រដូវធម្មតា សប្តាហ៍ទី២០ ថ្ងៃសុក្រ
សន្តពីយូសទី១០ ជាសម្តេចប៉ាប
(បុណ្យរំឭកចាំបាច់)
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ដែលបានប្រទានមកុដដល់ព្រះមាតាព្រះអង្គ ធ្វើជាសម្តេចក្សត្រីនៃស្ថានបរមសុខ និងផែនដី។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៥១
ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំផង
ត្រូវប្រែគំនិតប្រាជ្ញា និងវិញ្ញាណឲ្យបានថ្មីឡើង ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត និងវិសុទ្ធ មកពីសេចក្ដីពិត
ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ (អភ ៤,២៣-២៤)។
បន្ទរទី១ ៖ ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យទូលបង្គំមានចិត្តបរិសុទ្ធ សូមបង្កើតចិត្តគំនិតថ្មីដ៏រឹងប៉ឹងដល់ទូលបង្គំផង។
| ៣ | ឱព្រះជាម្ចាស់នៃទូលបង្គំអើយ! សូមអាណិតមេត្តាទូលបង្គំ តាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គផង សូមលើកលែងទោសឱ្យទូលបង្គំ តាមព្រះហឫទ័យអាណិតមេត្តាដ៏ទូលំទូលាយរបស់ព្រះអង្គផង!។ |
| ៤ | សូមលប់លាងកំហុសទូលបង្គំឱ្យបានស្អាតទាំងស្រុង សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធរួចពីបាប! |
| ៥ | ទូលបង្គំទទួលសារភាពកំហុសរបស់ទូលបង្គំហើយ អំពើបាបទូលបង្គំដិតជាប់នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។ |
| ៦ | ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ទូលបង្គំបានប្រព្រឹត្តនឹងអំពើដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។ ទោះបីព្រះអង្គដាក់ទោសទូលបង្គំយ៉ាងណាក្តី ក៏ព្រះអង្គនៅតែឥតកំហុសដែរ។ |
| ៧ | ទូលបង្គំមានកំហុសតាំងពីកំណើតមក ទូលបង្គំជាប់បាបតាំងពីនៅក្នុងផ្ទៃម្តាយមកម៉្លេះ! |
| ៨ | ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្តីពិត នៅក្នុងជម្រៅចិត្តមនុស្ស។ សូមប្រោសឱ្យស្គាល់ជម្រៅនៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ |
| ៩ | សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធ នោះទូលបង្គំនឹងបានបរិសុទ្ធមែន សូមលាងសំអាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត។ |
| ១០ | សូមប្រាប់ឱ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ នោះទូលបង្គំនឹងមានអំណរសប្បាយ ចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងប្រែជារីករាយឡើងវិញ។ |
| ១១ | ឱព្រះអង្គអើយ! សូមកុំទតមើលអំពើបាបរបស់ទូលបង្គំឡើយ។ សូមលប់បំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំផង។ |
| ១២ | ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យទូលបង្គំមានចិត្តបរិសុទ្ធ សូមបង្កើតចិត្តគំនិតថ្មីដ៏រឹងប៉ឹងដល់ទូលបង្គំផង។ |
| ១៣ | សូមកុំបោះបង់ទូលបង្គំឱ្យឃ្លាតឆ្ងាយពីព្រះអង្គ សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គចេញពីទូលបង្គំឡើយ។ |
| ១៤ | សូមប្រោសប្រទានឱ្យទូលបង្គំមានអំណរ ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ សូមគាំទ្រទូលបង្គំ ដោយប្រទានព្រះវិញ្ញាណឱ្យទូលបង្គំ សុខចិត្តធ្វើតាមព្រះហឫទ័យព្រះអង្គជានិច្ច។ |
