០១ មករា ២០២៦

Written on 27/10/2026
Mary Siya Khim

ព្រះនាងម៉ារី ជាមាតាព្រះជាម្ចាស់

(បុណ្យឱឡារិក)

(ពេលល្ងាចទី២)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១២២

បន្ទរទី១៖ "ឱការប្តូរដ៏អស្ចារ្យ ! ព្រះជាម្ចាស់ជាព្រះបង្កើតមនុស្សលោកបានទទួលយករូបកាយ និងព្រលឹង ព្រះអង្គសព្វព្រះហឫទ័យប្រសូតពីព្រហ្មចារិនីម្នាក់។ យើងខ្ញុំបានទទួលមត៌ករួមជាមួយព្រះគ្រីស្ត ដោយសារព្រះអង្គបានបន្ទាបខ្លួនចូលមកក្នុងសភាពជាមនុស្សដូចយើងខ្ញុំ" ។

ខ្ញុំមានអំណរខ្លាំងណាស់ នៅពេលគេប្រាប់ខ្ញុំថា ៖ យើងនាំគ្នាទៅព្រះដំណាក់របស់ព្រះអម្ចាស់! ។

ឱក្រុងយេរូសាឡឹមអើយ! យើងនាំគ្នាឈានជើងចូលមកដល់មាត់ទ្វាររបស់អ្នកហើយ!

យេរូសាឡឹមអើយ! អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹងមាំ មានកំពែងដ៏ល្អប្រណីតព័ទ្ធជុំវិញ។

កុលសម្ព័ន្ធនានារបស់ព្រះអម្ចាស់នាំគ្នាឡើងមកទីនេះ
ដើម្បីលើកតម្កើងព្រះនាមព្រះអម្ចាស់ តាមច្បាប់របស់ជនជាតិអ៊ីស្រាអែល។

នៅទីនេះ ក៏មានបល្ល័ង្កនៃព្រះរាជវង្សរបស់ស្តេចដាវីឌ
ដើម្បីគ្រប់គ្រងប្រជារាស្ត្រដោយយុត្តិធម៌ដែរ។

ចូរនាំគ្នាទូលសូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡឹម
សូមឱ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ អាចរស់នៅយ៉ាងសុខសាន្ត!

សូមឱ្យអស់អ្នកដែលរស់នៅខាងក្នុងកំពែងក្រុង បានប្រកបដោយសេចក្តីសុខ
សូមឱ្យវិមាននានានៅក្នុងក្រុងបានសុខក្សេមក្សាន្ត។

ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ
ខ្ញុំពោលថា៖ សូមឱ្យក្រុងយេរូសាឡឹមបានប្រកបដោយសេចក្តីសុខសាន្ត!

ដោយយល់ដល់ព្រះដំណាក់របស់ព្រះអម្ចាស់ជាព្រះនៃយើង
ខ្ញុំសូមឱ្យអ្នកបានប្រកបដោយសុភមង្គល!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ "ឱការប្តូរដ៏អស្ចារ្យ ! ព្រះជាម្ចាស់ជាព្រះបង្កើតមនុស្សលោកបានទទួលយករូបកាយ និងព្រលឹង ព្រះអង្គសព្វព្រះហឫទ័យប្រសូតពីព្រហ្មចារិនីម្នាក់។ យើងខ្ញុំបានទទួលមត៌ករួមជាមួយព្រះគ្រីស្ត ដោយសារព្រះអង្គបានបន្ទាបខ្លួនចូលមកក្នុងសភាពជាមនុស្សដូចយើងខ្ញុំ" ។

ទំនុកតម្កើងលេខ ១២៧

បន្ទរទី២៖ ដោយព្រះអង្គបានចាប់កំណើតពីនាងព្រហ្មចារិនី ព្រះអង្គបានបំពេញតាមសេចក្តីដែលមានចែងទុកក្នុងព្រះគម្ពីរ ៖ ឱព្រះជាម្ចាស់អើយ! យើងខ្ញុំសូមកោតសរសើរព្រះអង្គ! ដ្បិតព្រះអង្គបានយាងចុះមកសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ ដូចដំណក់ទឹកភ្លៀងដែលធ្លាក់ចុះមកលើផែនដី។

(បទពាក្យ ៧)

