២២ កុម្ភៈ ២០២៧

Written on 14/10/2026
Mary Siya Khim

អាសនៈសន្តសិលា ជាគ្រីស្តទូត

(បុណ្យគោរព)

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាឱនកាយក្រាបថ្វាយបង្គំព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃក្រុមគ្រីស្តទូត។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

 

ទំនុកតម្កើងលេខ ៦៣,២-៩

ព្រលឹងខ្ញុំស្រេកឃ្លានព្រះជាម្ចាស់

អ្នកណាដែលបានលះបង់ភាពងងឹតនៃអំពើបាប អ្នកនោះស្រេកឃ្លានព្រះជាម្ចាស់។

បន្ទរទី១ ៖ ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «កុំ​ខ្លាច​អី! ពីពេល​នេះ​ទៅ​មុខ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។

២ ឱព្រះជាម្ចាស់អើយ! ព្រះអង្គពិតជាព្រះនៃទូលបង្គំមែន
ទូលបង្គំស្វែងរកព្រះអង្គ ទូលបង្គំចង់នៅក្បែរព្រះអង្គណាស់
ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក។
៣
ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីសក្ការៈ
ទូលបង្គំបានឃើញឫទ្ធានុភាព និងសិរីរុងរឿងរបស់ព្រះអង្គ
៤
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀត
ទូលបង្គំនឹងពោលពាក្យសរសើរតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
៥
ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់មួយជីវិតទូលបង្គំ
ហើយទូលបង្គំនឹងលើកដៃឡើងថ្វាយបង្គំព្រះនាមព្រះអង្គ។
៦
ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនា
ហើយទូលបង្គំនឹងបន្លឺសំឡេងឡើង ច្រៀងសរសើរតម្កើងព្រះអង្គ។
៧
ពេលទូលបង្គំចូលដំណេក ទូលបង្គំនឹកដល់ព្រះអង្គ
ហើយពេញមួយយប់ ទូលបង្គំនឹកគិតដល់ព្រះអង្គ
៨
ដ្បិតព្រះអង្គជួយទូលបង្គំ
ទូលបង្គំច្រៀងយ៉ាងសប្បាយក្រោមម្លប់បារមីព្រះអង្គ។
៩
ចិត្តគំនិតទូលបង្គំនៅជាប់ជំពាក់ចិត្តគំនិតនឹងព្រះអង្គជានិច្ច
ព្រះអង្គគាំទ្រទូលបង្គំ ដោយព្រះចេស្តារបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «កុំ​ខ្លាច​អី! ពីពេល​នេះ​ទៅ​មុខ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។

បទលើកតម្កើងតាមព្យាការីដានីអែល (ដន ៣,៥៧-៨៨)

ចូរគ្រប់ស្នាព្រះហស្ថទាំងអស់ សរសើរតម្កើងព្រះអម្ចាស់!

អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ ចូរ​សរសើរតម្កើងព្រះអង្គ (វវ ១៩,៥)។

បន្ទរទី២ ៖ «លោក​ជា​ព្រះ‌គ្រីស្ដ ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ»។ «ស៊ីម៉ូន​សិលាអើយ អ្នក​ពិត​ជា​មាន​សុភមង្គល​មែន»។

(បទកាកគតិ)

