០៣ មីនា ២០២៦

Written on 05/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី២ ថ្ងៃអង្គារ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ៤៩

កុំទុកចិត្តលើទ្រព្យសម្បត្តិ!

“អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខណាស់” (មថ ១៩,២៣)។

បន្ទរទី១ ៖ «អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​គោរព​បម្រើ​ព្រះជាម្ចាស់​ផង ហើយ​គោរព​បម្រើ​ទ្រព្យសម្បត្តិ ទុក​ជា​ព្រះ​ផង​បាន​ឡើយ»។

(ក)

ប្រជាជនទាំងឡាយអើយ! ចូរនាំគ្នាត្រងត្រាប់ស្តាប់!
មនុស្សម្នាដែលរស់នៅលើផែនដីទាំងមូលអើយ!
ចូរនាំគ្នាយកចិត្តទុកដាក់ស្តាប់!

គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ!

ខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិត
ខ្ញុំនឹងសម្តែងចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។

ខ្ញុំនឹងផ្ចង់ចិត្តស្តាប់ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញ
ខ្ញុំនឹងដោះស្រាយប្រស្នាទាំងលេងពិណកំដរផង។

នៅគ្រាមានអាសន្ន ឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធ
ខ្ញុំមិនភ័យខ្លាចអ្វីឡើយ។

មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន
គេអួតអាងព្រោះមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ
ហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់ ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ

តម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់
ទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ ក៏មិនគ្រប់ដែរ។
១០
តើមនុស្សអាចរស់រហូត គេចផុតពីរណ្តៅនៃមច្ចុរាជបានឬ?។
១១

យើងឃើញច្បាស់ថា អ្នកប្រាជ្ញក៏ដូចជាមនុស្សឆោតល្ងង់ អាប់ឥតប្រាជ្ញាដែរ
គេត្រូវតែស្លាប់ទាំងអស់គ្នា ហើយទុកទ្រព្យសម្បត្តិខ្លួនឱ្យអ្នកដទៃ។
១២

ខ្ញុំនឹកក្នុងចិត្តថា គេហដ្ឋានរបស់គេនឹងស្ថិតស្ថេររហូតតទៅ
លំនៅដ្ឋានរបស់គេនៅគង់វង្សពីជំនាន់មួយទៅជំនាន់មួយ
ហើយដាក់ឈ្មោះដីធ្លីរបស់គេ តាមឈ្មោះរបស់ខ្លួនថែមទៀត។
១៣

មនុស្សដែលមានកិត្តិយសរុងរឿង ពុំអាចគេចផុតពីស្លាប់បានទេ
គេនឹងត្រូវបាត់បង់ជីវិត ដូចសត្វតិរច្ឆាន។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ «អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​គោរព​បម្រើ​ព្រះជាម្ចាស់​ផង ហើយ​គោរព​បម្រើ​ទ្រព្យសម្បត្តិ ទុក​ជា​ព្រះ​ផង​បាន​ឡើយ»។

បន្ទរទី២ ៖ ចូរ​ប្រមូល​ទ្រព្យសម្បត្តិទុក​នៅ​ស្ថាន​បរមសុខវិញ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។

(ខ)

(បទកាកគតិ)

