០៧ មករា ២០២៦

Written on 21/10/2026
Mary Siya Khim

ថ្ងៃពុធ ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បទចម្រៀងចូល

ទំនុកតម្កើងលេខ ៦២

នៅ​ជិត​ព្រះ‌អង្គ ខ្ញុំ​មាន​សេចក្ដីសុខសាន្ត

សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្តីសង្ឃឹម ប្រោសបងប្អូនដែលមានជំនឿ
ឱ្យបានពោរពេញដោយអំណរ និងសេចក្តីសុខសាន្តគ្រប់ប្រការ (រ៉ូម ១៥,១៣)។

បន្ទរទី១ ៖ យើងទន្ទឹង​រង់‌ចាំ​សុភមង្គល តាម​សេចក្ដីសង្ឃឹម​របស់​យើង គឺជាថ្ងៃដែល​ព្រះសង្គ្រោះនៃ​យើង យាង​មក​ប្រកប​ដោយ​សិរី‌រុង​រឿង។

ខ្ញុំស្ងប់ចិត្តតែនៅក្បែរព្រះជាម្ចាស់ប៉ុណ្ណោះ
ព្រោះព្រះអង្គតែងតែសង្គ្រោះខ្ញុំ

មានតែព្រះអង្គមួយគត់ដែលជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ
ព្រះអង្គជាកំពែងដ៏រឹងមាំ ខ្ញុំនឹងមិនត្រូវរង្គើឡើយ។

តើអ្នករាល់គ្នាចោមរោមវាយប្រហារមនុស្សតែម្នាក់ដូច្នេះ ដល់កាលណាទៀត?
អ្នករាល់គ្នារកប្រហារជីវិតមនុស្ស
ដូចគេចង់រំលំកំពែងដែលទ្រុឌទ្រោម និងផ្តួលរបងដែលជិតរលំឬ?

ពួកគេចង់ឱ្យតែអ្នកនោះបាត់បង់យសសក្តិ គេចូលចិត្តកុហក
មាត់គេឱ្យពរ តែចិត្តគេបែរជាដាក់បណ្តាសារទៅវិញ។

ពិតមែនហើយ ខ្ញុំស្ងប់ចិត្តតែនៅក្បែរព្រះជាម្ចាស់ប៉ុណ្ណោះ
ដ្បិតព្រះអង្គជាទីសង្ឃឹមតែមួយគត់របស់ខ្ញុំ។

ព្រះអង្គតែមួយគត់ជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ
ព្រះអង្គជាកំពែងដ៏រឹងមាំ ខ្ញុំនឹងមិនត្រូវរង្គើឡើយ។

ការសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំ ស្ថិតនៅលើព្រះជាម្ចាស់ទាំងស្រុង
ព្រះជាម្ចាស់ជាថ្មដាដ៏រឹងមាំ និងជាទីជម្រករបស់ខ្ញុំ។

ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិតលើព្រះអង្គគ្រប់ពេលវេលាទៅ!
ចូរទូលពីទុក្ខកង្វល់របស់អ្នករាល់គ្នាថ្វាយព្រះអង្គចុះ
ព្រះជាម្ចាស់ជាជម្រករបស់យើងហើយ។
១០
មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ
មនុស្សឋានៈខ្ពស់គ្មានតម្លៃអ្វីសោះ
ប្រសិនបើយើងថ្លឹងមនុស្សទាំងអស់លើជញ្ជីងមួយ
នោះស្រាលជាងមួយដង្ហើមទៅទៀត។
១១
មិនត្រូវទុកចិត្តលើអំពើហិង្សាឡើយ
ហើយក៏កុំសង្ឃឹមលើការលួចប្លន់ដែរ។
ប្រសិនបើទ្រព្យសម្បត្តិអ្នករាល់គ្នាកើនចំនួនច្រើនឡើង មិនត្រូវជំពាក់ចិត្តឡើយ។
១២
ខ្ញុំឮព្រះជាម្ចាស់មានព្រះបន្ទូលមួយលើកជាពីរលើកថា ឫទ្ធិអំណាចស្ថិតលើព្រះអង្គ
១៣
ឱព្រះអម្ចាស់អើយ! ព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណា
ព្រះអង្គនឹងតបស្នងឱ្យមនុស្សម្នាក់ៗ តាមអំពើដែលខ្លួនគេបានប្រព្រឹត្ត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ យើងទន្ទឹង​រង់‌ចាំ​សុភមង្គល តាម​សេចក្ដីសង្ឃឹម​របស់​យើង គឺជាថ្ងៃដែល​ព្រះសង្គ្រោះនៃ​យើង យាង​មក​ប្រកប​ដោយ​សិរី‌រុង​រឿង។

