១៦ មករា​ ២០២៦

Written on 11/12/2025
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី១ ថ្ងៃសុក្រ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ៤១

ពាក្យអធិដ្ឋានរបស់អ្នកមានជំងឺ

”ក្នុងចំណោមអ្នករាល់គ្នាដែលបរិភោគជាមួយខ្ញុំ មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ” (មក ១៤,១៨)។

បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតមេត្តាប្រោសទូលបង្គំឱ្យបានជាផង ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។

អ្នកដែលយកចិត្តទុកដាក់ នឹងមនុស្សកំសត់ទុគ៌ត មានសុភមង្គលហើយ
នៅថ្ងៃមានអាសន្ន ព្រះអម្ចាស់នឹងរំដោះអ្នកនោះជាមិនខាន។

ព្រះអម្ចាស់នឹងថែរក្សាអាយុជីវិតរបស់គេ
ហើយអ្នកនោះ មានសុភមង្គលនៅលើផែនដី
ព្រះអង្គមិនបណ្តោយឱ្យគេធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវឡើយ។

ព្រះអម្ចាស់បីបាច់ថែរក្សាគេ នៅពេលគេដេកឈឺចុកចាប់
ទោះបីឈឺយ៉ាងណាក្តី ក៏ព្រះអង្គប្រោសគេឱ្យជាសះស្បើយឡើងវិញ។

ខ្ញុំនឹកគិតថា ឱព្រះអម្ចាស់អើយ!
សូមអាណិតមេត្តាប្រោសទូលបង្គំឱ្យបានជាផង
ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។

សត្រូវរបស់ទូលបង្គំ នាំគ្នានិយាយអាក្រក់ពីទូលបង្គំ
គេបន់ឱ្យតែទូលបង្គំស្លាប់ គេបន់ឱ្យតែឈ្មោះទូលបង្គំសាបសូន្យទៅ។

អ្នកដែលមកសួរសុខទុក្ខទូលបង្គំ ក៏មានគំនិតមិនល្អ
គេមកប្រមូលដំណឹងអាក្រក់
លុះចេញទៅវិញ គេនិយាយបរិហារពីទូលបង្គំ។

អស់អ្នកដែលស្អប់ទូលបង្គំ និយាយខ្សឹបខ្សៀវដាក់គ្នាអំពីទូលបង្គំថា
ទូលបង្គំគេចមិនផុតពីស្លាប់។

គេពោលថា “ជំងឺគាត់មើលមិនជាទេ! គាត់ពុំអាចក្រោកឡើងវិញបានឡើយ”។
១០
សូម្បីតែមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ទូលបង្គំ គឺអ្នកដែលទូលបង្គំទុកចិត្ត
ជាអ្នកដែលបរិភោគអាហាររួមជាមួយទូលបង្គំ ក៏ប្រឆាំងនឹងទូលបង្គំដែរ។
១១
ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ
សូមប្រោសទូលបង្គំ ឱ្យបានជាឡើងវិញផង
នោះទូលបង្គំនឹងតបស្នងទៅខ្មាំងសត្រូវ ឱ្យសមនឹងអំពើរបស់គេ។
១២
បើខ្មាំងសត្រូវរបស់ទូលបង្គំ លែងមានជ័យជម្នះលើទូលបង្គំ
នោះទូលបង្គំដឹងច្បាស់ថា ព្រះអង្គពិតជាស្រឡាញ់ទូលបង្គំមែន។
១៣
ព្រះអង្គបានជួយទូលបង្គំ ហើយប្រោសទូលបង្គំឱ្យជាទាំងស្រុង
ព្រះអង្គប្រទានឱ្យទូលបង្គំ នៅជាមួយព្រះអង្គរហូតតរៀងទៅ។
១៤
សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
តាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! អាម៉ែន!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតមេត្តាប្រោសទូលបង្គំឱ្យបានជាផង ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។

ទំនុកតម្កើងលេខ ៤៦

ព្រះជាម្ចាស់ជាជម្រក និងជាបង្អែក​ដ៏​រឹង‌មាំរបស់យើង

”នាងនឹងសម្រាលបានបុត្រមួយ ដែលគេនឹងថ្វាយព្រះនាមថា អេម៉ានូអែល”
ប្រែ​ថា «ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​យើង» (មថ ១,២៣)។

