៣ តុលា ២០២៦

Written on 11/03/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី២៧ ថ្ងៃអាទិត្យ

ថ្ងៃសៅរ៍ (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៣

សូមលើកតម្កើងព្រះនាមនៃព្រះអម្ចាស់

ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់ក៏លើកតម្កើងមនុស្សទន់ទាបឡើង (លក ១,៥២)។

បន្ទរទី១ ៖ តាំងពីពេលថ្ងៃរះ រហូតដល់ថ្ងៃលិច ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់ !

១ អាលេលូយ៉ា អ្នកបម្រើរបស់ព្រះអម្ចាស់អើយ!
ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!
ចូរនាំគ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់!
២
ចូរលើកតម្កើងព្រះនាមព្រះអម្ចាស់ តាំងពីពេលនេះរហូតតរៀងទៅ!
៣
តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច
ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់!
៤
ព្រះអម្ចាស់គង់នៅពីលើប្រជាជាតិទាំងឡាយ
សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃទៅទៀត។
៥
តើនរណាដូចព្រះអម្ចាស់ ជាព្រះរបស់យើងបាន?
ព្រះអង្គគង់នៅលើស្ថានដ៏ខ្ពង់ខ្ពស់បំផុត
៦
ព្រះអង្គទតមើលមកផ្ទៃមេឃ និងផែនដី ដែលនៅខាងក្រោមព្រះអង្គ។
៧
ព្រះអង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដី
ព្រះអង្គលើកមនុស្សទុគ៌តឡើងពីភក់ជ្រាំ
៨
ដើម្បីឱ្យគេកាន់អំណាចរួមជាមួយពួកអ្នកដឹកនាំ
គឺរួមជាមួយពួកអ្នកដឹកនាំនៃប្រជារាស្ត្ររបស់ព្រះអង្គ។
៩
ព្រះអង្គប្រទានឱ្យស្ត្រីអារមានកូន
ឱ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយជាមួយកូនៗរបស់នាង។
ចូរសរសើរតម្កើងព្រះអម្ចាស់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ តាំងពីពេលថ្ងៃរះរហូតដល់ថ្ងៃលិច ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់ !

ទំនុកតម្កើងលេខ ១១៦,១០-១៩

ពាក្យអរព្រះគុណនៅក្នុងព្រះវិហារ

ចូរយើងថ្វាយយញ្ញបូជាសម្រាប់លើកតម្កើងព្រះជាម្ចាស់ជានិច្ច តាមរយៈព្រះយេស៊ូ
គឺជាពាក្យហូរចេញពីបបូរមាត់យើង ដែលប្រកាសព្រះនាមព្រះអង្គ (ហប ១៣,១៥)។

បន្ទរទី២ ៖ ខ្ញុំ​នឹង​លើក​ពែង​ឡើង​ថ្វាយ​ព្រះអម្ចាស់ ដែល​បាន​រំដោះ​ខ្ញុំ ខ្ញុំ​នឹង​អង្វរ​រក​ព្រះនាម​របស់ព្រះ‌អម្ចាស់។

(បទព្រហ្មគីតិ)

