បុណ្យព្រះអម្ចាស់យេស៊ូប្រសូត
(បុណ្យឱឡារិក)
(ពេលល្ងាចទី១)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
បទចម្រៀងចូល
ទំនុកតម្កើងលេខ ១១៣
បន្ទរទី១៖ ព្រះមហាក្សត្រនៃសេចក្តីសុខសាន្ត បានបង្ហាញព្រះអង្គក្នុងសិរីរុងរឿង! ពិភពលោកទាំងមូលប្រាថ្នាចង់ឃើញព្រះភក្រ្តព្រះអង្គ។
| ១ | ចូរសរសើរតម្កើងព្រះអម្ចាស់! អ្នកបម្រើរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! ចូរនាំគ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់! |
| ២ | ចូរលើកតម្កើងព្រះនាមព្រះអម្ចាស់ តាំងពីពេលនេះរហូតតទៅ! |
| ៣ | តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់! |
| ៤ | ព្រះអម្ចាស់គង់នៅពីលើប្រជាជាតិទាំងឡាយ សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃទៅទៀត។ |
| ៥ | តើមាននរណាអាចផ្ទឹមស្មើនឹងព្រះអម្ចាស់ជាព្រះរបស់យើងបាន? ព្រះអង្គគង់នៅលើស្ថានដ៏ខ្ពស់បំផុត |
| ៦ | ព្រះអង្គទតមើលមកផ្ទៃមេឃ និងផែនដី ដែលនៅខាងក្រោមព្រះអង្គ។ |
| ៧ | ព្រះអង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដី ព្រះអង្គលើកមនុស្សទុរគតឡើងពីភក់ជ្រាំ |
| ៨ | ដើម្បីឲ្យគេកាន់កាប់អំណាចរួមជាមួយពួកអ្នកធំ គឺរួមជាមួយពួកអ្នកធំនៅក្នុងចំណោមប្រជារាស្ដ្ររបស់ព្រះអង្គ។ |
| ៩ | ព្រះអង្គប្រទានឲ្យស្ត្រីអារមានកូន ឲ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយជាមួយកូនៗរបស់នាង។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះមហាក្សត្រនៃសេចក្តីសុខសាន្ត បានបង្ហាញព្រះអង្គក្នុងសិរីរុងរឿង! ពិភពលោកទាំងមូលប្រាថ្នាចង់ឃើញព្រះភក្រ្តព្រះអង្គ។
ទំនុកតម្កើងលេខ ១៤៧,១២-២០
បន្ទរទី២៖ ព្រះអង្គមានព្រះបន្ទូលបញ្ជាទៅផែនដី ហើយព្រះបន្ទូលរបស់ព្រះអង្គផ្សព្វផ្សាយទៅយ៉ាងរហ័ស។
(បទព្រហ្មគីតិ)
| ១២- | ក្រុងយេរូសាឡឹម | កុំស្ងាត់ស្ងៀមនៅរេរង់ | |
| ព្រមទាំងក្រុងស៊ីយ៉ូន | ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់ | ។ | |
| ១៣- | ដ្បិតព្រះអង្គការពារ | អ្នករាល់គ្នាបានសុខណាស់ | |
| ទ្រង់ឲ្យពរដល់រាស្រ្ត | ដែលរស់ពាសពេញទីក្រុង | ។ | |
| ១៤- | ទ្រង់ប្រទានទឹកដី | មានសេរីសុខត្រចង់ | |
| សន្តិភាពគ្រប់ជ្រុង | ស្រូវបម្រុងច្រើនមហិមា | ។ | |
| ១៥- | នៅលើផ្ទៃផែនដី | ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា | |
| ផ្សព្វផ្សាយគ្រប់ទិសា | ពីបញ្ជាព្រះអម្ចាស់ | ។ | |
| ១៦- | ព្រះអង្គឲ្យទឹកកក | ធ្លាក់ចុះមកច្រើនដេរដាស | |
| សន្សើមត្រជាក់ណាស់ | ក៏ធ្លាក់ចុះតាមបញ្ជា | ។ | |
| ១៧- | ព្រះអង្គធ្វើឲ្យព្រឹល | ធ្លាក់មិនខ្ជិលច្រើនមហិមា | |
| ឲ្យមានធាតុរងា | តើនរណាអាចទ្រាំបាន? | ។ | |
| ១៨- | ពេលទ្រង់មានបន្ទូល | ធ្វើឲ្យព្រឹលទាំងប៉ុន្មាន | |
| ទឹកកកគ្រប់ទីស្ថាន | រលាយបានជាទឹកអស់ | ។ | |
| ធ្វើឲ្យមានទាំងខ្យល់ | បោកវិលវល់មិនឈប់សោះ | ||
