២២ វិច្ឆិកា ២០២៦

Written on 23/03/2026
Mary Siya Khim

ព្រះអម្ចាស់យេស៊ូគ្រីស្ត ជាព្រះមហាក្សត្រនៃពិភពលោក

(បុណ្យឱឡារិក)

(ពេលល្ងាចទី២)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១០,១-៥.៧

បន្ទរទី១៖ ព្រះ‌ជាម្ចាស់​នឹង​តាំង​បុត្រ​នោះ ឱ្យគ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ ហើយ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​នៅ​ស្ថិត‌ស្ថេរ ឥត​មាន​ទី​បញ្ចប់​ឡើយ។ អាលេលូយ៉ា!

ព្រះជាអម្ចាស់​មាន​ព្រះ‌បន្ទូលមក​កាន់​ព្រះរាជាជា​ព្រះ‌អម្ចាស់​របស់ខ្ញុំដូច​ត​ទៅ​នេះ ៖
«សូម​គង់​នៅ​ខាង​ស្តាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ!»។

សូម​ព្រះ‌ជា‌អម្ចាស់​ប្រោស​ប្រទាន​ឱ្យ​រាជ្យរបស់​ព្រះ‌ករុណា
លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ!
សូម​ព្រះ‌ករុណា​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ!

នៅ​ថ្ងៃ​ព្រះ‌ករុណា​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជា‌រាស្ដ្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត
ពួក​យុវជន​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌ករុណានៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ
ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យាដោយ​ឥត​ប្រែ‌ប្រួល​ថា :
«ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ស្តេច​មែលគី‌សេដែក»។

ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ករុណា
នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ព្រះ‌ពិរោធ ព្រះ‌អង្គ​កម្ទេច​ស្តេច​នានា។

នៅ​តាម​ផ្លូវ ព្រះ‌រាជា​សោយ​ទឹក​ជ្រោះរួច​ហើយ
ព្រះ‌អង្គ​ងើប​ព្រះ‌ភក្ត្រប្រកប​ដោយ​ជោគ‌ជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះ‌ជាម្ចាស់​នឹង​តាំង​បុត្រ​នោះ ឱ្យគ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ ហើយ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​នៅ​ស្ថិត‌ស្ថេរ ឥត​មាន​ទី​បញ្ចប់​ឡើយ។ អាលេលូយ៉ា!

ទំនុកតម្កើងលេខ ១៤៥,១-១៣

បន្ទរទី២៖ ព្រះ‌អង្គ​គ្រង​រាជ្យ​គ្រប់​ជំនាន់​ទាំង​អស់ ព្រះ‌អង្គ​ជាព្រះ‌មហា​ក្សត្រ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

(បទកាកគតិ)

