រដូវសែសិបថ្ងៃ សប្តាហ៍ទី៣ ថ្ងៃអាទិត្យ
ថ្ងៃសៅរ៍ (ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៣
សូមលើកតម្កើងព្រះនាមនៃព្រះអម្ចាស់
ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់ក៏លើកតម្កើងមនុស្សទន់ទាបឡើង (លក ១,៥២)។
បន្ទរទី១ ៖ «ចូរកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
| ១ | អាលេលូយ៉ា អ្នកបម្រើរបស់ព្រះអម្ចាស់អើយ! ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! ចូរនាំគ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់! |
| ២ | ចូរលើកតម្កើងព្រះនាមព្រះអម្ចាស់ តាំងពីពេលនេះរហូតតរៀងទៅ! |
| ៣ | តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់! |
| ៤ | ព្រះអម្ចាស់គង់នៅពីលើប្រជាជាតិទាំងឡាយ សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃទៅទៀត។ |
| ៥ | តើនរណាដូចព្រះអម្ចាស់ ជាព្រះរបស់យើងបាន? ព្រះអង្គគង់នៅលើស្ថានដ៏ខ្ពង់ខ្ពស់បំផុត |
| ៦ | ព្រះអង្គទតមើលមកផ្ទៃមេឃ និងផែនដី ដែលនៅខាងក្រោមព្រះអង្គ។ |
| ៧ | ព្រះអង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដី ព្រះអង្គលើកមនុស្សទុគ៌តឡើងពីភក់ជ្រាំ |
| ៨ | ដើម្បីឱ្យគេកាន់អំណាចរួមជាមួយពួកអ្នកដឹកនាំ គឺរួមជាមួយពួកអ្នកដឹកនាំនៃប្រជារាស្ត្ររបស់ព្រះអង្គ។ |
| ៩ | ព្រះអង្គប្រទានឱ្យស្ត្រីអារមានកូន ឱ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយជាមួយកូនៗរបស់នាង។ ចូរសរសើរតម្កើងព្រះអម្ចាស់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ «ចូរកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទំនុកតម្កើងលេខ ១១៦,១០-១៩
ពាក្យអរព្រះគុណនៅក្នុងព្រះវិហារ
ចូរយើងថ្វាយយញ្ញបូជាសម្រាប់លើកតម្កើងព្រះជាម្ចាស់ជានិច្ច តាមរយៈព្រះយេស៊ូ
គឺជាពាក្យហូរចេញពីបបូរមាត់យើង ដែលប្រកាសព្រះនាមព្រះអង្គ (ហប ១៣,១៥)។
បន្ទរទី២ ៖ ទូលបង្គំសូមថ្វាយយញ្ញបូជា ដើម្បីអរព្រះគុណព្រះអង្គ ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។
(បទព្រហ្មគីតិ)
| ១០- | ទោះជាខ្ញុំពោលថា | រស់វេទនាទ្រូងស្ទើរប្រេះ | |
| ក៏គង់រូបខ្ញុំនេះ | មិនចោលព្រះសង្ឃឹមជាប់ | ។ | |
| ១១- | ពេលខ្ញុំមានកង្វល់ | ចិត្តខ្វាយខ្វល់មិនបានស្ងប់ | |
| ខ្ញុំពោលឡើងគ្រប់សព្វ | ថាខ្ញុំស្អប់ជនគ្រប់ប្រាណ | ។ | |
| ១២- | តើខ្ញុំអាចយកអ្វី | តបព្រះទ័យម្ចាស់ថ្កើងថ្កាន | |
| ដែលព្រះអម្ចាស់បាន | ប្រោសគ្រប់ប្រាណបានសមរម្យ | ។ | |
| ១៣- | គឺខ្ញុំត្រូវលើកពែង | ទាំងថ្លាថ្លែងនាមឧត្តម | |
| ព្រះអង្គរំដោះខ្ញុំ | យើងស្រែកសុំរកព្រះម្ចាស់ | ។ | |
| ១៤- | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយក្រាបសំពះ | |
| លាបំណន់ពីព្រះ | ជាអម្ចាស់មុខប្រជា | ។ | |
| ១៥- | ទ្រង់ព្រួយព្រះទ័យណាស់ | ពេលមានរាស្រ្តស្លាប់វេទនា | |
| ជនវិសុទ្ធគ្រប់គ្នា | ទ្រង់ការពារមិនស្លាប់ឡើយ | ។ | |
| ១៦- | ឱព្រះម្ចាស់ប្រសើរ | ខ្ញុំបម្រើព្រះអង្គហើយ | |
| ព្រះអង្គមិនកន្តើយ | ខ្ញុំបានស្បើយពីមរណា | ។ | |
| ១៧- | ទូលបង្គំសូមថ្វាយ | យញ្ញទាំងឡាយដោយជ្រះថ្លា | |
| អង្វរព្រះបិតា | ព្រះបុត្រាខ្ពស់ពេកពន់ | ។ | |
| ១៨- | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយលាបំណន់ | |
| នៅមុខប្រជាជន | ដែលបានបន់ដល់ព្រះអង្គ | ។ | |
| ១៩- | គឺនៅក្នុងទីធ្លា | ព្រះវិហារស្រស់បំព្រង | |
| ស្ថិតនៅកណ្តាលក្រុង | សូមផ្ចិតផ្ចង់លើកតម្កើង | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ទូលបង្គំសូមថ្វាយយញ្ញបូជា ដើម្បីអរព្រះគុណព្រះអង្គ ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។
បទលើកតម្កើងតាមលិខិតទៅភីលីព (ភីល ២,៦-១១)
ព្រះគ្រីស្តជាអ្នកបម្រើរបស់ព្រះជាម្ចាស់
