២២ កុម្ភៈ ២០២៦

Written on 31/12/2025
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី១ ថ្ងៃអាទិត្យ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១០,១-៥.៧

ព្រះមេស្ស៊ី គឺជាព្រះមហាក្សត្រ និងជាបូជាចារ្យ

ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ​ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំង​ប៉ុន្មាន​ មកដាក់​ក្រោម​ព្រះបាទា​របស់ព្រះអង្គ (១ករ ១៥,២៥)។

បន្ទរទី១ ៖ «អ្នក​ត្រូវ​តែ​ថ្វាយ‌បង្គំព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក និង​គោរព​បម្រើ​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ» ។

ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាព្រះអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ! ”។

សូមព្រះជាអម្ចាស់ប្រោសប្រទាន ឱ្យព្រះរាជ្យរបស់ព្រះករុណា
លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!

នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ
ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។

ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។

ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា
នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។

នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ
រួចហើយ ព្រះអង្គងើបព្រះភក្រ្តប្រកបដោយជោគជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ «អ្នក​ត្រូវ​តែ​ថ្វាយ‌បង្គំព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក និង​គោរព​បម្រើ​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ» ។

ទំនុកតម្កើងលេខ ១១៤,១-៨

ប្រជាជនអ៊ីស្រាអែលបានសេរីភាពពីប្រទេសអេស៊ីប

អ្នកដែលបានលះបង់ពិភពលោកនេះ ក៏ត្រូវបានដឹកនាំចេញពីប្រទេសអេស៊ីប​ផង​ដែរ​ (សន្តអូគូស្ទីន)។

បន្ទរទី២៖ គ្រា​ដែល​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ គឺ​ឥឡូវ​នេះ​ហើយ ! គឺ​ឥឡូវ​នេះ​ហើយ ជា​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក! ។

(បទពាក្យ ៧)

១- ពេលអ៊ីស្រាអែលបានចាកចេញ ពីអេស៊ីបវិញហើយពេលនោះ  
  ពូជពង្សយ៉ាកុបចេញទាំងអស់ ពីដីបរទេសមិនសល់នៅ
២- ឯប្រជាជនជាតិយូដា បានក្លាយទៅជាឥតហ្មងសៅ  
  ជាប្រជាជាតិមិនអាស្រូវ វិសុទ្ធពេកកូវផ្ទាល់ព្រះអង្គ
៣- ពេលទឹកសមុទ្រឃើញពួកគេ តក់ស្លុតម៉្លេះទេមិនបង្អង់  
  គេចខ្លួនថយទៅមិនរេរង់ ទាំងយ័រដាន់ផងក៏ថយដែរ
៤- ភ្នំតូចភ្នំធំភ្នំទាំងអស់ នៅមិនស្ងៀមសោះដូចពពែ  
  លោតទៅលោតមកមិនឈប់ទេ ភ្នំតូចលោតដែរដូចកូនចៀម
៥- ឱសមុទ្រអើយម្តេចក៏អ្នក រត់គេចជាជាក់ទៅនៅស្ងៀម  
  អ្នកធ្លាប់រលកលោតរវាម ម្តេចសំងំស្ងៀមធ្មឹងដូច្នេះ
  ឱទឹកទន្លេយ័រដាន់អើយ ពេលនេះម្តេចឡើយរត់លឿនម៉្លេះ  
  ម្តេចអ្នកដកខ្លួនឆាប់ដូច្នេះ តើរឿងទាំងនេះមកពីអ្វី
៦- ភ្នំអើយម្តេចអ្នកមិនឈប់លោត ផ្លាស់ប្តូររហូតដូចសត្វព្រៃ  
  ភ្នំតូចអើយអ្នកលោតព្រោះអ្វី មិនស្គាល់យប់ថ្ងៃមិនសម្រាក
៧- ឱផែនដីអើយចូររីករាយ អំណរសប្បាយចំពោះភក្រ្ត  
  ព្រះជាអម្ចាស់របស់អ្នក និងចំពោះភក្រ្តព្រះយ៉ាកុប
៨- គឺទ្រង់បានធ្វើឱ្យសិលា ប្រែក្លាយទៅជាបឹងសាយសព្វ  
  ឱ្យថ្មប្រែក្លាយជាប្រភព ទឹកហូរឥតឈប់ឥតស្រាកស្រាន្ត
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ គ្រា​ដែល​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ គឺ​ឥឡូវ​នេះ​ហើយ ! គឺ​ឥឡូវ​នេះ​ហើយ ជា​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក! ។