| បក់យកទឹកទាំងនោះ | ហូរតាមជ្រោះទៅមិនសល់ | ។ | |
| ១៩- | ទ្រង់សម្តែងឲ្យពូជ | លោកយ៉ាកុបស្តាប់បន្ទូល | |
| ក្រឹត្យវិន័យនិមល | ឲ្យអ៊ីស្រាអែលបានដឹង | ។ | |
| ២០- | ព្រះអង្គពុំបញ្ជា | សព្វកិច្ចការអស់ទាំងហ្នឹង | |
| ឲ្យជាតិសាសន៍ផ្សេងដឹង | វិន័យទ្រង់នោះសោះឡើយ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ព្រះអង្គមានព្រះបន្ទូលបញ្ជាទៅផែនដី ហើយព្រះបន្ទូលរបស់ព្រះអង្គផ្សព្វផ្សាយទៅយ៉ាងរហ័ស។
បទលើកតម្កើងតាមលោកភីលីព (ភីល ២,៦-១១)
បន្ទរទី៣៖ នៅថ្ងៃនេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅជាមួយព្រះបិតា តាំងពីមុនកាលសម័យទាំងអស់ ទ្រង់សព្វព្រះហឫទ័យដាក់ខ្លួន កើតមកជាមនុស្សសម្រាប់យើងរាល់គ្នា។
| ៦ | ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្ដោបក្តាប់ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។ |
| ៧ | ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។ |
| ៨ | ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ |
| ៩ | ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឲ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់ |
| ១០ | ដើម្បីឲ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ |
| ១១ | និងឲ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ នៅថ្ងៃនេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅជាមួយព្រះបិតា តាំងពីមុនកាលសម័យទាំងអស់ ទ្រង់សព្វព្រះហឫទ័យដាក់ខ្លួន កើតមកជាមនុស្សសម្រាប់យើងរាល់គ្នា។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កាឡ ៤,៤-៥)
លុះដល់ពេលកំណត់ហើយ ព្រះជាម្ចាស់ក៏ចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកប្រសូតចេញពីស្ត្រី ហើយប្រសូតក្រោមអំណាចរបស់វិន័យផង ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមអំណាចវិន័យ និងឲ្យយើងទទួលឋានៈជាបុត្រធីតារបស់ព្រះអង្គ។
បន្ទរ៖ នៅថ្ងៃនេះ អ្នកនឹងដឹងថា *គឺព្រះអម្ចាស់ដែលសង្រ្គោះអ្នករាល់គ្នា។ បន្ទរឡើងវិញ៖…
—ហើយនៅពេលព្រឹក អ្នករាល់គ្នានឹងឃើញសិរីរុងរឿងរបស់ព្រះអង្គ។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ នៅព្រឹកព្រលឹម ពេលព្រះអាទិត្យរះឡើងលើផ្ទៃមេឃ អ្នកនឹងឃើញព្រះមហាក្សត្រលើមហាក្សត្រនានា ដែលយាងមកពីព្រះបិតា ដូចកូនកំលោះបញ្ចេញរស្មីភ្លឺថ្លា ចេញពីបន្ទប់កូនក្រមុំ។
ពាក្យអង្វរសកល
ព្រះគ្រីស្តយេស៊ូបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាទាសករ។ ព្រះអង្គត្រូវល្បួងគ្រប់យ៉ាងដូចយើងខ្ញុំ ប៉ុន្តែ ព្រះអង្គមិនបានប្រព្រឹត្តអំពើបាបឡើយ។ នៅពេលនេះ ចូរយើងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ និងទូលអង្វរទៅព្រះអង្គ ដោយមានជំនឿយ៉ាងមុតមាំថា ៖
បន្ទរ៖ ដោយអានុភាពនៃការចាប់កំណើតជាមនុស្សរបស់ព្រះអង្គ សូមព្រះអង្គលួងលោមអស់អ្នកដែលព្រះអង្គបានសង្រ្គោះនោះផង !
