រដូវធម្មតា សប្ដាហ៍ទី១៥ ថ្ងៃព្រហស្បតិ៍
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរនាំគ្នាមកថ្វាយបង្គំព្រះអម្ចាស់ ដ្បិតព្រះអង្គជាព្រះនៃយើង។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៨៧
ក្រុងយេរូសាឡឹមជាមាតានៃយើងទាំងអស់គ្នា
រីឯក្រុងយេរូសាឡឹមនៅស្ថានលើវិញ គឺស្ត្រីអ្នកជាដែលជាមាតារបស់យើងហ្នឹងហើយ (កាឡ ៤,២៦)។
បន្ទរទី១ ៖ ឱក្រុងរបស់ព្រះជាម្ចាស់អើយ ! គេលើកតម្កើងសីរីរុងរឿងរបស់អ្នក។
| ១ | ព្រះអម្ចាស់បានសង់ក្រុងយេរូសាឡឹមនៅលើភ្នំដ៏វិសុទ្ធ។ |
| ២ | ព្រះអម្ចាស់ស្រឡាញ់បុរីស៊ីយ៉ូនជាងកន្លែងឯទៀតៗទាំងអស់ នៅលើទឹកដីលោកយ៉ាកុប។ |
| ៣ | ឱក្រុងរបស់ព្រះជាម្ចាស់អើយ! គេលើកតម្កើងសីរីរុងរឿងរបស់អ្នក ដោយពោលថាៈ |
| ៤ | ក្នុងចំណោមអ្នកដែលស្គាល់ខ្ញុំ មានជនជាតិអេស៊ីប និងជនជាតិបាប៊ីឡូន អ្នកខ្លះកើតនៅស្រុកភីលីស្ទីន ខ្លះទៀតនៅស្រុកទីរ៉ុស និងខ្លះទៀតនៅស្រុកអេត្យូពី។ |
| ៥ | ចំពោះបុរីស៊ីយ៉ូនវិញ គេពោលថា យើងទាំងអស់គ្នាសុទ្ធតែកើតចេញមកពីបុរីស៊ីយ៉ូននេះ! ព្រះដ៏ខ្ពង់ខ្ពស់បំផុតធ្វើឱ្យបុរីនេះរឹងមាំ។ |
| ៦ | ព្រះអម្ចាស់រាប់ចំនួនប្រជារាស្ដ្រនានាចុះក្នុងបញ្ជី ហើយសរសេរថា បុរីស៊ីយ៉ូនជាស្រុកកំណើតរបស់ពួកគេទាំងអស់គ្នា។ |
| ៧ | ពេលនោះ ទាំងពួកអ្នកច្រៀង ទាំងពួកអ្នករាំ នឹងពោលឡើងថា “បុរីស៊ីយ៉ូនជាប្រភពនៃព្រះពររបស់យើង!”។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱក្រុងរបស់ព្រះជាម្ចាស់អើយ! គេលើកតម្កើងសីរីរុងរឿងរបស់អ្នក។
បទលើកតម្កើងតាមព្យាការីអេសាយ (អស ៤០,១០-១៧)
គង្វាលដ៏សប្បុរស៖ ព្រះជាម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់ ព្រះអង្គមានបញ្ញាឈ្លាសវៃលើសគេ
ព្រះយេស៊ូមានព្រះបន្ទូលថា៖ “ចូរស្តាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ
ទាំងយករង្វាន់មកចែកឱ្យម្នាក់ៗតាមអំពើដែលខ្លួនបានប្រព្រឹត្ត” (វវ ២២,១២)។
បន្ទរទី២ ៖ ព្រះជាអម្ចាស់យាងមកប្រកបដោយឫទ្ធានុភាព ព្រះអង្គនឹងនាំយករង្វាន់នៃជ័យជម្នះមកជាមួយ។
(បទកាកគតិ)
| ១០- | មើលហ្ន! ព្រះជា | អម្ចាស់រាល់គ្នា | ទ្រង់បានយាងមក |
| ដោយព្រះបារមី | ខ្លាំងក្រៃលើលោក | ព្រះអង្គយាងមក | |
| ដើម្បីគ្រងរាជ្យ | ។ | ||
| ១១- | ព្រះអង្គប្រៀបបាន | គង្វាលចំណាន | ពេញដោយអំណាច |
| នាំអស់ហ្វូងចៀម | រាល់ថ្ងៃព្រឹកល្ងាច | ទាំងមេកូនតូច | |
| កំពុងបំបៅ | ។ | ||
| ១២- | តើនរណាចេះ | អាចមានតំរិះ | នឹងវាស់ជម្រៅ |
| មហាសមុទ្រ | ធំហើយសែនជ្រៅ | វាស់រហូតទៅ | |
| ទាំងផ្ទៃមេឃា | ។ | ||
| តើនរណាអាច | មានតំរិះប្រាជ្ញ | អាចនឹងគណនា | |
| ធូលីហ្មត់ល្អិត | ថ្លឹងទាំងព្រឹក្សា | គិរីបុព្វតា | |
| ដោយខ្លួនឯងបាន | ។ | ||
| ១៣- | តើនរណាអាច | ស្ទង់នូវញាណប្រាជ្ញ | នៃព្រះថ្កើងថ្កាន |
| អាចធ្វើជាទី | ប្រឹក្សាចំណាន | ផ្តល់គំនិតបាន | |
| ចំពោះព្រះអង្គ | ។ | ||
| ១៤- | ទ្រង់ឥតមានសួរ | យោបល់គាប់គួរ | ឬមួយផ្តោះផ្តង |
