១៩ សីហា ២០២៦

Written on 04/03/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី២០ ថ្ងៃពុធ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ ចូរ​បន្លឺសំឡេង​តម្កើង​ព្រះ‌អម្ចាស់ ! ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១០៨

ពាក្យសរសើរតម្កើងព្រះជាម្ចាស់ និងពាក្យទូលអង្វរ

តាំងពីព្រះជាម្ចាស់លើកព្រះបុត្រាឡើងស្ថានបរមសុខ 
សិរីរុងរឿងរបស់ព្រះអង្គត្រូវបានប្រកាសទូទាំងភពផែនដី (Arnobius)។

បន្ទរទី១៖ ឱ​ព្រះ‌ជាម្ចាស់​អើយ ទូល‌បង្គំត្រៀម​ចិត្ត​គំនិត​ជា​ស្រេច !

ឱព្រះជាម្ចាស់អើយ! ទូលបង្គំត្រៀមចិត្តគំនិតជាស្រេច!
ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូតបទតម្កើងអស់ពីដួងចិត្ត!

ឱ​ឃឹម និង​ពិណ​របស់​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង!
ខ្ញុំនឹងដាស់​ព្រះ‌អាទិត្យ​ឱ្យ​រះ

ឱ​ព្រះ‌អម្ចាស់​អើយ 
ទូល‌បង្គំ​នឹង​លើក​តម្កើងព្រះ‌អង្គ​ក្នុង​ចំណោម​ប្រជាជន​ទាំង‌ឡាយ 
ទូល‌បង្គំ​នឹង​ស្មូត​ទំនុក‌តម្កើងថ្វាយ​ព្រះ‌អង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា

ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្ររបស់​ព្រះ‌អង្គ​ខ្ពស់​ដល់​អាកាស‌វេហាស៍។

ឱ​ព្រះ‌ជាម្ចាស់​អើយ 
សូម​បង្ហាញ​ភាព​ថ្កុំ‌ថ្កើងឧត្តុង្គ‌ឧត្ដម​របស់​ព្រះ‌អង្គ​នៅ​លើ​ផ្ទៃ​មេឃ
ហើយ​សូម​ឱ្យ​សិរីរុង​រឿង​របស់​ព្រះ‌អង្គភ្លឺចែង​ចាំង​នៅ​លើ​ផែន‌ដី​ទាំង​មូល!

សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ
សូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផង
ដើម្បី​ឱ្យ​ប្រជាជន​ជា​ទី​ស្រឡាញ់របស់​ព្រះ‌អង្គ​បានរួច​ជីវិត!

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ទី‌សក្ការៈរបស់​ព្រះ‌អង្គ​មក​ថា:
«យើង​នឹង​យក​ជ័យ‌ជម្នះ យើង​នឹង​បែង​ចែក​ស្រុក​ស៊ីគែម 
យើង​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូតចែក​ប្រជា‌រាស្ដ្រ​របស់​យើង។

កាឡាត​ជា​ទឹក​ដី​របស់​យើង
ហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ 
អេប្រា‌អ៊ីម​ប្រៀប​ដូច​ជា​មួក​ដែក​របស់​យើង
ហើយ​យូដា​ជា​ដំបង​រាជ្យ​របស់​យើង។
១០
ទឹក​ដី​ម៉ូអាប់​ជា​កន្លែង​ដែល​យើង​លាង​ជើង 
យើង​បោះ​ស្បែក​ជើង​យើង​លើ​ទឹក​ដី​អេដុម
ដើម្បី​បញ្ជាក់​ថា យើង​ជា​ម្ចាស់​លើ​ទឹក​ដី​នេះ។
យើង​នឹង​ស្រែក​ប្រកាស​សង្គ្រាមប្រឆាំង​នឹង​ស្រុក​ភីលី‌ស្ទីន!»។
១១
តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទីក្រុងដ៏​រឹង‌មាំ​បាន?
តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ស្រុក​អេដុម?
១២
ឱ​ព្រះ‌ជាម្ចាស់​អើយ! មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​អាច​នាំ​យើង​ខ្ញុំ 
ប៉ុន្តែ ព្រះ‌អង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ
ព្រះ‌អង្គ​ឈប់​យាង​ទៅ​ជា​មួយ​កង‌ទ័ពយើង​ខ្ញុំ​ទៀត​ហើយ។
១៣
សូម​ជួយ​យើង​ខ្ញុំ​ឱ្យ​ប្រឆាំង​តទល់នឹង​ពួក​សត្រូវ​ផង 
ដ្បិត​ការ​សង្គ្រោះ​មក​ពី​មនុស្ស​លោកឥត​ប្រយោជន៍​អ្វីសោះ។
១៤
បើ​ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​យើង នោះ​យើង​នឹង​មាន​ជ័យ‌ជម្នះ
ដ្បិត​ព្រះ‌អង្គ​នឹង​បង្ក្រាប​បច្ចា‌មិត្តរបស់​យើង​ឱ្យ​រាប។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ឱ​ព្រះ‌ជាម្ចាស់​អើយ ទូល‌បង្គំត្រៀម​ចិត្ត​គំនិត​ជា​ស្រេច !

