២១ មករា ២០២៦

Written on 15/12/2025
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី២ ថ្ងៃពុធ

សន្តីអាញេស ជាព្រហ្មចារិនី និងជាមរណសាក្សី

(បុណ្យរំឭកចាំបាច់)

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៦,១-៩

បន្ទរទី១ ៖ នាងព្រហ្មចារិនីរបស់ព្រះគ្រីស្ត មិនអាចត្រូវបំបាក់ដោយការភ័យខ្លាច ឬក៏យកឈ្នះ ដោយការបោកបញ្ឆោតបានឡើយ។

ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់សំឡេងខ្ញុំដែលទទូចអង្វរ

ព្រះអង្គផ្ទៀងព្រះការណ៌ស្តាប់ខ្ញុំ
ខ្ញុំនឹងអង្វរព្រះអង្គអស់មួយជីវិត។

មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើឱ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់
ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។

ពេលនោះ ខ្ញុំអង្វររកព្រះនាមព្រះអម្ចាស់ថា ៖
“ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំផង!”

ព្រះអម្ចាស់តែងតែប្រណីសន្តោស ព្រះអង្គសុចរិត
ព្រះរបស់យើងប្រកបដោយព្រះហឫទ័យមេត្តាករុណា។

ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាប
ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។

ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ
ដ្បិតព្រះអម្ចាស់ប្រោសប្រទានឱ្យខ្ញុំបានសុខសាន្ត។

ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់
ព្រះអង្គជូតទឹកភ្នែកខ្ញុំ ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។

ខ្ញុំនឹងដើរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ក្នុងពិភពមនុស្សលោកនេះ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ នាងព្រហ្មចារិនីរបស់ព្រះគ្រីស្ត មិនអាចត្រូវបំបាក់ដោយការភ័យខ្លាច ឬក៏យកឈ្នះ ដោយការបោកបញ្ឆោតបានឡើយ។

ទំនុកតម្កើងលេខ ១១៦,១០-១៩

បន្ទរទី២ ៖ ព្រះអង្គតែមួយគត់ ដែលនាងខ្ញុំផ្ញើជីវិតទាំងស្រុង។ ព្រះអង្គតែមួយគត់ ដែលនាងខ្ញុំឱ្យសេចក្តីស្រឡាញ់មិនអាចកាត់ថ្លៃបាន។

(បទព្រហ្មគីតិ)

១០- ទោះជាខ្ញុំពោលថា រស់ខ្លោចផ្សាទ្រូងស្ទើរប្រេះ  
  គង់តែរូបខ្ញុំនេះ មិនចោលព្រះសង្ឃឹមជាប់
១១- ពេលខ្ញុំមានកង្វល់ ចិត្តខ្វាយខ្វល់មិនបានស្ងប់  
  ខ្ញុំពោលឡើងគ្រប់សព្វ ថាខ្ញុំស្អប់ជនគ្រប់ប្រាណ
១២- តើខ្ញុំអាចយកអ្វី តបព្រះទ័យម្ចាស់ថ្កើងថ្កាន  
  ដែលព្រះអម្ចាស់បាន ប្រោសគ្រប់ប្រាណបានសមរម្យ
១៣- គឺខ្ញុំត្រូវលើកពែង ទាំងថ្លាថ្លែងនាមឧត្តម  
  ព្រះអង្គរំដោះខ្ញុំ យើងស្រែកសុំរកព្រះម្ចាស់
១៤- ខ្ញុំនឹងយកតង្វាយ មកដាក់ថ្វាយក្រាបសំពះ  
  លាបំណន់ពីព្រះ ជាអម្ចាស់មុខប្រជា
១៥- ទ្រង់ព្រួយព្រះទ័យណាស់ ពេលមានរាស្រ្តស្លាប់វេទនា  
  ជនវិសុទ្ធគ្រប់គ្នា ទ្រង់ការពារមិនស្លាប់ឡើយ
១៦- ឱព្រះម្ចាស់ប្រសើរ ខ្ញុំបម្រើព្រះអង្គហើយ  
  ព្រះអង្គមិនកន្តើយ ខ្ញុំបានស្បើយពីមរណា
១៧- ទូលបង្គំសូមថ្វាយ យញ្ញទាំងឡាយដោយជ្រះថ្លា  
  អង្វរព្រះបិតា ព្រះបុត្រាខ្ពស់ពេកពន់
១៨- ខ្ញុំនឹងយកតង្វាយ មកដាក់ថ្វាយលាបំណន់  
  នៅមុខប្រជាជន ដែលបានបន់ដល់ព្រះអង្គ
១៩- គឺនៅក្នុងទីធ្លា ព្រះវិហារស្រស់បំព្រង  
  ស្ថិតនៅកណ្តាលក្រុង សូមផ្ចិតផ្ចង់លើកតម្កើង
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ព្រះអង្គតែមួយគត់ ដែលនាងខ្ញុំផ្ញើជីវិតទាំងស្រុង។ ព្រះអង្គតែមួយគត់ ដែលនាងខ្ញុំឱ្យសេចក្តីស្រឡាញ់មិនអាចកាត់ថ្លៃបាន។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (៤,១១.៥,៩-១០.១២)

បន្ទរទី៣ ៖ នាងខ្ញុំសូមអរព្រះគុណព្រះអង្គ ជាព្រះបិតានៃព្រះអម្ចាស់យេស៊ូគ្រីស្តរបស់នាងខ្ញុំ ដ្បិតព្រះអង្គបានធ្វើឱ្យអ្នកបម្រើរបស់ព្រះអង្គមានជ័យជម្នះ ដោយសារទ្រង់។

