រដូវធម្មតា សប្តាហ៍ទី១៨ ថ្ងៃសុក្រ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរយើងនាំគ្នាចូលមកលើកតម្កើងព្រះអម្ចាស់ ! មានតែនៅក្បែរព្រះអង្គទេ ដែលចិត្តយើងបានស្ងប់។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៥១
ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំផង
ត្រូវប្រែគំនិតប្រាជ្ញា និងវិញ្ញាណឲ្យបានថ្មីឡើង ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត និងវិសុទ្ធ មកពីសេចក្ដីពិត
ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ (អភ ៤,២៣-២៤)។
បន្ទរទី១ ៖ ព្រះអម្ចាស់អើយ! ព្រះអង្គតែងតែទទួលចិត្តសោកសង្រេង និងចិត្តលែងមានអំនួត។
| ៣ | ឱព្រះជាម្ចាស់នៃទូលបង្គំអើយ! សូមអាណិតមេត្តាទូលបង្គំ តាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គផង សូមលើកលែងទោសឱ្យទូលបង្គំ តាមព្រះហឫទ័យអាណិតមេត្តាដ៏ទូលំទូលាយរបស់ព្រះអង្គផង!។ |
| ៤ | សូមលប់លាងកំហុសទូលបង្គំឱ្យបានស្អាតទាំងស្រុង សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធរួចពីបាប! |
| ៥ | ទូលបង្គំទទួលសារភាពកំហុសរបស់ទូលបង្គំហើយ អំពើបាបទូលបង្គំដិតជាប់នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។ |
| ៦ | ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ទូលបង្គំបានប្រព្រឹត្តនឹងអំពើដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។ ទោះបីព្រះអង្គដាក់ទោសទូលបង្គំយ៉ាងណាក្តី ក៏ព្រះអង្គនៅតែឥតកំហុសដែរ។ |
| ៧ | ទូលបង្គំមានកំហុសតាំងពីកំណើតមក ទូលបង្គំជាប់បាបតាំងពីនៅក្នុងផ្ទៃម្តាយមកម៉្លេះ! |
| ៨ | ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្តីពិត នៅក្នុងជម្រៅចិត្តមនុស្ស។ សូមប្រោសឱ្យស្គាល់ជម្រៅនៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ |
| ៩ | សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធ នោះទូលបង្គំនឹងបានបរិសុទ្ធមែន សូមលាងសំអាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត។ |
| ១០ | សូមប្រាប់ឱ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ នោះទូលបង្គំនឹងមានអំណរសប្បាយ ចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងប្រែជារីករាយឡើងវិញ។ |
| ១១ | ឱព្រះអង្គអើយ! សូមកុំទតមើលអំពើបាបរបស់ទូលបង្គំឡើយ។ សូមលប់បំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំផង។ |
| ១២ | ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យទូលបង្គំមានចិត្តបរិសុទ្ធ សូមបង្កើតចិត្តគំនិតថ្មីដ៏រឹងប៉ឹងដល់ទូលបង្គំផង។ |
| ១៣ | សូមកុំបោះបង់ទូលបង្គំឱ្យឃ្លាតឆ្ងាយពីព្រះអង្គ សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គចេញពីទូលបង្គំឡើយ។ |
