រដូវរង់ចាំ សប្តាហ៍ទី១ ថ្ងៃអាទិត្យ (ល្ងាចទី២)
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១០,១-៥.៧
ព្រះមេស្ស៊ី គឺជាព្រះមហាក្សត្រ និងជាបូជាចារ្យ
ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។
បន្ទរទី១ ៖ ប្រជាជននៃក្រុងស៊ីយ៉ូនអើយ ចូរស្រែកហ៊ោដោយអំណរ! ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរីករាយឡើង! អាលេលូយ៉ា!
១ ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាព្រះអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ! ”។
២ សូមព្រះជាអម្ចាស់ប្រោសប្រទាន ឱ្យព្រះរាជ្យរបស់ព្រះករុណា
លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!
៣ នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ
ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។
៤ ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។
៥ ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា
នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។
៧ នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះរួចហើយ ព្រះអង្គងើបព្រះភក្រ្តប្រកបដោយជោគជ័យ។
សូមកោតសរសើរ...
បន្ទរ៖ ប្រជាជននៃក្រុងស៊ីយ៉ូនអើយ ចូរស្រែកហ៊ោដោយអំណរ! ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរីករាយឡើង! អាលេលូយ៉ា!
ទំនុកតម្កើងលេខ ១១៤,១-៨
ប្រជាជនអ៊ីស្រាអែលបានសេរីភាពពីប្រទេសអេស៊ីប
អ្នកដែលបានលះបង់ពិភពលោកនេះ ក៏ត្រូវបានដឹកនាំចេញពីប្រទេសអេស៊ីបផងដែរ (សន្តអូគូស្ទីន)។
បន្ទរទី២៖ ព្រះគ្រីស្ត ជាព្រះមហាក្សត្ររបស់យើង នឹងយាងមក។ ព្រះអង្គជាកូនចៀម ស្របតាមពាក្យសម្ដីរបស់លោកយ៉ូហានពិតមែន។
(បទពាក្យ ៧)
| ១- | ពេលអ៊ីស្រាអែលបានចាកចេញ | ពីអេស៊ីបវិញហើយពេលនោះ | |
| ពូជពង្សយ៉ាកុបចេញទាំងអស់ | ពីដីបរទេសមិនសល់នៅ | ។ | |
| ២- | ឯប្រជាជនជាតិយូដា | បានក្លាយទៅជាឥតហ្មងសៅ | |
| ជាប្រជាជាតិមិនអាស្រូវ | វិសុទ្ធពេកកូវផ្ទាល់ព្រះអង្គ | ។ | |
| ៣- | ពេលទឹកសមុទ្រឃើញពួកគេ | តក់ស្លុតម៉្លេះទេមិនបង្អង់ | |
| គេចខ្លួនថយទៅមិនរេរង់ | ទាំងយ័រដាន់ផងក៏ថយដែរ | ។ | |
| ៤- | ភ្នំតូចភ្នំធំភ្នំទាំងអស់ | នៅមិនស្ងៀមសោះដូចពពែ | |
| លោតទៅលោតមកមិនឈប់ទេ | ភ្នំតូចលោតដែរដូចកូនចៀម | ។ | |
| ៥- | ឱសមុទ្រអើយម្តេចក៏អ្នក | រត់គេចជាជាក់ទៅនៅស្ងៀម | |
| អ្នកធ្លាប់រលកលោតរវាម | ម្តេចសំងំស្ងៀមធ្មឹងដូច្នេះ | ។ | |
| ឱទឹកទន្លេយ័រដាន់អើយ | ពេលនេះម្តេចឡើយរត់លឿនម៉្លេះ | ||
| ម្តេចអ្នកដកខ្លួនឆាប់ដូច្នេះ | តើរឿងទាំងនេះមកពីអ្វី | ។ | |
| ៦- | ភ្នំអើយម្តេចអ្នកមិនឈប់លោត | ផ្លាស់ប្តូររហូតដូចសត្វព្រៃ | |
| ភ្នំតូចអើយអ្នកលោតព្រោះអ្វី | មិនស្គាល់យប់ថ្ងៃមិនសម្រាក | ។ | |
| ៧- | ឱផែនដីអើយចូររីករាយ | អំណរសប្បាយចំពោះភក្រ្ត | |
| ព្រះជាអម្ចាស់របស់អ្នក | និងចំពោះភក្រ្តព្រះយ៉ាកុប | ។ | |
| ៨- | គឺទ្រង់បានធ្វើឱ្យសិលា | ប្រែក្លាយទៅជាបឹងសាយសព្វ | |
| ឱ្យថ្មប្រែក្លាយជាប្រភព | ទឹកហូរឥតឈប់ឥតស្រាកស្រាន្ត | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ ព្រះគ្រីស្ត ជាព្រះមហាក្សត្ររបស់យើង នឹងយាងមក។ ព្រះអង្គជាកូនចៀម ស្របតាមពាក្យសម្ដីរបស់លោកយ៉ូហានពិតមែន។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៧)
វិវាហមង្គលការកូនចៀម
បន្ទរទី៣៖ ព្រះអង្គមានព្រះបន្ទូលថា៖ “ចូរស្ដាប់ យើងនឹងមកដល់ ក្នុងពេលឆាប់ៗ ទាំងយករង្វាន់មកចែកឱ្យម្នាក់ៗ តាម អំពើដែលខ្លួនបានប្រព្រឹត្ត។
បន្ទរ៖ ព្រះអង្គមានព្រះបន្ទូលថា៖ “ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ ទាំងយករង្វាន់មកចែកឱ្យម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ( ភីល ៤,៤-៧)
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
អាទិត្យទី១៖ កុំខ្លាចអី ម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ។ នាងនឹងមានគភ៌ សម្រាលបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះនាមថា “យេស៊ូ” អាលេលូយ៉ា!។
ពាក្យអង្វរសកល ៖ អាទិត្យទី១&៣
បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមយាងមកគង់នៅជាមួយនឹងយើងខ្ញុំ!
—សូមយាងមកសោយរាជ្យលើប្រជារាស្រ្តរបស់ព្រះអង្គអស់កល្បជានិច្ច។ (បន្ទរ)
—សូមព្រះអង្គប្រទានអំណរសប្បាយដល់ពិភពលោក ដោយសារព្រះអង្គសង្រ្គោះគេផង។ (បន្ទរ)
—សូមព្រះអង្គយាងមកសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ ឱ្យរួចពីអំពើបាបរបស់ពួកគេផង។ (បន្ទរ)
—សូមយាងមកផ្តល់ភាពកក់ក្តៅឱ្យយើងខ្ញុំ។ (បន្ទរ)
—សូមព្រះអង្គរះបំភ្លឺអស់អ្នកដែលស្ថិតក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ផង។ (បន្ទរ)
ធម៌ "ឱព្រះបិតា"
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គមានព្រះបន្ទូលសន្យាថានឹងប្រែផៃ្ទមេឃ និងផែនដីឲ្យបានថ្មីល្អឥតខ្ចោះ។
សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំយកចិត្តទុកដាក់នឹងសញ្ញាសម្គាល់ ដែលបង្ហាញពីព្រះបុត្រាព្រះអង្គកំពុងយាងមក។
សូមប្រោសឲ្យយើងខ្ញុំមានសេចក្តីក្លាហាន និងប្រុងស្មារតីជានិច្ច ក្នុងការកសាងពិភពលោកថ្មី ស្របតាមព្រះហឫទ័យព្រះអង្គ។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

