២៤ ធ្នូ ២០២៦

Written on 24/02/2026
Mary Siya Khim

រដូវរង់ចាំ សប្តាហ៍ទី៤ ថ្ងៃព្រហស្បតិ៍

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ នៅថ្ងៃនេះអ្នកនឹងដឹងថា គឺព្រះអម្ចាស់ដែលបានសង្រ្គោះអ្នករាល់គ្នា។ ព្រឹក​ស្អែក អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១៤៣,១-១១

ពាក្យអធិដ្ឋាននៅពេលមានទុក្ខព្រួយ

ព្រះ‌ជាម្ចាស់​ពុំ​ប្រោស​មនុស្ស​ឱ្យ​សុចរិត ដោយ​ការ​ប្រព្រឹត្ត​តាម​វិន័យ​ទេ គឺសុចរិត​ដោយ‌សារ​ជំនឿ​លើ​ព្រះ‌យេស៊ូ‌គ្រីស្ត​វិញ (កាឡ ២,១៦)។

បន្ទរទី១ ៖ «បេថ្លេ‌ហិម​អេប្រាតា​អើយ ! ក្នុង​ចំណោម​អំបូរ​ទាំង​ប៉ុន្មាននៅ​ស្រុកយូដា អ្នក​តូច​ជាង​គេ​មែន តែ​មេ​ដឹក​នាំ​ដែល​ត្រូវ​គ្រប់‌គ្រង​លើអ៊ីស្រាអែលក្នុង​នាម​យើង នឹង​កើត​ចេញ​មក​ពី​អ្នក។

១ ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យអធិស្ឋាន​របស់​ទូលបង្គំផង
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យទទូច​អង្វរ​របស់​ទូល‌បង្គំ!
សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ ដោយ​ព្រះ‌ហឫទ័យសុចរិត​ដ៏​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ។
២
សូម​កុំ​យក​ទូល‌បង្គំដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ទៅ​កាត់​ក្តី​ឡើយ
ដ្បិត​គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិត​នៅ​ចំពោះព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​ទេ។
៣
ខ្មាំង​សត្រូវ​តាម​យាយី​ទូល‌បង្គំ គេ​ជាន់​ឈ្លីជីវិត​ទូល‌បង្គំ
គេ​យក​ទូល‌បង្គំ​ទៅ​ឃុំ​ទុក​ក្នុង​ទី​ងងឹត ដូច​មនុស្ស​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។
៤
ទូល‌បង្គំ​បាក់​ទឹក​ចិត្ត​ជា​ខ្លាំង ទូល‌បង្គំ​ទាល់​គំនិត។
៥
ទូល‌បង្គំ​នឹក​ទៅ​ដល់​ជំនាន់​ដើម
ទូល‌បង្គំ​សញ្ជឹង​គិត​អំពី​កិច្ច‌ការ​ទាំង​ប៉ុន្មានដែល​ព្រះ‌អង្គ​បាន​ធ្វើ
ទូល‌បង្គំ​ពិចារណា​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ។
៦
ទូល‌បង្គំ​លើក​ដៃ​អង្វរ​ព្រះ‌អង្គ
ទូល‌បង្គំ​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ ប្រៀប​ដូច​ជា​ដី​ហួត‌ហែង។
៧
ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឆ្លើយ​តប​មក​ទូល‌បង្គំជា​ប្រញាប់
ដ្បិត​ទូល‌បង្គំពុំអាច​ទ្រាំ​ត​ទៅ​ទៀត​ទេ!
សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូល‌បង្គំឡើយ
ដ្បិត​ទូល‌បង្គំ​ដូច​ជា​មនុស្ស​ធ្លាក់​ក្នុង​រណ្ដៅ។
៨
សូម​សម្ដែង​ឱ្យ​ទូល‌បង្គំ​ស្គាល់​ព្រះ‌ហឫទ័យមេត្តា‌ករុណា​របស់​ព្រះ‌អង្គ​តាំង​ពី​ព្រលឹម
ដ្បិត​ទូល‌បង្គំផ្ញើជីវិត​លើ​ព្រះ‌អង្គ​ហើយ។
សូម​ប្រោស​ប្រទាន​ឱ្យ​ទូល‌បង្គំស្គាល់​ផ្លូវដែល​ទូល‌បង្គំត្រូវ​ដើរ
ដ្បិត​ទូល‌បង្គំផ្ចង់​ចិត្ត​ទៅ​រក​ព្រះ‌អង្គ។
៩
ឱ​ព្រះ‌អម្ចាស់​អើយ សូម​រំដោះ​ទូល‌បង្គំឱ្យ​រួច​ពី​ខ្មាំង​សត្រូវ
ទូល‌បង្គំមក​ជ្រក​កោន​នៅ​ក្បែរ​ព្រះ‌អង្គ។
១០
សូម​បង្រៀន​ទូល‌បង្គំឱ្យ​ធ្វើតាម​ព្រះ‌ហឫទ័យរបស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ
សូម​ព្រះ‌វិញ្ញាណ​ដ៏​សប្បុរស​របស់​ព្រះ‌អង្គដឹក​នាំទូល‌បង្គំ ឱ្យ​ដើរ​ក្នុង​មាគ៌ា​ដែល​គ្មាន​ឧបសគ្គ។
១១
ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រទាន​ឱ្យ​ទូល‌បង្គំ​មាន​ជីវិត​ឡើង​វិញ
ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។
សូម​នាំ​ទូល‌បង្គំ​ចេញ​ពី​ភាព​អាសន្ន ដោយ​ព្រះ‌ហឫទ័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ «បេថ្លេ‌ហិម​អេប្រាតា​អើយ ! ក្នុង​ចំណោម​អំបូរ​ទាំង​ប៉ុន្មាននៅ​ស្រុកយូដា អ្នក​តូច​ជាង​គេ​មែន តែ​មេ​ដឹក​នាំ​ដែល​ត្រូវ​គ្រប់‌គ្រង​លើអ៊ីស្រាអែលក្នុង​នាម​យើង នឹង​កើត​ចេញ​មក​ពី​អ្នក។