បន្ទរទី៣ ៖ គ្មាននរណាដកហូតជីវិតរបស់ខ្ញុំបានឡើយ គឺខ្ញុំស៊ូប្ដូរជីវិត ដោយខ្លួនខ្ញុំផ្ទាល់តែម្ដង ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ។
| ៦ | ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈ ដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។ |
| ៧ | ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។ |
| ៨ | ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ |
| ៩ | ហេតុនេះហើយ បានជាព្រះជាម្ចាស់ លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់ |
| ១០ | ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ |
| ១១ | និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ គ្មាននរណាដកហូតជីវិតរបស់ខ្ញុំបានឡើយ គឺខ្ញុំស៊ូប្ដូរជីវិត ដោយខ្លួនខ្ញុំផ្ទាល់តែម្ដង ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ៦,១-៤ក)
ដោយយើងធ្វើការរួមជាមួយព្រះជាម្ចាស់ យើងសូមទូន្មានបងប្អូនថា កុំទទួលការប្រណីសន្ដោសរបស់ព្រះអង្គ យកមកទុកចោលជាអសារឥតការឡើយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា: «យើងបានឆ្លើយតបមកអ្នកនៅគ្រាណាដែលយើងគាប់ចិត្ត យើងបានជួយអ្នកនៅថ្ងៃណាដែលយើងសង្គ្រោះមនុស្សលោក»។ គ្រាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ! គឺឥឡូវនេះហើយ ជាថ្ងៃដែលព្រះជាម្ចាស់សង្គ្រោះមនុស្សលោក!។ យើងមិនចង់ឲ្យកើតមានរឿងអ្វីមួយ ដែលបណ្ដាលឲ្យនរណាម្នាក់ជំពប់ចិត្ត បាត់ជំនឿឡើយ ដើម្បីកុំឲ្យគេបន្ទោសមុខងាររបស់យើង។ ផ្ទុយទៅវិញ យើងតាំងខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កាលៈទេសៈទាំងអស់។
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះសណ្តាប់ និងអាណិតអាសូរយើងខ្ញុំផង! *ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហប្ញទ័យរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
-សូមព្រះគ្រីស្តយេស៊ូសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ ដោយព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្តិភាពជាមួយនឹងព្រះអង្គ តាមរយៈព្រះយេស៊ូគ្រីស្ដ ជាអម្ចាស់នៃយើងដែរ។
ពាក្យអង្វរសកល
ចូរយើងលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្តជាព្រះអម្ចាស់ ដែលបានក្លាយជាព្រះបរមគ្រូ ជាគំរូ និងជាបងរបស់យើង។ ចូរយើងទូលទៅព្រះអង្គថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គចាក់បង្ហូរព្រះជន្មផ្ទាល់មកលើប្រជារាស្រ្តព្រះអង្គផង !
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គក្លាយជាមនុស្សដូចយើងខ្ញុំសព្វគ្រប់ប្រការ ប៉ុន្តែ គ្មានបាបសោះ។ សូមព្រះអង្គបង្រៀនយើងខ្ញុំឱ្យចេះចែករំលែកជាមួយអ្នកដទៃទាំងអំណរសប្បាយ និងទុក្ខព្រួយ
—ដើម្បីឱ្យយើងខ្ញុំលូតលាស់កាន់តែជ្រៅក្នុងសេចក្តីស្រឡាញ់ជារៀងរាល់ថ្ងៃ។ (បន្ទរ)
សូមជួយយើងខ្ញុំឱ្យចេះយកអាហារទៅឱ្យអ្នកដែលឃ្លាន
—និងយកទឹកមកឱ្យអ្នកដែលស្រេក។ (បន្ទរ)
ព្រះអង្គបានលើកឡាសារឡើងចេញពីសេចក្តីស្លាប់
—សូមព្រះអង្គប្រោសឱ្យមរណបុគ្គលដែលបានស្លាប់ ព្រោះតែអំពើបាប អាចរស់ឡើងវិញដោយសារជំនឿ និងកែប្រែចិត្តគំនិតផង។ (បន្ទរ)
សូមព្រះអង្គជម្រុញឱ្យមនុស្សជាច្រើនដើរតាមព្រះអង្គ ដោយមានចិត្តខ្នះខ្នែង និងល្អឥតខ្ចោះ
—តាមរយៈគំរូនៃព្រះនាងព្រហ្មចារិនីម៉ារី និងសន្តបុគ្គលទាំងឡាយ។ (បន្ទរ)
សូមឱ្យមរណបុគ្គលរស់ឡើងវិញក្នុងសិរីរុងរឿងរបស់ព្រះអង្គ
—ដើម្បីឱ្យពួកគេបានរីករាយនឹងសេចក្តីស្រឡាញ់របស់ព្រះអង្គ អស់កល្បជានិច្ច។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គ ឲ្យអស់អ្នកដែលផ្ញើជីវិតទៅលើព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។ សូមព្រះអង្គប្រទានព្រះអំណោយទានដ៏អស្ចារ្យនេះដល់អស់បងប្អូនយើងខ្ញុំ ដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាសបុណ្យចម្លងខាងមុខ។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

