០៦ កុម្ភៈ ២០២៦

Written on 23/12/2025
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី៤ ថ្ងៃសុក្រ

សន្តប៉ូលមីគី និងសហជីវិន ជាមរណសាក្សី នៅប្រទេសជប៉ុន

(បុណ្យរំឭកចាំបាច់)

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១៤៥

ការសរសើរតម្កើងព្រះចេស្តារបស់ព្រះជាម្ចាស់

«បពិត្រ​ព្រះ‌អង្គ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ និង​មាន​ព្រះ‌ជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក
ព្រះ‌អង្គ​ពិត​ជា​វិសុទ្ធ ហើយ​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌មែន! (វវ ១៦,៥)។

បន្ទរទី១ ៖ ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំក៏នឹងថ្លែងអំពីការអស្ចារ្យដែលព្រះអង្គបានប្រព្រឹត្តដែរ។

(ក)

បពិត្រព្រះនៃទូលបង្គំ! ឱព្រះមហាក្សត្រនៃទូលបង្គំអើយ!
ទូលបង្គំសូមលើកតម្កើងព្រះអង្គ!
ទូលបង្គំសូមលើកតម្កើងព្រះនាមព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!

ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ
ទូលបង្គំកោតសរសើរព្រះនាមព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!

ព្រះអម្ចាស់ប្រសើរឧត្តម ដែលយើងត្រូវតែសរសើរតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត។
ព្រះអង្គឧត្តុង្គឧត្តមរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។

សូមឱ្យមនុស្សនៅគ្រប់ជំនាន់លើកតម្កើងស្នាព្រះហស្តរបស់ព្រះអង្គ
សូមឱ្យគេរៀបរាប់អំពីកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ។

ទូលបង្គំរៀបរាប់ពីភាពថ្កុំថ្កើងនៃសិរីរុងរឿងរបស់ព្រះអង្គ។
ទូលបង្គំនឹងសញ្ជឹងគិតពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។

គេនឹងរៀបរាប់អំពីឫទ្ធានុភាពដ៏គួរឱ្យស្ញែងខ្លាចរបស់ព្រះអង្គ
ទូលបង្គំក៏នឹងថ្លែងអំពីការអស្ចារ្យដែលព្រះអង្គបានប្រព្រឹត្តដែរ។

គេនឹងលើកតម្កើងព្រះហឫទ័យសប្បុរសដ៏លើសលប់របស់ព្រះអង្គ
គេនឹងប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ។

ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្តោស និងអាណិតអាសូរ
ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់
ហើយពោរពេញទៅដោយព្រះហឫទ័យមេត្តាករុណាយ៉ាងលើសលប់។

ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសចំពោះមនុស្សទាំងអស់
ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់សត្វលោកទាំងអស់ ដែលទ្រង់បានបង្កើតមក។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំក៏នឹងថ្លែងអំពីការអស្ចារ្យដែលព្រះអង្គបានប្រព្រឹត្តដែរ។

បន្ទរទី២ ៖ ព្រះអម្ចាស់​អើយ សត្វ​លោក​ទាំង​អស់ទន្ទឹង​រង់‌ចាំ​ព្រះអង្គ ដោយ​ចិត្ត​សង្ឃឹម ព្រះ‌អង្គគង់នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ព្រះអង្គ។

(ខ)

(បទកាកគតិ)

