រដូវធម្មតា សប្តាហ៍ទី១៤ ថ្ងៃព្រហស្បតិ៍
សន្តអូហ្គូស្ទីនហ្សាវរុង ជាបូជាចារ្យ ព្រមទាំងសហជីវិន ជាមរណសាក្សី
(បុណ្យរំឭកចាំបាច់)
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ! ។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៨០
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង!
ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក! (វវ ២២,២០)។
បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស។
| ២ | ឱព្រះជាម្ចាស់ដែលជាគង្វាលនៃជនជាតិអ៊ីស្រាអែលអើយ! សូមមេត្តាព្រះសណ្តាប់យើងខ្ញុំផង ព្រះអង្គតែងដឹកនាំពូជពង្សរបស់លោកយ៉ូសែប ដូចគង្វាលដឹកនាំហ្វូងចៀម ឱព្រះអង្គដែលគង់នៅលើពួកខេរូប៊ីមអើយ! សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គ |
| ៣ | សូមសម្តែងព្រះចេស្តាឱ្យកុលសម្ពន្ធអេប្រាអ៊ីម បេនយ៉ាមីន និងម៉ាណាសេឃើញ សូមយាងមកសង្គ្រោះយើងខ្ញុំផង! |
| ៤ | ឱព្រះជាម្ចាស់អើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត! |
| ៥ | បពិត្រព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល! តើព្រះអង្គទ្រង់ព្រះពិរោធ មិនព្រមស្តាប់ពាក្យអង្វរប្រជារាស្ត្រព្រះអង្គដល់កាលណាទៀត? |
| ៦ | ព្រះអង្គធ្វើឱ្យយើងខ្ញុំសោកសង្រេងឥតស្រាកស្រាន្ត ឱ្យយើងខ្ញុំយំខ្សោះទឹកភ្នែក។ |
| ៧ | ព្រះអង្គធ្វើឱ្យប្រជាជាតិជិតខាង ឈ្លោះគ្នាដណ្តើមយកទឹកដីយើងខ្ញុំ ខ្មាំងសត្រូវចំអកឡកឡឺយដាក់យើងខ្ញុំ។ |
| ៨ | ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត!។ |
| ៩ | ព្រះអង្គបានគាស់ដើមទំពាំងបាយជូរពីស្រុកអេស៊ីបមក ព្រះអង្គបានដេញប្រជាជាតិនានាចេញពីទឹកដី ហើយយកទំពាំងបាយជូរនោះមកដាំជំនួស។ |
| ១០ | ព្រះអង្គឆ្ការដីយ៉ាងស្អាត ដើម្បីឱ្យដើមទំពាំងបាយជូរនោះចាក់ឫស ហើយដុះពាសពេញនៅក្នុងស្រុក |
| ១១ | ម្លប់នៃទំពាំងបាយជូរនោះ គ្របដណ្តប់ទៅលើភ្នំនានា ហើយមែករបស់វាគ្របទៅលើដើមគគីរដ៏ខ្ពស់ៗ។ |
| ១២ | ដើមទំពាំងបាយជូរបែកមែកសាខារហូតទៅដល់សមុទ្រ ហើយមានពន្លកលាស់ចេញមក រហូតទៅដល់ទន្លេអឺប្រាត។ |
| ១៣ | ហេតុអ្វីបានជាព្រះអង្គរំលំរបងចម្ការទំពាំងបាយជូរនេះ បណ្តាលឱ្យអស់អ្នកធ្វើដំណើរកាត់តាមនោះ នាំគ្នាបេះផ្លែដូច្នេះ? |
| ១៤ | ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ សត្វនានានៅទីវាល ក៏នាំគ្នាស៊ីដើមទំពាំងបាយជូរនេះដែរ។ |
| ១៥ | ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! សូមយាងមកវិញ! សូមទតមើលពីស្ថានបរមសុខមក! សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង! |