១០- ទោះជាខ្ញុំពោលថា រស់វេទនាទ្រូងស្ទើរប្រេះ  
  ក៏គង់រូបខ្ញុំនេះ មិនចោលព្រះសង្ឃឹមជាប់ ។
១១- ពេលខ្ញុំមានកង្វល់ ចិត្តខ្វាយខ្វល់មិនបានស្ងប់  
  ខ្ញុំពោលឡើងគ្រប់សព្វ ថាខ្ញុំស្អប់ជនគ្រប់ប្រាណ ។
១២- តើខ្ញុំអាចយកអ្វី តបព្រះទ័យម្ចាស់ថ្កើងថ្កាន  
  ដែលព្រះអម្ចាស់បាន ប្រោសគ្រប់ប្រាណបានសមរម្យ ។
១៣- គឺខ្ញុំត្រូវលើកពែង ទាំងថ្លាថ្លែងនាមឧត្តម  
  ព្រះអង្គរំដោះខ្ញុំ យើងស្រែកសុំរកព្រះម្ចាស់ ។
១៤- ខ្ញុំនឹងយកតង្វាយ មកដាក់ថ្វាយក្រាបសំពះ  
  លាបំណន់ពីព្រះ ជាអម្ចាស់មុខប្រជា ។
១៥- ទ្រង់ព្រួយព្រះទ័យណាស់ ពេលមានរាស្រ្តស្លាប់វេទនា  
  ជនវិសុទ្ធគ្រប់គ្នា ទ្រង់ការពារមិនស្លាប់ឡើយ ។
១៦- ឱព្រះម្ចាស់ប្រសើរ ខ្ញុំបម្រើព្រះអង្គហើយ  
  ព្រះអង្គមិនកន្តើយ ខ្ញុំបានស្បើយពីមរណា ។
១៧- ទូលបង្គំសូមថ្វាយ យញ្ញទាំងឡាយដោយជ្រះថ្លា  
  អង្វរព្រះបិតា ព្រះបុត្រាខ្ពស់ពេកពន់ ។
១៨- ខ្ញុំនឹងយកតង្វាយ មកដាក់ថ្វាយលាបំណន់  
  នៅមុខប្រជាជន ដែលបានបន់ដល់ព្រះអង្គ ។
១៩- គឺនៅក្នុងទីធ្លា ព្រះវិហារស្រស់បំព្រង  
  ស្ថិតនៅកណ្តាលក្រុង សូមផ្ចិតផ្ចង់លើកតម្កើង ។
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច ។

បន្ទរ ៖ ខ្ញុំ​នឹង​លើក​ពែង​ឡើង​ថ្វាយ​ព្រះអម្ចាស់ ដែល​បាន​រំដោះ​ខ្ញុំ ខ្ញុំ​នឹង​អង្វរ​រក​ព្រះនាម​របស់ព្រះ‌អម្ចាស់។

បទលើកតម្កើងតាមលិខិតទៅភីលីព (ភីល ២,៦-១១)

ព្រះគ្រីស្តជាអ្នកបម្រើរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ ព្រះអង្គបានដាក់ខ្លួនរហូតដល់សោយទិវង្គត ប៉ុន្តែ ព្រះជាម្ចាស់​បានលើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត។

៦ ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ
ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈ ដែលស្មើនឹងព្រះជាម្ចាស់នេះ
ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។
៧
ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ
ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ
ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។
៨
ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត
គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។
៩
ហេតុនេះហើយ បានជាព្រះជាម្ចាស់
លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត
ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
១០
ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ
១១
និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់
ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គបានដាក់ខ្លួនរហូតដល់សោយទិវង្គត ប៉ុន្តែ ព្រះជាម្ចាស់​បានលើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ១៣,២០-២១)

ព្រះជាម្ចាស់ជាប្រភពនៃសេចក្តីសុខសាន្ត បានប្រោសព្រះយេស៊ូជាព្រះអម្ចាស់នៃយើង ឱ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះគ្រីស្តជាគង្វាលដ៏ប្រសើរឧត្តមរបស់ហ្វូងចៀម ព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារព្រះលោហិតរបស់ព្រះអង្គ។ សូមព្រះជាម្ចាស់ប្រទានឱ្យបងប្អូនមានសមត្ថភាព នឹងប្រព្រឹត្តអំពើល្អគ្រប់យ៉ាង តាមព្រះហឫទ័យរបស់ព្រះអង្គ។ សូមព្រះអង្គសម្រេចការអ្វីដែលគាប់ព្រះហឫទ័យព្រះអង្គនៅ​ក្នុង​យើង តាមរយៈព្រះយេស៊ូគ្រីស្ត។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។