| ១៤ | សូមប្រោសប្រទានឱ្យទូលបង្គំមានអំណរ ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ សូមគាំទ្រទូលបង្គំ ដោយប្រទានព្រះវិញ្ញាណឱ្យទូលបង្គំ សុខចិត្តធ្វើតាមព្រះហឫទ័យព្រះអង្គជានិច្ច។ |
| ១៥ | ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ឱ្យស្គាល់មាគ៌ារបស់ព្រះអង្គ នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។ |
| ១៦ | ឱព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃទូលបង្គំ សូមរំដោះទូលបង្គំឱ្យរួចពីស្លាប់ ទូលបង្គំនឹងប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ។ |
| ១៧ | ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យបន្លឺសំឡេងផង នោះទូលបង្គំនឹងប្រកាសពាក្យសរសើរតម្កើងព្រះអង្គ។ |
| ១៨ | ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយយញ្ញបូជាទេ ទោះបីតង្វាយដុតទាំងមូល ក៏ព្រះអង្គមិនគាប់ព្រះហឫទ័យដែរ។ |
| ១៩ | យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយ គឺចិត្តសោកសង្រេង ព្រះអង្គតែងតែទទួលចិត្តសោកសង្រេង និងចិត្តលែងមានអំនួត។ |
| ២០ | ឱព្រះអម្ចាស់អើយ! សូមប្រោសប្រណីក្រុងស៊ីយ៉ូន សូមមេត្តាកសាងកំពែងក្រុងយេរូសាឡឹមឡើងវិញផង។ |
| ២១ | ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងតង្វាយស្របតាមវិន័យ គឺតង្វាយដុតទាំងមូល និងយញ្ញបូជា គេនឹងយកគោឈ្មោលមកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់អើយ! ព្រះអង្គតែងតែទទួលចិត្តសោកសង្រេង និងចិត្តលែងមានអំនួត។
បទលើកតម្កើងតាមគម្ពីរហាបាគូក (ហគ ៣,២-៤.១៣ក.១៥-១៨)
ព្រះជាម្ចាស់យាងមកវិនិច្ឆ័យទោសមនុស្សលោក
“ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ” (លក ២១,២៨)។
បន្ទរទី២ ៖ ពេលព្រះអង្គទ្រង់ព្រះពិរោធ សូមនឹកដល់ព្រះហឫទ័យអាណិតមេត្តារបស់ព្រះអង្គផង។
(បទព្រហ្មគីតិ)
| ២- | ឱព្រះជាអម្ចាស់ | ខ្ញុំឮច្បាស់សព្វសេចក្តី | |
| ស្នាព្រះហស្តថ្លាថ្លៃ | រៀងរាល់ថ្ងៃខ្លាំងអស្ចារ្យ | ។ | |
| សូមទ្រង់ប្រោសប្រណី | ដោយសេចក្តីករុណា | ||
| សម្តែងឫទ្ធិបាដិហារិយ៍ | ឱ្យគ្រប់គ្នាស្គាល់ផងចុះ | ។ | |
| ប៉ុន្តែពេលព្រះអង្គ | ពិរោធខ្លាំងសូមសន្តោស | ||
| ព្រះទ័យដែលធ្លាប់ស្មោះ | ធ្លាប់ស្រណោះគ្រាកន្លង | ។ | |
| ៣- | ព្រះម្ចាស់យាងមកពី | ភ្នំជាទីឥតមានហ្មង | |
| វិសុទ្ធពេកកន្លង | បារមីទ្រង់ភ្លឺចែងចាំង | ។ | |
| សូមឱ្យពសុធា | កុំរួញរាស្រែកឱ្យខ្លាំង | ||
| លើកតម្កើងព្រះអង្គ | យប់ថ្ងៃផងកុំរួញរា | ។ | |
| ៤- | ព្រះអង្គភ្លឺពណ្ណរាយ | ចាំងពីនាយល្អអស្ចារ្យ | |
| ចែងចាំងរស្មីថ្លា | ព្រះចេស្តាបង្កប់ទុក | ។ | |
| ១៣- | ព្រះអង្គចេញសង្គ្រោះ | មនុស្សទាំងអស់នៅលើលោក | |
| ទាំងស្តេចដែលចេញមក | ទ្រង់អភិសេកចាក់ប្រេងឱ្យ | ។ | |
| ព្រះអង្គបានប្រហារ | មេគ្រួសារមិនបណ្តោយ | ||
| កម្ទេចមិនទុកឱ្យ | នៅសល់ឡើយទាំងអស់គ្នា | ។ | |