បទលើកតម្កើងតាមលិខិតទី១របស់សន្តសិលា (១សល ២,២១ខ-២៤)

គំរូ​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ត

បន្ទរទី៣ ៖ ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម អ្វីៗ​ទាំង​អស់​ដែល​ព្យាការីបាន​ចែង​ទុកអំពី​បុត្រ​មនុស្ស នឹង​កើត​មាន​នៅ​ទី​នោះ។

២១ ព្រះ‌គ្រីស្តក៏​បាន​រង‌ទុក្ខ​លំបាកសម្រាប់​បង‌ប្អូន
ទុក​ជា​គំរូ​ឲ្យបង‌ប្អូន​ដើរ​តាម​គន្លង​របស់​ព្រះ‌អង្គ​ដែរ។
២២
ព្រះ‌អង្គ​ពុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ
ហើយ​ក៏​ពុំ​ដែល​មាន​ព្រះ‌បន្ទូល​វៀច​វេរ​ណា
ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ​ឡើយ។
២៣
ទោះ​បី​គេ​ជេរ​ប្រមាថ​ព្រះ‌អង្គ ក៏​ព្រះ‌អង្គ​មិន​តប​ត​ទៅ​គេ​វិញ​ដែរ
ព្រះ‌អង្គ​បាន​រង‌ទុក្ខ​លំបាក តែ​ព្រះ‌អង្គ​ពុំ​បាន​គំរាម​កំហែង​គេ​វិញ​ទេ
ព្រះ‌អង្គ​ផ្ញើជីវិត​ទៅ​លើ​ព្រះ‌ជាម្ចាស់ដែល​ព្រះ‌អង្គ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។
២៤
ព្រះ‌គ្រីស្តបាន​ផ្ទុក​បាបរបស់​យើង
ក្នុង​ព្រះ‌កាយ​របស់​ព្រះ‌អង្គដែល​ជាប់​លើ​ឈើ​ឆ្កាង
ដើម្បី​ឲ្យ​យើង​លែង​ជំពាក់‌ជំពិននឹង​បាប​ត​ទៅ​មុខ​ទៀត
ហើយ​ឲ្យ​យើង​មាន​ជីវិតដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិត។
បង‌ប្អូន​បាន​ជា​សះ‌ស្បើយ​ដោយ‌សារស្នាម​របួស​របស់​ព្រះ‌អង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម អ្វីៗ​ទាំង​អស់​ដែល​ព្យាការីបាន​ចែង​ទុកអំពី​បុត្រ​មនុស្ស នឹង​កើត​មាន​នៅ​ទី​នោះ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ៩,២៤-២៧)

បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​ដែល​រត់​ប្រណាំង​នៅ​កីឡា‌ដ្ឋាន គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ មាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ទទួល​រង្វាន់។ សូម​បង‌ប្អូន​រត់​តាម​របៀប​នោះ​ដែរ​ទៅ ដើម្បី​ឲ្យ​បាន​ទទួល​រង្វាន់។ អ្នក​ប្រកួត​កីឡា​ទាំង​អស់​តែង‌តែ​លត់‌ដំ​ខ្លួន ដោយ​ធ្វើ​តាម​ក្បួន​តំរា​គ្រប់​យ៉ាង ដើម្បី​ឲ្យ​បាន​ទទួល​ភួង​ជ័យ ដែល​នឹង​រលាយ​សាប‌សូន្យ​ទៅ។ រីឯ​យើង​វិញ យើង​នឹង​ទទួល​ភួង​ជ័យ ដែល​មិន​ចេះ​រលាយ​សាប‌សូន្យ​ឡើយ។ ហេតុ​នេះ ចំពោះ​រូប​ខ្ញុំ ខ្ញុំ​មិន​រត់​ដូច​ជា​មិន​ស្គាល់​ទី‌ដៅ​នោះ​ទេ ខ្ញុំ​ក៏​មិន​ប្រដាល់​ខ្យល់​ដែរ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​លត់‌ដំ​រូប​កាយ​ខ្ញុំ​យ៉ាង​តឹង‌តែង ហើយ​ខ្ញុំ​ធ្វើម្ចាស់​លើ​រូប​កាយ​ខ្លួន​ឯង ក្រែង​លោ​ក្រោយ​ពី​បាន​ផ្សាយ​ដំណឹង‌ល្អ​ដល់​អ្នក​ឯ​ទៀតៗ​ហើយ ខ្លួន​ខ្ញុំ​ផ្ទាល់​បែរ​ជា​ត្រូវ​គេ​ផាត់​ចោល​ទៅ​វិញ។

