១៨ ធ្នូ ២០២៦

Written on 09/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី៣ ថ្ងៃសុក្រ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១៣៥

ចូរសរសើរតម្កើងព្រះជាម្ចាស់សម្រាប់ការអស្ចារ្យ ដែលព្រះអង្គបានប្រព្រឹត្តចំពោះយើង

បងប្អូនជាប្រជារាស្ត្រ ដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ
ដើម្បីឱ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ
ដែលបានហៅបងប្អូនឱ្យចេញពីទីងងឹត មកកាន់ពន្លឺរុងរឿងរបស់ព្រះអង្គ (១សល ២,៩)។

ថ្ងៃទី១៧-២៣ ខែធ្នូ

បន្ទរទី១ ៖ ព្រះមហាក្សត្រនឹងយាងមកពីក្រុងស៊ីយ៉ូន ! ព្រះអម្ចាស់ជាព្រះដែលគង់នៅជាមួយយើង។ ព្រះនាមរបស់ព្រះអង្គមានឫទ្ធានុភាព។

(ក)

១ អាលេលូយ៉ា!
ចូរសរសើរតម្កើងព្រះអម្ចាស់! ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់!
អ្នកបម្រើរបស់ព្រះអម្ចាស់អើយ! ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!
២
អ្នករាល់គ្នាដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
អ្នករាល់គ្នាដែលស្ថិតនៅក្នុងបរិវេណព្រះដំណាក់របស់ព្រះនៃយើងអើយ!
៣
ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ចូរច្រៀងតម្កើងថ្វាយព្រះនាមព្រះអង្គ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងយើង។
៤
ព្រះអម្ចាស់បានជ្រើសរើសពូជពង្សលោកយ៉ាកុប
ព្រះអង្គយកជនជាតិអ៊ីស្រាអែលធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ។
៥
ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម
ព្រះអម្ចាស់របស់យើងប្រសើរលើសព្រះដទៃទាំងប៉ុន្មាន។
៦
បើព្រះអម្ចាស់សព្វព្រះហឫទ័យធ្វើការអ្វី ព្រះអង្គនឹងសម្រេចបានទាំងអស់
ទាំងនៅលើផ្ទៃមេឃ ទាំងនៅលើផែនដី នៅក្នុងសមុទ្រ និងនៅក្នុងទីជម្រៅនៃបាតសមុទ្រ។
៧
ព្រះអង្គនាំពពកចេញពីជើងមេឃ ព្រះអង្គធ្វើឱ្យមានផ្លេកបន្ទោរ ដើម្បីឱ្យភ្លៀងធ្លាក់
ព្រះអង្គក៏បញ្ចោញខ្យល់ឱ្យបក់បោកមកដែរ។
៨
ព្រះអង្គបានប្រហារកូនច្បងទាំងឡាយនៅស្រុកអេស៊ីប
គឺចាប់តាំងពីកូនមនុស្ស រហូតដល់កូនសត្វពាហនៈ។
៩
ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ នៅស្រុកអេស៊ីប
ដើម្បីដាក់ទោសព្រះចៅផារ៉ោន និងមន្ត្រីទាំងប៉ុន្មានរបស់ស្តេច។
១០
ព្រះអង្គបានវាយប្រហារប្រជាជាតិជាច្រើន
ព្រះអង្គបានវាយប្រហារជីវិតស្តេចដ៏ខ្លាំងពូកែ
១១
គឺព្រះបាទស៊ីហុន ជាស្តេចស្រុកអាម៉ូរី ព្រះបាទអុកជាស្តេចស្រុកបាសាន
និងស្តេចទាំងប៉ុន្មានរបស់ជនជាតិកាណាន។
១២
ព្រះអង្គប្រគល់ទឹកដីរបស់ពួកគេ ឱ្យអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ទុកជាមត៌ក។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះមហាក្សត្រនឹងយាងមកពីក្រុងស៊ីយ៉ូន ! ព្រះអម្ចាស់ជាព្រះដែលគង់នៅជាមួយយើង។ ព្រះនាមរបស់ព្រះអង្គមានឫទ្ធានុភាព។