ព្រះអង្គបានយាងមកក្នុងពិភពលោក នាយុគសម័យថ្មីនេះ ដែលពួកព្យាការីបានថ្លែងទុកមក
—សូមព្រះអង្គប្រោសប្រទានឱ្យប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គ បានទទួលនូវព្រះអំណោយទានថ្មីឡើងជានិច្ច នៅគ្រប់ជំនាន់តរៀងទៅ។ (បន្ទរ)
ព្រះអង្គបានទទួលយកលក្ខណៈជាមនុស្សទន់ខ្សោយរបស់យើងខ្ញុំ
—សូមព្រះអង្គប្រោសអ្នកពិការភ្នែកឱ្យបានភ្លឺ ប្រទានកម្លាំងដល់អ្នកដែលទន់ខ្សោយ និងលួងលោមអស់អ្នកដែលមានវិបត្តិផ្លូវចិត្តផង។ (បន្ទរ)
ព្រះអង្គបានប្រសូតមកក្នុងភាពក្រីក្រ និងទន់ទាប
—សូមព្រះអង្គទតមកអ្នកក្រីក្រដោយក្តីមេត្តា និងលួងលោមចិត្តពួកគេផង។ (បន្ទរ)
ដោយព្រះអង្គបានប្រសូតមកជាមនុស្ស ព្រះអង្គបាននាំអំណរសប្បាយ ដល់មនុស្សទាំងអស់ តាមរយៈព្រះបន្ទូលសន្យាស្តីអំពីជីវិតដែលគ្មានទីបញ្ចប់
—សូមព្រះអង្គប្រោសប្រទានអំណរសប្បាយដល់អ្នកដែលឈឺធ្ងន់ជិតស្លាប់ នូវសេចក្តីសង្ឃឹមដែលព្រះអង្គបានបម្រុងទុកសម្រាប់ជីវិតថ្មី នៅស្ថានបរមសុខផង។ (បន្ទរ)
ព្រះអង្គបានយាងមកលើផែនដីនេះ ដើម្បីនាំមនុស្សទាំងអស់ចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខ
—សូមព្រះអង្គចែករំលែកព្រះជន្មដ៏រុងរឿងរបស់ព្រះអង្គ ជាមួយអស់បងប្អូនដែលបានលាចាកលោកនេះទៅហើយផង។ (បន្ទរ)
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! នៅរាត្រីនេះ ព្រះអង្គសព្វព្រះហឫទ័យចាត់ព្រះបុត្រាឲ្យយាងមកបំភ្លឺមនុស្សគ្រប់ជាតិគ្រប់សាសន៍។ សូមព្រះអង្គមេត្តាប្រោសឲ្យមនុស្សទាំងអស់មានជំនឿមាំមួន និងស្គាល់ពីព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ ដើម្បីឲ្យពន្លឺរបស់ព្រះអម្ចាស់បំភ្លឺពិភពលោកសព្វថៃ្ងនេះ។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!

