១១ មករា ២០២៦

Written on 17/10/2026
Mary Siya Khim

បុណ្យព្រះអម្ចាស់ទទួលពិធីជ្រមុជទឹក

(បុណ្យគោរព)

(ពេលល្ងាចទី២)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១០,១-៥.៧

បន្ទរទី១៖ ព្រះ‌សូរ‌សៀងរបស់ព្រះបិតាបន្លឺពី​ស្ថានបរមសុខមក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់‌ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់ ចូរ​ស្ដាប់​ព្រះ‌អង្គ​ចុះ!» ។

ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូលមក​កាន់​ព្រះ‌រាជា ជា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ ដូច​ត​ទៅ​នេះ ៖
«សូម​គង់​នៅ​ខាង​ស្តាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ!»។

សូម​ព្រះជាអម្ចាស់​ប្រោស​ប្រទាន​ឲ្យ​រាជ្យរបស់​ព្រះ‌ករុណា
លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ!
សូម​ព្រះ‌ករុណា​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ!

នៅ​ថ្ងៃ​ព្រះ‌ករុណា​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជា‌រាស្ដ្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត
ពួក​យុវជន​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌ករុណានៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ
ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។

ព្រះអម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា ដោយ​ឥត​ប្រែ‌ប្រួល​ថា:
«ព្រះអង្គ​ជា​បូជា‌ចារ្យ​អស់កល្ប​ត​រៀង​ទៅ តាម​របៀប​ស្តេច​មែលគី‌សេដែក»។

ព្រះអម្ចាស់​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ករុណា
នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ព្រះ‌ពិរោធ ព្រះ‌អង្គ​កម្ទេច​ស្តេច​នានា។

នៅ​តាម​ផ្លូវ ព្រះ‌រាជា​សោយ​ទឹក​ជ្រោះ
រួច​ហើយព្រះ‌អង្គ​ងើប​ព្រះ‌ភក្ត្រប្រកប​ដោយ​ជោគ‌ជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌សូរ‌សៀងរបស់ព្រះបិតាបន្លឺពី​ស្ថានបរមសុខមក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់‌ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់ ចូរ​ស្ដាប់​ព្រះ‌អង្គ​ចុះ!» ។

ទំនុកតម្កើងលេខ ១១២

បន្ទរទី២៖ នៅក្នុងទន្លេយ័រដាន់ ព្រះសង្រ្គោះនៃយើងបានជាន់ក្បាលសត្វពស់ ហើយកញ្ឆក់យើងចេញពីកណ្តាប់ដៃរបស់វា។

(បទពាក្យ ៧)

១- អ្នកឱនកោតខ្លាចព្រះអម្ចាស់ ប្រតិបត្តិច្បាស់តាមព្រះទ័យ  
  ស្មោះស្ម័គ្រគោរពតាមវិន័យ បានសុខពេកក្រៃមានមង្គល
២- ពូជរបស់គេមានអំណាច ចិត្តក្លាអង់អាចគ្មានកង្វល់  
  ដ្បិតព្រះជាម្ចាស់ប្រទានផល ព្រះពរពិតដល់អ្នកសុចរិត
៣- ក្នុងផ្ទះជនដែលមានចិត្តធម៌ មានទ្រព្យបវរល្អប្រណីត  
  សេចក្តីសុចរិតនៅស្ថេរស្ថិត ព្រះអង្គអាណិតឲ្យពរជាប់
៤- ក្នុងទីងងឹតមានពន្លឺ លេចឡើងបំភ្លឺមិនស្រអាប់  
  ចិត្តគាត់ប្រណីល្អគួរគាប់ សន្តោសលើសព្វជនប្រុសស្រី
៥- ជនណាដែលមានចិត្តទូលាយ យកអ្វីទៅឲ្យអ្នកផងខ្ចី  
  ព្រមទាំងរកស៊ីមិនកេងគៃ អ្នកនោះប្រពៃល្អបំផុត
៦- កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ ទីជិតទីឆ្ងាយមិនរលត់  
  ជនគ្រប់សម័យតែងចាំស្ទាត់ នឹកទៅដល់គាត់ជាប់ជានិច្ច
៧- អ្នកនោះមិនស្លុតមិនព្រឺខ្លាច មានចិត្តអង់អាចមិនខ្លាចល្បិច  
  មិនខ្លាចគេដៀលត្មះពន្លិច ហើយផ្ញើជីវិតលើព្រះម្ចាស់
៨- គាត់មានចិត្តនឹងហើយអង់អាច មិនចេះភ័យខ្លាចអ្វីទាំងអស់  
  ទាល់តែគាត់ឃើញខ្មាំងទាំងនោះ បាក់ទ័ពរត់អស់ទើបស្កប់ចិត្ត
៩- គាត់តែងចែកទានដល់អ្នកក្រ ដោយចិត្តស្មោះសរស្ម័គ្រពិតៗ  
  ចិត្តគាត់ទូលាយត្រង់សុចរិត កម្លាំងគាត់ស្ថិតមិនបាត់បង់
១០- ពេលជនអាក្រក់ឃើញដូច្នោះ ចិត្តគេទោមនស្សខាំធ្មេញផង  
  បាក់ធ្លាក់ទឹកចិត្តខូចបំណង ពុំសម្រេចម្តងណាសោះឡើយ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ នៅក្នុងទន្លេយ័រដាន់ ព្រះសង្រ្គោះនៃយើងបានជាន់ក្បាលសត្វពស់ ហើយកញ្ឆក់យើងចេញពីកណ្តាប់ដៃរបស់វា។

