១៩ កក្កដា ២០២៦

Written on 02/03/2026
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី១៦ ថ្ងៃអាទិត្យ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ចូរ​នាំ​គ្នា​មកថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង យើង​ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះ‌អង្គ​ដឹក​នាំ អាលេលូយ៉ា!

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៨

ចម្រៀងនៃអំណរសប្បាយសម្រាប់ការសង្រ្គោះ

«ព្រះ‌អង្គ​ហ្នឹង​ហើយ​ជា “ថ្ម​ដែល​លោក​ទាំង​អស់​គ្នា​ជា​ជាង​សំណង់​បោះ​ចោល
បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត​វិញ” » (កក ៤,១១)។

បន្ទរទី១ ៖ ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យសប្បុរស ព្រះ‌ហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅស្ថិតស្ថេរ​រហូត​ត​ទៅ ! អាលេលូយ៉ា !

ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យជនជាតិអ៊ីស្រាអែលប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យពូជពង្សរបស់លោកអរ៉ុន ប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ ប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

នៅពេលតប់ប្រមល់ ខ្ញុំអង្វរព្រះអម្ចាស់
ព្រះអម្ចាស់ក៏ឆ្លើយតបមកខ្ញុំវិញ
ហើយប្រទានឱ្យខ្ញុំមានសេរីភាព។

ព្រះអម្ចាស់កាន់ខាងខ្ញុំ ខ្ញុំមិនភ័យខ្លាចអ្វីឡើយ
តើមនុស្សលោកអាចធ្វើអ្វីខ្ញុំកើត?

ព្រះអម្ចាស់កាន់ខាងខ្ញុំ ហើយជួយគាំទ្រខ្ញុំ
ខ្ញុំនឹងឃើញខ្មាំងសត្រូវបរាជ័យ។

ផ្ញើជីវិតលើព្រះអម្ចាស់ ប្រសើរជាងទុកចិត្តលើមនុស្ស។

ផ្ញើជីវិតលើព្រះអម្ចាស់ ប្រសើរជាងទុកចិត្តលើអ្នកធំ។
១០
ប្រជាជាតិទាំងប៉ុន្មាននាំគ្នាមកឡោមព័ទ្ធខ្ញុំ
ខ្ញុំបានកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។
១១
ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំគ្រប់ទិសទី
ខ្ញុំបានកម្ទេចពួកគេដោយសារព្រះនាមរបស់ព្រះអម្ចាស់។
១២
ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំ
តែពួកគេត្រូវឆេះអស់ទៅ ដូចភ្លើងដែលឆេះបន្លា
ខ្ញុំបានកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។
១៣
គេបានច្រានខ្ញុំយ៉ាងខ្លាំងដើម្បីឱ្យខ្ញុំដួល
តែព្រះអម្ចាស់យាងមកជួយខ្ញុំ។
១៤
ព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ
ខ្ញុំស្រែករកព្រះនាមព្រះអង្គនៅពេលចេញទៅច្បាំង
ព្រះអង្គសង្គ្រោះខ្ញុំ។
១៥
មនុស្សសុចរិតនឹងនាំគ្នាស្រែកហ៊ោរ នៅក្នុងជំរំរបស់ខ្លួន
ខ្ញុំច្រៀងថ្វាយព្រះអង្គ ព្រោះតែមានជ័យជម្នះ
ព្រះអម្ចាស់សម្តែងព្រះបារមីប្រកបដោយឫទ្ធានុភាព!
១៦
ព្រះអម្ចាស់សម្តែងព្រះបារមីដ៏ខ្ពង់ខ្ពស់បំផុត!
ព្រះអម្ចាស់សម្តែងព្រះបារមីប្រកបដោយឫទ្ធានុភាព។
១៧
ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនត្រូវស្លាប់ឡើយ
ដើម្បីរៀបរាប់អំពីស្នាព្រះហស្តរបស់ព្រះអម្ចាស់។
១៨
មែនហើយ! ព្រះអម្ចាស់បានវាយប្រដៅខ្ញុំយ៉ាងខ្លាំង
តែព្រះអង្គមិនបណ្តោយឱ្យខ្ញុំស្លាប់ឡើយ។
១៩
ចូរនាំគ្នាបើកទ្វារសម្រាប់មនុស្សសុចរិត
ដើម្បីឱ្យចូលទៅលើកតម្កើងព្រះអម្ចាស់។
២០
នេះនែ៎! ទ្វារដែលនាំទៅគាល់ព្រះអម្ចាស់
មានតែមនុស្សសុចរិតទេ ដែលចូលតាមទ្វារនេះបាន។
២១
ទូលបង្គំលើកតម្កើងព្រះអង្គ
ព្រោះព្រះអង្គឆ្លើយតបមកទូលបង្គំ
ព្រះអង្គបានសង្គ្រោះទូលបង្គំ។
២២
ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល
បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។
២៣
ព្រះអម្ចាស់បានសម្រេចការអស្ចារ្យ
យើងក៏បានឃើញ ហើយស្ងើចសរសើរផង។
២៤
ថ្ងៃនេះ ជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក
យើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះ!
២៥
ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះយើងខ្ញុំ!
ឱព្រះអម្ចាស់អើយ! សូមប្រទានឱ្យយើងខ្ញុំមានជោគជ័យ!
២៦
សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់
យើងដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
សូមឱ្យពរអ្នករាល់គ្នា។
២៧
មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ
ព្រះអង្គបានប្រទានពន្លឺឱ្យយើង
ចូរនាំគ្នាលើកធាងទន្សែឡើង
ហើយហែជាក្បួន រហូតដល់ជ្រុងអាសនៈ
២៨
ព្រះអង្គជាព្រះនៃទូលបង្គំ
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ឱព្រះនៃទូលបង្គំអើយ!
ទូលបង្គំសូមលើកតម្កីងព្រះអង្គ!
២៩
ចូរលើកតម្កើងព្រះអម្ចាស់
ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យសប្បុរស ព្រះ‌ហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅស្ថិតស្ថេរ​រហូត​ត​ទៅ ! អាលេលូយ៉ា !

