១៧ កុម្ភៈ ២០២៧

Written on 02/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី១ ថ្ងៃពុធ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ២៧

ព្រះជាម្ចាស់ឈរនៅក្បែរយើងក្នុងគ្រាមានអាសន្ន

មើលហ្ន៎ ព្រះពន្លារបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយមនុស្សលោកហើយ! (វវ ២១,៣)។

បន្ទរទី១ ៖ ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ ខ្ញុំមិនភ័យខ្លាចនរណាឡើយ ។

(ក)

១ ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះរបស់ខ្ញុំ
ខ្ញុំមិនភ័យខ្លាចនរណាឡើយ ព្រះអម្ចាស់ជាកំពែងការពារជីវិតខ្ញុំ
ខ្ញុំក៏មិនតក់ស្លុតចំពោះនរណាដែរ។
២
ពេលពួកមនុស្សពាល គឺបច្ចាមិត្ត និងអ្នកប្រឆាំងខ្ញុំ
នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ
ពួកគេបែរជាជំពប់ដួលទៅវិញ។
៣
ប្រសិនបើមានកងទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ខ្ញុំមិនភ័យខ្លាចអ្វីដែរ
ប្រសិនបើមានគេលើកគ្នាមកច្បាំងនឹងខ្ញុំ
ក៏ខ្ញុំនៅតែសង្ឃឹមទុកចិត្តលើព្រះជាម្ចាស់ជានិច្ច។
៤
ខ្ញុំទូលសូមព្រះអម្ចាស់នូវសេចក្តីតែមួយគត់
ហើយខ្ញុំប្រាថ្នាចង់បានតែសេចក្តីនេះ
គឺឱ្យស្នាក់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់អស់មួយជីវិត
ដើម្បីកោតស្ញប់ស្ញែងភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអម្ចាស់
និងថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារ
៥
ដ្បិតនៅពេលខ្ញុំមានអាសន្ន
ព្រះអង្គតែងតែឱ្យខ្ញុំជ្រកក្នុងទីជម្រករបស់ព្រះអង្គ
ព្រះអង្គតែងលាក់បំពួនខ្ញុំនៅក្នុងព្រះពន្លា ព្រះអង្គលើកខ្ញុំដាក់លើថ្មដា។
៦
ឥឡូវនេះ ព្រះអង្គលើកខ្ញុំឡើងឱ្យខ្ពស់ជាងខ្មាំងសត្រូវដែលនៅជុំវិញខ្ញុំ
ខ្ញុំនឹងថ្វាយយញ្ញបូជានៅក្នុងព្រះពន្លារបស់ព្រះអង្គ ទាំងស្រែកជ័យឃោស
ខ្ញុំនឹងច្រៀង ហើយស្មូតទំនុកតម្កើងថ្វាយព្រះអម្ចាស់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ ខ្ញុំមិនភ័យខ្លាចនរណាឡើយ! ។

 

បន្ទរទី២ ៖ ឱព្រះអម្ចាស់អើយ ! ទូលបង្គំស្វែងរកព្រះភក្ត្រព្រះអង្គហើយ ! សូមកុំលាក់ព្រះភក្ត្រនឹងទូល‌បង្គំឡើយ។

 

(ខ)

មានអ្នកខ្លះក្រោកឈរឡើង ពោលរឿងក្លែងក្លាយចោទប្រកាន់ព្រះអង្គ (មក ១៤,៥៧)។

(បទពាក្យ ៧)

