់អ្នកសុចរិត
៣- ក្នុងផ្ទះមនុស្សដែលចិត្តធម៌ មានទ្រព្យបវរល្អប្រណីត  
  សេចក្តីសុចរិតនៅស្ថេរស្ថិត ព្រះអង្គអាណិតឱ្យពរជាប់
៤- ក្នុងទីងងឹតមានពន្លឺ លេចឡើងបំភ្លឺមិនស្រអាប់  
  ចិត្តគាត់ប្រណីល្អគួរគាប់ សន្តោសលើសព្វជនប្រុសស្រី
៥- មនុស្សដែលមានចិត្តទូលាយ យកអ្វីទៅឱ្យអ្នកផងខ្ចី  
  ព្រមទាំងរកស៊ីមិនកេងគៃ អ្នកនោះប្រពៃល្អបំផុត
៦- កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ ទីជិតទីឆ្ងាយមិនរលត់  
  មនុស្សគ្រប់សម័យតែងចាំស្ទាត់ នឹកទៅដល់គាត់ជាប់ជានិច្ច
៧- អ្នកនោះមិនស្លុតមិនព្រឺខ្លាច មានចិត្តអង់អាចមិនមានល្បិច  
  មិនខ្លាចគេដៀលត្មះពន្លិច ហើយផ្ញើជីវិតលើព្រះម្ចាស់
៨- គាត់មានចិត្តនឹងហើយអង់អាច មិនចេះភ័យខ្លាចអ្វីទាំងអស់  
  ទាល់តែគាត់ឃើញខ្មាំងទាំងនោះ បាក់ទ័ពប្រាសអស់ទើបស្កប់ចិត្ត
៩- គាត់តែងចែកទានដល់អ្នកក្រ ដោយចិត្តស្មោះសរស្ម័គ្រពិតៗ  
  ចិត្តគាត់ទូលាយត្រង់សុចរិត កម្លាំងគាត់ស្ថិតមិនបាត់បង់
១០- ពេលជនអាក្រក់ឃើញដូច្នោះ ចិត្តគេទោមនស្សខាំធ្មេញផង  
  បាក់ធ្លាក់ទឹកចិត្តខូចបំណង ពុំសម្រេចម្តងណាសោះឡើយ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ មានសុភមង្គលហើយ មនុស្សណាដែលព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា ដ្បិតគាត់នឹងបានសុខជានិច្ច។

បទលើកតម្កើងតាមលិខិតទី១របស់គ្រីស្តទូតសិលា (១សល ២,២១-២៤)

ព្រះគ្រីស្តជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ព្រះអង្គទទួលយកទុក្ខលំបាក ដោយមានសេរីភាព

បន្ទរទី៣ ៖ ព្រះជាម្ចាស់​បាន​ធ្វើ​ឲ្យ​ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដីដែល​ព្រះ‌អង្គ​ប្រកាស​ទុក​ជា​មុន តាម‌រយៈ​ព្យាការី​ទាំង​អស់ គឺ​ថា ព្រះ‌គ្រីស្ដ​របស់​ព្រះ‌អង្គ​ត្រូវ​តែ​រង​ទុក្ខ​លំបាក។