១- ប្រសិនបើព្រះជាអម្ចាស់ មិនជួយសង់ផ្ទះនោះទេណា  
  អ្នកសង់ខំប្រឹងឥតបានការ គឺគ្មានវាសនាខ្វះលំនឹង
  បើព្រះអម្ចាស់មិនរក្សា ទីក្រុងទេណាឱ្យរឹងប៉ឹង  
  អ្នកយាមទីក្រុងដែលខំប្រឹង យាមរាល់ថ្ងៃហ្នឹងក៏អសារ
២- អ្នករាល់គ្នាក្រោកពីព្រលឹម រកស៊ីចិញ្ចឹមជន្មជីវ៉ា  
  ខំទាំងលំបាកគ្រប់អាត្មា តែឥតបានការផលចំណេញ
  ព្រះជាអម្ចាស់បានប្រទាន អាហារធនធានច្រើនពាសពេញ  
  ដល់អ្នកដែលព្រះអង្គស្រឡាញ់ ក្នុងពេលយប់យន់គេនិទ្រា
៣- ព្រះអម្ចាស់ប្រទានកូនចៅ ស្ថិតស្ថេរគង់នៅចាត់ទុកជា  
  ចំណែកមរតកដ៏មហិមា ជាពរជ័យាពីព្រះអង្គ
៤- កូនប្រុសៗដែលកើតចេញមក ពេលដែលឪពុកពេញកម្លាំង  
  ដូចព្រួញដែលស្រួចមុតយ៉ាងខ្លាំង នៃអ្នកចម្បាំងពេលប្រយុទ្ធ
៥- អ្នកដែលមានកូនប្រុសយ៉ាងច្រើន នោះនឹងចម្រើនសុខបំផុត  
  ពេលមានបច្ចាមកប្រយុទ្ធ គេមិនតក់ស្លុតមិនអាម៉ាស់
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ដោយព្រះអង្គបានចាប់កំណើតពីនាងព្រហ្មចារិនី ព្រះអង្គបានបំពេញតាមសេចក្តីដែលមានចែងទុកក្នុងព្រះគម្ពីរ ៖ ឱព្រះជាម្ចាស់អើយ! យើងខ្ញុំសូមកោតសរសើរព្រះអង្គ! ដ្បិតព្រះអង្គបានយាងចុះមកសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ ដូចដំណក់ទឹកភ្លៀងដែលធ្លាក់ចុះមកលើផែនដី។

បទលើកតម្កើងតាមលិខិតអេភេសូ ១,៣-១០

បន្ទរទី៣៖ ឱព្រះមាតារបស់ព្រះជាម្ចាស់អើយ! ព្រះនាងជាស្រ្តីដែលមានពរ ហើយផលដែលកើតចេញពីផ្ទៃព្រហ្មចារីរបស់ព្រះនាង ប្រៀបដូចជាអណ្តាតភ្លើងដែលឆេះនៅកណ្ដាល​គុម្ពោត តែ​គុម្ពោត​មិន​ឆេះ​ទេ ឱ្យលោកម៉ូសេបានឃើញនៅលើភ្នំស៊ីណៃ។ សូមព្រះនាងជួយអង្វរព្រះជាម្ចាស់ឱ្យយើងខ្ញុំផង។

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត
ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង
ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។

ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ
ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។

ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ
ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ

ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស
ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។

ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ
និងលើកលែងទោសឱ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។

ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត
គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។

ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ
តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។
១០
ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត
គឺប្រមូលអ្វីៗទាំងអស់ ដែលនៅស្ថានបរមសុខ និងនៅលើផែនដី
ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះមាតារបស់ព្រះជាម្ចាស់អើយ! ព្រះនាងជាស្រ្តីដែលមានពរ ហើយផលដែលកើតចេញពីផ្ទៃព្រហ្មចារីរបស់ព្រះនាង ប្រៀបដូចជាអណ្តាតភ្លើងដែលឆេះនៅកណ្ដាល​គុម្ពោត តែ​គុម្ពោត​មិន​ឆេះ​ទេ ឱ្យលោកម៉ូសេបានឃើញនៅលើភ្នំស៊ីណៃ។ សូមព្រះនាងជួយអង្វរព្រះជាម្ចាស់ឱ្យយើងខ្ញុំផង។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កាឡ ៤,៣-៧)

រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ កាល​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិ‌ពល​លើ​លោកីយ៍នេះ ប៉ុន្តែ លុះ​ដល់​ពេល​កំណត់​ហើយ ព្រះ‌ជាម្ចាស់​ក៏​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ឲ្យ​មក​ប្រសូត​ចេញ​ពី​ស្ត្រី ហើយ​ប្រសូត​ក្រោម​អំណាច​របស់​វិន័យ​ផង ដើម្បី​លោះ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​វិន័យ និង​ឲ្យ​យើង​ទទួល​ឋានៈ​ជា​បុត្រធីតា​របស់​ព្រះ‌អង្គ។ បង‌ប្អូន​ពិត​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់​មែន ព្រោះ​ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ ឲ្យ​មក​សណ្ឋិត​ក្នុង​ចិត្ត​យើង គឺ​ព្រះ‌វិញ្ញាណ​នេះ​ហើយ ដែល​បន្លឺ​ព្រះ‌សូរសៀង​ឡើង​ថា «អប្បា! ឱ​ព្រះ‌បិតា!»។ ដូច្នេះ អ្នក​មិន​មែន​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ គឺ​អ្នក​ជា​បុត្រ‌ធីតា​របស់​ព្រះ‌អង្គ​វិញ។ បើ​អ្នក​ជា​បុត្រ‌ធីតា​មែន អ្នក​ក៏​ត្រូវ​ទទួល​មត៌ក​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នោះ​ដែរ។

បន្ទរ៖ ព្រះបន្ទូលបានកើតមកជាមនុស្ស *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ «ស្ត្រីដែល​បាន​បង្កើត​ព្រះគ្រីស្ត ព្រម​ទាំង​បាន​បំបៅ​ព្រះអង្គជាព្រះអម្ចាស់ និងជាព្រះសង្រ្គោះពិភពលោក ពិត​ជាមាន​សុភមង្គលមែន!» អាលេលូយ៉ា!

ពាក្យអង្វរសកល

ព្រះគ្រីស្តជាអេម៉ានូអែល ដែលព្រះនាងព្រហ្មចារិនីបានផ្តល់កំណើតឱ្យ។ ចូរយើងកោតសរសើរព្រះអង្គ និងសូមទូលថា ៖

បន្ទរ៖ ឱព្រះបុត្រានៃព្រះនាងព្រហ្មចារិនីម៉ារីអើយ ! សូមព្រះសណ្តាប់យើងខ្ញុំផង !

ព្រះអង្គបានប្រោសប្រទានឱ្យព្រះនាងម៉ារីមានអំណរសប្បាយ ក្នុងឋានៈជាមាតា
—សូមព្រះអង្គប្រទានឱ្យឪពុកម្តាយគ្រប់រូប មានអំណរដ៏ពិតប្រាកដ ព្រោះតែកូនៗរបស់ពួកគេផង។ (បន្ទរ)

ឱព្រះមហាក្សត្រនៃសុខសន្តិភាព ! ព្រះរាជ្យរបស់ព្រះអង្គ គឺជាផ្នែកមួយនៃភាពយុត្តិធម៌ និងសេចក្តីសុខសាន្ត
—សូមជួយយើងខ្ញុំឱ្យចេះស្វែងរកផ្លូវនៃសេចក្តីសុខសាន្តផង។ (បន្ទរ)

ព្រះអង្គយាងមកធ្វើឱ្យមនុស្សលោក ក្លាយជាប្រជាជនដ៏វិសុទ្ធរបស់ ព្រះជាម្ចាស់
—សូមព្រះអង្គនាំប្រជាជាតិទាំងអស់ ឱ្យទទួលស្គាល់ពីចំណងមេត្រីភាពនៃសេចក្តីស្រឡាញ់របស់ព្រះអង្គផង។ (បន្ទរ)

ដោយព្រះអង្គប្រសូត ព្រះអង្គបានពង្រឹងចំណងនៃគ្រួសារ
—សូមព្រះអង្គជួយដល់ក្រុមគ្រួសារទាំងអស់ឱ្យចេះស្រឡាញ់គ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងៗផង។ (បន្ទរ)

ព្រះអង្គសព្វព្រះហឫទ័យប្រសូតជាមនុស្ស ក្នុងពេលវេលាដែលមានដែនកំណត់
—សូមប្រោសឱ្យបងប្អូនយើងខ្ញុំដែលបានលាចាកលោកនេះ អាចកើតនៅក្នុងពេលអស់កល្បជានិច្ច។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាជាអម្ចាស់ ! ព្រះអង្គប្រោសឲ្យព្រះនាងព្រហ្មចារិនីម៉ារី បង្កើតព្រះបុត្រាព្រះអង្គដើម្បីសង្គ្រោះមនុស្សលោក។ តាមរយៈពាក្យទូលអង្វររបស់ព្រះនាង សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំសមនឹងទទួលព្រះអម្ចាស់យេស៊ូគ្រីស្ត ជាព្រះបុត្រា ដែលជាប្រភពនៃជីវិតថ្មី។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!