២៩ វិច្ឆិកា ២០២៥

Written on 29/11/2026
Mary Siya Khim

 រដូវរង់ចាំ សប្ដាហ៍ទី១ ថ្ងៃអាទិត្យ (ល្ងាចទី១)

ថ្ងៃសៅរ៍ (ពេលល្ងាច)

ចាប់ពីអាទិត្យទី១ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ

ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១៤១,១-៩

ពាក្យអធិដ្ឋានក្នុងគ្រាមានអាសន្ន

“ផ្សែងគ្រឿងក្រអូបនោះក៏ហុយចេញពីដៃទេវទូតឡើងទៅលើ ជាមួយពាក្យអធិដ្ឋានរបស់ប្រជាជនដ៏វិសុទ្ធ នៅចំពោះព្រះភក្ត្ររបស់ព្រះជាម្ចាស់” (វវ ៨,៤)។

បន្ទរទី១ ៖ ចូរប្រកាសនៅក្នុងចំណោមប្រជា‌ជាតិនានា! មើល៍‌ហ្ន៎! ព្រះ‌អង្គយាងមកសង្គ្រោះអ្នករាល់គ្នាហើយ!

ឱព្រះអម្ចាស់អើយ! ទូលបង្គំសូមអង្វរព្រះអង្គ សូមមេត្តាយាងមកជួយទូលបង្គំជាប្រញាប់! ពេលទូលបង្គំអង្វរព្រះអង្គ សូមផ្ទៀងព្រះការណ៍ស្តាប់ទូលបង្គំផង!

សូមឱ្យពាក្យអធិដ្ឋានរបស់ទូលបង្គំឡើងទៅដល់ព្រះអង្គ ដូចផ្សែងគ្រឿងក្រអូប សូម​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​ទូលបង្គំ ដូច​តង្វាយ​នៅ​ពេល​ល្ងាច!​

ឱព្រះអម្ចាស់អើយ! សូមរក្សាមាត់ទូលបង្គំ សូមកុំឱ្យទូលបង្គំពោលពាក្យអាក្រក់ឡើយ។

សូមកុំបណ្តោយឱ្យចិត្តទូលបង្គំ លំអៀងទៅរកអំពើអាក្រក់ ហើយប្រព្រឹត្តអំពើទុច្ចរិតរួមជាមួយមនុស្សទុច្ចរិត សូមកុំឱ្យទូលបង្គំចូលរួមជប់លៀងជាមួយពួកគេឡើយ។

បើមនុស្សសុចរិតវាយប្រដៅ និងស្តីបន្ទោសទូលបង្គំ ដោយចិត្តស្មោះត្រង់ ទូលបង្គំមិនប្រកែកទេ ព្រោះជាការល្អចំពោះទូលបង្គំ ប្រៀប​ដូច​ជា​ទឹក​អប់​ហូរ​លើ​ក្បាល​ទូលបង្គំ។ ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្តអធិដ្ឋាន តបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។

សូមឱ្យចៅក្រមរបស់ពួកនោះ ត្រូវគេច្រានទម្លាក់ទៅក្នុងក្រហែងថ្ម ហើយសូមឱ្យបច្ចាមិត្តស្ដាប់សេចក្ដី ដែលទូលបង្គំនិយាយដោយសុទ្ធចិត្ត។

“ដីប្រេះចេញពីគ្នាយ៉ាងណា សូមឱ្យស្ថានមនុស្សស្លាប់បើកចំហ លេបឆ្អឹងរបស់គេដែលនៅរាយប៉ាយ គ្រប់ទីកន្លែងយ៉ាងនោះដែរ”។

បពិត្រព្រះជាអម្ចាស់! ទូលបង្គំសម្លឹងទៅរកព្រះអង្គជានិច្ច ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ សូមកុំបណ្តោយឱ្យទូលបង្គំបាត់បង់ជីវិត។

សូមការពារទូលបង្គំឱ្យរួចផុតពីអន្ទាក់ ដែលគេដាក់ចាំចាប់ទូលបង្គំ សូមកុំឱ្យទូលបង្គំធ្លាក់ទៅក្នុងរណ្តៅរបស់មនុស្សទុច្ចរិតឡើយ។

សូមកោតសរសើរ...

បន្ទរ៖ ចូរប្រកាសនៅក្នុងចំណោមប្រជា‌ជាតិនានា! មើល៍‌ហ្ន៎! ព្រះ‌អង្គ យាងមកសង្គ្រោះអ្នករាល់គ្នាហើយ!