១១ “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ
ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព
ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក
អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ
ដោយសារព្រះហឫទ័យរបស់ព្រះអង្គ” ។

គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា៖
“ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា
ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន
និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់
ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១០
ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ
និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង
ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី” ។
១២
នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា
ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ
ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង” ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ នាងខ្ញុំសូមអរព្រះគុណព្រះអង្គ ជាព្រះបិតានៃព្រះអម្ចាស់យេស៊ូគ្រីស្តរបស់នាងខ្ញុំ ដ្បិតព្រះអង្គបានធ្វើឱ្យអ្នកបម្រើរបស់ព្រះអង្គមានជ័យជម្នះ ដោយសារទ្រង់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៤,១៣-១៤)

ផ្ទុយ​ទៅ​វិញ ចូរ​មាន​ចិត្ត​រីក‌រាយ​ឡើង ព្រោះ​បង‌ប្អូន​រង‌ទុក្ខ​លំបាក​ផ្សេងៗ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត។ បង‌ប្អូន​មុខ​ជា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង នៅ​ពេល​ព្រះ‌អង្គ​បង្ហាញ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ។ ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល​បង‌ប្អូន ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌គ្រីស្ត នោះ​បង‌ប្អូន​មាន​សុភមង្គលហើយ ដ្បិត​ព្រះ‌វិញ្ញាណ​ប្រកប​ដោយ​សិរី‌រុង​រឿង គឺ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់ស្ថិត​នៅ​លើ​បង‌ប្អូន។

បន្ទរ៖ ព្រះអម្ចាស់បានជ្រើសរើសនាងដ៏ជាទីស្រឡាញ់ *តាំងពីមុនដំបូងមកម្ល៉េះ។ បន្ទរឡើងវិញ៖…
-ព្រះអង្គបានយកនាងឱ្យមករស់នៅជាមួយព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ សន្តីអាញេសលើកដៃរបស់នាងឡើង ហើយទូលថា ៖ បពិត្រព្រះបិតាដ៏វិសុទ្ធ! សូមព្រះអង្គមេត្តាសណ្តាប់ពាក្យអង្វររបស់នាងខ្ញុំ នាងខ្ញុំនឹងទៅឯព្រះអង្គ ដែលនាងខ្ញុំបានស្រឡាញ់ និងស្វែងរក ហើយតែងតែប្រាថ្នាចង់បាន។

ពាក្យអង្វរសកល

បងប្អូនជាទីស្រឡាញ់ ! យើងមានអំណរសប្បាយ ដោយបានស្គាល់ព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំ។
យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយចិត្តអង់អាចក្លាហានថា ៖

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គប្រោសប្រណី និងប្រទានសេចក្តីសុខសាន្តឱ្យយើងខ្ញុំផង។

ឱព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! សម្រាប់ព្រះអង្គរយៈពេលមួយពាន់ឆ្នាំ ប្រៀបដូចមួយថ្ងៃដែលកន្លងផុតទៅ
—សូមព្រះអង្គជួយយើងខ្ញុំឱ្យនឹកចាំថា ជីវិតប្រៀបបីដូចជាផ្ការីកនៅពេលព្រឹក​ព្រលឹម ហើយក្រៀមស្វិតស្រពោននៅពេលល្ងាច។ (បន្ទរ)

សូមព្រះអង្គប្រទាននំម៉ាណាដល់ប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឱ្យពួកគេបានឆ្អែតបរិបូណ៍
—សូមព្រះអង្គប្រទានទឹក ដើម្បីឱ្យពួកគេបាត់ស្រេកអស់កល្បជានិច្ចផង។ (បន្ទរ)

សូមព្រះអង្គប្រទានឱ្យអស់អ្នកជឿលើព្រះអង្គ បានស្វែងរកនូវអ្វីៗដែលគាប់ព្រះហឫទ័យព្រះអង្គ
—ហើយសូមឱ្យពួកគេបានឃើញសិរីរុងរឿងរបស់ព្រះអង្គ រាល់ពេលបំពេញការងារផង។ (បន្ទរ)

ឱព្រះអម្ចាស់អើយ សូមព្រះអង្គប្រោសប្រទានអាកាសធាតុល្អដល់យើងខ្ញុំ
—ដើម្បីឱ្យយើងខ្ញុំបានទទួលភោគផលបរិបូណ៍នៅលើផែនដីនេះផង។ (បន្ទរ)

សូមព្រះអង្គប្រទានឱ្យអស់អ្នកជឿដែលបានទទួលមរណភាព បានយល់ព្រះភក្រ្តរបស់ព្រះអង្គ
—សូមព្រះអង្គប្រទានឱ្យពួកគេមានអំណរសប្បាយអស់កល្បជានិច្ចផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅជានិច្ច ! ព្រះអង្គតែងតែគាំទ្រមនុស្សទន់ខ្សោយឱ្យមានកម្លាំង ហ៊ានប្រឈមមុខនឹងអ្នកមានអំណាច។ នៅថ្ងៃនេះ យើងខ្ញុំប្រារព្ធបុណ្យកំណើតនៅស្ថានបរមសុខរបស់សន្តីអាញេស ដែលបានបូជាជីវិតថ្វាយព្រះអង្គ។ សូមព្រះអង្គពង្រឹងជំនឿរបស់យើងខ្ញុំឱ្យបានដូចសន្តីអាញេស។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។