| តែទ្រង់វិនិច្ឆ័យ | ត្រឹមត្រូវកន្លង | ប្រាជ្ញាញាណផង | |
| ទ្រង់ចេះដឹងសព្វ | ។ | ||
| ១៥- | ប្រជាទាំងឡាយ | ដូចទឹកហូរខ្ចាយ | ដែលគេកំពប់ |
| គេមានតម្លៃ | បីដូចជាគ្រាប់ | ធូលីគេចាប់ | |
| យកទៅដាក់ថ្លឹង | ។ | ||
| ម្យ៉ាងទៀតដូចកោះ | ដែលមានទាំងអស់ | មិនអាចនៅនឹង | |
| ដូចជាធូលី | ត្រូវខ្យល់បក់វឹង | កោះគ្មានលំនឹង | |
| ខ្យល់កួចទៅបាត់ | ។ | ||
| ១៦- | ព្រៃឈើក្នុងស្រុក | ក៏មិនល្មមទុក | ធ្វើជាសម្បត្តិ |
| ឬធ្វើជាអុស | រួមទាំងសព្វសត្វ | ទាំងអស់ត្រូវបាត់ | |
| ធ្វើយញ្ញពុំបាន | ។ | ||
| ១៧- | ចំពោះព្រះភក្ត្រ | ព្រះរបស់អ្នក | ប្រជាប៉ុន្មាន |
| គ្មានតម្លៃអ្វី | ថោកហួសការស្មាន | ប្រើការមិនបាន | |
| ឥតមានប្រយោជន៍ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ព្រះជាអម្ចាស់យាងមកប្រកបដោយឫទ្ធានុភាព ព្រះអង្គនឹងនាំយករង្វាន់នៃជ័យជម្នះមកជាមួយ។
ទំនុកតម្កើងលេខ ៩៩
ព្រះអម្ចាស់ជាព្រះមហាក្សត្រ ព្រះអង្គជាព្រះដ៏វិសុទ្ធ
ព្រះគ្រីស្តមានឋានៈធំជាងពួកខេរូប៊ីម នៅពេលព្រះអង្គយកភាពទន់ខ្សោយរបស់យើង
ព្រះអង្គបានផ្លាស់ប្តូរអំពើបាបរបស់ពិភពលោក (សន្តអាថាណាស)។
បន្ទរទី៣ ៖ ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះនៃយើង ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ តម្រង់ទៅរកភ្នំដ៏វិសុទ្ធ។
| ១ | ព្រះអម្ចាស់គ្រងរាជ្យ ប្រជាជនទាំងឡាយត្រូវញ័ររន្ធត់។ ព្រះអង្គគង់នៅពីលើពួកខេរូប៊ីម ហើយផែនដីកក្រើកញាប់ញ័រ។ |
| ២ | ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម នៅក្រុងស៊ីយ៉ូន ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់លើសប្រជាជាតិទាំងអស់។ |
| ៣ | មនុស្សគ្រប់ៗរូបត្រូវតែលើកតម្កើងព្រះនាមដ៏ឧត្តុង្គឧត្តម គួរជាទីស្ញែងខ្លាចរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះវិសុទ្ធ!។ |
| ៤ | បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយឫទ្ធានុភាព ព្រះអង្គជាព្រះមហាក្សត្រដែលស្រឡាញ់យុត្តិធម៌! ព្រះអង្គបានតែងច្បាប់ ហើយធ្វើឱ្យមានសេចក្តីសុចរិត និងយុត្តិធម៌ នៅក្នុងស្រុកអ៊ីស្រាអែល!។ |
| ៥ | ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃយើង ចូរនាំគ្នាក្រាបទាបព្រះបាទារបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ! |
| ៦ | លោកម៉ូសេ និងលោកអរ៉ុន ជាបូជាចារ្យរបស់ព្រះអង្គ លោកសាមូអែលជាមនុស្សម្នាក់ ក្នុងចំណោមអ្នកដែលអង្វររកព្រះអង្គ ពេលលោកទាំងនោះអង្វររកព្រះអម្ចាស់ ព្រះអង្គឆ្លើយតបមកលោកវិញ។ |
| ៧ | ព្រះអង្គមានព្រះបន្ទូលពីក្នុងដុំពពកមកអស់លោក អស់លោកបានកាន់តាមព្រះបញ្ជា និងប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអង្គបង្គាប់ឲ្យពួកលោកធ្វើ។ |
| ៨ | ព្រះអង្គបានឆ្លើយតបមកពួកលោក ទោះបីព្រះអង្គដាក់ទោសលោកទាំងនោះ ព្រោះតែកំហុសដែលលោកបានប្រព្រឹត្តក្តី ក៏ព្រះអង្គតែងតែអត់ទោសឲ្យពួកលោកជានិច្ច។ |