បទលើកតម្កើងតាមគម្ពីរវិវរណៈ ១៥,៣-៤

បន្ទរទី៣៖ ការអាថ៌កំបាំងដ៏អស្ចារ្យត្រូវបានប្រកាសឱ្យយើងដឹង នៅថ្ងៃនេះ គឺ ៖ ព្រះដែលបង្កើតសកលលោកទាំងមូល បានលាងជម្រះអំពើបាបយើង ក្នុងទឹកទន្លេយ័រដាន់។

«ឱ​ព្រះ‌ជា‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ
ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ប្រសើរ​ឧត្ដម គួរ​ឲ្យ​កោត​ស្ញប់ស្ញែង​ពន់​ពេក​ណាស់!
ឱ​ព្រះ‌មហា​ក្សត្រ​នៃ​ប្រជាជាតិ​ទាំងឡាយ​អើយ
មាគ៌ា​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត និង​ត្រឹម​ត្រូវ​ទាំង​អស់!

បពិត្រ​ព្រះ‌អម្ចាស់! តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ!
តើ​នរណា​មិន​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌នាម​ព្រះ‌អង្គ!
ដ្បិត​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ជា​ព្រះ​ដ៏‌វិសុទ្ធ។
មនុស្ស​គ្រប់​ជាតិ​សាសន៍នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំព្រះ‌អង្គ
ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ព្រះ‌អង្គ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌»។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ការអាថ៌កំបាំងដ៏អស្ចារ្យត្រូវបានប្រកាសឱ្យយើងដឹង នៅថ្ងៃនេះ គឺ ៖ ព្រះដែលបង្កើតសកលលោកទាំងមូល បានលាងជម្រះអំពើបាបយើង ក្នុងទឹកទន្លេយ័រដាន់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ១០,៣៧-៣៩)

បងប្អូន​ជ្រាប​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នៅ​ស្រុក​យូដា​ទាំង​មូល​ស្រាប់​ហើយ ជា​ហេតុ‌ការណ៍​ដែល​បាន​ចាប់​ផ្ដើម​នៅ​ស្រុក​កាលី‌ឡេ គឺបន្ទាប់​ពី​ពេល​ដែល​លោក​យ៉ូហានបាន​ប្រកាស​ឲ្យ​បណ្ដាជន​ទទួល​ពិធី​ជ្រមុជ​ទឹក។ បង‌ប្អូន​បាន​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​ចាក់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ និង​ឫទ្ធា‌នុភាព អភិសេក​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត។ បង‌ប្អូន​ក៏​ជ្រាប​ដែរ​ថា ព្រះ‌យេស៊ូ​បាន​យាង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រព្រឹត្ត​អំពើ​ល្អ និង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​មារសង្កត់‌សង្កិន​ឲ្យ​បាន​ជា ដ្បិត​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ព្រះ‌អង្គ។ យើង​ជា​បន្ទាល់​អំពី​កិច្ច‌ការ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​ធ្វើ នៅ​ក្នុង​ដែន​ដី​របស់​ជន​ជាតិ​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​បាន​នាំ​គ្នា​ធ្វើ​គុត​ព្រះ‌អង្គ ដោយ​ព្យួរ​នៅ​លើឈើ។