១០- បពិត្រព្រះម្ចាស់ សត្វលោកទាំងអស់ មានច្រើនពេកក្រៃ
  នាំគ្នាតម្កើង រុងរឿងសិរី រាស្ត្រទាំងប្រុសស្រី
    ក៏ថ្កើងទ្រង់ដែរ
១១- គេនឹងរៀបរាប់ ព្រះរាជ្យគួរគាប់ រុងរឿងស្ថិតស្ថេរ
  របស់ព្រះអង្គ ឥតមានប្រួលប្រែ អានុភាពឥតកែ
    ព្រះអង្គនៅគង់
១២- ដើម្បីឱ្យមនុស្ស ទាំងស្រីទាំងប្រុស គ្រប់គ្នាបានដឹង
  ពីការអស្ចារ្យ របស់ព្រះអង្គ រស្មីរឿងរុង
    ចិញ្ចែងចិញ្ចាច
១៣- ព្រះរាជ្យព្រះអង្គ ស្ថិតនៅយូរលង់ ពេញដោយអំណាច
  គ្រងរាជ្យអស់កល្ប ព្រោះទ្រង់ជាស្តេច បារមីអង់អាច
    ស្ថិតនៅយូរយារ
  ព្រះអម្ចាស់តែង គោរពឥតក្លែង បន្ទូលសន្យា
  អ្វីដែលទ្រង់ធ្វើ សុទ្ធតែអស្ចារ្យ សប្បុរសមេត្តា
    ករុណាអាសូរ
១៤- ព្រះអង្គលើកអ្នក ហេវខ្សោះអួលអាក់ ដួលយំស្រែកថ្ងូរ
  ទ្រង់លើកអ្នកអស់ សង្ឃឹមឱ្យឈរ ពង្រឹងជំហរ
    ឱ្យល្អវិញបាន
១៥- បពិត្រព្រះម្ចាស់ សត្វលោកទាំងអស់ ចាំមិនហ៊ានខាន
  ដោយចិត្តសង្ឃឹម ពួកគេនឹងបាន អាហារគ្រប់ប្រាណ
    តាមពេលកំណត់
១៦- ទ្រង់មានព្រះទ័យ ទូលាយពេកក្រៃ ពេញដោយអំណត់
  ព្រះអង្គប្រទាន ដល់អ្នកក្រខ្សត់ បានឆ្អែតគ្រប់មាត់
    តាមចិត្តប្រាថ្នា
១៧- ព្រះជាអម្ចាស់ ធ្វើសព្វទាំងអស់ នូវរាល់កិច្ចការ
  ដោយព្រះហឫទ័យ សុចរិតថ្លៃថ្លា សន្តោសករុណា
    ទ្រង់បានប្រព្រឹត្ត
១៨- ព្រះអម្ចាស់គង់ នៅជិតអែបអង្គ កៀកកើយនែបនិត្យ
  នឹងអ្នកអង្វរ ដោយក្តីសុទ្ធចិត្ត រកព្រះអង្គពិត
    មិនយាងទៅណា
១៩- ទ្រង់បានសម្រេច តាមបំណងចិត្ត ដែលគេប្រាថ្នា
  របស់អស់អ្នក កោតខ្លាចចេស្តា ព្រះអង្គស្ទុះស្ទា
    ហើយសង្គ្រោះគេ
២០- អ្នកដែលស្រឡាញ់ ព្រះអម្ចាស់ពេញ ឥតក្រឡះប្រែ
  ទ្រង់នឹងគ្រប់គ្រង ការពារថ្នមថែ ហើយទ្រង់តែងតែ
    បំផ្លាញមនុស្សខូច
២១- ខ្ញុំសូមថ្លែងឡើង សរសើរតម្កើង គ្មានចិត្តលាក់លួច
  តម្កើងព្រះម្ចាស់ សត្វលោកធំតូច ទាំងអស់ជួយលើក
    ព្រះនាមព្រះអង្គ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ព្រះអម្ចាស់​អើយ សត្វ​លោក​ទាំង​អស់ទន្ទឹង​រង់‌ចាំ​ព្រះអង្គ ដោយ​ចិត្ត​សង្ឃឹម ព្រះ‌អង្គគង់នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ព្រះអង្គ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)

ទំនុកតម្កើងនៃការគោរពប្រណិប័តន៍

បន្ទរទី៣ ៖ ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់។

“ឱព្រះជាម្ចាស់ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ
ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម
គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់!
ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ
មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!

បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ?
តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ?
ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ជាព្រះដ៏វិសុទ្ធ។
មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌” ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៨,១-២)

ឥឡូវនេះ អស់អ្នកដែលចូលរួមជាមួយព្រះគ្រីស្តយេស៊ូ ឥតមានទោសពៃរ៍ទៀតឡើយ ដ្បិតវិន័យរបស់ព្រះវិញ្ញាណដែលផ្តល់ជីវិតក្នុងអង្គព្រះគ្រីស្តយេស៊ូបានរំដោះខ្ញុំឱ្យរួចផុតពីបាប និងពីសេចក្តីស្លាប់។

បន្ទរ ៖ ព្រះ‌គ្រីស្ត​បាន​សោយ​ទិវង្គត​ ព្រោះ​តែ​បាប​របស់យើង *ដើម្បី​នាំបង‌ប្អូន​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់។ បន្ទរឡើងវិញ៖…
-កាល​ព្រះអង្គ​មាន​ឋានៈ​ជា​មនុស្ស ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើគុត តែព្រះជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឱ្យ​មាន​ព្រះ‌ជន្ម​រស់ ដោយសារព្រះ‌វិញ្ញាណ​វិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ មិត្តសម្លាញ់ដ៏វិសុទ្ធរបស់ព្រះគ្រីស្តរីករាយសប្បាយនៅស្ថានបរមសុខ។ ពួកគេដើរតាមជំហានរបស់ព្រះអង្គរហូតដល់ទីបំផុត។ ពួកគេបានបង្ហូរឈាមព្រោះតែស្រឡាញ់ព្រះអង្គ ហើយពួកគេនឹងគ្រងរាជ្យរួមជាមួយព្រះអង្គអស់កល្បជានិច្ច។

ពាក្យអង្វរសកល

ចូរយើងទូលអង្វរព្រះគ្រីស្ត ដែលជាប្រភពនៃសេចក្តីសង្ឃឹមរបស់អស់អ្នកណាដែលទទួលស្គាល់ព្រះនាមព្រះអង្គ ៖

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតអាសូរ !

ព្រះគ្រីស្តជាមនុស្សទន់ខ្សោយដូចយើង
—សូមព្រះអង្គជួយពង្រឹងយើងខ្ញុំផង។ (បន្ទរ)

ធម្មជាតិរបស់យើងខ្ញុំមានទំនោរទៅរកអំពើបាប
—សូមឱ្យសេចក្តីស្រឡាញ់របស់ព្រះអង្គតែងតែជួយយើងខ្ញុំ ឱ្យទទួលព្រះអំណោយទានឡើងវិញផង។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! អំពើបាបបានធ្វើឱ្យព្រះអង្គអាក់អន់ព្រះទ័យ រីឯការកែប្រែចិត្តគំនិតវិញ ធ្វើឱ្យព្រះអង្គសព្វព្រះហឫទ័យ
—សូមព្រះអង្គកុំដាក់ទោសយើងខ្ញុំទៅតាមកំហឹងរបស់ព្រះអង្គឡើយ ទោះបីនៅពេលយើងខ្ញុំបានប្រព្រឹត្តអំពើបាបក៏ដោយ។ (បន្ទរ)

ព្រះអង្គបានលើកលែងទោសដល់ស្ត្រី ដែលបានសោកស្តាយនូវអំពើបាបដែលខ្លួនបានប្រព្រឹត្ត ហើយព្រះអង្គបានដាក់ចៀមដែលវង្វេង នៅលើស្មារបស់ព្រះអង្គ
—សូមព្រះអង្គមេត្តាកុំដកហូតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គចេញពីយើងខ្ញុំឡើយ។ (បន្ទរ)

នៅពេលព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង ព្រះអង្គបានបើកទ្វារស្ថានបរមសុខ
—សូមព្រះអង្គទទួលអស់អ្នកដែលសង្ឃឹមលើព្រះអង្គ ឱ្យចូលទៅក្នុងព្រះរាជ្យរបស់ព្រះអង្គផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះបិតាជាម្ចាស់ ! ព្រះអង្គពិតជាកម្លាំង និងជាសេចក្តីក្លាហាននៃសន្តបុគ្គលទាំងឡាយ។ ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅសន្តប៉ូលមីគី និងសហជីវិនរបស់លោកឱ្យទទួលជីវិតដ៏ពេញលេញតាមរយៈឈើឆ្កាង។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តក្លាហានប្រកាសជំនឿ រហូតដល់ហ៊ានបូជាជីវិត។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។