២១ ព្រះអង្គ​ត្រាស់​ហៅ​បងប្អូន​មកឲ្យ​រងទុក្ខ​លំបាក​យ៉ាង​នេះ
ព្រោះ​ព្រះគ្រីស្ត​ក៏​បាន​រងទុក្ខ​លំបាកសម្រាប់​បងប្អូន
ទុក​ជា​គំរូ​ឲ្យបងប្អូន​ដើរ​តាម​គន្លង​របស់​ព្រះអង្គ​ដែរ។
២២
ព្រះអង្គ​ពុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ
ហើយ​ក៏​ពុំ​ដែល​មាន​ព្រះបន្ទូល​វៀច​វេរ​ណា ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ឡើយ។
២៣
ទោះ​បី​គេ​ជេរ​ប្រមាថ​ព្រះអង្គ ក៏​ព្រះអង្គ​មិន​តប​ត​ទៅ​គេ​វិញ​ដែរ
ព្រះអង្គ​បាន​រងទុក្ខ​លំបាក តែ​ព្រះអង្គ​ពុំ​បាន​គំរាម​កំហែង​គេ​វិញ​ទេ
ព្រះអង្គ​ផ្ញើជីវិត​ទៅ​លើ​ព្រះជាម្ចាស់ ដែល​ព្រះអង្គ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។
២៤
ព្រះគ្រីស្តបាន​ផ្ទុក​បាបរបស់​យើង ក្នុង​ព្រះកាយ​របស់​ព្រះអង្គដែល​ជាប់​លើ​ឈើ​ឆ្កាង
ដើម្បី​ឲ្យ​យើង​លែង​ជំពាក់‌ជំពិននឹង​បាប​ត​ទៅ​មុខ​ទៀត
ហើយ​ឲ្យ​យើង​មាន​ជីវិតដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិត។
បងប្អូន​បាន​ជា​សះស្បើយ​ដោយសារស្នាម​របួស​របស់​ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់​បាន​ធ្វើ​ឲ្យ​ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដីដែល​ព្រះ‌អង្គ​ប្រកាស​ទុក​ជា​មុន តាម‌រយៈ​ព្យាការី​ទាំង​អស់ គឺ​ថា ព្រះ‌គ្រីស្ដ​របស់​ព្រះ‌អង្គ​ត្រូវ​តែ​រង​ទុក្ខ​លំបាក។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ៩,២៤-២៧)

បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​ដែល​រត់​ប្រណាំង​នៅ​កីឡា‌ដ្ឋាន គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ មាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ទទួល​រង្វាន់។ សូម​បង‌ប្អូន​រត់​តាម​របៀប​នោះ​ដែរ​ទៅ ដើម្បី​ឲ្យ​បាន​ទទួល​រង្វាន់។ អ្នក​ប្រកួត​កីឡា​ទាំង​អស់​តែង‌តែ​លត់‌ដំ​ខ្លួន ដោយ​ធ្វើ​តាម​ក្បួន​តំរា​គ្រប់​យ៉ាង ដើម្បី​ឲ្យ​បាន​ទទួល​ភួង​ជ័យ ដែល​នឹង​រលាយ​សាប‌សូន្យ​ទៅ។ រីឯ​យើង​វិញ យើង​នឹង​ទទួល​ភួង​ជ័យ ដែល​មិន​ចេះ​រលាយ​សាប‌សូន្យ​ឡើយ។ ហេតុ​នេះ ចំពោះ​រូប​ខ្ញុំ ខ្ញុំ​មិន​រត់​ដូច​ជា​មិន​ស្គាល់​ទី‌ដៅ​នោះ​ទេ ខ្ញុំ​ក៏​មិន​ប្រដាល់​ខ្យល់​ដែរ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​លត់‌ដំ​រូប​កាយ​ខ្ញុំ​យ៉ាង​តឹង‌តែង ហើយ​ខ្ញុំ​ធ្វើម្ចាស់​លើ​រូប​កាយ​ខ្លួន​ឯង ក្រែង​លោ​ក្រោយ​ពី​បាន​ផ្សាយ​ដំណឹង‌ល្អ​ដល់​អ្នក​ឯ​ទៀតៗ​ហើយ ខ្លួន​ខ្ញុំ​ផ្ទាល់​បែរ​ជា​ត្រូវ​គេ​ផាត់​ចោល​ទៅ​វិញ។