| ១៥ | ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ឱ្យស្គាល់មាគ៌ារបស់ព្រះអង្គ នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។ |
| ១៦ | ឱព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃទូលបង្គំ សូមរំដោះទូលបង្គំឱ្យរួចពីស្លាប់ ទូលបង្គំនឹងប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ។ |
| ១៧ | ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យបន្លឺសំឡេងផង នោះទូលបង្គំនឹងប្រកាសពាក្យសរសើរតម្កើងព្រះអង្គ។ |
| ១៨ | ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយយញ្ញបូជាទេ ទោះបីតង្វាយដុតទាំងមូល ក៏ព្រះអង្គមិនគាប់ព្រះហឫទ័យដែរ។ |
| ១៩ | យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយ គឺចិត្តសោកសង្រេង ព្រះអង្គតែងតែទទួលចិត្តសោកសង្រេង និងចិត្តលែងមានអំនួត។ |
| ២០ | ឱព្រះអម្ចាស់អើយ! សូមប្រោសប្រណីក្រុងស៊ីយ៉ូន សូមមេត្តាកសាងកំពែងក្រុងយេរូសាឡឹមឡើងវិញផង។ |
| ២១ | ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងតង្វាយស្របតាមវិន័យ គឺតង្វាយដុតទាំងមូល និងយញ្ញបូជា គេនឹងយកគោឈ្មោលមកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យទូលបង្គំមានចិត្តបរិសុទ្ធ សូមបង្កើតចិត្តគំនិតថ្មីដ៏រឹងប៉ឹងដល់ទូលបង្គំផង។
បទលើកតម្កើងតាមគម្ពីរលោកតូប៊ីត (តប ១៣,៨-១១.១៣-១៥)
ពាក្យអរព្រះគុណសម្រាប់ការរំដោះប្រជាជន
ទេវទូតនោះបានលើកវិញ្ញាណខ្ញុំឡើងទៅលើភ្នំមួយយ៉ាងធំខ្ពស់ រួចបង្ហាញឱ្យខ្ញុំឃើញក្រុងដ៏វិសុទ្ធ
ជាក្រុងយេរូសាឡឹមដែលចុះពីស្ថានបរមសុខ គឺចុះមកពីព្រះជាម្ចាស់ (វវ ២១,១០)។
បន្ទរទី២ ៖ ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ ! ព្រោះតាមរយៈអ្នក មនុស្សទាំងអស់នឹងមកជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។
(បទកាកគតិ)
| ៨- | រីឯខ្ញុំវិញ | ខ្ញុំឃ្លាតចាកចេញ | ពីដែនបុរី |
| ហើយបានមករស់ | នៅលើទឹកដី | ពួកខ្មាំងអប្រីយ៍ | |
| ក៏មិនភ្លេចដែរ | ។ | ||
| ខ្ញុំបង្ហាញប្រាប់ | ឱ្យអស់អ្នកបាប | ស្គាល់ជាហូរហែរ | |
| ថាព្រះអង្គមាន | ឫទ្ធាពូកែ | បារមីគ្មានប្រែ | |
| ខ្លាំងក្លាឧត្តម | ។ | ||
| ឱអស់អ្នកបាប | កាន់ចិត្តសុភាព | វិលមកជួបជុំ | |
| ប្រព្រឹត្តសុចរិត | កុំនៅសំងំ | ទ្រង់នឹងថ្នាក់ថ្នម | |
| មេត្តាប្រណី | ។ | ||
| ៩- | ខ្ញុំលើកតម្កើង | ព្រះដ៏រុងរឿង | ដោយចិត្តមេត្រី |
| អំណរសប្បាយ | លើសលប់ពេកក្រៃ | មហាក្សត្រថ្លៃ | |
| នៃស្ថានសួគ៌ា | ។ | ||
| ១០- | សូមឱ្យអស់អ្នក | ដែលបាននៅស្នាក់ | ក្នុងក្រុងគ្រប់គ្នា |
| ប្រកាសអំពី | បារមីឫទ្ធា | ព្រះអម្ចាស់ជា | |
| ព្រះរបស់យើង | ។ | ||
| យេរូសាឡឹម | ក្រុងធំស្កៃស្កឹម | ទ្រង់នឹងបំប៉ើង | |
| ដាក់ទោសពួកអ្នក | រលំរលើង | ធ្វើឫកឆ្មៃឆ្មើង | |
| សាងអំពើបាប | ។ | ||
| ប៉ុន្តែព្រះម្ចាស់ | មិនព្រមបង់បោះ | ចោលជាដរាប | |
| ព្រះអង្គមុខជា | អាណិតអ្នកទាប | កូនចៅសុភាព | |