បទលើកតម្កើងតាមព្យាការីអេសាយ (អស ៦១,១០-៦២,៥)

អំណរសប្បាយរបស់ព្យាការីស្តីអំពីក្រុងយេរូសាឡឹមថ្មី
ខ្ញុំ​ឃើញ​ក្រុង​ដ៏‌វិសុទ្ធ ជា​ក្រុង​យេរូ‌សាឡឹម​ថ្មី ចុះ​ពី​ស្ថាន​បរម‌សុខ គឺ​ចុះ​មក​ពី​ព្រះ‌ជាម្ចាស់ ទាំង​តែង​ខ្លួន​ដូច​ភរិយា​ថ្មោង​ថ្មីតុប‌តែង​ខ្លួន​ទទួល​ស្វាមី (វវ ២១,២)។

បន្ទរទី២៖ ព្រះអង្គបានយកសេចក្តីសុចរិត និងការសង្រ្គោះមកពាក់ឱ្យខ្ញុំ។

(បទពាក្យ ៧)

១០- ខ្ញុំមានអំណរសប្បាយខ្លាំង ព្រោះតែព្រះអង្គស្តាប់អង្វរ  
  ព្រះអង្គសង្គ្រោះខ្ញុំកំដរ រហូតរៀងមកមិនដែលខាន
  លម្អខ្ញុំដូចកូនកំលោះ ពាក់មកុដស្រស់ល្អភុំផាន  
  ដូចកូនក្រមុំយ៉ាងចំណាន នៅលើវិមានថ្ងៃរៀបការ
១១- ដីធ្វើឱ្យគ្រាប់ពូជធារដុះ ពន្លកសក្បុសនៅក្នុងច្បារ  
  លូតលាស់ស្គុះស្គាយស្រស់យ៉ាងណា ក្តីសុចរិតថ្លាមិនបាត់បង់
  និងការសរសើរលើកតម្កើង លូតលាស់ផុសឡើងមិនបង្អង់  
  ចេញពីទឹកដីល្អផូរផង់ នៅមុខទូទាំងជាតិទាំងឡាយ
១- យើងតែងនិយាយការពារក្រុង ឱ្យនៅគង់វង្សមានអ្នកថែ  
  យេរូសាឡឹមស៊ីយ៉ូនដែរ យើងមិនស្ងៀមទេមិនកន្តើយ
  ដរាបទាល់តែក្តីសុចរិត ចាំងចែងពេញពិតទើបធូរស្បើយ  
  ដូចថ្ងៃរះពេញពន្លឺហើយ ការសង្គ្រោះឱ្យភ្លឺដូចភ្លើង
២- ពេលនោះមនុស្សគ្រប់ជាតិសាសន៍ ឃើញសុចរិតច្បាស់មិនឆ្មៃឆ្មើង  
  ស្តេចទាំងប៉ុន្មាននឹកឃើញឡើង សិរីរុងរឿងនៃអ្នកដែរ
  ឈ្មោះចាស់ក្រុងឯងគេលែងហៅ គេពោលសំដៅតាមគេប្រែ  
  ឈ្មោះល្អសែនសមអ្វីម៉្លេះទេ ព្រះប្រទានគេឱ្យរុងរឿង
៣- ក្រុងឯងនឹងទៅជាភួងជ័យ ប្រណីតពេកក្រៃសែនថ្កុំថ្កើង  
  នឹងទៅជាមកុដរាជ្យរុងរឿង ព្រះហស្តព្រះយើងទ្រង់កាន់កាប់
៤- គេនឹងលែងហៅអ្នកឯងថា ស្ត្រីមិនបានការមិនចំណាប់  
  ស្ត្រីប្តីបោះបង់មិនគួររាប់ គេលែងបង្អាប់ដល់អ្នកទៀត
  តំបន់ជុំវិញគេក៏លែង មើលងាយហៅថាចោលម្សៀត  
  ថាស្ងាត់ជ្រងំដូចព្រៃស្បាត ដែលមានដុះសុទ្ធស្មៅទៀតទេ
  តែផ្ទុយទៅវិញគេនឹងហៅ ឯងថាពាលពៅបងសូមស្នេហ៏  
  តំបន់ជុំវិញគេបំពេរ ថាស្ងួនមាសមេភរិយាបង
  ដ្បិតព្រះអម្ចាស់គាប់ព្រះទ័យ នឹងអ្នកពេកក្រៃគ្មានសៅហ្មង  
  ដូចពាក្យសំដីឆ្លើយសារសង ពាក្យអូនពាក្យបងត្រូវរ៉ូវគ្នា
៥- ព្រះម្ចាស់បង្កើតជារូបអ្នក ទ្រង់គង់ថ្នមថ្នាក់រាល់វេលា  
  សប្បាយឥតខ្វល់ដូចភរិយា ថ្មីថ្មោងជាគ្នានឹងស្វាមី
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ ព្រះអង្គបានយកសេចក្តីសុចរិត និងការសង្រ្គោះមកពាក់ឱ្យខ្ញុំ។