| ១៥- | ព្រះអង្គត្រួសត្រាយផ្លូវ | សេះដើរទៅលាន់ខ្ទ័រខ្ទារ | |
| នៅក្នុងបាតជលសា | ដែលកំពុងកញ្ជ្រោលខ្លាំង | ។ | |
| ១៦- | ខ្ញុំឮសន្ធឹកនេះ | ទ្រូងស្ទើរប្រេះភ័យភាន់ភាំង | |
| ឆ្អឹងឆ្អែងពុកអស់ទាំង | ដៃជើងគាំងនៅស្ងៀមឈឹង | ។ | |
| ខ្ញុំរង់ចាំតែថ្ងៃ | អាសន្នភ័យទាំងទន្ទឹង | ||
| ពេលពួកឈ្លានពានខឹង | ពួកវានឹងកាប់ប្រហារ | ។ | |
| ១៧- | ព្រៃឈើលែងឱ្យផ្លែ | ស្រូវក្នុងស្រែស្កកអសារ | |
| សត្វគោចៀមផងណា | ត្រូវមរណាគ្មានសល់ដែរ | ។ | |
| ១៨- | ឯខ្ញុំសែនរីករាយ | អរសប្បាយបានល្ហើយល្ហែ | |
| ព្រោះព្រះម្ចាស់នៅក្បែរ | ទ្រង់តាមថែសង្គ្រោះខ្ញុំ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច |
បន្ទរ ៖ ពេលព្រះអង្គទ្រង់ព្រះពិរោធ សូមនឹកដល់ព្រះហឫទ័យអាណិតមេត្តារបស់ព្រះអង្គផង។
ទំនុកតម្កើងលេខ ១៤៧,១២-២០
ការស្តារក្រុងយេរូសាឡឹមឡើងវិញ
"សូមអញ្ជើញមក ខ្ញុំនឹងបង្ហាញឱ្យលោកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម” (វវ ២១,៩)។
បន្ទរទី៣ ៖ ក្រុងយេរូសាឡឹមអើយ ! ចូរសរសើរតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ !
| ១២ | ក្រុងយេរូសាឡឹមអើយ ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ ! ក្រុងស៊ីយ៉ូនអើយ ! ចូរសរសើរតម្កើងព្រះរបស់អ្នក ! |
| ១៣ | ដ្បិតព្រះអង្គការពារ និងពង្រឹងអ្នកឱ្យមានសន្តិសុខ ព្រះអង្គនឹងប្រទានពរដល់ប្រជាជនដែលរស់នៅក្នុងទីក្រុង។ |
| ១៤ | ព្រះអង្គប្រទានឱ្យទឹកដីអ្នកមានសន្តិភាព ព្រះអង្គប្រទានឱ្យអ្នកមានស្រូវដ៏ល្អយ៉ាងបរិបូណ៌ |
| ១៥ | ព្រះអង្គមានព្រះបន្ទូលបញ្ជាទៅផែនដី ហើយព្រះបន្ទូលរបស់ព្រះអង្គផ្សព្វផ្សាយទៅយ៉ាងរហ័ស |
| ១៦ | ព្រះអង្គធ្វើឱ្យមានទឹកកកធ្លាក់ចុះមកដូចសំឡី ព្រះអង្គធ្វើឱ្យមានសន្សើមធ្លាក់ចុះមកយ៉ាងសក្បុស |
| ១៧ | ព្រះអង្គធ្វើឱ្យមានព្រឹលធ្លាក់ចុះមកទាំងដុំៗ តើនរណាអាចទ្រាំនឹងអាកាសធាតុត្រជាក់ ដែលព្រះអង្គបានបង្កើតមកនេះ? |
| ១៨ | ពេលព្រះអង្គមានព្រះបន្ទូល នោះទឹកកកនិងព្រឹលក៏រលាយទៅជាទឹក ព្រះអង្គធ្វើឱ្យមានខ្យល់បក់មក ហើយទឹកនោះក៏ហូរទៅ។ |
| ១៩ | ព្រះអង្គសម្តែងឱ្យពូជពង្សរបស់លោកយ៉ាកុប ស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ ព្រះអង្គប្រទានក្រឹត្យវិន័យ និងបទបញ្ជាផ្សេងៗឱ្យជនជាតិអ៊ីស្រាអែល។ |
| ២០ | ព្រះអង្គពុំបានប្រោសប្រទានដូច្នេះ ចំពោះជនជាតិទាំងឡាយទេ ពួកគេពុំស្គាល់វិន័យរបស់ព្រះអង្គឡើយ។ សូមសរសើរតម្កើងព្រះអម្ចាស់! អាលេលូយ៉ា!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ក្រុងយេរូសាឡឹមអើយ ! ចូរសរសើរតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ២,១៣-១៦)