បន្ទរទី២ ៖ ព្រះអម្ចាស់នៃពិភពទាំងឡាយ ទ្រង់គង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុបជាជំរកដ៏រឹងមាំសម្រាប់យើង។

(បទពាក្យ ៧)​

២- ព្រះអម្ចាស់ជាទីជម្រក ឱ្យយើងចូលជ្រករាល់ខែឆ្នាំ  
  ព្រះអង្គតែងតែប្រុងប្រៀបចាំ មិនមើលបំណាំពេលអាសន្ន
៣- ទោះបីផែនដីប្រេះរញ្ជួយ ភ្នំប្រែរលួយដោយទាន់ហន់  
  ទោះធ្លាក់សមុទ្រជ្រៅរាប់ពាន់ ជាច្រើនរយជាន់ខ្ញុំមិនភ័យ
៤- ទោះបីសមុទ្របោកបាចសាច ជួនជោរជួននាចយ៉ាងណាក្តី  
  ទោះភ្នំកក្រើកខ្ទ័រផែនដី ក៏យើងមិនភ័យមិនខ្ចីខ្លាច
៥- មានទន្លេមួយនាំអំណរ សិរីបវរស្រោចបាចសាច  
  បុរីព្រះម្ចាស់មានអំណាច វិសុទ្ធក្រៃពេកព្រះដំណាក់
៦- ព្រះម្ចាស់គង់ក្នុងបុរីណា បានក្តីសុខាមិនអន់អាក់  
  ព្រោះទ្រង់សង្គ្រោះមិនថ្នាំងថ្នាក់ តាំងពីថ្ងៃរះព្រឹកព្រលឹម
៧- ជនជាតិនានាតែងគំរាម នគរកើតសង្គ្រាមភ័យជ្រួលជ្រើម  
  ព្រះម្ចាស់បន្លឺសូរសៀងឡើង ផែនដីត្រូវប៉ើងបែកខ្ចាត់ខ្ចាយ
៨- ព្រះជាអម្ចាស់នៃពិភព ទ្រង់គង់ប្រសព្វមិនឃ្លាតឆ្ងាយ  
  ព្រះលោកយ៉ាកុបមិនទន់ជ្រាយ កំពែងមាំក្រៃនៃយើងខ្ញុំ
៩- ចូរនាំគ្នាមើលស្នាព្រះហស្ត របស់ព្រះម្ចាស់ដ៏ឧត្តម  
  កិច្ចការអស្ចារ្យទាំងតូចធំ ដែលទ្រង់ខិតខំលើផែនដី
១០- ទ្រង់បានប្រមូលធ្នូលំពែង ខែលខ្លីដាវវែងគ្មានសល់អី  
  រទេះគ្រឿងក្រោះបោះទៅដី ដុតខ្ទេចគ្មានស្តាយមិនស្រណោះ
១១- ចូរឈប់ច្បាំងទៅត្រូវដឹងថា គឺយើងនេះណាជាព្រះម្ចាស់  
  យើងគ្រប់គ្រងលើជាតិទាំងអស់ មិនសល់ចន្លោះលើលោកា
១២- ព្រះអម្ចាស់នៃភពផែនដី ស្ម័គ្រស្មោះមេត្រីគ្រប់ៗគ្នា  
  គង់នៅជាមួយរាល់វេលា កំពែងការពារដ៏មាំមួន
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ព្រះអម្ចាស់នៃពិភពទាំងឡាយ ទ្រង់គង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុបជាជំរកដ៏រឹងមាំសម្រាប់យើង។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)

ទំនុកតម្កើងនៃការគោរពប្រណិប័តន៍

បន្ទរទី៣ ៖ ឱព្រះអម្ចាស់អើយ ! មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។

“ឱព្រះជាម្ចាស់ ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ
ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម
គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់!
ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ
មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!

បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ!
តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ!
ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។
មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌”។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១៥,១-៣)

