០៤ មីនា ២០២៦

Written on 06/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី២ ថ្ងៃពុធ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ៦២

នៅ​ជិត​ព្រះ‌អង្គ ខ្ញុំ​មាន​សេចក្ដីសុខសាន្ត

សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្តីសង្ឃឹម ប្រោសបងប្អូនដែលមានជំនឿ ឱ្យបានពោរពេញដោយអំណរ និងសេចក្តីសុខសាន្តគ្រប់ប្រការ (រ៉ូម ១៥,១៣)។

បន្ទរទី១ ៖ យើងទន្ទឹងរង់‌ចាំ​ព្រះយេស៊ូគ្រីស្ត ជា​ព្រះ‌ជាម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង យាង​មក​ប្រកប​ដោយ​សិរី‌រុង​រឿង។

ខ្ញុំស្ងប់ចិត្តតែនៅក្បែរព្រះជាម្ចាស់ប៉ុណ្ណោះ
ព្រោះព្រះអង្គតែងតែសង្គ្រោះខ្ញុំ

មានតែព្រះអង្គមួយគត់ដែលជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ
ព្រះអង្គជាកំពែងដ៏រឹងមាំ ខ្ញុំនឹងមិនត្រូវរង្គើឡើយ។

តើអ្នករាល់គ្នាចោមរោមវាយប្រហារមនុស្សតែម្នាក់ដូច្នេះ ដល់កាលណាទៀត?
អ្នករាល់គ្នារកប្រហារជីវិតមនុស្ស
ដូចគេចង់រំលំកំពែងដែលទ្រុឌទ្រោម និងផ្តួលរបងដែលជិតរលំឬ?

ពួកគេចង់ឱ្យតែអ្នកនោះបាត់បង់យសសក្តិ គេចូលចិត្តកុហក
មាត់គេឱ្យពរ តែចិត្តគេបែរជាដាក់បណ្តាសារទៅវិញ។

ពិតមែនហើយ ខ្ញុំស្ងប់ចិត្តតែនៅក្បែរព្រះជាម្ចាស់ប៉ុណ្ណោះ
ដ្បិតព្រះអង្គជាទីសង្ឃឹមតែមួយគត់របស់ខ្ញុំ។

ព្រះអង្គតែមួយគត់ជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ
ព្រះអង្គជាកំពែងដ៏រឹងមាំ ខ្ញុំនឹងមិនត្រូវរង្គើឡើយ។

ការសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំ ស្ថិតនៅលើព្រះជាម្ចាស់ទាំងស្រុង
ព្រះជាម្ចាស់ជាថ្មដាដ៏រឹងមាំ និងជាទីជម្រករបស់ខ្ញុំ។

ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិតលើព្រះអង្គគ្រប់ពេលវេលាទៅ!
ចូរទូលពីទុក្ខកង្វល់របស់អ្នករាល់គ្នាថ្វាយព្រះអង្គចុះ
ព្រះជាម្ចាស់ជាជម្រករបស់យើងហើយ។
១០
មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ
មនុស្សឋានៈខ្ពស់គ្មានតម្លៃអ្វីសោះ
ប្រសិនបើយើងថ្លឹងមនុស្សទាំងអស់លើជញ្ជីងមួយ
នោះស្រាលជាងមួយដង្ហើមទៅទៀត។
១១
មិនត្រូវទុកចិត្តលើអំពើហិង្សាឡើយ
ហើយក៏កុំសង្ឃឹមលើការលួចប្លន់ដែរ។
ប្រសិនបើទ្រព្យសម្បត្តិអ្នករាល់គ្នាកើនចំនួនច្រើនឡើង មិនត្រូវជំពាក់ចិត្តឡើយ។
១២
ខ្ញុំឮព្រះជាម្ចាស់មានព្រះបន្ទូលមួយលើកជាពីរលើកថា ឫទ្ធិអំណាចស្ថិតលើព្រះអង្គ
១៣
ឱព្រះអម្ចាស់អើយ! ព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណា
ព្រះអង្គនឹងតបស្នងឱ្យមនុស្សម្នាក់ៗ តាមអំពើដែលខ្លួនគេបានប្រព្រឹត្ត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ យើងទន្ទឹងរង់‌ចាំ​ព្រះយេស៊ូគ្រីស្ត ជា​ព្រះ‌ជាម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង យាង​មក​ប្រកប​ដោយ​សិរី‌រុង​រឿង។

ទំនុកតម្កើងលេខ ៦៧

សូម​ឱ្យប្រជាជន​ទាំងឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះជាម្ចាស់

ហេតុ​នេះ សូម​បង‌ប្អូន​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បន្ទូល
ស្ដី​អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​ឱ្យ​សាសន៍​ដទៃ​វិញ ព្រោះ​គេ​មុខ​ជា​ស្ដាប់​មិន​ខាន (កក ២៨,២៨)។

បន្ទរទី២ ៖ ឱ​ព្រះជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ សូម​ទត​មក​យើង​ខ្ញុំដោយ​ព្រះហឫទ័យ​សប្បុរស​ផង!