១- បពិត្រព្រះម្ចាស់ ជាក្សត្ររបស់ រូបទូលបង្គំ
  ពេលនេះខ្ញុំកោត នាមព្រះឧត្តម អស់កល្បយូរលង់
    ជារៀងដរាប
២- ខ្ញុំសូមតម្កើង ព្រះអង្គខ្ពស់ឡើង តទៅរៀងរៀប
  ខ្ញុំសូមសរសើរ ព្រះនាមល្អគាប់ អស់កល្បដរាប
    រហូតតទៅ
៣- ព្រះម្ចាស់ឧត្តម ប្រសើរសក្តិសម ខ្ពង់ខ្ពស់ពេកកូវ
  យើងលើកតម្កើង ព្រះនាមជាផ្លូវ ពេលនេះតទៅ
    រកអ្វីផ្ទឹមគ្មាន
៤- សូមឱ្យមនុស្ស ទាំងស្រីទាំងប្រុស នៅគ្រប់ជំនាន់
  លើកតម្កើងស្នា ព្រះហស្តព្រះអង្គ ការអស្ចារ្យផង
    ដែលទ្រង់ប្រព្រឹត្ត
៥- ខ្ញុំរាប់ខ្ញុំរៀប ពីអានុភាព បារមីមានឫទ្ធិ
  សិរីរុងរឿង ព្រះអង្គមានពិត ខ្ញុំសញ្ជឹងគិត
    គ្រប់ស្នាព្រះហស្ត
៦- គេនឹងថ្លាថ្លែង អានុភាពស្ញប់ស្ញែង បារមីខ្ពង់ខ្ពស់
  ខ្ញុំក៏ថ្លាថ្លែង កិច្ចការទាំងអស់ ជាស្នាព្រះហស្ត
    ទ្រង់ធ្វើហូរហែ
៧- គេនឹងរំលឹក ទាំងថ្ងៃយប់ព្រឹក តទៅឥតប្រែ
  ព្រមទាំងប្រកាស ក្តីសប្បុរសដែរ សុចរិតឥតល្ហែ
    របស់ព្រះអង្គ
៨- ព្រះជាអម្ចាស់ ប្រកបដោយព្រះ ហឫទ័យត្រចង់
  ប្រណីសន្តោស ករុណាហ្មត់ហ្មង អត់ធ្មត់កន្លង
    អាណិតមេត្តា
៩- ព្រះជាអម្ចាស់ ព្រះទ័យសប្បុរស លើមនុស្សលោកា
  ទ្រង់មានព្រះទ័យ សន្តោសករុណា មនុស្សគ្រប់អាត្មា
    រស់ពេញផែនដី
១០- បពិត្រព្រះម្ចាស់ សត្វលោកទាំងអស់ មានច្រើនពេកក្រៃ
  នាំគ្នាតម្កើង រុងរឿងសិរី រាស្រ្តទាំងប្រុសស្រី
    ក៏ថ្កើងទ្រង់ដែរ
១១- គេនឹងរៀបរាប់ ព្រះរាជ្យគួរគាប់ រុងរឿងស្ថិតស្ថេរ
  របស់ព្រះអង្គ ឥតមានប្រួលប្រែ អានុភាពឥតកែ
    ព្រះអង្គនៅគង់
១២- ដើម្បីឱ្យមនុស្ស ទាំងស្រីទាំងប្រុស គ្រប់គ្នាបានដឹង
  ពីការអស្ចារ្យ របស់ព្រះអង្គ រស្មីរឿងរុង
    ចិញ្ចែងចិញ្ចាច
១៣- ព្រះរាជ្យព្រះអង្គ ស្ថិតនៅយូរលង់ ពេញដោយអំណាច
  គ្រងរាជ្យអស់កល្ប ព្រោះទ្រង់ជាស្តេច បារមីអង់អាច
    ស្ថិតយូរវស្សា
  ព្រះអម្ចាស់តែង គោរពឥតក្លែង បន្ទូលសន្យា
  អ្វីដែលទ្រង់ធើ្វ សុទ្ធតែអស្ចារ្យ សប្បុរសមេត្តា
    ករុណាអាសូរ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃឯក ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ៖ ព្រះ‌អង្គ​គ្រង​រាជ្យ​គ្រប់​ជំនាន់​ទាំង​អស់ ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៧)

បន្ទរទី៣៖ នៅ​លើ​ព្រះភូសា និង​លើ​ភ្លៅ​របស់​ព្រះ‌អង្គ មាន​សរសេរព្រះ‌នាម​ថា «ព្រះ‌មហា​ក្សត្រ​លើ​មហា‌ក្សត្រ​នានា និងព្រះ‌អម្ចាស់​លើ​អម្ចាស់​នានា»។ សូមសរសើរតម្កើងសិរីរុងរឿង និងឫទ្ធានុភាពរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។

អាលេលូយ៉ា!
សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​យើង ព្រះ‌អង្គ​សង្គ្រោះ​យើង
ព្រះ‌អង្គ​ប្រកប​ដោយ​សិរី‌រុង​រឿង និង​ឫទ្ធា‌នុភាព

ដ្បិត​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្តិធម៌។
អាលេលូយ៉ា!

