រដូវសែសិបថ្ងៃ សប្តាហ៍ទី២ ថ្ងៃសៅរ៍
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១០៥-១១២
ការស្មឹងស្មាធិ៍លើច្បាប់របស់ព្រះជាម្ចាស់
វិន័យរបស់ខ្ញុំមានដូចតទៅនេះ គឺអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក (យហ ១៥,១២)។
បន្ទរទី១ ៖ ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហាន ជាប្អូន ឡើងទៅលើភ្នំ ដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុន នៅមុខសាវ័កទាំងបី។
| ១០៥ | ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀង ដែលបំភ្លឺជំហានទូលបង្គំ និងជាពន្លឺដែលបំភ្លឺផ្លូវរបស់ទូលបង្គំ។ |
| ១០៦ | ទូលបង្គំសូមសន្យាដោយឥតងាករេថា ទូលបង្គំនឹងប្រតិបត្តិតាមសេចក្តីសម្រេចដ៏សុចរិតរបស់ព្រះអង្គ។ |
| ១០៧ | បពិត្រព្រះអម្ចាស់! ទូលបង្គំរងទុក្ខវេទនាខ្លាំងពន់ពេកណាស់ សូមប្រោសប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង! |
| ១០៨ | ឱព្រះអម្ចាស់អើយ! សូមទទួលពាក្យអង្វររបស់ទូលបង្គំ ទុកជាតង្វាយ សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ផង! |
| ១០៩ | ជីវិតទូលបង្គំប្រឈមមុខទល់នឹងអន្តរាយជានិច្ច ប៉ុន្តែ ទូលបង្គំមិនភ្លេចធម្មវិន័យរបស់ព្រះអង្គទេ។ |
| ១១០ | មនុស្សអាក្រក់នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ តែទូលបង្គំមិនវង្វេងចេញឆ្ងាយពីច្បាប់របស់ព្រះអង្គឡើយ។ |
| ១១១ | ដំបូន្មានរបស់ព្រះអង្គជាកេរមត៌ករបស់ទូលបង្គំ ដំបូន្មានទាំងនេះធ្វើឱ្យទូលបង្គំមានអំណរនៅក្នុងចិត្ត។ |
| ១១២ | ទូលបង្គំប្តេជ្ញាចិត្តធ្វើតាមក្រិត្យវិន័យរបស់ព្រះអង្គ គឺជារង្វាន់របស់ទូលបង្គំរហូតដល់ទីបំផុត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហាន ជាប្អូន ឡើងទៅលើភ្នំ ដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុន នៅមុខសាវ័កទាំងបី។
ទំនុកតម្កើងលេខ ១៦
បពិត្រព្រះអម្ចាស់! ព្រះអង្គជាចំណែកមត៌ករបស់ខ្ញុំ
ព្រះជាម្ចាស់បានប្រោសលោកឲ្យរស់ឡើងវិញ ព្រះអង្គដោះលែងលោកឲ្យរួចពីទុក្ខលំបាកនៃសេចក្ដីស្លាប់ (កក ២,២៤)។
បន្ទរទី២៖ ព្រះភក្ត្ររបស់ព្រះអង្គបញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃ ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សដូចព្រិល។
(បទពាក្យ ៧)
| ១- | ឱព្រះជាម្ចាស់ដ៏ឧត្តម | សូមការពារខ្ញុំឱ្យសុខសាន្ត | |
| ដ្បិតទូលបង្គំសុំផ្ញើប្រាណ | ជ្រកក្រោមទីស្ថានម្លប់បារមី | ។ | |
| ២- | ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថា | ព្រះអង្គពិតជាអម្ចាស់ថ្លៃ | |
| ក្រៅពីព្រះអង្គឥតមានអ្វី | ផ្តល់មង្គលជ័យគ្រាអាសន្ន | ។ | |
| ៣- | អារុក្ខអារក្សអ្នកតាព្រៃ | ម្ចាស់ទឹកម្ចាស់ដីកាលពីមុន | |
| ដែលខ្ញុំពេញចិត្តខ្លាំងពេកពន់ | ផ្តល់តែទារុណរាល់វេលា | ។ | |
| ៤- | ទូលបង្គំនឹងមិនចូលរួម | មិនទទួលព្រមរួមជាគ្នា | |
| គោរពនិងថ្វាយយញ្ញបូជា | មិនពោលនាមាព្រះក្លែងក្លាយ | ។ | |
| ៥- | បពិត្រព្រះអម្ចាស់ឧត្តម | ព្រះអង្គជាចំណែកស្រស់ស្រាយ | |
| មត៌កនៃខ្ញុំឥតក្លែងក្លាយ | ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា | ។ | |
| ៦- | ព្រះអង្គប្រទានកេរមត៌ក | វិសេសឥតអាក់ដ៏ថ្លៃថ្លា | |
| មកទូលបង្គំខ្ញុំនេះណា | ជាកេរអស្ចារ្យប្រសើរផុត | ។ | |
| ៧- | ខ្ញុំសូមតម្កើងព្រះអម្ចាស់ | ព្រោះព្រះអង្គនេះសែនមោះមុត | |
| ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ | ទោះយប់ងងឹតក៏តឿនដែរ | ។ | |
| ៨- | ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ | ដែលជាទម្លាប់ទ្រង់គង់ក្បែរ | |
| ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ | ខ្ញុំមិនបែកបែរញាប់ញ័រឡើយ | ។ | |
| ៩- | ហេតុនេះបានជាខ្ញុំរីករាយ | ត្រេកអរសប្បាយបានល្ហែល្ហើយ | |
| ខ្ញុំបានសម្រាកកាយធូរស្បើយ | ដោយសុខសាន្តហើយផុតកង្វល់ | ។ | |
| ១០- | ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំ | ឱ្យរងទុក្ខធំស្លាប់សោតសល់ | |
| ព្រះអង្គក៏មិនបណ្តោយដល់ | សពបម្រើផ្ទាល់ស្អុយរលួយ | ។ | |
| ១១- | ព្រះអង្គបង្ហាញផ្លូវជីវិត | ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ | |
| ដោយព្រះអង្គនៅគង់ជាមួយ | ទូលបង្គំគ្មានព្រួយអរសប្បាយ | ។ | |
| ដោយព្រះអង្គគង់នៅខាងស្តាំ | ជាប់ជាប្រចាំមិនជិនណាយ | ||
| ទូលបង្គំសែនរីករាយសប្បាយ | អស់កល្បវែងឆ្ងាយតរៀងទៅ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ព្រះភក្ត្ររបស់ព្រះអង្គបញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃ ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សដូចព្រិល។
បទលើកតម្កើងតាមលិខិតទៅភីលីព (ភីល ២,៦-១១)
ព្រះគ្រីស្តជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះជាម្ចាស់
បន្ទរទី៣ ៖ លោកម៉ូសេ និងព្យាការីអេលី កំពុងតែសន្ទនាជាមួយព្រះយេស៊ូអំពីទុក្ខលំបាក និងការសោយទិវង្គតរបស់ព្រះអង្គ ហើយទ្រង់នឹងសម្រេចរាល់កិច្ចការទាំងអស់នៅក្រុងយេរូសាឡឹម។
| ៦ | ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈ ដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។ |
| ៧ | ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។ |
| ៨ | ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ |
| ៩ | ហេតុនេះហើយ បានជាព្រះជាម្ចាស់ លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់ |
| ១០ | ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ |
| ១១ | និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ លោកម៉ូសេ និងព្យាការីអេលី កំពុងតែសន្ទនាជាមួយព្រះយេស៊ូអំពីទុក្ខលំបាក និងការសោយទិវង្គតរបស់ព្រះអង្គ ហើយទ្រង់នឹងសម្រេចរាល់កិច្ចការទាំងអស់នៅក្រុងយេរូសាឡឹម។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ៦,១-៤ក)
ដោយយើងធ្វើការរួមជាមួយព្រះជាម្ចាស់ យើងសូមទូន្មានបងប្អូនថា កុំទទួលការប្រណីសន្ដោសរបស់ព្រះអង្គ យកមកទុកចោលជាអសារឥតការឡើយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា: «យើងបានឆ្លើយតបមកអ្នកនៅគ្រាណាដែលយើងគាប់ចិត្ត យើងបានជួយអ្នកនៅថ្ងៃណាដែលយើងសង្គ្រោះមនុស្សលោក»។ គ្រាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ! គឺឥឡូវនេះហើយ ជាថ្ងៃដែលព្រះជាម្ចាស់សង្គ្រោះមនុស្សលោក!។ យើងមិនចង់ឲ្យកើតមានរឿងអ្វីមួយ ដែលបណ្ដាលឲ្យនរណាម្នាក់ជំពប់ចិត្ត បាត់ជំនឿឡើយ ដើម្បីកុំឲ្យគេបន្ទោសមុខងាររបស់យើង។ ផ្ទុយទៅវិញ យើងតាំងខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កាលៈទេសៈទាំងអស់។
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះសណ្តាប់ និងអាណិតអាសូរយើងខ្ញុំផង! *ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហប្ញទ័យរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
-សូមព្រះគ្រីស្តយេស៊ូសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ!» ។
ពាក្យអង្វរសកល
ចូរយើងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលបានខ្វល់ខ្វាយពីយើងរាល់គ្នា។ ចូរយើងហៅរកព្រះអង្គ ហើយទូលថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមសង្រ្គោះប្រជារាស្រ្តដែលព្រះអង្គបានលោះ !