(បទពាក្យ ៧)

២- ឱព្រះម្ចាស់អើយសូមមេត្តា សន្តោសករុណាដល់យើងខ្ញុំ  
  ប្រទានព្រះពរដ៏ឧត្តម ទតមើលយើងខ្ញុំដោយសប្បុរស
៣- ដូច្នេះមនុស្សលោកលើផែនដី ស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់  
  ក្នុងចំណោមជនជាតិទាំងអស់ ស្គាល់ការសង្គ្រោះនៃព្រះអង្គ
៤- បពិត្រព្រះម្ចាស់អើយសូមឱ្យ ប្រជាទាំងឡាយនាំគ្នាថ្កើង  
  ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើង នាមព្រះនៃយើងគ្រប់ៗកាយ
៥- ប្រជាទាំងឡាយនាំគ្នាច្រៀង បន្លឺសំនៀងដោយសប្បាយ  
  ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយ ប្រជាទាំងឡាយមិនឆ្មៃឆ្មើង
៦- បពិត្រព្រះម្ចាស់អើយសូមឱ្យ ប្រជាទាំងឡាយនាំគ្នាថ្កើង  
  ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើង នាមព្រះនៃយើងគ្រប់ៗកាយ
៧- ផែនដីបង្កើតនូវភោគផល មិនឱ្យយើងខ្វល់ពីអន្តរាយ  
  ព្រះអង្គជាព្រះយើងទាំងឡាយ ប្រទានពរឱ្យសុខគ្រប់គ្រា
៨- សូមទ្រង់ប្រទានពរឱ្យយើង និងមនុស្សទាំងពួងគ្រប់អាត្មា  
  ទាំងអ្នករស់នៅឆ្ងាយផងណា មនុស្សលើលោកាខ្លាចព្រះអង្គ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ឱ​ព្រះជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ សូម​ទត​មក​យើង​ខ្ញុំដោយ​ព្រះហឫទ័យ​សប្បុរស​ផង!

បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)

ព្រះ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​មុន​អ្វីៗ​ទាំង​អស់ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ

បន្ទរទី៣ ៖ ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។

១២ ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ
ព្រោះព្រះអង្គបានប្រោសប្រទានឱ្យបងប្អូនមានសមត្ថភាព
អាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។
១៣
ព្រះអង្គបានរំដោះយើង ឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត
ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
១៤
ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង
និងលើកលែងទោសយើងឱ្យរួចពីបាប។
១៥
ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ
ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក
១៦
ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត
ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ
ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង
ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា
ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
១៧
ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់
ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។
១៨
ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍
ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់
ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
១៩
ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យ
ឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គស្ថិតនៅក្នុងព្រះគ្រីស្ត។
២០
ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់នៅលើផែនដី
និងនៅស្ថានបរមសុខ ឱ្យជានានឹងព្រះអង្គវិញ
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត
គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព
ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ភីល ២,១២-១៦)

ហេតុ​នេះ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ដូច​បង‌ប្អូន​ធ្លាប់​តែ​ស្ដាប់​បង្គាប់​ជា​រៀង​ដរាប​មក​ហើយ​នោះ ចូរ​ស្ដាប់​បង្គាប់​ត​ទៅ​មុខ​ទៀត​ទៅ គឺ​មិន​ត្រឹម​តែ​ពេល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ ជា​ពិសេស ពេល​ខ្ញុំ​នៅ​ឆ្ងាយ សូម​បង‌ប្អូន​ខំ​ប្រឹង​ធ្វើ​ការ ទាំង​គោរព​កោត​ខ្លាច និង​ញាប់‌ញ័រ ស្រប​តាម​ការ​សង្គ្រោះ​ដែល​បង‌ប្អូន​បាន​ទទួល​ ដ្បិត​ព្រះ‌ជាម្ចាស់​ទេ​តើ ដែល​ធ្វើ​ឱ្យ​បង‌ប្អូន​មាន​ទាំង​បំណង មាន​ទាំង​សមត្ថ‌ភាព​អាច​នឹង​ប្រព្រឹត្ត​តាម​ព្រះ‌បំណង​ដ៏​សប្បុរស​របស់​ព្រះ‌អង្គ។ ចូរ​ធ្វើកិច្ច‌ការ​ទាំង​អស់ ដោយ​ឥត​រអ៊ូ‌រទាំ ឬ​ជជែក​តវ៉ា​ឡើយ ដើម្បី​ឱ្យ​បង‌ប្អូន​បាន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់​ដែល​ឥត​មាន​កំហុស ក្នុង​ចំណោម​មនុស្ស​វៀច‌វេរ និង​ខិល‌ខូច​នៅ​ជំនាន់​នេះ។ បង‌ប្អូន​ភ្លឺក្នុង​ចំណោម​ពួក​គេ ដូច​ពន្លឺ​ដែល​បំភ្លឺពិភព‌លោក ទាំង​នាំ​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ជីវិត​មក​ឱ្យ​ពួក​គេ។ បើ​បង‌ប្អូន​ធ្វើដូច្នេះ ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​នៅ​ថ្ងៃ​ព្រះ‌គ្រីស្ត​យាង​មក​ ព្រោះ​កិច្ច‌ការ​ដែល​ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ ទាំង​នឿយ‌ហត់​នោះ មិន​មែន​អសារ​ឥត​ការ​ទេ។
 