អាលេលូយ៉ា!
«អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់
អ្នក​រាល់​គ្នា​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​ទាំង​តូច​ទាំង​ធំ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​យើង!»។
អាលេលូយ៉ា!

អាលេលូយ៉ា!
ដ្បិត​ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់
ព្រះ‌អង្គ​បាន​តាំង​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​ហើយ

យើង​នាំ​គ្នា​អរ​សប្បាយ​ឡើង ត្រូវ​មាន​អំណរ​រីក‌រាយ​ឱ្យ​ខ្លាំង
ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌អង្គ
អាលេលូយ៉ា!
អាលេលូយ៉ា!
ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គល‌ការ​កូន​ចៀម​ហើយ
ភរិយាថ្មោង​ថ្មី​របស់​កូន​ចៀម​ក៏​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ។
អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ នៅ​លើ​ព្រះភូសា និង​លើ​ភ្លៅ​របស់​ព្រះ‌អង្គ មាន​សរសេរព្រះ‌នាម​ថា «ព្រះ‌មហា​ក្សត្រ​លើ​មហា‌ក្សត្រ​នានា និងព្រះ‌អម្ចាស់​លើ​អម្ចាស់​នានា»។ សូមសរសើរតម្កើងសិរីរុងរឿង និងឫទ្ធានុភាពរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១៥,២៥-២៨)

ព្រះ‌គ្រីស្ត​ត្រូវ​តែ​គ្រង​រាជ្យ ទម្រាំ​ដល់​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ។ សត្រូវ​ចុង​ក្រោយ​បង្អស់ ដែល​នឹង​ត្រូវ​រំលាយ​ចោល​នោះ គឺ​សេចក្ដី​ស្លាប់។ ព្រះ‌ជាម្ចាស់​បាន​ដាក់​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌គ្រីស្ត​រួច​ស្រេច​ហើយ។ ប៉ុន្តែ កាល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ព្រះ‌អង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឱ្យ​នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌គ្រីស្ត” ដូច្នេះ មិន​មែន​រាប់​បញ្ចូល​ព្រះ‌អង្គ​ផ្ទាល់ ដែល​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ មក​ដាក់ក្រោម​អំណាច​របស់​ព្រះ‌គ្រីស្ត​នោះ​ទេ ព្រះ‌អង្គ​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់ព្រះ‌គ្រីស្ត​ឡើយ។ លុះ​ដល់​ពេល​អ្វីៗ​ទាំង​អស់ ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌គ្រីស្តហើយ ទើប​ព្រះ‌បុត្រា​ផ្ទាល់​នឹង​ចុះ​ចូល​ក្រោម​អំណាច​ព្រះ‌បិតា ដែល​បាន​បង្ក្រាប​អ្វីៗទាំង​អស់​ឱ្យ​នៅ​ក្រោម​អំណាច​ព្រះ‌អង្គ​នោះ​វិញ​ដែរ ដើម្បី​ឱ្យ​ព្រះ‌ជាម្ចាស់បាន​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់ ក្នុង​គ្រប់​ប្រការ​ទាំង​អស់។

បន្ទរ៖ បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះ‌អង្គ *នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ បន្ទរឡើងវិញ៖…
-ហើយ​ព្រះ‌អង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ព្រះយេស៊ូមាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​បាន​ទទួល​គ្រប់​អំណាច ទាំង​នៅ​ស្ថាន​បរម‌សុខ ទាំង​នៅ​លើ​ផែន‌ដី»។

ពាក្យអង្វរសកល

ចូរយើងទូលអង្វរព្រះគ្រីស្តជាព្រះមហាក្សត្រ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏កើតមានដោយសារព្រះអង្គដែរ។

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់។

ព្រះគ្រីស្តជាព្រះមហាក្សត្រ និងជាគង្វាលរបស់យើងខ្ញុំ សូមព្រះអង្គប្រមូលកូនចៀមរបស់ព្រះអង្គមកពីគ្រប់ទីកន្លែង
—សូមប្រទានឱ្យពួកគេមកកាន់វាលស្មៅខៀវខ្ចី និងមានជីជាតិផង។ (បន្ទរ)