៥៧- គ្រប់ស្នាព្រះហស្ត ព្រះម្ចាស់ទាំងអស់ នៅមិនរបូត
  ជារៀងដរាប សូមនាំគ្នាស្មូត តម្កើងរហូត
    អស់កល្បអន្លាយ ។
៥៨- ឱផ្ទៃមេឃអើយ កុំនៅកន្តើយ ហាក់ដូចជិនណាយ
  ស្មូតបទតម្កើង ដោយចិត្តសប្បាយ អស់កល្បអន្លាយ
    តទៅកុំឈប់ ។
៥៩- សូមឱ្យទេវទូត តម្កើងរហូត ទាំងថ្ងៃទាំងយប់
  ព្រះម្ចាស់ថ្កុំថ្កើង អស់កល្បអស់កប្ប តម្កើងកុំឈប់
    តទៅរាល់ថ្ងៃ ។
៦០- ចូរទឹកទាំងឡាយ អបអរសប្បាយ លើនភាល័យ
  នាំគ្នាសរសើរ តម្កើងម្ចាស់ថ្លៃ កុំបង្អង់អី
    អស់កល្បអង្វែង ។
៦១- ហ្វូងតារារះ នៃព្រះអម្ចាស់ នាំគ្នាសម្ដែង
  តម្កើងព្រះអង្គ សរសើរស្ញប់ស្ញែង គ្រប់ទីកន្លែង
    តទៅឥតដាច់ ។
៦២- សូមព្រះអាទិត្យ ព្រះចន្ទមានឫទ្ធិ ពន្លឺចិញ្ចាច
  តម្កើងព្រះអង្គ ដោយចិត្តអង់អាច កុំភ័យកុំខ្លាច
    តទៅកុំប្រែ ។
៦៣- សូមអស់ទាំងផ្កាយ ដែលនៅរាត់រាយ លើមេឃផងដែរ
  សរសើរតម្កើង កុំបីប្រួលប្រែ កុំក្រឡះកែ
    រាល់ថ្ងៃខែឆ្នាំ ។
៦៤- សូមឱ្យសន្សើម ទឹកភ្លៀងដ៏ឆ្នើម ធ្លាក់ជាប្រចាំ
  ចូរលើកតម្កើង ទាំងថ្វាយបង្គំ ព្រះម្ចាស់ឧត្តម
    ជានិច្ចកុំរា ។
៦៥- ចូរអស់ទាំងខ្យល់ ធ្លាប់បក់វិលវល់ រាល់ប្រាំងវស្សា
  គ្រប់ទីកន្លែង តម្កើងព្រះជា ម្ចាស់អ្នករាល់គ្នា
    កុំបីឆ្មៃឆ្មើង ។
៦៦- ចូរឱ្យកម្ដៅ ទាំងក្នុងទាំងក្រៅ ឱ្យមានទាំងភ្លើង
  នាំគ្នាជួយលើក សរសើរតម្កើង ព្រះអង្គខ្ពស់ឡើង
    តទៅឥតអាក់ ។
៦៧- ចូរឱ្យខ្យល់ក្តៅ ពេលនេះតទៅ និងខ្យល់ត្រជាក់
  សរសើរតម្កើង ព្រះជាម្ចាស់អ្នក កុំបីអន់អាក់
    ជានិច្ចតទៅ ។
៦៨- សន្សើមនិងព្រឹល សូមអ្នកកុំខ្ជិល កុំបង្អង់នៅ
  ស្មូតបទតម្កើង ព្រះម្ចាស់ជាផ្លូវ អង្វែងតទៅ
    អស់កល្បជានិច្ច ។
៦៩- ចូរថ្ងៃនិងយប់ កោតកុំឈរឈប់ សរសើរកុំភ្លេច
  ស្មូតបទតម្កើង ព្រះម្ចាស់ជានិច្ច កុំបីកែគេច
    អស់កល្បស្ថេរស្ថិត ។
៧០- ចូរឱ្យពន្លឺ រន្ទាលរន្ទឺ និងភាពងងឹត
  សរសើរតម្កើង អម្ចាស់មានឫទ្ធិ រាល់ថ្ងៃកុំគិត
    ខ្វល់ខ្វាយឡើយណា ។
៧១- អាកាសត្រជាក់ ខ្យល់រងាធ្លាក់ មកជាធម្មតា
  ចូរលើកតម្កើង ព្រះអម្ចាស់ជា ព្រះអ្នករាល់គ្នា
    កុំបីឃ្លាងឃ្លាត ។
៧២- សូមឱ្យទឹកកក កុំបីខានខក ទាំងសន្សើមទៀត
  ចូរលើកតម្កើង កុំបីរវាត កុំឱ្យឃ្លាងឃ្លាត
    រហូតតទៅ ។
៧៣- សូមដុំពពក ផ្លេកបន្ទោរមក កុំបង្អង់នៅ