ថ្ងៃទី១៧-២៣ ខែធ្នូ

បន្ទរទី២ ៖ ចូរទន្ទឹងរង់ចាំព្រះអម្ចាស់ ហើយព្រះអង្គនឹងយាងមកសង្រ្គោះអ្នក ដោយឫទ្ធិបារមីដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។

(ខ)

(បទកាកគតិ)

១៣- បពិត្រព្រះម្ចាស់ ព្រះនាមរបស់ ព្រះអង្គគង់វង្ស
  ជារៀងរហូត ល្បីល្បាញយូរលង់ ត្រចះត្រចង់
    អស់កល្បឥតរា ។
១៤- ដ្បិតព្រះអង្គរក យុត្តិធម៌នាំមក ឱ្យរាស្ត្រប្រជា
  ព្រះអង្គអាណិត អាសូរគ្រប់គ្រា អស់កូនចៅជា
    អ្នកស្ម័គ្របម្រើ ។
១៥- ព្រះផ្សេងឯទៀត ជាព្រះមិនពិត កើតពីមនុស្សធ្វើ
  ពីមាសពីប្រាក់ ពីស្ពាន់ពីឈើ អ្វីសព្វសារពើ
    ជាព្រះក្លែងក្លាយ ។
១៦- ព្រះនោះមានមាត់ បើកបិទមិនកើត មិនអាចនិយាយ
  មាត់ដែលជាងឆ្លាក់ គេដាក់មកឱ្យ ភ្នែកដែលមានហើយ
    តែបើកមិនរួច ។
១៧- ត្រចៀកក៏មាន តែស្តាប់មិនបាន ដូចត្រចៀកខូច
  ស្រេចតែជាងធ្វើ តាមធំតាមតូច ខ្យល់ចូលមិនរួច
    ដង្ហើមក៏គ្មាន ។
១៨- សូមឱ្យអស់អ្នក ដែលខំសូនឆ្លាក់ ឥតមានស្រាកស្រាន្ត
  ធ្វើព្រះក្លែងក្លាយ ដែលមានប៉ុន្មាន ឱ្យពួកគេបាន
    ដូចព្រះទាំងនោះ ។
១៩- អ៊ីស្រាអែលអើយ កុំនៅកន្តើយ នាំគ្នាទាំងអស់
  ខំលើកតម្កើង ព្រះជាអម្ចាស់ ទាំងពូជរបស់
    លោកអរ៉ុនផង ។
២០- គ្រួសារលេវី ចូរមកមូលមីរ សរសើរផ្គូរផ្គង
  និងអ្នកដែលធ្លាប់ គោរពព្រះអង្គ សរសើរថ្កើងថ្កាន
    ព្រះម្ចាស់នៃយើង ។
២១- ចូរយើងនាំគ្នា មកផ្តុំមូលមីរ សរសើរតម្កើង
  ព្រះជាអម្ចាស់ គង់ភ្នំស៊ីយ៉ូន និងនៅក្នុងក្រុង
    យេរូសាឡឹម ។
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច ។

បន្ទរ ៖ ចូរទន្ទឹងរង់ចាំព្រះអម្ចាស់ ហើយព្រះអង្គនឹងយាងមកសង្រ្គោះអ្នក ដោយឫទ្ធិបារមីដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)

ទំនុកតម្កើងនៃការគោរពប្រណិប័តន៍

ថ្ងៃទី១៧-២៣ ខែធ្នូ

បន្ទរទី៣ ៖ ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អម្ចាស់ ខ្ញុំរង់ចាំព្រះសង្គ្រោះដែលកំពុងយាងមក ដោយចិត្តសង្ឃឹម។