បទលើកតម្កើងតាមព្យាការីដានីអែល (ដន ៣,៥២-៥៧)

ស្នា​ព្រះហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះអម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!

…សូម​លើក​តម្កើង​ព្រះ‌អង្គ​អស់​កល្បជានិច្ច! អាម៉ែន! (រ៉ូម ១,២៥)។

បន្ទរទី២ ៖ អាលេលូយ៉ា! ស្នា​ព្រះ‌ហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ! អាលេលូយ៉ា! ។

(បទកាកគតិ)

៥២ បពិត្រព្រះម្ចាស់ ជាព្រះរបស់ ដូនតាយើងខ្ញុំ
  សូមកោតសរសើរ ទាំងថ្វាយបង្គំ ថ្កើងព្រះឧត្តម
    អស់កល្បតទៅ
  ខ្ញុំសូមតម្កើង លើកព្រះខ្ពស់ឡើង ពុំមានអាស្រូវ
  សុចរិតយុត្តិធម៌ ទ្រង់គង់ជាផ្លូវ អង្វែងតទៅ
    សរសើរព្រះអង្គ
៥៣ សូមកោតសរសើរ ព្រះគ្មានអ្វីស្មើ ក្នុងគ្រានេះម្តង
  ទ្រង់ប្រកបដោយ សិរីរឿងរុង ក្នុងវិហារទ្រង់
    កុំនៅទីមទាម
៥៤ សូមលើកតម្កើង ព្រះម្ចាស់យាងឡើង លើខេរ៉ូប៊ីម
  ខ្ពង់ខ្ពស់បំផុត គ្មានអ្វីប្រៀបផ្ទឹម ស្មូតទាំងញញឹម
    តម្កើងជានិច្ច
៥៥ សូមតម្កើងទ្រង់ ដែលយាងឡើងគង់ លើបល្ល័ង្ករាជ្យ
  សូមច្រៀងតម្កើង រាល់ថ្ងៃព្រឹកល្ងាច ព្រះម្ចាស់ជានិច្ច
    កុំប្រែក្រឡះ
៥៦ សូមថ្កើងសរសើរ ព្រះអង្គនៅលើ វេហាស៍អាកាស
  ព្រះអង្គគ្រប់គ្រង ស្ថានបរមសុខខ្ពស់ លើកសិរីយស
    ព្រះអង្គរហូត
៥៧ គ្រប់ស្នាព្រះហស្ត ព្រះម្ចាស់ទាំងអស់ នៅមិនរបូត
  ជារៀងដរាប សូមនាំគ្នាស្មូត តម្កើងរហូត
    អស់កល្បអន្លាយ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ អាលេលូយ៉ា! ស្នា​ព្រះ‌ហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ! អាលេលូយ៉ា! ។

ទំនុកតម្កើងលេខ ១៥០

ចូរសរសើរតម្កើងព្រះអម្ចាស់!

សូមឱ្យចិត្ត និងគំនិត​ ស្ថិតក្នុងបទចម្រៀងរបស់អ្នក។
នេះគឺជាការលើកតម្កើងព្រះជាម្ចាស់ ដោយខ្លួនអ្នកផ្ទាល់ (Hesychius)។

បន្ទរទី៣ ៖ ចូរឱ្យអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល សរសើរតម្កើងព្រះអម្ចាស់ ! អាលេលូយ៉ា ! ។

អាលេលូយ៉ា!
ចូរសរសើរតម្កើងព្រះជាម្ចាស់ នៅក្នុងទីសក្ការៈរបស់ព្រះអង្គ!
ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហរអាកាស
ដែលជាព្រះដំណាក់ដ៏រឹងមាំរបស់ព្រះអង្គ!

ចូរសរសើរតម្កើងព្រះអង្គចំពោះស្នាព្រះហស្តដ៏អស្ចារ្យ!
ចូរសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គប្រសើរឧត្តុង្គឧត្តមបំផុត!

ចូរផ្លុំត្រែសរសើរតម្កើងព្រះអង្គ
ចូរដេញចាប៉ី និងដេញពិណ សរសើរតម្កើងព្រះអង្គ!