បទលើកតម្កើងតាមព្យាការីអេសាយ (អស ៦៦,១០-១៤ក)

អំណរសប្បាយនៃស្ថានបរមសុខ

រីឯ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​លើ​វិញ​ គឺ​ស្ត្រីអ្នក​ជា​ដែល​ជា​មាតា​របស់​យើង​ហ្នឹង​ហើយ (កាឡ ៤,២៦)។

បន្ទរទី២ ៖ ចូរអ្នករាល់គ្នាងើយមើលទៅលើ ! ដ្បិតការសង្រ្គោះរបស់អ្នកមកជិតបង្កើយហើយ។

(បទកាកគតិ)

១០- ឱអ្នកទាំងអស់ ដែលស្រឡាញ់ស្មោះ យេរូសាឡឹម
  ចូរអរសប្បាយ ទាំងក្តីសង្ឃឹម គ្រប់គ្នាញញឹម
    កុំបីសៅហ្មង ។
  អស់អ្នកកាន់ទុក្ខ អាណិតមុខជ្រប់ ដល់ក្រុងនេះផង
  ចូរអរសប្បាយ រីករាយវិញម្តង រួមជាមួយក្រុង
    សាឡឹមនេះដែរ ។
១១- សូមគ្រប់កាយា ស្កប់ក្នុងចិន្តា បានសុខល្ហើយល្ហែ
  ដូចកូនដែលម្តាយ បីបមថ្នមថែ បំបៅនៅក្បែរ
    គ្មានពេលឃ្លាឃ្លាត ។
  អ្នករាល់គ្នានឹង បានសុខថ្កុំថ្កើង ឥតបីរវាត
  រុងរឿងសិរី ដោយក្រុងនេះទៀត អស់ទាំងមិត្តញាតិ
    បានសុខគ្រប់គ្រា ។
១២- ដ្បិតព្រះអម្ចាស់ មានបន្ទូលច្បាស់ ថានឹងបង្ហៀរ
  សេចក្តីសុខសាន្ត លើក្រុងអ្នកជា ដូចទន្លេហៀរ
    ទឹកធ្លាក់មិនដាច់ ។
  យើងនឹងបង្ហូរ ធនធានបរិបូណ៌ មកឯងឥតភ្លេច
  របស់ជនជាតិ ដទៃជាស្រេច ឥតមានកែគេច
    ដូចទឹកលិចច្រាំង ។
  យើងនឹងថ្នមថ្នាក់ ទៅដល់អស់អ្នក ដូចម្តាយទូទាំង
  បីបមថ្នមកូន បំបៅគ្របបាំង ក្រសោបព្រមទាំង
    លើកដាក់លើភ្លៅ ។
១៣- ម្តាយតែងថ្នាក់ថ្នម កូនដោយបីបម មិនឱ្យអាស្រូវ
  ដូចយើងថ្នមថ្នាក់ អ្នកឱ្យស្ថិតនៅ ក្នុងក្រុងតទៅ
    លែងមានព្រាត់ប្រាស ។
១៤- កាលណាឃើញក្រុង យេរូសាឡឹម សុខសាន្តដូច្នេះ
  អ្នករាល់គ្នានឹង សប្បាយពេកណាស់ សាច់ឈាមថ្លាស្រស់
    ដូចស្មៅខៀវខ្ចី ។
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច ។