បន្ទរ៖ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា *ព្រះ‌អង្គ​អើយសូម​ប្រណី​មេត្តា​ទូល‌បង្គំ។ បន្ទរឡើងវិញ៖...
-សូម​ប្រោស​ទូល‌បង្គំ​ឱ្យ​ជា​ឡើង​វិញ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​របស់ព្រះ‌អង្គ។ បន្ទរ៖ *...
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖...

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ “បុត្រ​មនុស្សនឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់សាសន៍​ដទៃ ដើម្បី​ឱ្យ​ពួក​នោះ​ចំអក​ដាក់​លោក យក​រំពាត់​វាយ​លោក ព្រម​ទាំង​ឆ្កាង​សម្លាប់​លោក​ទៀត​ផង ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ។

ពាក្យអង្វរសកល

ព្រះគ្រីស្តសម​នឹង​ទទួលព្រះ‌កិត្តិនាម និងសិរី‌រុង​រឿង ដ្បិតព្រះលោហិតរបស់ព្រះអង្គបានចងសម្ពន្ធមេត្រីថ្មីដ៏នៅអស់កល្បជានិច្ច ជាមួយប្រជារាស្រ្តព្រះអង្គ និងបន្តសម្ពន្ធមេត្រីថ្មីនេះ នៅក្នុងអគ្គសញ្ញានៃតុសក្ការបូជា។ ចូរយើងបន្លឺសម្លេងឡើងទូលអង្វរថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមប្រទានពរដល់ប្រជារាស្ត្រព្រះអង្គ!

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គណែនាំចិត្តគំនិតរបស់ប្រជាជន និងអ្នកដែលមានបន្ទុកដឹកនាំ
—សូមឱ្យពួកគេស្វែងរកអ្វីៗដែលជាផល ប្រយោជន៍រួម។ (បន្ទរ)
 
សូមព្រះអង្គបន្តស្មារតីនៃការដឹងគុណ ដល់អស់អ្នកដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីដើរតាមព្រះគ្រីស្ត
—សូមឱ្យពួកគេផ្តល់សក្ខីភាពយ៉ាងច្បាស់លាស់អំពីព្រះសហគមន៍ដ៏វិសុទ្ធផង។ (បន្ទរ)
 
ព្រះអង្គបានបង្កើតបុរស និងស្ត្រី ជារូបតំណាងព្រះអង្គ
—សូមឱ្យពួកគេលើកតម្កើងសេចក្តីថ្លៃថ្នូរនៃមនុស្សជានិច្ច។ (បន្ទរ)
 
សូមព្រះអង្គណែនាំអស់អ្នកដែលវង្វេងផ្លូវ ឱ្យវិលមករកសេចក្តីពិត និងធ្វើជាមិត្តសម្លាញ់របស់ព្រះអង្គ
—សូមបង្រៀនយើងខ្ញុំឱ្យចេះជួយយកអាសារពួកគេផង។ (បន្ទរ)
 
សូមព្រះអង្គប្រោសប្រទានឱ្យអ្នកស្លាប់បានចូលទៅក្នុងសិរីរុងរឿងរបស់ព្រះអង្គ
—ដើម្បីឱ្យពួកគេបានលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់អើយ ! ព្រះអង្គគាំទ្រព្រះសហគមន៍ឱ្យទៅជាមហាគ្រួសារតែមួយ។ សូមព្រះអង្គប្រទានពរជ័យឱ្យយើងខ្ញុំតាមសេចក្តីត្រូវការសព្វថ្ងៃនេះ ហើយសូមកែប្រែចិត្តគំនិតយើងខ្ញុំឱ្យប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គជានិច្ច។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។