ទំនុកតម្កើងលេខ ១៤២

ព្រះអង្គជាជម្រករបស់ទូលបង្គំ

អ្វីដែលបានសរសេរនៅក្នុងទំនុកតម្កើងនេះ ត្រូវបានបំពេញនៅក្នុងទុក្ខលំបាករបស់ព្រះអម្ចាស់យើង (សន្តហ៊ីលឡារី)។

បន្ទរទី២ ៖ ព្រះ‌អម្ចាស់នឹងយាងមក ហើយប្រជាជនដ៏‌វិសុទ្ធទាំងអស់ របស់ព្រះ‌អង្គក៏មកជាមួយដែរ។ នៅថ្ងៃនោះ នឹងមាន ឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាច អាលេលូយ៉ា !

(បទកាកគតិ)

២- ខ្ញុំខំបន្លឺ សម្លេងរន្ទឺ អង្វរព្រះម្ចាស់
  ស្រែកដោយទទូច ឱ្យទ្រង់ឮច្បាស់ ព្រោះរូបខ្ញុំនេះ
    វេទនាពេកក្រៃ
៣- ខ្ញុំទូលព្រះអង្គ ឱ្យបានជ្រាបផង នូវអស់អត្ថន័យ
  ពីពាក្យត្អូញត្អែរ ទុក្ខសោករីងរៃ វេទនារាល់ថ្ងៃ
    ស្ទើរក្ស័យជីវិត
៤- ពេលទូលបង្គំ មានទុក្ខក្រៀមក្រំ បាក់ធ្លាក់ទឹកចិត្ត
  ព្រះអង្គជ្រាបច្បាស់ ពីដំណើរពិត ពួកគេជុំជិត
    ដាក់អន្ទាក់ខ្ញុំ
៥- សូមទ្រង់ទតចុះ គ្មាននរណាសោះ អើពើទូលបង្គំ
  គ្មានទីជ្រកកោន ឱ្យបានសមរម្យ នរណាក៏ពុំ
    រវល់ឡើយណា
៦- បពិត្រព្រះម្ចាស់ ខ្ញុំស្រែកពោលនេះ អង្វរទ្រង់ថា
  ទ្រង់ជាជម្រក នៅក្នុងលោកា គ្មានអ្វីអស្ចារ្យ
    ជាងព្រះអង្គឡើយ
៧- សូមទ្រង់ប្រណី សម្តែងហឫទ័យ កុំបីកន្តើយ
  ដ្បិតទូលបង្គំ ទាល់ច្រកអស់ហើយ រំដោះឱ្យស្បើយ
    ពីជនអប្រីយ៍
៨- សូមដោះលែងខ្ញុំ ផុតពីទុក្ខធំ មានសិទ្ធិសេរី
  ដើម្បីខ្ញុំអាច ថ្កើងព្រះនាមល្បី ចំណោមប្រុសស្រី
    នៃជនសុចរិត
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ៖ ព្រះ‌អម្ចាស់នឹងយាងមក ហើយប្រជាជនដ៏‌វិសុទ្ធទាំងអស់របស់ ព្រះ‌អង្គក៏មកជាមួយដែរ។ នៅថ្ងៃនោះ នឹងមានឃើញពន្លឺមួយដ៏ចិញ្ចែង‌ចិញ្ចាច អាលេលូយ៉ា ! 

បទលើកតម្កើងតាមលិខិតទៅភីលីព (ភីល ២,៦-១១)

ព្រះគ្រីស្ដជាអ្នកបម្រើរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ ពេលនោះ ព្រះ‌អម្ចាស់នឹងសម្ដែងសិរី‌រុងរឿងឱ្យមនុស្សលោកឃើញ ក្នុងពេលជាមួយគ្នា។

ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈ ដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។

ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។

ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។

ហេតុនេះហើយ បានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គ មានព្រះនាមប្រសើរលើសអ្វីៗទាំងអស់

១០ ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ

១១ និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។

សូមកោតសរសើរ...