បន្ទរ ៖ ចូរអ្នករាល់គ្នាងើយមើលទៅលើ ! ដ្បិតការសង្រ្គោះរបស់អ្នកមកជិតបង្កើយហើយ។

ទំនុកតម្កើងលេខ ១៤៧,១-១១

ព្រះហឫទ័យសប្បុរសរបស់ព្រះជាម្ចាស់អាចសម្រេចគ្រប់កិច្ចការទាំងអស់

ព្រះអង្គជាព្រះជាម្ចាស់ យើងខ្ញុំសូមកោតសរសើរព្រះអង្គ!
ព្រះអង្គជាព្រះអម្ចាស់ យើងខ្ញុំសូមអបអរសាទរព្រះអង្គ!

បន្ទរទី៣ ៖ ថ្ងៃចុងក្រោយបានមកដល់ហើយ គឺនៅពេលនាងម៉ារីសម្រាលបានកូនប្រុសដំបូង។

១ អាលេលូយ៉ា! ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ​នៃ​យើង ជា​ការ​ល្អ​ប្រពៃ​ណាស់
សរសើរ​តម្កើង​ព្រះ‌អង្គជា​ការ​មួយ​ដ៏​សប្បាយ ហើយ​ប្រសើរ​បំផុត។
២
ព្រះ‌អម្ចាស់​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ
ព្រះ‌អង្គ​នាំ​ជន​ជាតិ​អ៊ីស្រា‌អែលដែល​ខ្ចាត់‌ខ្ចាយ​ឱ្យ​ត្រឡប់​មក​វិញ។
៣
ព្រះ‌អង្គ​ប្រោស​អ្នក​ដែល​មាន​ចិត្ត​គ្រាំ‌គ្រាឱ្យ​បាន​ធូរ​ស្បើយ ព្រះ‌អង្គ​រុំរបួស​ឱ្យ​គេ។
៤
ព្រះ‌អង្គ​រាប់​ចំនួន​ផ្កាយ​ទាំង​ប៉ុន្មាន ហើយ​ព្រះ‌អង្គ​ដាក់​ឈ្មោះ​ឱ្យ​ផ្កាយ​ទាំង​នោះ។
៥
ព្រះ​របស់​យើង​ធំ​ឧត្តុង្គ‌ឧត្ដម ព្រះ‌អង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​បំផុត
ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ឥត​មាន​ព្រំ‌ដែន​ឡើយ។
៦
ព្រះ‌អម្ចាស់​ជួយ​គាំ‌ទ្រ​ជន​ក្រីក្រ តែ​ព្រះ‌អង្គ​បន្ទាប​មនុស្ស​អាក្រក់​ដល់​ដី។
៧
ចូរ​នាំ​គ្នា​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់
ចូរ​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ​នៃ​យើង ទាំង​ដេញ​ពិណ​កំដរ​ផង!
៨
ព្រះ‌អង្គ​ធ្វើឱ្យ​មាន​ពពក​បាំង​បិទ​ផ្ទៃ​មេឃ
ព្រះ‌អង្គ​រៀប‌ចំ​ឱ្យ​មានភ្លៀង​ធ្លាក់​មក​លើ​ផែន‌ដី
ព្រះ‌អង្គ​ធ្វើឱ្យ​មាន​ស្មៅ​ដុះ​នៅ​តាម​ភ្នំ
៩
ព្រះ‌អង្គ​ប្រទាន​ចំណី​ដល់​សត្វ​ពាហនៈ ហើយ​ពេល​កូន​ក្អែក​យំ
ព្រះ‌អង្គ​ក៏​ប្រទាន​ចំណី​ដល់​វា​ដែរ។
១០
ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កម្លាំង​របស់​សេះ​ទេ
ហើយ​ព្រះ‌អង្គ​ក៏​មិន​រវី‌រវល់​នឹង​កម្លាំង​កាយរបស់​មនុស្ស​ដែរ
១១
តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ
គឺ​អស់​អ្នក​ដែល​ផ្ញើជីវិត​លើ​ព្រះ‌ហឫទ័យមេត្តា‌ករុណា​របស់​ព្រះ‌អង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ថ្ងៃចុងក្រោយបានមកដល់ហើយ គឺនៅពេលនាងម៉ារីសម្រាលបានកូនប្រុសដំបូង។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១១,១-៥)

មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់របស់​លោក​យេសាយ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់នឹង​សណ្ឋិត​នៅ​លើ​ព្រះ‌បុត្រា​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​ដែល​ផ្តល់​ប្រាជ្ញាឱ្យ​ចេះ​ពិចារណា​ដឹង​ខុស​ត្រូវ ព្រះ‌វិញ្ញាណ​ដែល​ផ្តល់​ការ​ឈ្លាស​វៃ និង​ចិត្ត​អង់‌អាច ព្រះ‌វិញ្ញាណ​ដែល​បំភ្លឺ​ឱ្យ​ស្គាល់ និង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ព្រម​ទាំង​ឱ្យ​មាន​អំណរ​សប្បាយក្នុង​ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រះ‌បុត្រា​នេះ​មិន​វិនិច្ឆ័យតាម​លក្ខណៈ​ខាង​ក្រៅ​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​កាត់​ក្តីតាម​ដែល​ឮ​គេ​និយាយ​ដែរ។ ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ជន​ក្រីក្រ​ដោយ​យុត្តិ‌ធម៌ កាត់​ក្តី​ឱ្យ​ជន​ទុរគត ដោយ​ទៀង​ត្រង់។ ព្រះ‌អង្គ​ប្រើ​ព្រះ‌បន្ទូល​ជា​ដំបង ដើម្បី​ធ្វើ​ទោស​មនុស្ស​នៅ​លើ​ទឹក​ដី​នេះ ហើយ​ពេល​ព្រះ‌អង្គ​ចេញ​បញ្ជាមនុស្ស​អាក្រក់​ត្រូវ​តែ​ស្លាប់។ ព្រះ‌អង្គ​នឹង​យក​យុត្តិ‌ធម៌​ធ្វើ​ជា​ខ្សែ​ក្រវាត់​ចង្កេះយក​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ធ្វើជា​សង្វារ។

បន្ទរ៖ ទូលបង្គំស្រែកអង្វរព្រះ‌អង្គ *តាំងពីមុនថ្ងៃរះទៅទៀត។ បន្ទរឡើងវិញ៖…
-ព្រះអង្គតែងតែសង្រ្គោះទូលបង្គំជានិច្ច។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ ពេលវេលាដែលនាងម៉ារីត្រូវផ្តល់កំណើតឱ្យកូនប្រុសច្បងរបស់នាង បានមកដល់ហើយ។

ពាក្យអង្វរសកល

ចូរយើងទូលអង្វរព្រះជាម្ចាស់ ដែលប្រទានការសង្រ្គោះមកឱ្យប្រជារាស្ត្ររបស់ព្រះអង្គ ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! ព្រះអង្គជាជីវិតរបស់យើងខ្ញុំ។

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់ ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ យើងខ្ញុំត្រឡប់មករស់នៅក្នុងជីវិត ដោយមានសេចក្តីសង្ឃឹមឡើងវិញ
—ដោយសារព្រះយេស៊ូគ្រីស្តមានព្រះជន្មរស់ឡើងវិញ។ (បន្ទរ)

ព្រះអង្គបានបង្កើតមនុស្សជារូបតំណាងរបស់ព្រះអង្គ ហើយព្រះអង្គបានបង្កើតគេសាជាថ្មីនៅក្នុងអង្គព្រះគ្រីស្ត
—សូមព្រះអង្គសូនយើងខ្ញុំឱ្យមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គផង។ (បន្ទរ)

សូមព្រះអង្គចាក់បង្ហូរសេចក្តីស្រឡាញ់របស់ព្រះអង្គ តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ
—សូមព្រះអង្គព្យាបាលរបួសដែលមាននៅក្នុងដួងចិត្តយើងខ្ញុំ ដោយសារតែការស្អប់ខ្ពើម និងច្រណែនឈ្នានីសផង។ (បន្ទរ)

នៅថ្ងៃនេះ សូមព្រះអង្គប្រទានឱ្យកម្មករមានការងារធ្វើ ឱ្យអ្នកស្រេកឃ្លានមានអាហារបរិភោគ និងឱ្យអ្នកកើតទុក្ខព្រួយ មានអំណរសប្បាយវិញ
—សូមព្រះអង្គប្រទានព្រះអំណោយទាន និងការប្រោសលោះដល់មនុស្សទាំងឡាយផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូជាអម្ចាស់ ! ព្រះអង្គយាងមកសង្រ្គោះយើងខ្ញុំយ៉ាងប្រញាប់ ដោយមិនបង្អង់ឡើយ។ សូមព្រះអង្គលើកទឹកចិត្តដល់យើងខ្ញុំដែលជឿសង្ឃឹមលើព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ សូមព្រះអង្គពង្រឹងជំនឿ និងសង្គ្រោះយើងខ្ញុំផង។ ព្រះអង្គដែលគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។