បពិត្រព្រះអម្ចាស់ដែលប្រទានអំណោយ និងជាប្រភពនៃសេចក្តីពិតគ្រប់យ៉ាង! សូមព្រះអង្គប្រទានព្រះពរយ៉ាងបរិបូណ៍ដល់លោកអភិបាល
—និងថែរក្សាអស់អ្នកដែលជឿទុកចិត្តលើភាពស្មោះត្រង់របស់អស់លោក ក្នុងសេចក្តីបង្រៀនរបស់ក្រុមគ្រីស្តទូត។ (បន្ទរ)
សូមព្រះអង្គចាក់បង្ហូរសេចក្តីស្រឡាញ់របស់ព្រះអង្គ មកក្នុងដួងចិត្តនៃអស់អ្នកដែលបានរួមចំណែកទទួលនំប៉័ងនៃជីវិត
—ដើម្បីឱ្យពួកគេអាចរួមគ្នាជាអង្គតែមួយ ក្នុងព្រះកាយរបស់ព្រះបុត្រាព្រះអង្គ។ (បន្ទរ)
សូមព្រះអង្គជួយយើងខ្ញុំឱ្យចេះដកខ្លួនចេញពីអំពើបាប
—ហើយសូមបំពាក់ព្រះគ្រីស្តជាព្រះបុត្រាព្រះអង្គ គឺលោកអដាំថ្មីឱ្យយើងខ្ញុំផង។ (បន្ទរ)
សូមព្រះអង្គប្រោសឱ្យមនុស្សទាំងអស់ដែលដឹងខ្លួនខុស និងស្វែងរកការលើកលែងទោស
—អាចរួមចំណែកក្នុងផលផ្លែនៃការសង្រ្គោះ ដែលព្រះគ្រីស្តបានសោយទិវង្គត។ (បន្ទរ)
សូមឱ្យអស់អ្នកដែលបានទទួលមរណភាព ក្នុងសេចក្តីសុខសាន្តរបស់ព្រះអង្គ លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គឯស្ថានបរមសុខ
—គឺស្ថានដែលយើងខ្ញុំសង្ឃឹមថា នឹងបានកោតសរសើរព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះបិតាដ៏មានធម៌មេត្តាករុណាយ៉ាងក្រៃលែងអើយ ! ព្រះអង្គចាត់ព្រះបុត្រាដ៏ជាទីស្រឡាញ់ ឲ្យធ្វើជាព្រះបន្ទូលក្នុងលោកនេះ។ សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំយកចិត្តទុកដាក់ស្តាប់សេចក្តី ដែលព្រះអង្គមានព្រះបន្ទូលមកយើងខ្ញុំ តាមរយៈអ្នកដទៃ និងតាមរយៈព្រឹត្តិការណ៍នានាប្រចាំជីវិតយើងខ្ញុំ។ សូមប្រោសឲ្យយើងខ្ញុំមានជំនឿមាំមួន ដើម្បីស្គាល់សិរីរុងរឿងរបស់ព្រះគ្រីស្ត ដែលមានព្រះជន្មគង់នៅជាមួយយើងខ្ញុំសព្វថ្ងៃនេះផង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