៧- ឱព្រះម្ចាស់អើយសូមសណ្តាប់ ស្នូរខ្ញុំស្រែកប្រាប់ឮលាន់ឡើង  
  អាណិតឆ្លើយតបកុំឆ្មៃឆ្មើង មកខ្ញុំវិញផងកុំកន្តើយ ។
៨- ទូលបង្គំនឹកដល់ព្រះបន្ទូល ព្រះអង្គថ្លែងពោលទុកមកហើយ  
  ចូរស្វែងរកយើងនឹងបានស្បើយ ខ្ញុំមិនព្រងើយស្វែងរកភក្ត្រ ។
៩- សូមទ្រង់អាណិតដល់រូបខ្ញុំ កុំពួនសំងំនៅលួចលាក់  
  កុំព្រះពិរោធកុំអន់អាក់ កុំបណ្តេញអ្នកបម្រើចោល ។
  ព្រះអង្គសង្គ្រោះទូលបង្គំ កុំទុករូបខ្ញុំនៅតែលតោល  
  ឱព្រះសង្គ្រោះដូចស្រមោល កុំទុកខ្ញុំចោលដូច្នេះណា ។
១០- ទោះឪពុកម្តាយទូលបង្គំ បោះបង់ចោលខ្ញុំឱ្យឯកា  
  ព្រះម្ចាស់នៅតែថែរក្សា ប្រណីមេត្តាជាប់ជានិច្ច ។
១១- សូមព្រះអម្ចាស់បង្រៀនខ្ញុំ ស្គាល់ផ្លូវឧត្តមគ្មានកលកិច្ច  
  ដើរតាមមាគ៌ាមិនបែរគេច ព្រោះខ្មាំងមានល្បិចចាំឃ្លាំមើល ។
១២- សូមកុំបណ្តោយឱ្យខ្ញុំធ្លាក់ ចូលក្នុងអន្ទាក់ខ្មាំងងងើល  
  សាក្សីក្លែងក្លាយបង្កាច់មួល អ្នកនោះតែងពោលពាក្យឃោរឃៅ ។
១៣- ខ្ញុំជឿជាក់ថាខ្ញុំនឹងបាន ឃើញសុខក្សេមក្សាន្តមិនអាស្រូវ  
  មង្គលកើតពីព្រះម្ចាស់នៅ ក្នុងលោកតទៅជាមិនខាន ។
១៤- ចូរទុកចិត្តលើព្រះអម្ចាស់ ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន  
  ចូរមានកម្លាំងចិត្តក្លាហាន នោះអ្នកនឹងមានសុភមង្គល ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

បន្ទរ ៖ ឱព្រះអម្ចាស់អើយ! ទូលបង្គំស្វែងរកព្រះភក្ត្រព្រះអង្គហើយ! សូមកុំលាក់ព្រះភក្ត្រនឹងទូល‌បង្គំឡើយ។

បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)

ព្រះគ្រីស្ដជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក
ក្នុង​ចំណោម​មនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ។

បន្ទរទី៣ ៖ ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក។

១២ ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ
ព្រោះព្រះអង្គបានប្រោសប្រទានឱ្យ
បងប្អូនមានសមត្ថភាពអាចទទួលចំណែកមត៌ក
រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។
១៣
ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត
ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រា ដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
១៤
ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង
និងលើកលែងទោសយើងឱ្យរួចពីបាប។
១៥
ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ដែលយើងមើលពុំឃើញ
ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក
១៦
ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត
ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ
ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង
ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា
ព្រះជាម្ចាស់បានបង្កើតទាំងអស់មក
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
១៧
ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់
ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។
១៨
ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍
ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់
ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
១៩
ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យ
ឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គស្ថិតនៅក្នុងព្រះគ្រីស្ត។
២០
ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់នៅលើផែនដី
និងនៅស្ថានបរមសុខឱ្យជានានឹងព្រះអង្គវិញ
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត
គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព
ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ភីល ២,១២-១៦)

ហេតុ​នេះ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ដូច​បង‌ប្អូន​ធ្លាប់​តែ​ស្ដាប់​បង្គាប់​ជា​រៀង​ដរាប​មក​ហើយ​នោះ ចូរ​ស្ដាប់​បង្គាប់​ត​ទៅ​មុខ​ទៀត​ទៅ គឺ​មិន​ត្រឹម​តែ​ពេល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ ជា​ពិសេស ពេល​ខ្ញុំ​នៅ​ឆ្ងាយ សូម​បង‌ប្អូន​ខំ​ប្រឹង​ធ្វើ​ការ ទាំង​គោរព​កោត​ខ្លាច និង​ញាប់‌ញ័រ ស្រប​តាម​ការ​សង្គ្រោះ​ដែល​បង‌ប្អូន​បាន​ទទួល​ ដ្បិត​ព្រះ‌ជាម្ចាស់​ទេ​តើ ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​មាន​ទាំង​បំណង មាន​ទាំង​សមត្ថ‌ភាព​អាច​នឹង​ប្រព្រឹត្ត​តាម​ព្រះ‌បំណង​ដ៏​សប្បុរស​របស់​ព្រះ‌អង្គ។ ចូរ​ធ្វើកិច្ច‌ការ​ទាំង​អស់ ដោយ​ឥត​រអ៊ូ‌រទាំ ឬ​ជជែក​តវ៉ា​ឡើយ ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់​ដែល​ឥត​មាន​កំហុស ក្នុង​ចំណោម​មនុស្ស​វៀច‌វេរ និង​ខិល‌ខូច​នៅ​ជំនាន់​នេះ។ បង‌ប្អូន​ភ្លឺក្នុង​ចំណោម​ពួក​គេ ដូច​ពន្លឺ​ដែល​បំភ្លឺពិភព‌លោក ទាំង​នាំ​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ជីវិត​មក​ឲ្យ​ពួក​គេ។ បើ​បង‌ប្អូន​ធ្វើដូច្នេះ ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​នៅ​ថ្ងៃ​ព្រះ‌គ្រីស្ត​យាង​មក​ ព្រោះ​កិច្ច‌ការ​ដែល​ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ ទាំង​នឿយ‌ហត់​នោះ មិន​មែន​អសារ​ឥត​ការ​ទេ។

