១៩ ធ្នូ ២០២៦

Written on 08/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី៤ ថ្ងៃសៅរ៍

(ពេលល្ងាចទី១)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១២២

ក្រុងយេរូសាឡឹមដ៏វិសុទ្ធ

បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មក​ជិត​ក្រុង​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​បរម‌សុខ (ហប ១២,២២)។

បន្ទរទី១ ៖ មើលហ្ន៎ ! ព្រះអម្ចាស់ដែលមនុស្សលោកប្រាថ្នាចង់បាន ទ្រង់នឹងយាងមក ហើយព្រះដំណាក់របស់ព្រះអង្គនឹងពោរពេញដោយសិរីរុងរឿង អាលេលូយ៉ា!

១ នៅពេលគេប្រាប់ខ្ញុំថា ៖ យើងនាំគ្នាទៅព្រះដំណាក់របស់ព្រះអម្ចាស់! ខ្ញុំមានអំណរខ្លាំងណាស់។
២
ឱក្រុងយេរូសាឡឹមអើយ! យើងនាំគ្នាឈានជើងចូលមកដល់មាត់ទ្វាររបស់អ្នកហើយ!
៣
យេរូសាឡឹមអើយ! អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹងមាំ មានកំពែងដ៏ល្អប្រណីតព័ទ្ធជុំវិញ។
៤
កុលសម្ពន្ធនានារបស់ព្រះអម្ចាស់នាំគ្នាឡើងមកទីនេះ
ដើម្បីលើកតម្កើងព្រះនាមព្រះអម្ចាស់ តាមច្បាប់របស់ជនជាតិអ៊ីស្រាអែល។
៥
នៅទីនេះ ក៏មានបល្ល័ង្កនៃព្រះរាជវង្សរបស់ស្តេចដាវីឌ
ដើម្បីគ្រប់គ្រងប្រជារាស្ត្រដោយយុត្តិធម៌ដែរ។
៦
ចូរនាំគ្នាទូលសូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡឹម
សូមឱ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ អាចរស់នៅយ៉ាងសុខសាន្ត!
៧
សូមឱ្យអស់អ្នកដែលរស់នៅខាងក្នុងកំពែងក្រុង បានប្រកបដោយសេចក្តីសុខ
សូមឱ្យវិមាននានានៅក្នុងក្រុងបានសុខក្សេមក្សាន្ត។
៨
ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ
ខ្ញុំពោលថា ៖ សូមឱ្យក្រុងយេរូសាឡឹមបានប្រកបដោយសេចក្តីសុខសាន្ត!
៩
ដោយយល់ដល់ព្រះដំណាក់របស់ព្រះអម្ចាស់ជាព្រះនៃយើង
ខ្ញុំសូមឱ្យអ្នកបានប្រកបដោយសុភមង្គល!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ មើលហ្ន៎ ! ព្រះអម្ចាស់ដែលមនុស្សលោកប្រាថ្នាចង់បាន ទ្រង់នឹងយាងមក ហើយព្រះដំណាក់របស់ព្រះអង្គនឹងពោរពេញដោយសិរីរុងរឿង អាលេលូយ៉ា!

ទំនុកតម្កើងលេខ ១៣០

ពី​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ ទូល‌បង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គ

“បុត្រនោះនឹងសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គឱ្យរួចពីបាបរបស់គេ” (មថ ១,២១)។

បន្ទរទី២ ៖ ឱព្រះអម្ចាស់អើយ ! សូមយាងមកកុំបង្អង់ឡើយ ! សូមព្រះអង្គយាងមកដោះលែងប្រជារាស្រ្តព្រះអង្គ ឱ្យរួចពីបាបរបស់ពួកគេ។

(បទពាក្យ ៧)

១- បពិត្រព្រះជាអម្ចាស់អើយ ទូលបង្គំស្រែកហើយរកព្រះអង្គ  
  ពីក្នុងរណ្តៅជ្រៅកន្លង មេត្តាជួយផងផុតពីស្លាប់ ។
២- សំឡេងខ្ញុំឮដូចចម្រៀង សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់  
  ពាក្យខ្ញុំអង្វរទទូចប្រាប់ រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស ។
៣- បពិត្រព្រះម្ចាស់ដ៏ឧត្តម បើព្រះអង្គចាំពីកំហុស  
  អំពើបាបកម្មមនុស្សស្រីប្រុស គ្មានម្នាក់ណាសោះរួចខ្លួនឡើយ ។
៤- ប៉ុន្តែព្រះអង្គតែងអត់ទោស ប្រណីសន្តោសខ្ញុំធូរស្បើយ  
  រួចផុតទុក្ខទោសបានល្ហែល្ហើយ គឺព្រះអង្គហើយខ្ញុំគោរព ។
៥- ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ជីវិតខ្ញុំនេះផ្ញើសព្វគ្រប់  
  សង្ឃឹមលើព្រះបន្ទូលគាប់ មិនឈរមិនឈប់ទេព្រះអង្គ ។
៦- ខ្ញុំទន្ទឹងចាំព្រះអម្ចាស់ ជាងអ្នកយាមផ្ទះទៅទៀតផង  
  ពេលឃើញថ្ងៃរះស្រស់បំព្រង រួចផុតទុក្ខផងមួយរាត្រី ។
៧- ឱអ៊ីស្រាអែលសូមទុកចិត្ត ព្រះល្អវិសុទ្ធដោយព្រះទ័យ  
  មេត្តាករុណាត្រាប្រណី ទ្រង់សព្វព្រះទ័យជួយជានិច្ច ។
៨- ព្រះអង្គរំដោះអ៊ីស្រាអែល ពីកំហុសដែលមានច្រើនតិច  
  គេបានប្រព្រឹត្តជាប់ជានិច្ច ព្រះអង្គសម្រេចបានសុខសាន្ត ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមយាងមកកុំបង្អង់ឡើយ ! សូមព្រះអង្គយាងមកដោះលែងប្រជារាស្រ្តព្រះអង្គ ឱ្យរួចពីបាបរបស់ពួកគេ។

បទលើកតម្កើងតាមលិខិតភីលីព (ភីល ២,៦-១១)

ព្រះគ្រីស្តជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ លុះដល់ពេលកំណត់ ព្រះជាម្ចាស់ក៏ចាត់ព្រះបុត្រាព្រះអង្គឱ្យយាងមកក្នុងពិភពលោក។

៦ ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ
ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ
ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។
៧
ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាទាសករ
ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ
ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។
៨
ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត
គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។
៩
ហេតុនេះហើយបានជាព្រះជាម្ចាស់ លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត
ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
១០
ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ
១១
និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់
ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ លុះដល់ពេលកំណត់ ព្រះជាម្ចាស់ក៏ចាត់ព្រះបុត្រាព្រះអង្គឱ្យយាងមកក្នុងពិភពលោក។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ភីល ៣,២០-២១)

រីឯ​យើង​វិញ មាតុ‌ភូមិ​របស់​យើង​នៅ​ស្ថាន​បរម‌សុខ ហើយ​យើង​នៅ​ទន្ទឹង​រង់‌ចាំ​ព្រះ‌សង្គ្រោះ គឺ​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ត​យាង​មក​ពី​ស្ថាន​នោះ។ ព្រះ‌អង្គ​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ដ៏​ថោក​ទាប​របស់​យើង​នេះ ឱ្យ​បាន​ដូច​ព្រះ‌កាយ​ប្រកប​ដោយ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ ដោយ​មហិទ្ធិ‌ឫទ្ធិ ដែល​ធ្វើ​ឱ្យ​ព្រះ‌អង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។

បន្ទរ៖ ឱព្រះជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា ! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖…
—សូមទតមកយើងខ្ញុំដោយព្រះ‌ហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់របស់​លោក​យេសាយ ព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យទៅជាទីសម្គាល់សម្រាប់ប្រជាជាតិទាំងឡាយ។ ស្តេចនានា ឈរនៅស្ងៀមស្ងាត់ចំពោះព្រះភក្ត្រព្រះអង្គ។ ប្រជាជនទាំងអស់នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ។ សូមព្រះអង្គយាងមក កុំឱ្យអ្វីមួយឃាត់ព្រះអង្គ មិនឱ្យមកជួយសង្គ្រោះយើងខ្ញុំនោះឡើយ។

ពាក្យអង្វរសកល

បពិត្រព្រះគ្រីស្តជាព្រះអម្ចាស់ ដែលវិនិច្ឆ័យទោសមនុស្សទាំងរស់ទាំងស្លាប់ ! ចូរយើងស្រែកទូលអង្វរព្រះអង្គដោយជំនឿថា ៖

បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ ! សូមយាងមក !

បពិត្រព្រះអម្ចាស់! សូមឱ្យពិភពលោកស្គាល់ពីយុត្តិធម៌របស់ព្រះអង្គ ដែលផ្ទៃមេឃបានថ្លែងប្រាប់
—សូមឱ្យផែនដីបានពោរពេញដោយសិរី រុងរឿងរបស់ព្រះអង្គ។ (បន្ទរ)
 
ដើម្បីយើងខ្ញុំ ព្រះអង្គបានទទួលយកភាពទន់ខ្សោយរបស់មនុស្សលោក មកដាក់លើខ្លួនព្រះអង្គ
—សូមការពារយើងខ្ញុំដោយសារកម្លាំង ដែលមកពីព្រះជន្មរបស់ព្រះអង្គផ្ទាល់។ (បន្ទរ)
 
សូមព្រះអង្គយាងមករកអស់អ្នកដែលជាប់ក្នុងទីងងឹត ព្រោះតែភាពល្ងង់ខ្លៅ
—សូមយាងមកបំភ្លឺពួកគេ ដោយសាររស្មីពន្លឺដែលមកពីព្រះអង្គផ្ទាល់ផង។ (បន្ទរ)
 
នៅក្នុងរូបកាយជាមនុស្ស ព្រះអង្គបានបន្ទាបខ្លួន ហើយព្រះអង្គបានដកយកអំពើបាបចេញពីយើងខ្ញុំ
—ឥឡូវនេះ ដោយយល់ដល់សិរីរុងរឿងរបស់ព្រះអង្គ សូមប្រោសប្រទានឱ្យយើងខ្ញុំមានសុភមង្គលដ៏ពិតប្រាកដផង។ (បន្ទរ)
 
នៅពេលព្រះអង្គយាងមកក្នុងសិរីរុងរឿង ដើម្បីវិនិច្ឆ័យទោសយើងខ្ញុំ
—សូមព្រះអង្គប្រមូលមនុស្សស្លាប់ទាំងអស់ ចូលក្នុងព្រះរាជ្យរបស់ព្រះអង្គផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសម្តែងសិរីរុងរឿងដ៏អស្ចារ្យរបស់ព្រះអង្គ ដោយប្រោសឱ្យស្រ្តីព្រហ្មចារីម្នាក់អាចបង្កើតកូនបាន។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យមានជំនឿកាន់តែមាំមួនឡើងៗ និងសុខចិត្តធ្វើតាមព្រះហឫទ័យព្រះអង្គដោយចិត្តស្រឡាញ់។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!