បន្ទរ៖ ទូលបង្គំសញ្ជឹង​គិត *អំពី​កិច្ចការ​ទាំង​ប៉ុន្មានដែល​ព្រះអង្គ​បាន​ធ្វើ។ បន្ទរឡើងវិញ៖…
-ព្រះអង្គ​ធ្វើការ​ទាំង​អស់​នោះ ប្រកប​ដោយ​ព្រះប្រាជ្ញាញាណ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ «គាត់​មុខ​ជា​សម្លាប់​ជន‌ពាល​ទាំង​នោះ​ឥត​ត្រា‌ប្រណី​ឡើយ រួច​ប្រវាស់​ចម្ការ​ឱ្យ​អ្នក​ផ្សេង​ទៀត ដែល​នឹង​ប្រគល់​ផល​ជា​ចំណែក​របស់​គាត់​ជូន​គាត់ នៅ​រដូវ​ទំពាំង‌បាយ‌ជូរ​ទុំ»។

ពាក្យអង្វរសកល

ព្រះគ្រីស្តមានព្រះហឫទ័យមេត្តាករុណាចំពោះអ្នកស្រេកឃ្លាន និងបានសម្តែងសេចក្តីស្រឡាញ់ចំពោះអ្នកទាំងនោះ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គថា៖

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គបង្ហាញនូវសេចក្តីស្រឡាញ់របស់ព្រះអង្គឱ្យយើងខ្ញុំបានឃើញផង។

ឱព្រះអម្ចាស់អើយ ! យើងខ្ញុំទទួលស្គាល់ថា រាល់ការអនុគ្រោះទាំងអស់ដែលយើងខ្ញុំបានទទួលនៅថ្ងៃនេះ គឺបានមកពីព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
—សូមកុំឱ្យការអនុគ្រោះទាំងនេះ ត្រឡប់ទៅព្រះអង្គវិញ ដោយដៃទទេឡើយ តែសូមឱ្យបង្កើតផលផ្លែល្អវិញ។ (បន្ទរ)

ឱព្រះអម្ចាស់ដែលជាពន្លឺ និងជាព្រះសង្គ្រោះរបស់ប្រជាជាតិទាំង​ឡាយអើយ! សូមព្រះអង្គថែររក្សាការពារសាសនទូតទាំងអស់ ដែលព្រះអង្គបានចាត់ឱ្យមកក្នុងពិភពលោក —ហើយសូមឱ្យពួកគេបានប្រកបទៅដោយភ្លើងនៃព្រះវិញ្ញាណដ៏វិសុទ្ធផង។ (បន្ទរ)

សូមព្រះអង្គប្រោសប្រទានឱ្យមនុស្ស រក្សាតម្លៃថ្លៃថ្នូរនៃជីវិតនៅលើពិភពលោកនេះ
—និងឆ្លើយតបដោយសប្បុរសចំពោះតម្រូវការ នាពេលបច្ចុប្បន្ននេះ។ (បន្ទរ)

ព្រះអង្គព្យាបាលទាំងខាងរូបកាយ និងខាងវិញ្ញាណ សូមព្រះអង្គប្រោសអ្នកជំងឺឱ្យបានជាសះស្បើយ និងសូមគង់នៅជាមួយអស់អ្នកដែលកំពុងហៀបនឹងទទួលមរណភាព —សូមព្រះអង្គលាងជម្រះយើងខ្ញុំ ក្នុងព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គផង។ (បន្ទរ)

សូមឱ្យអ្នកជឿលើព្រះអង្គដែលបានទទួលមរណភាពទៅហើយនោះ បានរាប់បញ្ជូលឈ្មោះទៅក្នុងចំណោមសន្តបុគ្គលទាំងឡាយ
—គឺឈ្មោះដែលមានកត់ទុកក្នុងក្រាំងបញ្ជីនៃជីវិត។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំហួសពីការនឹកឃើញរបស់មនុស្ស។ ព្រះអង្គផ្តល់ព្រះអំណោយទានឱ្យយើងខ្ញុំ ហួសពីពាក្យដែលយើងខ្ញុំទូលសូមទៅទៀត។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំរស់នៅគាប់ព្រះហឫទ័យព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។