| ៩ | ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃយើង ចូរនាំគ្នាក្រាបថ្វាយបង្គំ តម្រង់ទៅរកភ្នំដ៏វិសុទ្ធ ដ្បិតព្រះអម្ចាស់ជាព្រះនៃយើង ព្រះអង្គជាព្រះដ៏វិសុទ្ធ!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះនៃយើង ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ តម្រង់ទៅរកភ្នំដ៏វិសុទ្ធ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៤,១០-១១)
បងប្អូនម្នាក់ៗបានទទួលព្រះអំណោយទានផ្សេងៗពីគ្នាហើយ ដូច្នេះ ចូរយកព្រះអំណោយទានទាំងនេះទៅបម្រើអ្នកឯទៀតៗ ឱ្យសមនឹងនាទីរបស់បងប្អូន ជាអ្នកចាត់ចែងដ៏ល្អ ដែលចែកព្រះអំណោយទានគ្រប់បែបយ៉ាងរបស់ព្រះជាម្ចាស់។ បើអ្នកណានិយាយ ត្រូវនិយាយឱ្យស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលព្រះជាម្ចាស់ប្រទានឱ្យ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កិច្ចការទាំងអស់ តាមរយៈព្រះយេស៊ូគ្រីស្ត។
បន្ទរ៖ ឱព្រះអម្ចាស់អើយ ពីក្នុងរណ្ដៅដ៏ជ្រៅ ទូលបង្គំស្រែកអង្វរព្រះអង្គ *សូមព្រះសណ្ដាប់ទូលបង្គំផង។ បន្ទរឡើងវិញ៖…
-ទូលបង្គំនឹងធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តបរិសុទ្ធ ព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។
ពាក្យអង្វរសកល
យើងខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដោយចិត្តអំណរសប្បាយ ដែលព្រះអង្គបានជួយណែនាំ និងផ្គត់ផ្គង់ប្រជារាស្ត្ររបស់ព្រះអង្គ ដោយព្រះហឫទ័យស្រឡាញ់។ យើងខ្ញុំសូមទូលអង្វរទៅព្រះអង្គថា ៖
បន្ទរ៖ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ ក្នុងគ្រប់ជំនាន់តរៀងទៅ។
ឱព្រះបិតាដ៏មានព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង ! យើងខ្ញុំសូមសរសើរតម្កើងចំពោះព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ
—ដ្បិតព្រះអង្គបានបង្កើតយើងខ្ញុំមកយ៉ាងអស្ចារ្យ លើសពីនេះទៅទៀត ព្រះអង្គបានប្រទានឱ្យយើងខ្ញុំទទួលព្រះអំណោយទានរបស់ព្រះអង្គសាជាថ្មី។ (បន្ទរ)
នៅថ្ងៃចាប់ផ្តើមថ្មីនេះ សូមព្រះអង្គធ្វើឱ្យដួងចិត្តរបស់យើងខ្ញុំមានអំណរសប្បាយ ដើម្បីបម្រើព្រះអង្គ
—ដើម្បីឱ្យការគិត និងសកម្មភាពរបស់យើងខ្ញុំបានលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គឡើងវិញផង។ (បន្ទរ)
សូមព្រះអង្គលាងជម្រះដួងចិត្តរបស់យើងខ្ញុំ ឱ្យបានរួចចាកផុតពីសេចក្តីអាក្រក់ទាំងឡាយ
—សូមឱ្យយើងខ្ញុំមានចិត្តធ្វើកិច្ចការណាស្របតាមព្រះហឫទ័យរបស់ព្រះអង្គផង។ (បន្ទរ)
សូមព្រះអង្គបើកដួងចិត្តយើងខ្ញុំ ឱ្យចេះមើលឃើញពីតម្រូវការរបស់មនុស្សផងទាំងពួង
—សូមប្រទានឱ្យយើងខ្ញុំចេះបម្រើអ្នកដទៃអស់ពីសមត្ថភាពផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! សូមព្រះអង្គបំភ្លឺប្រជាជនដែលរស់នៅក្នុងទីងងឹតនៃសេចក្តីស្លាប់ ដោយពន្លឺរស្មីរបស់ព្រះអង្គ។ សូមឱ្យពន្លឺដែលរះពីទីខ្ពស់ ចាំងមកលើយើងខ្ញុំ តាមរយៈព្រះអម្ចាស់យេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន

