០៧ កុម្ភៈ ២០២៦

Written on 23/12/2025
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី៥ ថ្ងៃអាទិត្យ

ថ្ងៃសៅរ៍ (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១៤១,១-៩

ពាក្យអធិដ្ឋានក្នុងគ្រាមានអាសន្ន

“ផ្សែងគ្រឿងក្រអូបនោះក៏ហុយចេញពីដៃទេវទូតឡើងទៅលើ ជាមួយពាក្យអធិដ្ឋានរបស់ប្រជាជនដ៏វិសុទ្ធ នៅចំពោះព្រះភក្ត្ររបស់ព្រះជាម្ចាស់” (វវ ៨,៤)។

បន្ទរទី១ ៖ សូមឱ្យពាក្យអធិដ្ឋានរបស់ទូលបង្គំ ឡើងទៅដល់ព្រះអង្គ ដូចផ្សែងគឿងក្រអូប។

ឱព្រះអម្ចាស់អើយ! ទូលបង្គំសូមអង្វរព្រះអង្គ សូមមេត្តាយាងមកជួយទូលបង្គំជាប្រញាប់! 
ពេលទូលបង្គំអង្វរព្រះអង្គ សូមផ្ទៀងព្រះការណ៍ស្តាប់ទូលបង្គំផង!

សូមឱ្យពាក្យអធិដ្ឋានរបស់ទូលបង្គំឡើងទៅដល់ព្រះអង្គ ដូចផ្សែងគ្រឿងក្រអូប 
សូម​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​ទូលបង្គំ ដូច​តង្វាយ​នៅ​ពេល​ល្ងាច!​

ឱព្រះអម្ចាស់អើយ! សូមរក្សាមាត់ទូលបង្គំ 
សូមកុំឱ្យទូលបង្គំពោលពាក្យអាក្រក់ឡើយ។

សូមកុំបណ្តោយឱ្យចិត្តទូលបង្គំ លំអៀងទៅរកអំពើអាក្រក់ 
ហើយប្រព្រឹត្តអំពើទុច្ចរិតរួមជាមួយមនុស្សទុច្ចរិត 
សូមកុំឱ្យទូលបង្គំចូលរួមជប់លៀងជាមួយពួកគេឡើយ។

បើមនុស្សសុចរិតវាយប្រដៅ និងស្តីបន្ទោសទូលបង្គំ ដោយចិត្តស្មោះត្រង់ 
ទូលបង្គំមិនប្រកែកទេ ព្រោះជាការល្អចំពោះទូលបង្គំ ប្រៀប​ដូច​ជា​ទឹក​អប់​ហូរ​លើ​ក្បាល​ទូលបង្គំ។ 
ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្តអធិដ្ឋាន តបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។

សូមឱ្យចៅក្រមរបស់ពួកនោះ ត្រូវគេច្រានទម្លាក់ទៅក្នុងក្រហែងថ្ម 
ហើយសូមឱ្យបច្ចាមិត្តស្ដាប់សេចក្ដី ដែលទូលបង្គំនិយាយដោយសុទ្ធចិត្ត។

“ដីប្រេះចេញពីគ្នាយ៉ាងណា សូមឱ្យស្ថានមនុស្សស្លាប់បើកចំហ 
លេបឆ្អឹងរបស់គេដែលនៅរាយប៉ាយ គ្រប់ទីកន្លែងយ៉ាងនោះដែរ”។

បពិត្រព្រះជាអម្ចាស់! ទូលបង្គំសម្លឹងទៅរកព្រះអង្គជានិច្ច 
ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ សូមកុំបណ្តោយឱ្យទូលបង្គំបាត់បង់ជីវិត។

សូមការពារទូលបង្គំឱ្យរួចផុតពីអន្ទាក់ ដែលគេដាក់ចាំចាប់ទូលបង្គំ 
សូមកុំឱ្យទូលបង្គំធ្លាក់ទៅក្នុងរណ្តៅរបស់មនុស្សទុច្ចរិតឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ សូមឱ្យពាក្យអធិដ្ឋានរបស់ទូលបង្គំ ឡើងទៅដល់ព្រះអង្គ ដូចផ្សែងគឿងក្រអូប។

ទំនុកតម្កើងលេខ ១៤២

ព្រះអង្គជាជម្រករបស់ទូលបង្គំ

អ្វីដែលបានសរសេរនៅក្នុងទំនុកតម្កើងនេះ ត្រូវបានបំពេញនៅក្នុងទុក្ខលំបាករបស់ព្រះអម្ចាស់យើង (សន្តហ៊ីលឡារី)។