បន្ទរ៖ ឱព្រះ‌អម្ចាស់​អើយ! សូម​ព្រះ​សណ្តាប់ និង​អាណិត‌អាសូរ​យើង​ខ្ញុំ​ផង! *ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាបទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​របស់ព្រះ‌អង្គ។ បន្ទរឡើងវិញ៖…
-សូមព្រះគ្រីស្តយេស៊ូសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ ឱព្រះសង្រ្គោះអស់កល្បជានិច្ច ! សូមព្រះអង្គទតមកយើងខ្ញុំ សូមកុំបណ្តោយឱ្យយើងខ្ញុំចាញ់កល់ល្បិចរបស់ខ្មាំងសត្រូវ។ យើងខ្ញុំជឿទុកចិត្តលើព្រះហឫទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ។

ពាក្យអង្វរសកល

ចូរលើកតម្កើងព្រះជាម្ចាស់ជាព្រះបិតា ព្រះអង្គបាននាំប្រជាជនដែលព្រះអង្គបានជ្រើសរើសឱ្យកើតជាថ្មី ចេញពីគ្រាប់ពូជដែលមិនចេះរលួយ តាមរយៈព្រះបន្ទូលដែលគង់នៅអស់កល្បជានិច្ច។ ដោយយើងជាបុត្រធីតាព្រះអង្គ យើងទូលសូមព្រះអង្គថា ៖

បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គប្រោសប្រណីប្រជារាស្រ្តព្រះអង្គផង !

បពិត្រព្រះជាម្ចាស់នៃព្រះហឫទ័យមេត្តាករុណា! សូមព្រះអង្គសណ្តាប់ពាក្យអធិដ្ឋានរបស់យើងខ្ញុំដែលថ្វាយទៅព្រះអង្គ សម្រាប់ប្រជាជនទាំងមូល
—សូមឱ្យពួកគេស្រេកឃ្លានព្រះបន្ទូលព្រះអង្គ ខ្លាំងជាងអាហារខាងរូបកាយផង។ (បន្ទរ)

សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានចិត្តស្មោះត្រង់ និងមានសេចក្តីស្រឡាញ់យ៉ាងក្លៀវក្លាចំពោះប្រជាជាតិរបស់យើងខ្ញុំ និងមនុស្សទាំងអស់
—សូមឱ្យយើងខ្ញុំប្រព្រឹត្តកិច្ចការណាដែលជួយកសាងពិភពលោក ក្នុងសេចក្តីសុខសាន្ត និងសេចក្តីសប្បុរស។ (បន្ទរ)

សូមព្រះអង្គទតមកដោយព្រះហឫទ័យស្រឡាញ់ចំពោះអស់អ្នកដែលបានកើតជាថ្មី ក្នុងអគ្គសញ្ញាជ្រមុជទឹក
—ដើម្បីឱ្យពួកគេបានធ្វើជាថ្មគ្រឹះដ៏មានជីវិត ក្នុងព្រះដំណាក់នៃព្រះវិញ្ញាណដ៏វិសុទ្ធ។ (បន្ទរ)

ព្រះអង្គបានធ្វើឱ្យអ្នកក្រុងនីនីវេកែប្រែចិត្តគំនិត ដោយសារសេចក្តីប្រៀនប្រដៅរបស់ព្យាការីយ៉ូណាស
—ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ សូមព្រះអង្គប៉ះពាល់ចិត្តអ្នកបាប ដោយការប្រកាសព្រះបន្ទូលនៃព្រះអង្គផង។ (បន្ទរ)

សូមឱ្យអស់អ្នកដែលបានចែកឋានទៅហើយ មានសង្ឃឹមថានឹងបានជួបជាមួយព្រះគ្រីស្ត ដែលជាចៅក្រមរបស់ពួកគេ
—សូមឱ្យពួកគេមានអំណររីករាយជារៀងរហូត ក្នុងសិរីរុងរឿងរបស់ព្រះអង្គ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យប្រទានជីវិតឲ្យមនុស្សលោក និងប្រោសឲ្យគេមានសុភមង្គលយ៉ាងពេញលេញ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំឲ្យចេះស្រឡាញ់ និងបម្រើព្រះអង្គ ដើម្បីយើងខ្ញុំអាចស្គាល់មាគ៌ាឆ្ពោះទៅកាន់ព្រះអង្គឯស្ថានបរមសុខ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។