បន្ទរ៖ ឱព្រះ‌អម្ចាស់​អើយ! សូម​ព្រះ​សណ្តាប់ និង​អាណិត‌អាសូរ​យើង​ខ្ញុំ​ផង! *ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​របស់ព្រះ‌អង្គ។ បន្ទរឡើងវិញ៖…
-សូមព្រះគ្រីស្តយេស៊ូសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ “កូន​អើយ ឯង​នៅ​ជា​មួយ​ឪពុក​ជា‌និច្ច​រហូត​ណា​កូន អ្វីៗ​ទាំង​អស់​ដែល​ជា​របស់​ឪពុក ក៏​ជា​របស់​កូន​ដែរ។ យើង​ត្រូវ​តែ​សប្បាយ​រីករាយ ដ្បិត​ប្អូន​របស់​ឯង​ដែល​បាន​ស្លាប់​ទៅ​នោះ ឥឡូវ​នេះ រស់​ឡើង​វិញ​ហើយ។ វា​បាន​វង្វេង​បាត់ តែ​ឥឡូវ​នេះ យើង​រក​ឃើញ​វិញ​ហើយ” ។

ពាក្យអង្វរសកល

ចូរយើងបន្តអរព្រះគុណព្រះគ្រីស្ត ដែលជាព្រះបរមគ្រូនៃយើង និងជាព្រះសិរសា បានយាងមកដើម្បីបម្រើ និងប្រព្រឹត្តកិច្ចការល្អចំពោះមនុស្សទាំងអស់។ ដោយចិត្តជឿជាក់ និងការបន្ទាបខ្លួន យើងខ្ញុំទូលព្រះអង្គថា ៖

បន្ទរ៖ ឱព្រះជាអម្ចាស់អើយ ! សូមយាងមកសួរសុខទុក្ខក្រុមគ្រួសាររបស់ព្រះអង្គផង !

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គគង់ជាមួយអស់លោកអភិបាល អស់លោកបូជាចារ្យនៃព្រះសហគមន៍ ដែលចែករំលែកតួនាទីរបស់ព្រះអង្គជាព្រះសិរសា និងជាគង្វាល
—សូមឱ្យអស់លោកដឹកនាំប្រជារាស្រ្តព្រះអង្គឆ្ពោះទៅព្រះបិតា ក្រោមការណែនាំរបស់ព្រះអង្គផង។ (បន្ទរ)

សូមឱ្យទេវទូតរបស់ព្រះអង្គគង់នៅជាមួយអ្នកដំណើរទាំងឡាយ
—ដើម្បីថែរក្សាពួកគេឱ្យមានសុវត្ថិភាព ទាំងក្នុងព្រលឹង និងរូបកាយ។ (បន្ទរ)

សូមព្រះអង្គបង្រៀនយើងខ្ញុំឱ្យចេះបម្រើសេចក្តីត្រូវការរបស់អ្នកដទៃ
—ហើយឱ្យយើងខ្ញុំបានដូចព្រះអង្គ ដែលយាងមកដើម្បីបម្រើ មិនមែនឱ្យគេបម្រើព្រះអង្គឡើយ។ (បន្ទរ)

សូមព្រះអង្គប្រោសឱ្យក្រុមគ្រួសារនីមួយៗ ចេះបម្រើគ្នាទៅវិញទៅមក
—ដូច្នេះ ដោយមានជំនួយពីព្រះអង្គ គ្រួសារអាចក្លាយជាក្រុងមួយដែលរឹងមាំ និងមានការបង្រួបបង្រួមគ្នា។ (បន្ទរ)

សូមព្រះអង្គអាណិតអាសូរដល់មរណបុគ្គលទាំងឡាយ
—សូមព្រះអង្គនាំពួកគេទៅក្នុងសិរីរុងរឿងរបស់ព្រះអង្គផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់ដ៏មានធម៌មេត្តាករុណាអើយ ! ព្រះអង្គចាត់ព្រះបុត្រាឲ្យយាងមកផ្សះផ្សាមនុស្សលោកនឹងព្រះអង្គ។ សូមព្រះអង្គមេត្តាពង្រឹងជំនឿ និងបំភ្លឺចិត្តគំនិតគ្រីស្តបរិស័ទទាំងអស់ ឲ្យស្គាល់ពីព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គគ្រប់ពេលវេលា ជាពិសេស អស់អ្នកដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាសបុណ្យចម្លងខាងមុខនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។