១៤- អ្នកដែលទុកចិត្ត លើខ្លួនឯងពិត នោះគ្មានមារយាទ
  ពេញចិត្តពាក្យខ្លួន ជាមនុស្សមានស្នៀត អនាគតទៀត
    យ៉ាប់យ៉ឺនពេកក្រៃ
១៥- អ្នកនោះប្រៀបបាន ចៀមសត្វតិរច្ឆាន ដែលគេប្រល័យ
  មច្ចុរាជឃុំគ្រង វាយឥតសំចៃ ឃ្វាលរាល់យប់ថ្ងៃ
    មិនឱ្យឃ្លាតឆ្ងាយ
  រីមនុស្សសុចរិត នឹងជាន់ឈ្លីពិត លើរូបរាងកាយ
  របស់ពួកគេ រលាយអន្តរាយ ទៅដល់ទីឆ្ងាយ
    ក្នុងស្ថានមនុស្សស្លាប់
១៦- ប៉ុន្តែព្រះម្ចាស់ មានឫទ្ធិខ្លាំងណាស់ រំដោះខ្ញុំឆាប់
  ផុតពីអំណាច នៃសេចក្តីស្លាប់ ព្រះអង្គប្រញាប់
    មកយកខ្ញុំទៅ
១៧- ពេលអ្នកឃើញគេ សម្បត្តិឡើងទ្វេ កុំបីហ្មងសៅ
  ឃើញទ្រព្យគេច្រើន ចម្រើនតទៅ សំងំពួននៅ
    កុំភ័យខ្លាចអី
១៨- នៅពេលគេស្លាប់ គេពុំអាចចាប់ យករបស់អ្វី
  អស់ទាំងសម្បត្តិ ទ្រព្យធនផ្សេងក្តី ចូលទៅក្នុងដី
    អ្នកក្ស័យបានឡើយ
១៩- ពេលមានជីវិត គេតែងនឹកគិត ថាសុខឥតស្បើយ
  ថាខ្លួនគេនឹង មិនខ្វល់អ្វីឡើយ អ្នកផងកោតហើយ
    ដែលគេមានបាន
២០- គេគង់នឹងត្រូវ ធ្លាក់ខ្លួនចុះទៅ ជួបនឹងសន្តាន
  ជីតាជីដូន មានទាំងប៉ុន្មាន ទៅក្នុងទីស្ថាន
    ដែលគ្មានពន្លឺ
២១- អ្នកមានកិត្តិយស រុងរឿងខ្ពង់ខ្ពស់ ល្បីល្បាញរន្ទឺ
  មិនយល់អ្វីសោះ មិនភ័យព្រួយព្រឺ អ្នកនោះហើយគឺ
    ដូចសត្វដែលស្លាប់
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ចូរ​ប្រមូល​ទ្រព្យសម្បត្តិទុក​នៅ​ស្ថាន​បរមសុខវិញ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១. ៥,៩-១០.១២)

ទំនុកតម្កើងសម្រាប់ការប្រោសលោះ

បន្ទរទី៣ ៖ «បពិត្រ​ព្រះអម្ចាស់​ជា​ព្រះនៃ​យើង​ខ្ញុំ ព្រះអង្គ​សម​នឹង​ទទួល​សិរី‌រុង​រឿង ព្រះ‌កិត្តិនាម និង​ឫទ្ធា‌នុភាព។

១១ “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ
ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព
ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក
អ្វីៗទាំងអស់សុទ្ធតែកើតមាន
ហើយនៅស្ថិតស្ថេរដោយសារព្រះហឫទ័យរបស់ព្រះអង្គ” ។

គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖
“ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា
ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា
គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់
ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១០
ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ
បម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះ នឹងគ្រងរាជ្យលើផែនដី” ។
១២
នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា ៖
«កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា
ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ
ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង” ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ «បពិត្រ​ព្រះអម្ចាស់​ជា​ព្រះនៃ​យើង​ខ្ញុំ ព្រះអង្គ​សម​នឹង​ទទួល​សិរី‌រុង​រឿង ព្រះ‌កិត្តិនាម និង​ឫទ្ធា‌នុភាព។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់  (យក ២,១៤.១៧.១៨ខ)

បង‌ប្អូន​អើយ ប្រសិន​បើ​មាន​ម្នាក់​ពោល​ថា ខ្លួន​មាន​ជំនឿ តែ​មិន​ប្រព្រឹត្ត​អំពើ​ល្អ​ទេ តើ​មាន​ប្រយោជន៍​អ្វី? តើ​ជំនឿ​នេះ​អាច​ធ្វើ​ឱ្យ​គេ​ទទួល​ការ​សង្គ្រោះ​បាន​ឬ? រីឯ​ជំនឿ​វិញ​ក៏​ដូច្នោះ​ដែរ ប្រសិន​បើ​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ទេ ជំនឿ​នោះ​ស្លាប់​តែ​ម្ដង!។ សូម​បង្ហាញ​ជំនឿ​របស់​អ្នក​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អឱ្យ​ខ្ញុំ​មើល​មើល៍ នោះ​ខ្ញុំ​នឹង​បង្ហាញ​ឱ្យ​អ្នក​ឃើញ​ជំនឿ​របស់​ខ្ញុំ ដោយ​អំពើ​ល្អ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត។
 
បន្ទរ៖ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា *ព្រះ‌អង្គ​អើយសូម​ប្រណី​មេត្តា​ទូល‌បង្គំ។ បន្ទរឡើងវិញ៖...
-សូម​ប្រោស​ទូល‌បង្គំ​ឱ្យ​ជា​ឡើង​វិញ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត អំពើ​បាប ទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​របស់ព្រះ‌អង្គ។ បន្ទរ៖ *...
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖...