ទំនុកតម្កើងលេខ ៦៧

សូម​ឱ្យប្រជាជន​ទាំងឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះជាម្ចាស់

ហេតុ​នេះ សូម​បង‌ប្អូន​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បន្ទូល
ស្ដី​អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​ឱ្យ​សាសន៍​ដទៃ​វិញ ព្រោះ​គេ​មុខ​ជា​ស្ដាប់​មិន​ខាន (កក ២៨,២៨)។

បន្ទរទី២ ៖ សូមព្រះ‌ជាម្ចាស់ប្រទានពរដល់យើងខ្ញុំ ហើយសូមឱ្យពន្លឺដែលភ្លឺចាំងពីព្រះ‌ភក្ត្រព្រះ‌អង្គ យាងមកបំភ្លឺយើង។

(បទពាក្យ ៧)

២- ឱព្រះម្ចាស់អើយសូមមេត្តា សន្តោសករុណាដល់យើងខ្ញុំ  
  ប្រទានព្រះពរដ៏ឧត្តម ទតមើលយើងខ្ញុំដោយសប្បុរស
៣- ដូច្នេះមនុស្សលោកលើផែនដី ស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់  
  ក្នុងចំណោមជនជាតិទាំងអស់ ស្គាល់ការសង្គ្រោះនៃព្រះអង្គ
៤- បពិត្រព្រះម្ចាស់អើយសូមឱ្យ ប្រជាទាំងឡាយនាំគ្នាថ្កើង  
  ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើង នាមព្រះនៃយើងគ្រប់ៗកាយ
៥- ប្រជាទាំងឡាយនាំគ្នាច្រៀង បន្លឺសំនៀងដោយសប្បាយ  
  ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយ ប្រជាទាំងឡាយមិនឆ្មៃឆ្មើង
៦- បពិត្រព្រះម្ចាស់អើយសូមឱ្យ ប្រជាទាំងឡាយនាំគ្នាថ្កើង  
  ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើង នាមព្រះនៃយើងគ្រប់ៗកាយ
៧- ផែនដីបង្កើតនូវភោគផល មិនឱ្យយើងខ្វល់ពីអន្តរាយ  
  ព្រះអង្គជាព្រះយើងទាំងឡាយ ប្រទានពរឱ្យសុខគ្រប់គ្រា
៨- សូមទ្រង់ប្រទានពរឱ្យយើង និងមនុស្សទាំងពួងគ្រប់អាត្មា  
  ទាំងអ្នករស់នៅឆ្ងាយផងណា មនុស្សលើលោកាខ្លាចព្រះអង្គ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ សូមព្រះ‌ជាម្ចាស់ប្រទានពរដល់យើងខ្ញុំ ហើយសូមឱ្យពន្លឺដែលភ្លឺចាំងពីព្រះ‌ភក្ត្រព្រះ‌អង្គ យាងមកបំភ្លឺយើង។

បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)

ព្រះ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​មុន​អ្វីៗ​ទាំង​អស់ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ

បន្ទរទី៣ ៖ ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។

១២ ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ
ព្រោះព្រះអង្គបានប្រោសប្រទានឱ្យបងប្អូនមានសមត្ថភាព
អាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។
១៣
ព្រះអង្គបានរំដោះយើង ឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត
ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
១៤
ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង
និងលើកលែងទោសយើងឱ្យរួចពីបាប។
១៥
ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ
ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក
១៦
ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត
ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ
ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង
ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា
ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
១៧
ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់
ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។
១៨
ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍
ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់
ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
១៩
ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យ
ឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គស្ថិតនៅក្នុងព្រះគ្រីស្ត។
២០
ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់នៅលើផែនដី
និងនៅស្ថានបរមសុខ ឱ្យជានានឹងព្រះអង្គវិញ
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត
គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព
ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ១,១៣-១៥)

ព្រះ‌អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្ដីងងឹត ហើយ​ចម្លង​យើង​ចូល​ទៅ​ក្នុង​ព្រះរាជ្យនៃ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់ព្រះអង្គ។ ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌បុត្រា ព្រះ‌អង្គ​បាន​លោះ​យើង និង​លើក‌លែង​ទោស​យើង​ឲ្យ​រួច​ពី​បាប។ ព្រះ‌គ្រីស្ត​ជា​តំណាង​របស់​ព្រះ‌ជាម្ចាស់ដែល​យើង​មើល​ពុំ​ឃើញ ព្រះ‌អង្គ​ជា​រៀម‌ច្បង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ‌ជាម្ចាស់បាន​បង្កើត​មក។