បន្ទរទី២ ៖ ព្រះអង្គ​ជា​ជម្រក​របស់​ទូលបង្គំ នៅ​ក្នុង​ពិភព​លោក​នេះ ទូលបង្គំគ្មានអ្វី​ផ្សេង​ទៀត​ក្រៅ​ពី​ព្រះអង្គ​ឡើយ។

(បទកាកគតិ)

២- ខ្ញុំខំបន្លឺ សម្លេងរន្ទឺ អង្វរព្រះម្ចាស់
  ស្រែកដោយទទូច ឱ្យទ្រង់ឮច្បាស់ ព្រោះរូបខ្ញុំនេះ
    វេទនាពេកក្រៃ
៣- ខ្ញុំទូលព្រះអង្គ ឱ្យបានជ្រាបផង នូវអស់អត្ថន័យ
  ពីពាក្យត្អូញត្អែរ ទុក្ខសោករីងរៃ វេទនារាល់ថ្ងៃ
    ស្ទើរក្ស័យជីវិត
៤- ពេលទូលបង្គំ មានទុក្ខក្រៀមក្រំ បាក់ធ្លាក់ទឹកចិត្ត
  ព្រះអង្គជ្រាបច្បាស់ ពីដំណើរពិត ពួកគេជុំជិត
    ដាក់អន្ទាក់ខ្ញុំ
៥- សូមទ្រង់ទតចុះ គ្មាននរណាសោះ អើពើទូលបង្គំ
  គ្មានទីជ្រកកោន ឱ្យបានសមរម្យ នរណាក៏ពុំ
    រវល់ឡើយណា
៦- បពិត្រព្រះម្ចាស់ ខ្ញុំស្រែកពោលនេះ អង្វរទ្រង់ថា
  ទ្រង់ជាជម្រក នៅក្នុងលោកា គ្មានអ្វីអស្ចារ្យ
    ជាងព្រះអង្គឡើយ
៧- សូមទ្រង់ប្រណី សម្តែងហឫទ័យ កុំបីកន្តើយ
  ដ្បិតទូលបង្គំ ទាល់ច្រកអស់ហើយ រំដោះឱ្យស្បើយ
    ពីជនអប្រីយ៍
៨- សូមដោះលែងខ្ញុំ ផុតពីទុក្ខធំ មានសិទ្ធិសេរី
  ដើម្បីខ្ញុំអាច ថ្កើងព្រះនាមល្បី ចំណោមប្រុសស្រី
    នៃជនសុចរិត
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ៖ ព្រះអង្គ​ជា​ជម្រក​របស់​ទូលបង្គំ នៅ​ក្នុង​ពិភព​លោក​នេះ ទូលបង្គំគ្មានអ្វី​ផ្សេង​ទៀត​ក្រៅ​ពី​ព្រះអង្គ​ឡើយ។

បទលើកតម្កើងតាមលិខិតទៅភីលីព (ភីល ២,៦-១១)

ព្រះគ្រីស្ដជាអ្នកបម្រើរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ ពេលនោះ ព្រះ‌អម្ចាស់នឹងសម្ដែងសិរី‌រុងរឿងឱ្យមនុស្សលោកឃើញ ក្នុងពេលជាមួយគ្នា។

ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ 
ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈ ដែលស្មើនឹងព្រះជាម្ចាស់នេះ
ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។

ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ 
ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ
ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។

ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត 
គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។

ហេតុនេះហើយ បានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត 
ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គ មានព្រះនាមប្រសើរលើសអ្វីៗទាំងអស់

១០ ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី 
នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ

១១ និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ 
ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះអង្គបានដាក់ខ្លួនរហូតដល់សោយទិវង្គត ប៉ុន្តែ ព្រះជាម្ចាស់បានលើកព្រះអង្គ​ឡើងយ៉ាងខ្ពង់ខ្ពស់បំផុត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១១,៣៣-៣៦)