| សុចរិតមិនខាន | ។ | ||
| ១១- | សូមលើកតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | ផុតអស់ទីស្ថាន |
| ជាមហាក្សត្រ | វិសុទ្ធថ្កើងថ្កាន | ដែលព្រះអង្គបាន | |
| សោយរាជ្យយូរលង់ | ។ | ||
| ព្រះអង្គមុខជា | ឱ្យគេគ្រប់គ្នា | សង់ដំណាក់ទ្រង់ | |
| ឡើងវិញម្តងទៀត | មិនឱ្យបាត់បង់ | នៅក្នុងទីក្រុង | |
| យេរូសាឡឹម | ។ | ||
| ១៣- | ពន្លឺចិញ្ចាច | ភ្លឺដល់ទីដាច់ | ស្រយាលផែនដី |
| ចុងកាត់មាត់ញក | ប្រជាប្រុសស្រី | នាំគ្នាឃ្មាតខ្មី | |
| មករកព្រះអង្គ | ។ | ||
| មានកាន់តង្វាយ | នៅគ្រប់ៗដៃ | ឱនកាយក្រាបផង | |
| ថ្វាយមហាក្សត្រ | ស្ថានបរមសុខផង | ប្រជាទាំងពួង | |
| នឹងបានសប្បាយ | ។ | ||
| មនុស្សជាន់ក្រោយ | នឹងមិនបណ្តោយ | ឬឱ្យរលាយ | |
| គេនឹងនឹកចាំ | ពីក្រុងដ៏ល្បី | ដែលព្រះម្ចាស់ថ្លៃ | |
| ជ្រើសរើសទុកដាក់ | ។ | ||
| ១៤- | សូមជនទាំងឡាយ | ដែលធ្លាប់សប្បាយ | គំរាមពួកអ្នក |
| រំលំកំពែង | បំផ្លាញទីស្នាក់ | ដុតចោលផ្ទះអ្នក | |
| ត្រូវបណ្តាសា | ។ | ||
| តែសូមព្រះអង្គ | ប្រទានពរផង | អស់កល្បយូរយារ | |
| ដល់អស់អ្នកណា | ខ្លាចអ្នករាល់គ្នា | ផុតអស់វេទនា | |
| អង្វែងតទៅ | ។ | ||
| ១៥- | ចូរអរសប្បាយ | សើចលេងក្អាកក្អាយ | ព្រោះតែកូនចៅ |
| មនុស្សសុចរិត | រួមគ្នាក្នុងក្រៅ | ប្រមូលគ្នានៅ | |
| មិនឱ្យខ្ចាត់ខ្ចាយ | ។ | ||
| គេលើកតម្កើង | សិរីរុងរឿង | ព្រះម្ចាស់រាល់ថ្ងៃ | |
| ដែលមានព្រះជន្ម | គង់នៅវែងឆ្ងាយ | អស់កល្បអន្លាយ | |
| ស្ថិតស្ថេរជានិច្ច | ។ | ||
| ជនណាសប្បាយ | រីករាយក្អាកក្អាយ | ឥតមានពេលភ្លេច | |
| គេជួយអបអរ | ដល់អ្នកជានិច្ច | ព្រះម្ចាស់មិនភ្លេច | |
| ឱ្យគេបានសុខ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ ! ព្រោះតាមរយៈអ្នក មនុស្សទាំងអស់នឹងមកជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។
ទំនុកតម្កើងលេខ ១៤៧,១២-២០
ការស្តារក្រុងយេរូសាឡឹមឡើងវិញ
"សូមអញ្ជើញមក ខ្ញុំនឹងបង្ហាញឱ្យលោកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម” (វវ ២១,៩)។
បន្ទរទី៣៖ ក្រុងស៊ីយ៉ូនអើយ! ចូរសរសើរតម្កើងព្រះរបស់អ្នក! ដ្បិតព្រះអង្គបានប្រទានព្រះបន្ទូលព្រះអង្គមកលើផែនដី។
| ១២ | ក្រុងយេរូសាឡឹមអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់! ក្រុងស៊ីយ៉ូនអើយ! ចូរសរសើរតម្កើងព្រះរបស់អ្នក! |
| ១៣ | ដ្បិតព្រះអង្គការពារ និងពង្រឹងអ្នកឱ្យមានសន្តិសុខ ព្រះអង្គនឹងប្រទានពរដល់ប្រជាជនដែលរស់នៅក្នុងទីក្រុង។ |
| ១៤ | ព្រះអង្គប្រទានឱ្យទឹកដីអ្នកមានសន្តិភាព ព្រះអង្គប្រទានឱ្យអ្នកមានស្រូវដ៏ល្អយ៉ាងបរិបូណ៌ |
| ១៥ | ព្រះអង្គមានព្រះបន្ទូលបញ្ជាទៅផែនដី ហើយព្រះបន្ទូលរបស់ព្រះអង្គផ្សព្វផ្សាយទៅយ៉ាងរហ័ស |
| ១៦ | ព្រះអង្គធ្វើឱ្យមានទឹកកកធ្លាក់ចុះមកដូចសំឡី ព្រះអង្គធ្វើឱ្យមានសន្សើមធ្លាក់ចុះមកយ៉ាងសក្បុស |
| ១៧ | ព្រះអង្គធ្វើឱ្យមានព្រឹលធ្លាក់ចុះមកទាំងដុំៗ តើនរណាអាចទ្រាំនឹងអាកាសធាតុត្រជាក់ ដែលព្រះអង្គបានបង្កើតមកនេះ? |