ព្រះគ្រីស្តជាប្រមុខដឹកនាំ និងជាព្រះសង្រ្គោះយើងខ្ញុំ សូមព្រះអង្គប្រោសឱ្យមនុស្សទាំងអស់ទៅជាប្រជារាស្រ្តផ្ទាល់របស់ព្រះអង្គ សូមប្រោសអ្នកជំងឺឱ្យបានជាសះស្បើយ ស្វែងរកអ្នកដែលបាត់បង់ និងការពារអ្នកដែលមាំមួន
—សូមព្រះអង្គត្រាស់ហៅអស់អ្នកដែលបានឃ្លាតឆ្ងាយពីព្រះសហគមន៍ ឱ្យវិលត្រឡប់មកវិញ និងពង្រឹងអស់អ្នកដែលចុះខ្សោយ ហើយសូមព្រះអង្គប្រមូលកូនចៀមទាំងអស់របស់ព្រះអង្គមកនៅក្នុងក្រោលតែមួយផង។ (បន្ទរ)

ព្រះអង្គជាចៅក្រមកាត់ក្តីមនុស្សទាំងអស់ នៅពេលព្រះអង្គប្រគល់ព្រះរាជ្យថ្វាយព្រះបិតា សូមឱ្យយើងខ្ញុំបាននៅខាងស្តាំព្រះអង្គ
—ដើម្បីឱ្យយើងខ្ញុំបានគ្រងព្រះរាជ្យ ដែលព្រះអង្គបានរៀបចំទុកសម្រាប់យើងខ្ញុំ តាំងពីមុនកំណើតពិភពលោកមក។ (បន្ទរ)

ឱព្រះអង្គម្ចាស់នៃសន្តិភាព ! សូមព្រះអង្គមេត្តាកាច់បំបាក់គ្រឿងសព្វាវុធនៃសង្រ្គាមចោលផង
—ហើយសូមឱ្យប្រជាជាតិទាំងឡាយបានប្រកបដោយសេចក្តីសុខសាន្តរបស់ព្រះអង្គ។ (បន្ទរ)

ព្រះគ្រីស្តជាមរតកនៃមនុស្សគ្រប់ជាតិសាសន៍ សូមព្រះអង្គប្រមូលមនុស្សជាតិ និងអ្វីៗដ៏ល្អដែលព្រះអង្គបានបង្កើត មកក្នុងរាជាណាចក្រនៃព្រះសហគមន៍ ដែលព្រះបិតាបានប្រទានមកព្រះអង្គ —ដើម្បីឱ្យសរីរាង្គទាំង​មូលនៃប្រជារាស្រ្តរបស់ព្រះអង្គ បានរួមគ្នាជាអង្គតែមួយនឹងព្រះវិញ្ញាណដ៏វិសុទ្ធ ដោយទទួលស្គាល់ព្រះអង្គជាព្រះសិរសារបស់ពួកគេ។ (បន្ទរ)

ព្រះគ្រីស្តមាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ព្រះអង្គជាផលដំបូងនៃអស់អ្នកដែលបានសម្រាន្តលក់ក្នុងសេចក្តីស្លាប់
—សូមព្រះអង្គទទួលអស់មរណបុគ្គល ឱ្យចូលក្នុងសិរីរុងរឿងនៃការមានព្រះជន្មរស់ឡើងវិញនោះផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅជានិច្ច ! នៅថ្ងៃនេះ យើងខ្ញុំសូមគោរពដល់គុណធម៌របស់សន្តបុគ្គលទាំងឡាយដែលជាព្រះអំណោយទានរបស់ព្រះអង្គ។ តាមរយៈពាក្យទូលអង្វររបស់សន្តបុគ្គលទាំងឡាយ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំបានរួចពីបាប និងបានគាប់ព្រះហឫទ័យព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!