៣ “ឱព្រះជាម្ចាស់ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ
ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់!
ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ
មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!
៤
បពិត្រព្រះអម្ចាស់!
តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ?
តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ?
ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។
មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌”។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អម្ចាស់ ខ្ញុំរង់ចាំព្រះសង្គ្រោះដែលកំពុងយាងមក ដោយចិត្តសង្ឃឹម។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ភីល ៤,៤-៥)

ចូរ​បង‌ប្អូន​អរ​សប្បាយ ដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់​ជា‌និច្ច ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង! ចូរ​សម្ដែង​ឱ្យ​មនុស្ស‌ម្នា​ទាំង​អស់​ស្គាល់​សន្ដាន​ចិត្ត​សប្បុរស​របស់​បង‌ប្អូន ព្រះ‌អម្ចាស់​ជិត​យាង​មក​ដល់​ហើយ។

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ *សូម​សម្ដែង​ព្រះ‌ហឫទ័យមេត្តា‌ករុណា​ចំពោះ​យើង​ខ្ញុំ!។ បន្ទរឡើងវិញ៖…
—ហើយ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ឱព្រះដ៏វិសុទ្ធរបស់បុព្វបុរសអ៊ីស្រាអែលអើយ! ព្រះអង្គបានបង្ហាញ ខ្លួនឱ្យលោកម៉ូសេឃើញ នៅកណ្តាលគុម្ពោត និងបានប្រទានធម្មវិន័យដ៏វិសុទ្ធដល់លោក នៅលើភ្នំស៊ីណៃ។ សូមព្រះអង្គលាតត្រដាងព្រះហស្តដ៏មានឫទ្ធានុភាពរបស់ព្រះអង្គ មករំដោះយើងខ្ញុំឱ្យមានសេរីភាពផង។

ពាក្យអង្វរសកល

បពិត្រព្រះគ្រីស្តជាព្រះអម្ចាស់! ព្រះអង្គបានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយអំណរសប្បាយថា ៖

បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ ! សូមយាងមក !

បពិត្រព្រះអម្ចាស់យេស៊ូ ! ដោយព្រះអង្គបានប្រសូតមកជាមនុស្ស ព្រះអង្គបង្ហាញសិរីរុងរឿងឱ្យពិភពលោកស្គាល់
—សូមប្រទានជីវិតថ្មីឱ្យយើងខ្ញុំ ដោយការយាងមករបស់ព្រះអង្គផង។ (បន្ទរ)
 
ព្រះអង្គបានទទួលយកភាពទន់ខ្សោយរបស់យើងខ្ញុំ មកដាក់លើព្រះអង្គ
—សូមអាណិតអាសូរយើងខ្ញុំ។ (បន្ទរ)
 
ពេលព្រះអង្គយាងមកលើកដំបូង ព្រះអង្គបានបន្ទាបព្រះកាយ ដើម្បីសង្រ្គោះពិភពលោកឱ្យរួចពីបាប
—សូមរំដោះយើងខ្ញុំឱ្យរួចផុតពីទោសកំហុសទាំងឡាយ នៅពេលព្រះអង្គយាងមកវិញ ក្នុងសិរីរុងរឿងនោះផង។ (បន្ទរ)
 
ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យលើអ្វីៗទាំងអស់ 
—សូមនាំយើងខ្ញុំឱ្យទទួលមត៌កអស់កល្បជានិច្ច ក្នុងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ (បន្ទរ)
 
ព្រះអង្គគង់នៅខាងស្តាំព្រះបិតា
—សូមឱ្យវិញ្ញាណក្ខន្ធទាំងឡាយបានរីករាយជាមួយនឹងពន្លឺរបស់ព្រះអង្គផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសម្តែងសិរីរុងរឿងដ៏អស្ចារ្យរបស់ព្រះអង្គ ដោយប្រោសឱ្យស្រ្តីព្រហ្មចារីម្នាក់អាចបង្កើតកូនបាន។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យមានជំនឿកាន់តែមាំមួនឡើងៗ និងសុខចិត្តធ្វើតាមព្រះហឫទ័យព្រះអង្គដោយចិត្តស្រឡាញ់។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!