| ១៨ | ពេលព្រះអង្គមានព្រះបន្ទូល នោះទឹកកកនិងព្រឹលក៏រលាយទៅជាទឹក ព្រះអង្គធ្វើឱ្យមានខ្យល់បក់មក ហើយទឹកនោះក៏ហូរទៅ។ |
| ១៩ | ព្រះអង្គសម្តែងឱ្យពូជពង្សរបស់លោកយ៉ាកុប ស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ ព្រះអង្គប្រទានក្រឹត្យវិន័យ និងបទបញ្ជាផ្សេងៗឱ្យជនជាតិអ៊ីស្រាអែល។ |
| ២០ | ព្រះអង្គពុំបានប្រោសប្រទានដូច្នេះ ចំពោះជនជាតិទាំងឡាយទេ ពួកគេពុំស្គាល់វិន័យរបស់ព្រះអង្គឡើយ។ សូមសរសើរតម្កើងព្រះអម្ចាស់! អាលេលូយ៉ា!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ក្រុងស៊ីយ៉ូនអើយ! ចូរសរសើរតម្កើងព្រះរបស់អ្នក! ដ្បិតព្រះអង្គបានប្រទានព្រះបន្ទូលព្រះអង្គមកលើផែនដី។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កាឡ ២,១៩ខ-២០)
ខ្ញុំបានជាប់ឆ្កាងរួមជាមួយព្រះគ្រីស្ត ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់ គឺព្រះគ្រីស្តទេតើ ដែលមានព្រះជន្មរស់នៅក្នុងខ្ញុំ។ រីឯជីវិតដែលខ្ញុំរស់ជាមនុស្សនាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលបានស្រឡាញ់ខ្ញុំ និងបានបូជាព្រះជន្មសម្រាប់ខ្ញុំ។
បន្ទរ៖ ខ្ញុំបានស្រែករកព្រះដ៏ខ្ពង់ខ្ពស់បំផុត គឺព្រះជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំ *នូវអ្វីៗដែលខ្ញុំត្រូវការ។ បន្ទរឡើងវិញ៖…
-ពីស្ថានបរមសុខ សូមព្រះអង្គប្រទានការសង្គ្រោះមកខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ ព្រះរបស់យើងមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង។
ពាក្យអង្វរសកល
យើងខ្ញុំជឿទុកចិត្តលើព្រះហឫទ័យខ្វាយខ្វល់របស់ព្រះជាម្ចាស់ ចំពោះមនុស្សគ្រប់រូបដែលព្រះអង្គបានបង្កើត និងសង្រ្គោះតាមរយៈព្រះបុត្រាព្រះអង្គ។ ហេតុនេះ យើងខ្ញុំសូមទូលអង្វរព្រះអង្គថា ៖
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គបំពេញយើងខ្ញុំនូវកិច្ចការដ៏ល្អ ដែលព្រះអង្គបានចាប់ផ្តើមធ្វើនោះផង។
ឱព្រះជាម្ចាស់ដែលមានព្រះហឫទ័យមេត្តាករុណា សូមណែនាំយើងខ្ញុំឱ្យរីកចម្រើនខាងផ្លូវវិញ្ញាណ
—សូមបំពេញចិត្តគំនិតយើងខ្ញុំនូវសេចក្តីពិត យុត្តិធម៌ និងសេចក្តីស្រឡាញ់ផង។ (បន្ទរ)
ដោយយល់ដល់ព្រះនាមព្រះអង្គ សូមព្រះមេត្តាកុំបោះបង់យើងខ្ញុំចោល ជារៀងរហូតឡើយ
—ហើយសូមកុំលប់សម្ពន្ធមេត្រីរបស់ព្រះអង្គចោលឡើយ។ (បន្ទរ)
សូមព្រះអង្គទទួលយកចិត្តទន់ទាប និងវិញ្ញាណដែលទទួលសារភាពកំហុសរបស់យើងខ្ញុំផង
—និងអស់អ្នកណាដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខឡើយ។ (បន្ទរ)
ព្រះអង្គបានត្រាស់ហៅយើងខ្ញុំឱ្យធ្វើជាព្យាការីក្នុងអង្គព្រះគ្រីស្ត
—សូមព្រះអង្គជួយយើងខ្ញុំឱ្យប្រកាសអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យប្រោសឱ្យសន្តពីយូស ទី១០ ពោរពេញដោយព្រះប្រាជ្ញាញាណ និងមានចិត្តក្លាហាន ដើម្បីការពារ និងស្តារឡើងវិញនូវជំនឿរបស់ព្រះសហគមន៍កាតូលិក។ តាមគំរូ និងការប្រៀនប្រដៅរបស់លោក សូមព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចដល់យើងខ្ញុំទុកជារង្វាន់។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