បន្ទរ៖ ប្រជាជនទាំងឡាយ ទាំងបុរស ទាំងស្រ្តី និងគ្រប់សញ្ជាតិ *នឹង​បាន​ទទួលពរ​ដោយសារ​ព្រះអង្គ។ បន្ទរឡើងវិញ៖…
-ប្រជា‌ជាតិនានា នឹងនាំគ្នាថ្លែងពីសិរី‌រុង​រឿងរបស់ព្រះ‌អម្ចាស់។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ព្រះបាទហេរ៉ូដសួរទៅកាន់ពួកហោរាចារ្យថា ៖ «តើព្រះ‌មហា​ក្សត្រ ទើប​នឹង​ប្រសូតរបស់​ជន​ជាតិ​យូដា ដែលពួកលោកបាននិយាយនោះ គង់​នៅ​ឯ​ណា?» យើងខ្ញុំបានឃើញផ្កាយដ៏អស្ចារ្យរបស់ព្រះអង្គ នៅស្ថានបរមសុខ ផ្កាយនោះមានរស្មីរុងរឿងពាសពេញពិភពលោក។

ពាក្យអង្វរសកល

ចូរយើងសរសើរតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដ្បិតព្រះអង្គបានយាងមក ដើម្បីយកបាបរបស់យើងខ្ញុំទម្លាក់ចោលទៅក្នុងសមុទ្រ។ ចូរយើងទូលទៅព្រះអង្គដែលបានពង្រឹងយើង ដោយចំណេះដឹងទាំងនេះថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់! សូមបង្ហាញក្តីមេត្តារបស់ព្រះអង្គឱ្យយើងខ្ញុំផង !

ព្រះអង្គជាមហាបូជាចារ្យអស់កល្បតរៀងទៅ ព្រះអង្គបានយាងចូលក្នុងពិភពលោក ហើយព្រះអង្គបានបង្កើតការគោរពប្រណិប័តន៍យ៉ាងពេញលេញ
—សូមឱ្យបុរស និងស្រ្តីចូលរួមចំណែកក្នុងពិធីបុណ្យដ៏សក្ការៈនេះ តាមរយៈព្រះសហគមន៍របស់ព្រះអង្គ។ (បន្ទរ)

ព្រះអង្គបានយាងមកសួរសុខទុក្ខអ្នកជំងឺទាំងអស់ ដូចជាគ្រូពេទ្យដែលព្យាបាលខាងរាងកាយ និងវិញ្ញាណ
—សូមព្រះអង្គប្រោសអ្នកជំងឺឱ្យបានជាសះស្បើយគ្រប់ៗគ្នាផង។ (បន្ទរ)

ព្រះអង្គជាប្រភពនៃអំណរសប្បាយសម្រាប់អស់អ្នកដែលទទួលស្គាល់ព្រះអង្គប្រសូតជាមនុស្ស
—សូមព្រះអង្គប្រទានសេចក្តីសង្ឃឹមដល់អស់អ្នកដែលទទួលទារុណកម្ម និងអ្នកដែលគេធ្វើបាប ដើម្បីឱ្យពួកគេអាចមានសេចក្តីអំណរនៅក្នុងព្រះអង្គផង។ (បន្ទរ)

បពិត្រព្រះមហាក្សត្រដ៏មានឫទ្ធិចេស្តា ! ព្រះអង្គបានកាត់ផ្តាច់ចំណងនៃទាសភាព ដែលជាអតីតកាលរបស់យើងខ្ញុំ
—សូមព្រះអង្គដោះលែងអ្នកដែលជាប់ជាឈ្លើយឱ្យគេមានសេរីភាព និងបង្ហាញថា ព្រះអង្គក៏ថែរក្សាអ្នកជាប់ឃុំឃាំងដែរ។ (បន្ទរ)

ព្រះអង្គយាងមកប្រៀបដូចជាទ្វារ ដែលនាំទៅកាន់ស្ថានបរមសុខ
—សូមឱ្យមរណបុគ្គលឆ្លងកាត់តាមទ្វារនេះ ចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខដែរ។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គជាពន្លឺដែលបំភ្លឺមនុស្សគ្រប់ជាតិគ្រប់សាសន៍ និងមានព្រះហឫទ័យមេត្តាករុណាចំពោះមនុស្សគ្រប់ៗរូប។ សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំបានស្គាល់ព្រះអង្គ ហើយសូមឲ្យប្រជាជាតិនានានៅលើផែនដី បានប្រកបដោយសេចក្តីសុខសាន្ត។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!