បន្ទរ៖ ពេលនោះ ព្រះ‌អម្ចាស់នឹងសម្ដែងសិរី‌រុងរឿងឱ្យមនុស្សលោក ឃើញក្នុងពេលជាមួយគ្នា។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់     (១ថស ៥,២៣-២៤)

សូម​ព្រះជាម្ចាស់ជា​ប្រភព​នៃ​សេចក្ដី​សុខសាន្ត​ប្រោស​បងប្អូន​ឲ្យ​វិសុទ្ធ​ទាំង​ស្រុង។ សូម​ព្រះអង្គ​ថែរក្សា​ខ្លួន​បងប្អូន​ទាំង​មូល ទាំង​វិញ្ញាណ ទាំង​ព្រលឹង ទាំង​រូប​កាយ​ឲ្យ​បាន​ស្អាត​ឥត​សៅហ្មង នៅ​ថ្ងៃ​ព្រះយេស៊ូគ្រីស្ត​ជា​អម្ចាស់​នៃ​យើង​យាង​មក។ ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​បងប្អូន​មក ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ព្រះអង្គ​នឹង​សម្រេច​ការ​នេះ​ជា​ពុំខាន។
បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ! *សូម​សម្ដែង​ព្រះ‌ហឫទ័យមេត្តា‌ករុណា​ចំពោះ​ យើង​ខ្ញុំ។ បន្ទរឡើងវិញ៖...
—ហើយ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!។ បន្ទរ៖ *...
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖...

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

អាទិត្យទី១៖ មើល ព្រះអម្ចាស់​ផ្ទាល់​នឹង​យាង​មក​ពី​ចម្ងាយ ផែនដី​ទាំង​មូល​ពោរពេញ​ទៅ​ដោយ​សិរី‌រុង​រឿងរបស់​ព្រះអង្គ!

ពាក្យអង្វរសកល ៖ អាទិត្យទី១&៣

ព្រះយេស៊ូគ្រីស្តជាអំណរសប្បាយ និងជាសុភមង្គលរបស់អស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គយាងមកវិញ ចូរយើងស្រែកហៅរកព្រះអង្គ ហើយទូលអង្វរថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ !

យើងខ្ញុំរង់ចាំការយាងមករបស់ព្រះសង្រ្គោះ ដោយអំណរសប្បាយ
—ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក។ (បន្ទរ)
 
ព្រះអង្គមានព្រះជន្មរួមជាមួយព្រះបិតា តាំងពីមុនពេលអ្វីទាំងអស់កើតមានឡើងទៅទៀត
—សូមព្រះអង្គយាងមកសង្រ្គោះយើងខ្ញុំនៅពេលនេះ។ (បន្ទរ)
 
ព្រះអង្គបានបង្កើតពិភពលោក និងអ្វីៗទាំងអស់ដែលមានជីវិតក្នុងលោកនេះ
—សូមព្រះអង្គយាងមកសង្រ្គោះស្នាព្រះហស្តដែលព្រះអង្គបានបង្កើតមក។ (បន្ទរ)
 
ព្រះអង្គមិនស្ទាក់ស្ទើរក្នុងការចាប់កំណើតជាមនុស្ស រហូតដល់សោយ ទិវង្គត
—សូមយាងមកប្រោសយើងខ្ញុំ ឱ្យរួចផុតពីអំណាចនៃសេចក្តីស្លាប់។ (បន្ទរ)
 
ព្រះអង្គបានយាងមកប្រទានជីវិតដ៏ពេញបរិបូណ៍ឱ្យយើងខ្ញុំ
—សូមប្រទានជីវិតដែលមិនចេះចប់មកយើងខ្ញុំផង។ (បន្ទរ)
 
ព្រះអង្គប្រាថ្នាចង់ឱ្យមនុស្សទាំងអស់ រស់នៅប្រកបដោយសេចក្តីស្រឡាញ់ ក្នុងព្រះរាជ្យរបស់ព្រះអង្គ
—សូមព្រះអង្គយាងមកប្រមូលផ្តុំអស់អ្នកដែលទន្ទឹងរង់ចាំ ចង់ឃើញព្រះភក្ត្រព្រះអង្គផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

អាទិត្យទី១៖ បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គមានព្រះបន្ទូលសន្យាថានឹងប្រែផៃ្ទមេឃ និងផែនដីឲ្យបានថ្មីល្អឥតខ្ចោះ។
សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំយកចិត្តទុកដាក់នឹងសញ្ញាសម្គាល់ ដែលបង្ហាញពីព្រះបុត្រាព្រះអង្គកំពុងយាងមក។ 
សូមប្រោសឲ្យយើងខ្ញុំមានសេចក្តីក្លាហាន និងប្រុងស្មារតីជានិច្ច ក្នុងការកសាងពិភពលោកថ្មី ស្របតាមព្រះហឫទ័យព្រះអង្គ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។