| ១៦ | សូមការពារចម្ការទំពាំងបាយជូរដែលព្រះអង្គបានដាំ ដោយបារមីរបស់ព្រះអង្គផ្ទាល់ គឺបុត្រដែលព្រះអង្គបានពង្រឹងឱ្យមាំមួនឡើង! |
| ១៧ | សូមឱ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ ត្រូវវិនាសសូន្យ នៅពេលព្រះអង្គគំរាមកំហែងពួកគេ។ |
| ១៨ | សូមដាក់ព្រះហស្តលើស្តេចដែលគង់នៅខាងស្តាំព្រះអង្គ គឺលើបុត្រមនុស្សដែលព្រះអង្គបានពង្រឹងឱ្យមាំមួនឡើង។ |
| ១៩ | យើងខ្ញុំនឹងមិនបែកចិត្តចេញពីព្រះអង្គទៀតឡើយ សូមប្រោសប្រទានឱ្យយើងខ្ញុំរស់រានមានជីវិតឡើងវិញផង នោះយើងខ្ញុំគោរពបម្រើព្រះនាមរបស់ព្រះអង្គ។ |
| ២០ | ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស។
បទលើកតម្កើងតាមព្យាការីអេសាយ (អស ១២,១-៦)
អំណរសប្បាយរបស់ប្រជារាស្រ្តដែលព្រះអង្គបានលោះ
អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ (យហ ៧,៣៧)។
បន្ទរទី២ ៖ ចូរនាំគ្នាមកមើលស្នាព្រះហស្ដរបស់ព្រះអម្ចាស់ ព្រះអង្គបានធ្វើការដ៏អស្ចារ្យក្រៃលែងនៅលើផែនដីនេះ។
(បទពាក្យ ៧)
| ១- | ឱព្រះម្ចាស់អើយទូលបង្គំ | លើកហត្ថប្រណម្យសូមតម្កើង | |
| គ្រាមុនព្រះអង្គពិរោធយើង | ឥឡូវព្រះអង្គសម្រាលទុក្ខ | ។ | |
| ២- | ព្រះអម្ចាស់ជាព្រះសង្គ្រោះ | ជីវិតខ្ញុំរស់ស្គាល់តែសុខ | |
| លែងភ័យលែងខ្លាចលែងកើតទុក្ខ | ពីនេះទៅមុខពឹងលើព្រះ | ។ | |
| ដ្បិតព្រះអម្ចាស់ជាកម្លាំង | ខ្ញុំអាចតតាំងអាចយកឈ្នះ | ||
| ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ | ព្រោះទ្រង់សង្គ្រោះដល់រូបខ្ញុំ | ។ | |
| ៣- | ព្រះម្ចាស់សង្គ្រោះអ្នករាល់គ្នា | ផុតទុក្ខគ្រប់គ្រារស់សុខដុម | |
| ចូរទៅដងទឹកត្រជាក់ជុំ | ចេញពីប្រភពសង្គ្រោះផង | ។ | |
| ៤- | ចូរអរព្រះគុណព្រះអម្ចាស់ | ហើយចូរប្រកាសនាមព្រះអង្គ | |
| ថ្លែងស្នាព្រះហស្តអស្ចារ្យទ្រង់ | ប្រាប់ប្រជាជនផងទាំងឡាយ | ។ | |
| ៥- | ចូរស្មូតទំនុកតម្កើងថ្វាយ | ព្រះអម្ចាស់ថ្លៃគ្រប់ៗកាយ | |
| ដ្បិតការអស្ចារ្យច្រើនពេកក្រៃ | ឱ្យមនុស្សលើដីបានដឹងផង | ។ | |
| ៦- | អុះឱ អ្នកក្រុងស៊ីយ៉ូនអើយ | ចូរកុំកន្តើយស្រែករំពង | |
| ដោយអរសប្បាយដ្បិតព្រះអង្គ | វិសុទ្ធឥតហ្មងព្រះនៃយើង | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ចូរនាំគ្នាមកមើលស្នាព្រះហស្ដរបស់ព្រះអម្ចាស់ ព្រះអង្គបានធ្វើការដ៏អស្ចារ្យក្រៃលែងនៅលើផែនដីនេះ។
ទំនុកតម្កើងលេខ ៨១
សម្ពន្ធមេត្រីដែលចងឡើងវិញយ៉ាងឱឡារិក
បងប្អូនអើយ ចូរប្រយ័ត្នក្រែងលោនរណាម្នាក់ ក្នុងចំណោមបងប្អូន បែរជាមានចិត្តអាក្រក់លែងជឿ
រហូតដល់ទៅងាកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ (ហប ៣,១២)។
បន្ទរទី៣ ៖ ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះជាម្ចាស់ ដែលជាកម្លាំងរបស់យើង !
| ២ | ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះជាម្ចាស់ ដែលជាកម្លាំងរបស់យើង! ចូរអបអរសាទរព្រះរបស់លោកយ៉ាកុប! |
| ៣ | ចូរនាំគ្នាប្រគុំតូរ្យតន្ត្រីឡើង ចូរវាយស្គរ និងលេងពិណយ៉ាងពីរោះ ព្រមទាំងដេញចាប៉ីផងដែរ! |
| ៤ | ចូរផ្លុំស្នែងនៅពេលចាប់ផ្តើមខ្នើត នៅពេលខែពេញបូរមី គឺជាថ្ងៃបុណ្យរបស់យើង |
| ៥ | ព្រោះជាច្បាប់នៅស្រុកអ៊ីស្រាអែល ជាបទបញ្ជានៃព្រះរបស់លោកយ៉ាកុប |
| ៦ | ជាវិន័យដែលព្រះអង្គបង្គាប់មកពូជពង្សរបស់លោកយ៉ូសែប នៅពេលដែលព្រះអង្គវាយប្រហារស្រុកអេស៊ីប។ ខ្ញុំឮសំឡេងមួយដែលខ្ញុំមិនធ្លាប់ឮទាល់តែសោះ បន្លឺថា ៖ |
| ៧ | “យើងបានយកអង្រែកដ៏ធ្ងន់ចុះពីស្មាអ្នក ហើយក៏យកបន្ទុកដ៏ធ្ងន់ចេញពីដៃអ្នកដែរ! |
| ៨ | នៅគ្រាមានទុក្ខវេទនា អ្នកបានស្រែកហៅយើង យើងក៏បានរំដោះអ្នក យើងបានឆ្លើយតបពីក្នុងខ្យល់ព្យុះ យើងបានល្បងលមើលចិត្តអ្នក នៅក្បែរប្រភពទឹកមេរីបា។ |
| ៩ | ប្រជារាស្ត្ររបស់យើងអើយ! ចូរស្តាប់សេចក្តីដែលយើងរំលឹកដាស់តឿនអ្នក ឱអ៊ីស្រាអែលអើយ! ចូរស្តាប់ពាក្យយើង |
| ១០ | កុំឱ្យមានព្រះណាទៀតនៅក្នុងចំណោមអ្នកឡើយ កុំថ្វាយបង្គំព្រះដទៃឱ្យសោះ |
| ១១ | យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីបមក ចូរបើកចិត្តឱ្យទូលាយ យើងនឹងឱ្យពរអ្នកយ៉ាងពេញបរិបូណ៌។ |
| ១២ | ប៉ុន្តែ ប្រជារាស្ត្ររបស់យើងមិនបានស្តាប់សំឡេងយើងទេ អ៊ីស្រាអែលក៏មិនចង់ស្គាល់យើងទៀតដែរ។ |
| ១៣ | ហេតុនេះហើយបានជាយើងបណ្តោយគេទៅតាមចិត្តរឹងរូសរបស់ខ្លួន ឱ្យគេនាំគ្នាប្រព្រឹត្តតាមទំនើងចិត្តគេទៅចុះ!។ |
| ១៤ | ប្រសិនបើប្រជារាស្ត្ររបស់យើង ស្តាប់សំឡេងរបស់យើង ប្រសិនបើអ៊ីស្រាអែលដើរតាមមាគ៌ារបស់យើង |
| ១៥ | យើងមុខជានឹងបង្ក្រាបខ្មាំងសត្រូវរបស់គេ យើងនឹងវាយប្រហារបច្ចាមិត្តរបស់គេ មួយរំពេចជាមិនខាន។ |
| ១៦ | អស់អ្នកដែលស្អប់ព្រះអម្ចាស់ នឹងនាំគ្នាមកចុះចូលនឹងព្រះអង្គ ព្រះអង្គនឹងដាក់ទោសគេជាដរាបតរៀងទៅ។ |
| ១៧ | ព្រះជាម្ចាស់នឹងប្រទានស្រូវដ៏ល្អៗ មកឱ្យអ៊ីស្រាអែលបរិភោគ ព្រមទាំងឱ្យគេមានទឹកឃ្មុំបរិភោគយ៉ាងបរិបូណ៌ផង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះជាម្ចាស់ ដែលជាកម្លាំងរបស់យើង !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១៤,១៧-១៩)