  តម្កើងព្រះអង្គ កុំបីហ្មងសៅ ស្មូតរហូតទៅ
    អស់កល្បយូរលង់ ។
៧៤- សូមឱ្យផែនដី ទាំងមូលលកលៃ តម្កើងព្រះអង្គ
  សរសើរកុំឈប់ កុំនៅរេរង់ កោតសរសើរទ្រង់
    កុំប្រែសាវា ។
៧៥- សូមឱ្យភ្នំធំ កុំនៅសំងំ ភ្នំតូចផងណា
  ស្មូតបទតម្កើង ព្រះម្ចាស់រាល់គ្នា ថ្កើងព្រះនាមា
    អស់កល្បជានិច្ច ។
៧៦- សព្វអស់អ្វីៗ ដែលដុះលើដី កុំបីមានភ្លេច
  ចូរលើកតម្កើង ព្រះម្ចាស់ជានិច្ច កុំបីកែគេច
    អស់កល្បអន្លាយ ។
៧៧- ចូរសមុទ្រស្ទឹង ទន្លេល្វើយល្វឹង តូចធំទាំងឡាយ
  នាំគ្នាតម្កើង ដោយក្តីរីករាយ សរសើរម្ចាស់ថ្លៃ
    ឱ្យលាន់រងំ ។
៧៨- ចូរប្រភពទឹក មានច្រើនសន្ធឹក ព្រែកទាំងតូចធំ
  ទឹកហូរពីជ្រោះ ទឹកធ្លាក់ពីភ្នំ កុំនៅសំងំ
    តម្កើងព្រះអង្គ ។
៧៩- ចូរអស់ទាំងត្រី តូចធំម្តេចក្តី និងសត្វរស់ក្នុង
  ទន្លេសមុទ្រ តាមព្រែកបួរបឹង កុំសំងំឈឹង
    តម្កើងព្រះម្ចាស់ ។
៨០- សូមបក្សីសត្វ ដែលរស់ខ្វែងខ្វាត់ ច្រើនមីរដេរដាស
  ស្មូតបទតម្កើង ព្រះជាអម្ចាស់ កុំបីចន្លោះ
    អស់កល្បយូរលង់ ។
៨១- សូមឱ្យសត្វស្រុក រស់នៅអែអុក ទាំងសត្វព្រៃផង
  នាំគ្នាសរសើរ តម្កើងព្រះអង្គ អស់កល្បយូរលង់
    តទៅអន្លាយ ។
៨២- ចូរឱ្យមនុស្ស ទាំងស្រីទាំងប្រុស កុំបីឃ្លាតឆ្ងាយ
  សរសើរព្រះអង្គ ជាព្រះម្ចាស់ថ្លៃ រៀងរាល់យប់ថ្ងៃ
    កុំបីអល់អែក ។
៨៣- ឱអ៊ីស្រាអែល អ្នកជាជាតិដែល វិសុទ្ធពន់ពេក
  ចូរលើកតម្កើង ព្រះខ្ពស់អនេក ហួសទាំងផ្ទៃមេឃ
    កុំសំងំនៅ ។
៨៤- អស់បូជាចារ្យ ទាំងឡាយនាំគ្នា ឆ្ពោះតម្រង់ទៅ
  តម្កើងព្រះអង្គ ទាំងថ្ងៃយប់ជ្រៅ កុំសំងំនៅ
    សរសើរកុំឈប់ ។
៨៥- ចូរអ្នកទាំងឡាយ ដែលតែងខ្វល់ខ្វាយ បម្រើគោរព
  ស្មូតតម្កើងព្រះ ទាំងថ្ងៃទាំងយប់ កុំឈរកុំឈប់
    នៅស្ងៀមឱ្យសោះ ។
៨៦- ចូរវិញ្ញាណក្ខ័ន្ធ អ្នកស្លាប់ប៉ុន្មាន កុំបីចន្លោះ
  ព្រលឹងនៃអ្នក សុចរិតទាំងអស់ តម្កើងដោយស្មោះ
    កុំនៅកន្តើយ ។
៨៧- អស់អ្នកគោរព ប្រណិប័តន៍គ្រប់ ព្រះអម្ចាស់អើយ
  និងអ្នកដាក់ចិត្ត ជាអ្នកខ្សត់ហើយ កុំបង្អង់ឡើយ
    តម្កើងព្រះអង្គ ។
៨៨- លោកអណានីយ៉ា រួមជាមួយគ្នា អសារីយ៉ាផង
  និងមីកាអែល តម្កើងព្រះអង្គ ស្មូតតម្កើងផង
    តទៅដរាប ។
  ព្រះអង្គរំដោះ យើងខ្ញុំឱ្យរស់ ផុតពីក្តីស្លាប់
  ហើយទ្រង់សង្គ្រោះ ខ្ញុំជាប្រញាប់ រួចផុតទុក្ខសព្វ
    ទាំងភ្លើងសន្ធៅ ។