ព្រះហឫទ័យទូលាយរបស់ព្រះជាម្ចាស់ជ្រៅពន់ពេកណាស់​ ហើយព្រះប្រាជ្ញាញាណ​ និងព្រះតម្រិះរបស់ព្រះអង្គក៏ខ្ពង់ខ្ពស់ដែរ !​ គ្មាននរណាអាចយល់ការសម្រេច​របស់​ព្រះអង្គ​បានឡើយ​ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់ព្រះអង្គបានដែរ !​ តើ​នរណា​ស្គាល់គំនិតរបស់ព្រះជាម្ចាស់? តើនរណាបានថ្វាយយោបល់ទៅព្រះអង្គ?​ តើ​នរណា​បានថ្វាយអ្វីមួយទៅព្រះអង្គ​ ដើម្បីឱ្យព្រះអង្គតបស្នងសងគុណវិញ? អ្វីៗទាំង​អស់​សុទ្ធតែមកពីព្រះអង្គ​ ដោយសារព្រះអង្គ​ និងសម្រាប់ព្រះអង្គ!។​ សូមលើក​តម្កើង​សិរីរុងរឿងរបស់ព្រះអង្គ​អស់កល្បជានិច្ច! អាម៉ែន!។

បន្ទរ៖ ទូលបង្គំសញ្ជឹង​គិត​អំពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន *ដែល​ព្រះ‌អង្គ​បាន​ធ្វើ។ បន្ទរឡើងវិញ៖…
-ព្រះអង្គ​ធ្វើការ​ទាំង​អស់​នោះ ប្រកប​ដោយ​ព្រះប្រាជ្ញាញាណ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ ចូរ​ឱ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បំភ្លឺ​មនុស្ស​ទាំង‌ឡាយ​ដូច្នោះ​ដែរ គេ​នឹង​ឃើញ​អំពើ​ល្អដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ហើយ​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ។

ពាក្យអង្វរសកល

សូមលើកតម្កើងសិរីរុងរឿងចំពោះព្រះជាម្ចាស់តែមួយ ជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ​ យើងខ្ញុំទាំងអស់គ្នាសូមទូលអង្វរដោយចិត្តសុភាពរាបសាថា៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមគង់នៅជាមួយប្រជារាស្ត្ររបស់ព្រះអង្គផង !

ឱព្រះបិតាដ៏វិសុទ្ធ និងមានតេជានុភាពសព្វប្រការអើយ ! សូមទ្រង់ប្រោសប្រទាននូវ​យុត្តិធម៌​ដល់ពិភពលោកទាំងមូល
—ដើម្បីឱ្យប្រជារាស្ត្ររបស់ព្រះអង្គបានរស់នៅក្នុង​សេចក្តីសុខសាន្តរបស់ព្រះអង្គផង។ (បន្ទរ)

សូមព្រះអង្គប្រោសប្រទានឱ្យមនុស្សគ្រប់ជាតិសាសន៍បានចូលទៅក្នុងព្រះរាជ្យ​របស់​ព្រះអង្គ
—ដើម្បីឱ្យពួកគេបានទទួលនូវការសង្គ្រោះពីព្រះអង្គផង។ (បន្ទរ)

សូមព្រះអង្គប្រោសប្រទានឱ្យគូស្វាមីភរិយា បានរស់នៅ​ក្នុងសេចក្តីសុខសាន្ត​របស់​ព្រះអង្គ
—ហើយសូមឱ្យពួកគេរឹតតែស្រឡាញ់គ្នាទៅ​វិញទៅ​មក​ផង។ (បន្ទរ)

ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គប្រទានពរដល់អស់អ្នកដែលបានប្រព្រឹត្តអំពើល្អ​ចំពោះ​យើងខ្ញុំ
—សូមប្រទានឱ្យពួកគាត់បានទទួលនូវជីវិតអស់កល្បជានិច្ចផង។ (បន្ទរ)

សូមទ្រង់ព្រះមេត្តាអាណិតអាសូរដល់អស់អ្នក ដែលរងទុក្ខលំបាក​វេទនា​ដោយការស្អប់ខ្ពើម និងភ្លើងសង្គ្រាម
—សូមព្រះអង្គប្រោសប្រទានឱ្យអ្នកទាំង​នោះ​ បានទទួលសេចក្តីសុខសាន្តនៅស្ថានបរមសុខផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះជាអម្ចាស់អើយ! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅយើងខ្ញុំ ឱ្យរួមរស់ក្នុងព្រះសហគមន៍របស់ព្រះអង្គ។ សូមព្រះអង្គមេត្តាថែរក្សាការពារមហាគ្រួសាររបស់ព្រះអង្គ តាមសេចក្តីសង្ឃឹមរបស់យើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។