ចូរវាយក្រាប់ និងរាំរបាំ សរសើរតម្កើងព្រះអង្គ!
ចូរវាយឃឹម និងផ្លុំខ្លុយ សរសើរតម្កើងព្រះអង្គ!

ចូរវាយស្គរយ៉ាងពីរោះ សរសើរតម្កើងព្រះអង្គ!
ចូរវាយស្គរឱ្យលាន់ឮរំពង សរសើរតម្កើងព្រះអង្គ!

ចូរឱ្យអ្វីៗទាំងអស់ ដែលមានដង្ហើមចេញចូល
សរសើរតម្កើងព្រះអម្ចាស់! អាលេលូយ៉ា!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរឱ្យអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល សរសើរតម្កើងព្រះអម្ចាស់ ! អាលេលូយ៉ា! ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ធម ២,៨.១១-១៣)

ចូរ​នឹក​ដល់​ព្រះ‌យេស៊ូ‌គ្រីស្ត ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​ជាប់​ព្រះ‌ញាតិ​វង្ស​នឹង​ព្រះ‌បាទ​ដាវីឌ។ ពាក្យនេះគួរឱ្យជឿ គឺថាៈ ប្រសិនបើយើងរួមស្លាប់ជាមួយព្រះអង្គ យើងក៏នឹងមានជីវិតរស់រួមជាមួយព្រះអង្គដែរ។ ប្រសិន​បើ​យើង​ស៊ូ‌ទ្រាំ យើង​នឹង​បាន​គ្រង​រាជ្យ​ជា​មួយ​ព្រះ‌អង្គ។ ប្រសិន​បើ​យើង​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់យើង​វិញ​ដែរ។ ប្រសិន​បើ​យើង​មិន​ស្មោះ‌ត្រង់ ព្រះ‌អង្គ​នៅ​តែ​ស្មោះ‌ត្រង់​ដដែល ដ្បិត​ព្រះ‌អង្គ​ពុំ​អាច​បដិសេធ​ព្រះ‌អង្គ​ផ្ទាល់បាន​ឡើយ។

បន្ទរ៖ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះ‌អម្ចាស់*យ៉ាងអស់ពីចិត្ត។ បន្ទរឡើងវិញ៖…
-ទូលបង្គំនឹងនិទានពីគ្រប់ការអស្ចារ្យដែលព្រះអង្គបានធ្វើ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ កាល​ព្រះ‌អង្គ​ទត​ឃើញ​មហា‌ជន ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​គេ​ពន់‌ពេក​ណាស់ ព្រោះ​អ្នក​ទាំង​នោះ​អស់​កម្លាំង​ល្វើយ ធ្លាក់​ទឹក​ចិត្ត ប្រៀប​បី​ដូច​ជា​ចៀម​ដែល​គ្មាន​គង្វាល​ថែ‌ទាំ។

ពាក្យអង្វរសកល

សូមបងប្អូនបើកដួងចិត្ត ដើម្បីលើកតម្កើងព្រះជាម្ចាស់ដ៏មានឫទ្ធានុភាព និងមានព្រះហឫទ័យសប្បុរស។ ព្រះអង្គស្រឡាញ់យើង និងជ្រាបពីតម្រូវការរបស់យើង ៖

បន្ទរ ៖ ឱព្រះជាអម្ចាស់អើយ ! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ និងជឿទុកចិត្តលើព្រះអង្គ។

យើងខ្ញុំសូមសរសើរតម្កើងព្រះជាម្ចាស់ ជាព្រះមហាក្សត្រនៃពិភពទាំង​មូល។ ព្រះអង្គបានត្រាស់ហៅយើងខ្ញុំ ទាំងយើងខ្ញុំនៅមានបាបនៅ​ឡើយ
—ដើម្បីឱ្យយើងខ្ញុំបានស្គាល់សេចក្តីពិត និងបម្រើព្រះចេស្តារបស់ព្រះអង្គ។ (បន្ទរ)

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គបានបើកទ្វារនៃធម៌មេត្តាករុណាឱ្យយើងខ្ញុំ
—សូមកុំឱ្យយើងខ្ញុំងាកចេញពីផ្លូវនៃជីវិតឡើយ។ (បន្ទរ)

យើងខ្ញុំសូមលើកតម្កើងការរស់ឡើងវិញដ៏រុងរឿងរបស់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ
—សូមជួយយើងខ្ញុំក្នុងមួយថ្ងៃនេះ ឱ្យមានសេចក្តីរីករាយក្នុងព្រះវិញ្ញាណផង។ (បន្ទរ)

សូមប្រទានឱ្យអស់អ្នកជឿមានចិត្តចង់អធិដ្ឋាន ដោយមានចិត្តកត្តញ្ញូចំពោះព្រះអង្គ
—ដើម្បីឱ្យយើងខ្ញុំអរព្រះគុណព្រះអង្គសម្រាប់ព្រះអំណោយទានគ្រប់បែបយ៉ាង ដែលព្រះអង្គប្រទានមកយើងខ្ញុំ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យប្រជារាស្រ្តព្រះអង្គមានសុភមង្គលដ៏ពេញលេញ។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំមានជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់កាន់តែខ្លាំងឡើងៗផង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។