(មិនមានសូត្រ “ ធម៌កោតសរសើរ ” ក្នុងបទលើកតម្កើងនេះទេ)។

បន្ទរ ៖ «លោក​ជា​ព្រះ‌គ្រីស្ដ ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ»។ «ស៊ីម៉ូន​សិលាអើយ អ្នក​ពិត​ជា​មាន​សុភមង្គល​មែន»។

ទំនុកតម្កើងលេខ ១៤៩

ចម្រៀងនៃអំណរសប្បាយរបស់សន្តបុគ្គល

ចូរបុត្រធីតាទាំងឡាយនៃព្រះសហគមន៍ ដែលជាប្រជាជនថ្មីរបស់ព្រះជាម្ចាស់
ត្រេកអរសប្បាយចំពោះ​ព្រះគ្រីស្ត ដែលជាស្តេចរបស់ពួកគេ (Hesychius)។

បន្ទរទី៣ ៖ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសិលាថា៖ «ខ្ញុំ​នឹង​ប្រគល់​កូន​សោ​ព្រះរាជ្យនៃ​ស្ថាន​បរម‌សុខ​ឱ្យ​អ្នក»។

១ ចូរ​ច្រៀង​បទ​ថ្មីថ្វាយ​ព្រះ‌អម្ចាស់!
ចូរ​ច្រៀង​សរសើរ​ព្រះ‌អង្គនៅ​ក្នុង​អង្គ​ប្រជុំ​របស់​អ្នក​ជឿ​ព្រះ‌អង្គ!
២
ចូរ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែលរីក‌រាយ​នឹង​ព្រះ‌អង្គ​ ដែល​បាន​បង្កើត​គេ​មក
សូម​ឲ្យ​ប្រជាជន​ក្រុង​ស៊ីយ៉ូនមាន​អំណរ​សប្បាយ នឹង​ព្រះ‌មហា​ក្សត្រ​របស់​ខ្លួន!
៣
ចូរ​នាំ​គ្នា​រាំ​សរសើរ​តម្កើង​ព្រះ‌អង្គ
ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដោយ​វាយ​ក្រាប់ និង​ដេញ​ពិណ!
៤
ដ្បិត​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យនឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​លើក​កិត្តិយស​មនុស្ស​ទន់‌ទាបដោយ​សង្គ្រោះ​ពួក​គេ
៥
ចូរ​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គនាំ​គ្នា​អរ​សប្បាយ​ដ៏​លើស‌លប់
ដោយ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់
សូម្បី​តែ​នៅ​ពេល​យប់ ក៏​គេ​ស្រែក​តម្កើង​ព្រះ‌អង្គ​ដោយ​អំណរ​ដែរ!
៦
សូម​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះ‌អង្គ​មិន​ដាច់​ពី​មាត់
ហើយ​ឲ្យ​គេ​កាន់​ដាវ​មុខ​ពីរ​នៅ​ជាប់​នឹង​ដៃ​ជា‌និច្ច
៧
ដើម្បី​សង‌សឹក​ប្រជា‌ជាតិ​នានា
និង​ដាក់​ទោស​ជាតិ​សាសន៍​ទាំង‌ឡាយ
៨
ហើយ​យក​ច្រវាក់​ចង​ស្តេច
និង​ដាក់​ខ្នោះ​មេ​ដឹក​នាំ​របស់​ពួក​គេ។
៩
ការ​ដាក់​ទោស​សាសន៍​ទាំង​នោះ
ស្រប​តាម​ការ​សម្រេច​របស់​ព្រះ‌ជាម្ចាស់​នេះ​ហើយ
ដែល​ជា​កិត្តិយស​ដ៏​រុង‌រឿង​របស់​អស់​អ្នកស្មោះ‌ត្រង់​នឹង​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសិលាថា៖ «ខ្ញុំ​នឹង​ប្រគល់​កូន​សោ​ព្រះរាជ្យនៃ​ស្ថាន​បរម‌សុខ​ឱ្យ​អ្នក»។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ១៥,៧ខ-៩)

ព្រះជាម្ចាស់​បាន​ជ្រើសរើស​ខ្ញុំ ក្នុង​ចំណោម​បង‌ប្អូន​តាំង​តែ​ពី​ថ្ងៃ​ដំបូង​មក​ម៉្លេះ ដើម្បី​ឱ្យ​ខ្ញុំ​ផ្សព្វ‌ផ្សាយ​ដំណឹងល្អដល់​សាសន៍​ដទៃ ឱ្យ​គេ​បាន​ឮ និង​បាន​ជឿ​ដែរ។ ព្រះ‌ជាម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស ព្រះ‌អង្គ​បាន​បញ្ជាក់​ថា ព្រះ‌អង្គ​យល់​ព្រម​ទទួល​កពួក​គេ ដោយ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធឱ្យ​គេ ដូច​ព្រះ‌អង្គ​បាន​ប្រទាន​មក​យើង​ដែរ។ ព្រះ‌អង្គ​មិន​ចាត់​ទុក​ពួក​គេ​ផ្សេង​ពី​ពួក​យើង​ឡើយ គឺ​ព្រះ‌អង្គ​បាន​សំអាត​ចិត្ត​គេ​ឱ្យ​បរិសុទ្ធដោយ​ជំនឿ។
 