ទំនុកតម្កើងលេខ ១៤៦

សុភមង្គលរបស់អស់អ្នកដែលជឿទុកចិត្តលើព្រះជាម្ចាស់
ការសរសើរតម្កើងព្រះជាម្ចាស់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង មានន័យថា គ្រប់យ៉ាងដែលយើងធ្វើ ត្រូវតែសម្រាប់សិរីរុងរឿងរបស់ព្រះអង្គ (Arnobius)។

បន្ទរទី៣៖ ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត។

អាលេលូយ៉ា! ខ្ញុំសូមលើកតម្កើងព្រះអម្ចាស់អស់ពីដួងចិត្ត!

ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត
ខ្ញុំនឹងស្មូតបទថ្វាយព្រះរបស់ខ្ញុំ
ក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ។

កុំទុកចិត្តមេដឹកនាំ កុំទុកចិត្តមនុស្សលោក
ដែលពុំអាចសង្គ្រោះនរណាបាននោះឡើយ

ពេលគេត្រូវផុតដង្ហើម គេវិលត្រឡប់ទៅជាធូលីដីវិញ
ហើយគម្រោងការរបស់គេក៏នឹងរលាយសូន្យនៅថ្ងៃនោះដែរ។

អ្នកណាដែលព្រះរបស់លោកយ៉ាកុបសង្គ្រោះ
ហើយអ្នកណាដែលសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់ខ្លួន
អ្នកនោះមានសុភមង្គលហើយ!។

ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី
ព្រះអង្គបានបង្កើតសមុទ្រ និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ
ព្រះអង្គតែងតែគោរពតាមព្រះបន្ទូលសន្យារបស់ព្រះអង្គជានិច្ច។

ព្រះអង្គរកយុត្តិធម៌ឱ្យអស់អ្នកដែលត្រូវគេសង្កត់សង្កិន
ព្រះអង្គប្រទានអាហារដល់អស់អ្នកដែលស្រេកឃ្លាន
ព្រះអម្ចាស់ដោះលែងអ្នកជាប់ឃុំឃាំង

ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ឱ្យមើលឃើញ
ព្រះអម្ចាស់លើកអ្នកដែលអស់សង្ឃឹមឱ្យងើបឡើងវិញ
ព្រះអម្ចាស់ស្រឡាញ់មនុស្សសុចរិត

ព្រះអម្ចាស់ការពារជនបរទេស
ព្រះអង្គគាំទ្រក្មេងកំព្រា និងស្ត្រីមេម៉ាយ
តែព្រះអង្គធ្វើឱ្យគម្រោងការរបស់មនុស្សអាក្រក់ត្រូវរលាយសូន្យ។
១០

ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ច!
ក្រុងស៊ីយ៉ូនអើយ! ព្រះរបស់អ្នកនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!
ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!។ អាលេលូយ៉ា!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៤,៣៩-៤០)

ចូរ​ទទួល​ស្គាល់​នៅ​ថ្ងៃ​នេះ ហើយ​ចង​ចាំ​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់នៅ​លើ​មេឃ និង​នៅ​លើ​ផែន‌ដី គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ។ អ្នក​ត្រូវ​កាន់​តាម​វិន័យ និង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បាន​ប្រគល់​ឱ្យ​អ្នក​ក្នុង​ថ្ងៃ​នេះ ដើម្បី​ឱ្យ​អ្នក​មាន​សុភមង្គល គឺ​ទាំង​អ្នក ទាំង​កូន​ចៅ​របស់​អ្នក ហើយ​ឱ្យ​អ្នក​មាន​អាយុ​យឺន‌យូរ​នៅ​លើ​ទឹក​ដីដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឱ្យ​អ្នក​រហូត​ត​ទៅ។

បន្ទរ៖ ខ្ញុំនឹងអរព្រះ‌គុណព្រះ‌អម្ចាស់ *គ្រប់ពេលវេលា។ បន្ទរឡើងវិញ៖...
-ខ្ញុំនឹងសរសើរតម្កើងព្រះ‌អង្គឥតឈប់សោះឡើយ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ ចូរយើងគោរពបម្រើព្រះអម្ចាស់ក្នុងភាពដ៏រិសុទ្ធ និងសុចរិតជាទីគាប់ព្រះ‌ហឫ‌ទ័យព្រះ‌ជាម្ចាស់ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។

ពាក្យអង្វរសកល

ព្រះគ្រីស្តជាសិរីរុងរឿងរបស់ព្រះបិតា ព្រះអង្គបំភ្លឺយើងខ្ញុំដោយសារព្រះបន្ទូលរបស់ព្រះអង្គ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅថា ៖

បន្ទរ ៖ ឱព្រះមហាក្សត្រនៃសិរីរុងរឿងអស់កល្បជានិច្ចអើយ ! សូមព្រះអង្គសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំផង។

សូមលើកតម្កើងព្រះជាម្ចាស់ ព្រះអង្គជាអាល់ផា និងជាអូមេកានៃជំនឿរបស់យើងខ្ញុំ
—ព្រោះព្រះអង្គដែលបានត្រាស់ហៅយើងខ្ញុំចេញពីទីងងឹត ដើម្បីចូលទៅក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។ (បន្ទរ)

ព្រះអង្គបានប្រោសមនុស្សខ្វាក់ឱ្យមើលឃើញ និងមនុស្សថ្លង់ឱ្យស្តាប់ឮ
—សូមព្រះអង្គជួយដល់អ្នកដែលគ្មានជំនឿផង។ (បន្ទរ)

ឱព្រះអម្ចាស់អើយ! សូមព្រះអង្គថែរក្សាការពារយើងខ្ញុំ និងសហគមន៍របស់យើងខ្ញុំ ក្នុងព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ
—សូមកុំឱ្យយើងបែកពីគ្នាឡើយ។ (បន្ទរ)

សូមព្រះអង្គប្រទានកម្លាំងដល់យើងខ្ញុំ នៅពេលយើងខ្ញុំស្ថិតក្នុងការល្បួង និងឱ្យយើងខ្ញុំមានចិត្តស៊ូទ្រាំនៅពេលមានទុក្ខលំបាក
—ហើយឱ្យយើងខ្ញុំមានចិត្តកត្តញ្ញូ នៅពេលសម្បូរសប្បាយផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតា ! សូមព្រះអង្គនឹកចាំពីសម្ពន្ធមេត្រីដ៏វិសុទ្ធ ដែលចងឡើងដោយព្រះលោហិតរបស់កូនចៀម។ សូមព្រះអង្គលើកលែងទោសបាបរបស់ប្រជាជន ហើយសូមឱ្យថ្ងៃថ្មីនេះ នាំយើងខ្ញុំមកដល់កាន់តែជិតការសង្រ្គោះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។