បន្ទរ៖ ព្រះ‌គ្រីស្ត​នេះ​ហើយដែល​បាន​យាង​មក​ក្នុង​លោក​នេះ *ដោយទឹក និង​លោហិត។ បន្ទរឡើងវិញ៖…
-ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង និង​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។ ព្រះ‌អង្គ​បាន​ធ្វើឲ្យ​យើង​ទៅ​ជា​រាជា‌ណាចក្រ និង​ជា​ក្រុម​បូជា‌ចារ្យបម្រើ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌អង្គ។ សូម​លើក​តម្កើង​សិរី‌រុង​រឿង និង​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!

ពាក្យអង្វរសកល

ព្រះសង្រ្គោះយើងខ្ញុំសព្វព្រះហឫទ័យទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន ក្នុងទន្លេយ័រដាន់។ ចូរយើងទូលអង្វរទៅព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់! សូមព្រះអង្គចាត់ព្រះវិញ្ញាណរបស់ព្រះអង្គ ឱ្យមកសណ្ឋិតលើយើងខ្ញុំ !

ព្រះគ្រីស្តជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលព្រះបិតាទទួលស្គាល់ព្រះ‌អង្គ​ថា ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់‌ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់!
—សូមព្រះអង្គចាត់ព្រះវិញ្ញាណរបស់ព្រះអង្គ ឱ្យមកសណ្ឋិតលើយើងខ្ញុំ។ (បន្ទរ)

ព្រះគ្រីស្តជាអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ព្រះអង្គពុំបានបំបាក់ដើមត្រែង ឬពន្លត់ភ្លើងដែលកំពុងឆេះនោះឡើយ
—សូមអាណិតអាសូរដល់អស់អ្នកដែលកំពុងស្វែងរកព្រះអង្គ ដោយសារជំនឿផង។ (បន្ទរ)

ព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលព្រះបិតាបានត្រាស់ហៅព្រះអង្គឱ្យធ្វើជាពន្លឺបំភ្លឺប្រជាជាតិនានា ក្នុងសម្ពន្ធមេត្រីថ្មី
—សូមព្រះអង្គបើកភ្នែកអ្នកខ្វាក់ ដោយអគ្គសញ្ញាជ្រមុជទឹកផង។ (បន្ទរ)

ព្រះគ្រីស្តជាព្រះសង្រ្គោះនៃមនុស្សលោក ដែលព្រះបិតាបានចាក់ប្រេងអភិសេកព្រះអង្គ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ សម្រាប់ព្រះរាជ្យកិច្ចនៃការសង្រ្គោះ
—សូមព្រះអង្គដឹកនាំមនុស្សជាតិឱ្យសម្លឹងមើលព្រះអង្គ និងជឿលើព្រះអង្គ ដើម្បីឱ្យពួកគេអាចមានជីវិតរស់នៅអស់កល្បជានិច្ច។ (បន្ទរ)

ព្រះគ្រីស្តជាទីសង្ឃឹមរបស់យើង ព្រះអង្គបាននាំមនុស្សដែលស្ថិតក្នុងទីងងឹត ឱ្យមកកាន់ពន្លឺនៃការសង្រ្គោះ
—សូមព្រះអង្គទទួលបងប្អូនយើងខ្ញុំដែលបានលាចាកលោកនេះ ទៅឯព្រះរាជ្យរបស់ព្រះអង្គផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹក ព្រះអង្គសម្តែងឲ្យមនុស្សលោកស្គាល់ឋានៈរបស់ព្រះគ្រីស្ត ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់អស់អ្នកដែលទទួលពិធីជ្រមុជទឹក ដោយព្រះវិញ្ញាណដ៏វិសុទ្ធ ឲ្យបន្តបេសកកម្មរបស់ព្រះយេស៊ូក្នុងពិភពលោកនេះ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!