បន្ទរ៖ ព្រះ‌អង្គ​ប្រទាន​ឱ្យ​គេ​គ្រប់‌គ្រង *លើ​អ្វីៗ​ទាំង​អស់នៅផែនដី។ បន្ទរឡើងវិញ៖...
—ឱ​ព្រះអម្ចាស់​អើយ! ទូលបង្គំតែងតែនឹក​ដល់ព្រះ‌នាម​របស់ព្រះអង្គ។ បន្ទរ៖ *...
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖...

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកស៊ីម៉ូនសិលាថា៖ «ខ្ញុំ​បាន​អង្វរ​ព្រះ‌ជាម្ចាស់ សូម​កុំ​ឱ្យ​អ្នក​បាត់​ជំនឿ​ឡើយ។ លុះ​ដល់​ពេល​អ្នក​ប្រែ​ចិត្ត​មក​វិញ ចូរ​ជួយ​បង‌ប្អូន​របស់​អ្នក​ឱ្យ​មាន​ជំនឿ​មាំ‌មួន​ផង»។

ពាក្យអង្វរសកល

បងប្អូនជាទីស្រឡាញ់ ! យើងបានទទួលស្ថានបរមសុខទុកជាមរតក រួមជាមួយក្រុមគ្រីស្តទូត។ ចូរយើងអរព្រះគុណព្រះបិតាសម្រាប់ព្រះអំណោយទានទាំងអស់របស់ព្រះអង្គ ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សហភាពនៃក្រុមគ្រីស្តទូតច្រៀងកោត សរសើរព្រះអង្គ។

សូមលើកតម្កើងព្រះអម្ចាស់ ! ដ្បិតព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ត ផ្តល់ឱ្យយើងខ្ញុំ តាមរយៈក្រុមគ្រីស្តទូត
—ដែលប្រទានឱ្យយើងខ្ញុំមានជីវិត និងស្រស់បំព្រង។ (បន្ទរ)
 
សូមលើកតម្កើងព្រះអម្ចាស់ ! ដ្បិតបុណ្យគោរពព្រះបន្ទូលព្រះអង្គបានរៀបចំសម្រាប់យើងខ្ញុំ ដោយក្រុមគ្រីស្តទូត
—សូមប្រទានឱ្យយើងខ្ញុំមានពន្លឺ និងអំណរសប្បាយផង។ (បន្ទរ)
 
សូមលើកតម្កើងព្រះអម្ចាស់ ! សម្រាប់ព្រះសហគមន៍ដ៏វិសុទ្ធរបស់ព្រះអង្គ ដែលបានបង្កើតឡើងនៅលើក្រុមគ្រីស្តទូត
—ជាកន្លែងដែលយើងខ្ញុំប្រមូលផ្តុំគ្នា ចូលក្នុងសហគមន៍របស់ព្រះអង្គ។ (បន្ទរ)
 
សូមលើកតម្កើងព្រះអម្ចាស់ ! សម្រាប់អំណាចនៃអគ្គសញ្ញាជ្រមុជទឹក និងពលិការ ដែលព្រះអង្គបានប្រគល់ឱ្យក្រុមគ្រីស្តទូត
—តាមរយៈកិច្ចការទាំងនោះ យើងខ្ញុំបានសម្អាតអំពើបាបរបស់យើងខ្ញុំ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហឫទ័យតែងតាំងព្រះសហគមន៍ ឱ្យស្ថិតនៅលើថ្មគ្រឹះដ៏រឹងមាំ គឺលើជំនឿរបស់សន្តសិលា។ សូមព្រះអង្គប្រោសប្រណីយើងខ្ញុំឱ្យរួចផុតពីអន្តរាយគ្រប់បែបយ៉ាងដែលរារាំងព្រះសហគមន៍សព្វថ្ងៃនេះ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។