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បង‌ប្អូន​នឹង​គ្នា។ កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែន‌ដី​នេះ​ថា “ព្រះ‌បិតា” ឱ្យ​សោះ ដ្បិត​អ្នក​រាល់​គ្នា​មាន “ព្រះ‌បិតា”តែ​មួយ​គត់ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ។ កុំ​ឱ្យ​គេ​ហៅ​អ្នក​រាល់​គ្នា​ថា​ “ព្រះគ្រូ” ឡើយ ដ្បិត​មាន​តែ​ព្រះ‌គ្រីស្ដ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​ជា​ព្រះគ្រូរបស់​អ្នក​រាល់​គ្នា។

ពាក្យអង្វរសកល

ចូរយើងកោតសរសើរព្រះអម្ចាស់យេស៊ូ ដែលត្រូវគេឆ្កាងនៅលើឈើឆ្កាង ហើយព្រះអង្គបានទាញយកអ្វីៗទាំងអស់មកឯព្រះអង្គ។ ដោយសេចក្តីស្រឡាញ់ យើងសូមទូលព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គទាញយកអ្វីៗទាំងអស់មកឯព្រះអង្គ !

បពិត្រព្រះអម្ចាស់! សូមឱ្យការអាថ៌កំបាំងនៃព្រះឈើឆ្កាងបំភ្លឺមនុស្សគ្រប់ជាតិសាសន៍
—ដើម្បីឱ្យមនុស្សទាំងអស់បានឃើញព្រះអង្គ ដែលជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ (បន្ទរ)
 
ព្រះអង្គដែលជាប្រភពទឹកផ្តល់ជីវិត
—សូមព្រះអង្គប្រទានឱ្យអស់អ្នកស្រេកឃ្លានព្រះអង្គបានឆ្អែតជារៀងរហូត។ (បន្ទរ)
 
សូមព្រះអង្គជម្រុញលោកគ្រូអ្នកគ្រូ និងសិល្បករទាំងអស់
—ឱ្យរៀបចំមនុស្សជាតិសម្រាប់ព្រះរាជ្យរបស់ព្រះអង្គ។ (បន្ទរ)
 
សូមព្រះអង្គណែនាំអស់អ្នកដែលឃ្លាតឆ្ងាយពីព្រះអង្គ ដោយសារអំពើបាប ឬរឿងអាស្រូវផ្សេងៗ
—ដូច្នេះ ពួកគេអាចត្រឡប់មករកព្រះអង្គវិញ ហើយស្ថិតនៅជាប់នឹងសេចក្តីស្រឡាញ់របស់ព្រះអង្គជានិច្ច។ (បន្ទរ)
 
សូមព្រះអង្គទទួលអស់បងប្អូនយើងខ្ញុំ ដែលបានលាចាកលោកនេះ ទៅឯព្រះអង្គនៅស្ថានបរមសុខ
—សូមឱ្យពួកគេទាំងនោះចូលរួមចំណែកក្នុងអំណរសប្បាយរួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី និងសន្តបុគ្គលទាំងឡាយផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់ដ៏មានធម៌មេត្តាករុណាយ៉ាងក្រៃលែងអើយ ! ព្រះអង្គថែរក្សាព្រះសហគមន៍របស់ព្រះអង្គជានិច្ច ដោយណែនាំយើងខ្ញុំមិនឱ្យវង្វេងពីមាគ៌ារបស់ព្រះអង្គឡើយ។ សូមព្រះអង្គគាំទ្រយើងខ្ញុំឱ្យជៀសផុតពីសេចក្តីអាក្រក់គ្រប់យ៉ាង និងតម្រង់ចិត្តយើងខ្ញុំឱ្យបែរឆ្ពោះទៅរកព្រះអង្គជាព្រះសង្គ្រោះ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។