ឥឡូវនេះ ដោយបងប្អូនរួមក្នុងអង្គព្រះយេស៊ូគ្រីស្ត បងប្អូនបានមកនៅជិតដោយសារព្រះលោហិតរបស់ព្រះគ្រីស្ត។ គឺព្រះគ្រីស្តហើយដែលជាសន្តិភាពរបស់យើង ព្រះអង្គបានប្រមូលសាសន៍ទាំងពីរឱ្យរួមគ្នាមកជាប្រជារាស្ដ្រតែមួយ។ ព្រះអង្គបានបូជាព្រះកាយរបស់ព្រះអង្គ ដើម្បីរំលំជញ្ជាំងដែលធ្វើឱ្យសាសន៍ទាំងពីរនៅដាច់ពីគ្នា ហើយជាបច្ចាមិត្តនឹងគ្នា។ ព្រះអង្គបានលុបបំបាត់វិន័យ ដែលមានបទបញ្ញត្តិ និងបទបញ្ជាផ្សេងៗចោល ដើម្បីបង្រួបបង្រួមសាសន៍ទាំងពីរឱ្យទៅជាមនុស្សថ្មីតែមួយ ក្នុងព្រះអង្គផ្ទាល់ ព្រមទាំងនាំសន្តិភាពមកផង។ ដោយព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង ព្រះអង្គបានសម្រុះសម្រួលសាសន៍ទាំងពីរឱ្យរួមគ្នាជារូបកាយតែមួយ និងធ្វើឱ្យគេស្រុះស្រួលជាមួយព្រះជាម្ចាស់វិញ ទាំងកម្ចាត់ការស្អប់គ្នាចោលផង។
បន្ទរ៖ ខ្ញុំបានស្រែករកព្រះដ៏ខ្ពង់ខ្ពស់បំផុត *គឺព្រះជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំនូវអ្វីៗដែលខ្ញុំត្រូវការ។ បន្ទរឡើងវិញ៖…
-ពីស្ថានបរមសុខ សូមព្រះអង្គប្រទានការសង្គ្រោះមកខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ ព្រះរបស់យើងមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង។
ពាក្យអង្វរសកល
យើងខ្ញុំសូមកោតសរសើរព្រះគ្រីស្ត ដែលបានថ្វាយព្រះកាយរបស់ព្រះអង្គចំពោះព្រះបិតា តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីលាងសម្អាតយើងខ្ញុំចេញពីអំពើនៃសេចក្តីស្លាប់។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយចិត្តស្មោះត្រង់ថា ៖
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! ការធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ជាសេចក្តីសុខសាន្តរបស់យើងខ្ញុំ។
យើងខ្ញុំបានទទួលថ្ងៃចាប់ផ្តើមថ្មីនេះ ពីព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
—សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំចាប់ផ្តើមជីវិតថ្មីយ៉ាងនោះដែរ។ (បន្ទរ)
ព្រះអង្គបានបង្កើតអ្វីៗសព្វសារពើក្នុងលោកនេះ ហើយព្រះអង្គធ្វើឱ្យអ្វីៗទាំងនោះដុះឡើង
—សូមប្រទានឱ្យយើងខ្ញុំចេះទទួលស្គាល់ស្នាព្រះហស្តរបស់ព្រះអង្គផង។ (បន្ទរ)
ព្រះបុត្រាបានចងសម្ពន្ធមេត្រីថ្មីអស់កល្បជានិច្ច តាមរយៈព្រះលោហិតរបស់ព្រះអង្គ
—សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានចិត្តស្មោះត្រង់លើសម្ពន្ធមេត្រីនេះ ដោយគោរពតាមបទបញ្ជារបស់ព្រះអង្គផង។ (បន្ទរ)
នៅលើឈើឆ្កាង ព្រះលោហិត និងទឹកបានហូរចេញពីចំហៀងព្រះកាយព្រះអង្គ
—សូមឱ្យយើងខ្ញុំចេះទទួលស្គាល់វត្តមានរបស់ព្រះអង្គ នៅពេលយើងខ្ញុំថ្វាយអភិបូជាផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! នៅព្រឹកនេះ យើងខ្ញុំសូមថ្វាយពាក្យអធិដ្ឋានរបស់យើងខ្ញុំ ទុកជាការលើកតម្កើងព្រះអង្គ។ សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំបានចូលរួមជាមួយសន្តបុគ្គល ច្រៀងលើកតម្កើងព្រះអង្គ ដោយអំណរសប្បាយ នៅក្នុងព្រះរាជ្យព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