ចំពោះ​យើង​ដែល​មាន​ជំនឿ​មាំ‌មួន យើង​មាន​ភារ‌កិច្ច​ជួយ​អ្នកដែល​មាន​ជំនឿ​ទន់​ខ្សោយ គឺ​មិន​ត្រូវ​ធ្វើអ្វីតាម​តែ​ខ្លួន​ឯង​ពេញ​ចិត្ត​នោះ​ឡើយ។ យើង​ម្នាក់ៗ​តោង​តែ​ខំ​ធ្វើ​ឱ្យ​អ្នក​ដទៃ​ពេញ​ចិត្ត ដើម្បី​ជា​ប្រយោជន៍​ល្អ​ដល់​គេ និង​ជួយ​គេ​ឱ្យ​ចម្រើន​ឡើង​ ដ្បិត​ព្រះ‌គ្រីស្ដ​ពុំ​បាន​ស្វែង​រក​អ្វី ដែល​ធ្វើ​ឱ្យ​គាប់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ផ្ទាល់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ មាន​ចែង​ទុក​មក​ថា «ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​អស់​អ្នក​ដែល​តិះ‌ដៀល​ព្រះ‌អង្គ បាន​ធ្លាក់​មក​លើ​ទូលបង្គំ»។

បន្ទរ៖ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង និង​បាន​រំដោះ​យើង​ឱ្យ​រួចពី​បាប *ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ​ផ្ទាល់។ បន្ទរឡើងវិញ៖…
-ព្រះ‌អង្គ​បាន​ធ្វើ​ឱ្យ​យើង​ទៅ​ជា​រាជា‌ណាចក្រ និង​ជា​ក្រុម​បូជា‌ចារ្យ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ដូចទ្រង់បានសន្យាជាមួយបុព្វបុរស​របស់យើង ឥតភ្លេចសោះឡើយ។

ពាក្យអង្វរសកល

សូមលើកតម្កើងព្រះជាម្ចាស់ ដែលព្រះអង្គសណ្តាប់នូវរាល់តម្រូវការទាំងប៉ុន្មានរបស់យើងខ្ញុំ ហើយព្រះ‌អង្គ​បាន​ប្រទាន​សម្បត្តិយ៉ាង​បរិបូណ៌ដល់​អស់​អ្នក​ដែល​ស្រេក​ឃ្លាន។ យើងខ្ញុំសូមទូលអង្វរព្រះអង្គទាំងមានទំនុកចិត្តថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គបង្ហាញនូវធម៌មេត្តាករុណា ឱ្យយើងខ្ញុំឃើញ​ផង !

បពិត្រព្រះបិតាដ៏មានធម៌មេត្តាករុណាយ៉ាងក្រៃលែង ! នៅលើឈើឆ្កាង ព្រះយេស៊ូបានថ្វាយសក្ការបូជាដ៏ល្អឥតខ្ចោះទៅព្រះអង្គ
—យើងខ្ញុំសូមអង្វរព្រះអង្គសម្រាប់គ្រីស្តបរិស័ទដែលកំពុងមានទុក្ខលំបាកនៅពេលនេះ។ (បន្ទរ)

សូមព្រះអង្គជួយរំដោះអស់អ្នកដែលជាប់ក្នុងទាសភាព និងឱ្យមនុស្សខ្វាក់បានមើលឃើញវិញ
—សូមឱ្យស្ត្រីមេម៉ាយ និងក្មេងកំព្រាមានជម្រកស្នាក់អាស្រ័យផង។ (បន្ទរ)

សូមព្រះអង្គបំពាក់អាវក្រោះនៃការសង្គ្រោះដល់អ្នកជឿលើព្រះអង្គ
—ហើយសូមការពារ​ពួកគេឱ្យរួចពីការបោកប្រាស់របស់មារកំណាចផង។ (បន្ទរ)

ឱព្រះអម្ចាស់អើយ ! សូមឱ្យព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គគង់នៅជាមួយយើងខ្ញុំ នៅពេលស្លាប់ផង
—សូមឱ្យយើងខ្ញុំនៅតែមានជំនឿលើព្រះអង្គ និងលាចាកពីលោកនេះ ក្នុងសេចក្តីសុខសាន្តរបស់ព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គទទួលមរណបុគ្គល ឱ្យបានចូលទៅក្នុងពន្លឺនៃស្ថានបរមសុខ
—ដើម្បី​ឱ្យ​ពួកគេអាចយល់ពីព្រះភក្រ្តព្រះអង្គអស់កល្បជានិច្ច។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គតែងតែបង្ហាញគំរូថ្មីៗខាងគុណធម៌ពីក្នុងព្រះសហគមន៍របស់ព្រះអង្គ។ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យយក តម្រាប់តាមសន្តអាលហ្វុងសូ ជាអភិបាល ដែលលោកព្យាយាមនាំមនុស្សទាំងឡាយឱ្យទទួលរង្វាន់ រួមជាមួយលោកនៅស្ថានបរមសុខ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។