បន្ទរ៖ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា *ព្រះ‌អង្គ​អើយសូម​ប្រណី​មេត្តា​ទូល‌បង្គំ។ បន្ទរឡើងវិញ៖…
-សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ឡើង​វិញ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាបទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​របស់ព្រះ‌អង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ លោក​យ៉ូណាស​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា បុត្រ​មនុស្ស​ក៏​នឹង​ស្ថិត​នៅ​ក្នុង​ដី​បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។

ពាក្យអង្វរសកល

សូមលើកតម្កើងព្រះជាម្ចាស់ដ៏មានឫទ្ធានុភាព។ ព្រះអង្គទតមើលមកយើងខ្ញុំ ដូចជាព្រះបិតាមួយអង្គ ដែលដឹងពីសេចក្តីត្រូវការរបស់យើងខ្ញុំ ប៉ុន្តែ ព្រះអង្គចង់ឱ្យយើងខ្ញុំស្វែងរកព្រះរាជ្យរបស់ព្រះអង្គជាមុនសិន។ ចូរយើងបន្លឺសម្លេងឡើងទូលអង្វរព្រះអង្គ ក្នុងនាមជាប្រជារាស្រ្តព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមឱ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ ដើម្បីឱ្យយុត្តិធម៌ឡើងគ្រងរាជ្យ !

បពិត្រព្រះបិតានៃភាពដ៏វិសុទ្ធគ្រប់យ៉ាង ! ព្រះអង្គបានប្រទានព្រះគ្រីស្តឱ្យយើងខ្ញុំ ទុកជាគង្វាលនៃដួងព្រលឹងរបស់យើងខ្ញុំ។ សូមព្រះមេត្តាគង់នៅជាមួយលោកគង្វាលរបស់ព្រះអង្គ និងហ្វូងចៀមដែលព្រះអង្គបានផ្ញើទុកនឹងពួកគេ។ សូមព្រះអង្គកុំចាកចោលហ្វូងចៀម ដោយគ្មានការស្រឡាញ់ថែទាំពីគង្វាលរបស់ព្រះអង្គ
—ហើយសូមព្រះអង្គមេត្តាកុំយាងចាកចេញពីអស់លោកគង្វាល ដោយគ្មានហ្វូងចៀមស្តាប់តាមពួកគេនោះឡើយ។ (បន្ទរ)

សូមព្រះអង្គប្រៀនប្រដៅគ្រីស្តបរិស័ទ ឱ្យចេះជួយយកអាសារដល់អ្នកទន់ខ្សោយ ជាមួយនឹងការស្រឡាញ់ថែទាំ
—និងបម្រើពួកគេ ដូចជាបានបម្រើដល់ព្រះបុត្រាព្រះអង្គដែរ។ (បន្ទរ)

សូមព្រះអង្គប្រមែប្រមូលអ្នកមិនទាន់ជឿ ឱ្យចូលក្នុងព្រះសហគមន៍ព្រះអង្គ
—ហើយសូមព្រះអង្គជួយឱ្យពួកគេចេះកសាងព្រះសហគមន៍ឡើង ដោយការធ្វើអំពើល្អ សម្រាប់សេចក្តីស្រឡាញ់របស់ព្រះអង្គ។ (បន្ទរ)

សូមជួយយើងខ្ញុំឱ្យវិលទៅរកព្រះអង្គ សម្រាប់ការលើកលែងទោស
—ដូចព្រះអង្គបានអត់ទោសឱ្យយើងខ្ញុំ និងសម្រុះសម្រួលយើងខ្ញុំឱ្យជានានឹងព្រះសហគមន៍ព្រះអង្គវិញ។ (បន្ទរ)

សូមឱ្យមរណបុគ្គលដែលបានលាចាកពីលោកនេះ ចូលទៅកាន់ជីវិតអស់កល្បជានិច្ច
—ដោយរួមរស់ជាមួយព្រះអង្គជារៀងរហូតទៅ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! ព្រះអង្គទតមើលប្រជារាស្ត្ររបស់ព្រះអង្គដោយព្រះហឫទ័យស្រឡាញ់។ សូមព្រះអង្គមេត្តាកែប្រែចិត្តគំនិតរបស់យើងខ្ញុំឲ្យលះបង់ចោលប្រយោជន៍ផ្ទាល់ខ្លួន ហើយប្រព្រឹត្តអំពើល្អចំពោះអ្នកដទៃ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។