ព្រះរាជ្យរបស់ព្រះជាម្ចាស់ មិនមែនអាស្រ័យនៅលើការស៊ីផឹកនោះទេ គឺអាស្រ័យនៅលើសេចក្តីសុចរិត សេចក្តីសុខសាន្ត និងអំណរដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ អ្នកណាបម្រើព្រះគ្រីស្តរបៀបនេះ អ្នកនោះនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយមនុស្សផងទាំងពួង ក៏គោរពរាប់អានគេដែរ។ ដូច្នេះ យើងត្រូវស្វែងរកអ្វីដែលនាំឱ្យមានសេចក្តីសុខសាន្ត និងឱ្យមានការអប់រំគ្នាទៅវិញទៅមក។
បន្ទរ៖ ទូលបង្គំស្រែកអង្វរព្រះអង្គ *តាំងពីមុនថ្ងៃរះទៅទៀត។ បន្ទរឡើងវិញ៖…
-ព្រះអង្គតែងតែសង្រ្គោះទូលបង្គំជានិច្ច។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ សូមព្រះអម្ចាស់ប្រោសឱ្យប្រជារាស្ដ្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងទោសឱ្យគេរួចពីបាប។
ពាក្យអង្វរសកល
សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់យើងខ្ញុំ។ ព្រះអង្គការពារបុត្រធីតារបស់ព្រះអង្គ ហើយព្រះអង្គមិនដែលមើលងាយពាក្យអធិដ្ឋានរបស់គេឡើយ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គដោយចិត្តសុភាពរាបសារថា ៖
បន្ទរ ៖ ឱព្រះជាអម្ចាស់អើយ! សូមព្រះអង្គសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំផង។
ឱព្រះអម្ចាស់អើយ ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានចាត់ព្រះបុត្រាឱ្យយាងមក
—សូមប្រទានឱ្យយើងខ្ញុំបានឃើញព្រះភក្ត្ររបស់ព្រះអង្គនៅថ្ងៃនេះផង។ (បន្ទរ)
ឱព្រះអម្ចាស់អើយ ! សូមព្រះប្រាជ្ញាញាណរបស់ព្រះអង្គជួយដឹកនាំយើងខ្ញុំនៅថ្ងៃនេះ
—ដើម្បីឱ្យយើងខ្ញុំបានធ្វើដំណើរនៅក្នុងជីវិតថ្មីនេះផង។ (បន្ទរ)
សូមប្រទានឱ្យយើងខ្ញុំហ៊ានរែកពន់នូវសេចក្តីលំបាកវេទនា ដោយសេចក្តីក្លាហាន
—ហើយសូមប្រទានឱ្យយើងខ្ញុំបម្រើព្រះអង្គ ដោយចិត្តសប្បុរសផង។ (បន្ទរ)
សូមព្រះអង្គជួយណែនាំចិត្តគំនិត អារម្មណ៍ និងកិច្ចការរបស់យើងខ្ញុំនៅថ្ងៃនេះ
—សូមជួយយើងខ្ញុំឱ្យចេះប្រណិបត័ន៍តាមព្រះហឫទ័យរបស់ព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យពង្រឹងព្រះសហគមន៍តាមរយៈសក្ខីភាពជាមរណសាក្សីរបស់សន្តអូហ្គូស្ទីនហ្សាវរុង និងសហជីវិន។ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំបំពេញបេសកកម្មថ្វាយព្រះអង្គ ដោយមានចិត្តស្មោះត្រង់ ទាំងមានអំណរសប្បាយ និងសេរីភាព ហើយធ្វើជាសាក្សីនៃសេចក្តីពិតចំពោះមុខពិភពលោក។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

