រដូវធម្មតា សប្ដាហ៍ទី១១ ថ្ងៃសៅរ៍
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរយើងនាំគ្នាមក ឱនកាយថ្វាយបង្គំព្រះជាម្ចាស់ ដែលគ្រប់គ្រងលើអ្វីៗទាំងអស់ និងជាស្នាព្រះហស្តដ៏អស្ចារ្យដែលព្រះអង្គបានបង្កើតមក។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១៤៥-១៥២
ខ្ញុំស្រែកហៅ ព្រះអង្គគង់ជិតខ្ញុំ
បន្ទរទី១ ៖ បពិត្រព្រះអម្ចាស់ ! ព្រះអង្គគង់នៅជិតទូលបង្គំ វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់។
| ១៤៥ | បពិត្រព្រះអម្ចាស់! ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត សូមឆ្លើយតបមកទូលបង្គំផង ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ! |
| ១៤៦ | ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឱ្យទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ! |
| ១៤៧ | ទូលបង្គំស្រែកហៅព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។ |
| ១៤៨ | ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យារបស់ព្រះអង្គមុនពេលភ្លឺ។ |
| ១៤៩ | សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យរស់ឡើងវិញ តាមសេចក្តីដែលព្រះអង្គបានសម្រេចផង។ |
| ១៥០ | អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ អ្នកទាំងនោះ ឃ្លាតចេញឆ្ងាយពីធម្មវិន័យរបស់ព្រះអង្គ។ |
| ១៥១ | បពិត្រព្រះអម្ចាស់! ព្រះអង្គគង់នៅជិតទូលបង្គំ វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ |
| ១៥២ | តាំងពីយូរយារណាស់មកហើយ ទូលបង្គំដឹងថា ព្រះអង្គប្រទានដំបូន្មានឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! ព្រះអង្គគង់នៅជិតទូលបង្គំ វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់។
បទលើកតម្កើងតាមគម្ពីរព្រះប្រាជ្ញាញាណ (ប្រាញ ៩,១-៦.៩-១១)
សូមព្រះអង្គប្រទានព្រះប្រាជ្ញាញាណមកទូលបង្គំ
ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា
មិនឲ្យពួកប្រឆាំងអាចប្រកែកតទល់នឹងអ្នករាល់គ្នាបានឡើយ (លក ២១,១៥)។
បន្ទរទី២ ៖ សូមឱ្យព្រះប្រាជ្ញាញាណយាងពីបល្ល័ង្ក ប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដើម្បីធ្វើការនឿយហត់រួមជាមួយទូលបង្គំ។
(បទពាក្យ ៧)
| ១- | ឱព្រះជាម្ចាស់ថ្លៃឧត្តម | ប្រសើរសក្តិសមពន់ពេកណាស់ | |
| ព្រះអង្គជាព្រះបុព្វបុរស | ទ្រង់ធ្លាប់សន្តោសស្ម័គ្រមេត្តា | ។ | |
| ព្រះអង្គបង្កើតពិភពលោក | ក្នុងទឹកលើគោកពេញត្រៀបត្រា | ||
| ដោយព្រះបន្ទូលពោលវាចា | រស់ពេញលោកាច្រើនវាល់លាន | ។ | |
| ២- | ព្រះអង្គបានសូនរូបមនុស្ស | ទាំងស្រីទាំងប្រុសដោយវិញ្ញាណ | |
| ឱ្យគ្រប់គ្រងសត្វលោកប៉ុន្មាន | ដែលព្រះអង្គបានបង្កើតស្រេច | ។ | |
| ៣- | ឱ្យត្រួតកាន់កាប់តាមសុចរិត | ដោយភាពវិសុទ្ធល្អបណ្តាច់ | |
| ព្រមទាំងឱ្យវិនិច្ឆ័យសម្រេច | កុំឱ្យក្រឡាច់ពីយុត្តិធម៌ | ។ | |
| ៤- | សូមទ្រង់មេត្តាប្រោសប្រទាន | ព្រះប្រាជ្ញាញាណដ៏បវរ | |
| ដល់ខ្ញុំជាអ្នកនៅកំដរ | ហើយសូមអង្វរកុំកាត់កាល់ | ។ | |
| ៥- | ទូលបង្គំជាអ្នកបម្រើ | ម្តាយខ្ញុំក៏ធ្វើគ្មានពិភាល់ | |
| ខ្ញុំមនុស្សឆោតល្ងង់មិនសូវយល់ | វិន័យនិមលច្បាប់ព្រះអង្គ | ។ | |
| ៦- | ទោះបីជាមានមនុស្សណា | ល្អគ្រប់ប្រការឥតមានហ្មង | |
| តែគ្មានប្រាជ្ញាញាណតម្រង់ | ជីវិតគេផងក៏គ្មានន័យ | ។ | |
| ៩- | បពិត្រព្រះម្ចាស់ព្រះប្រាជ្ញា | ញាណដ៏ថ្លៃថ្លាគង់សព្វថ្ងៃ | |
| ជាមួយព្រះអង្គជ្រាបអស់ន័យ | ស្នាព្រះហស្តថ្លៃទាំងប៉ុន្មាន | ។ | |
| ពេលទ្រង់បង្កើតពិភពលោក | ប្រាជ្ញាញាណមកគង់សុខសាន្ត | ||
| ជាមួយព្រះអង្គគ្មានរំខាន | ព្រះអង្គជ្រាបបានអ្វីទាំងអស់ | ។ | |
| ១០- | សូមទ្រង់ប្រទានព្រះប្រាជ្ញា | ញាណវិសុទ្ធថ្លាដោយសន្តោស | |
| ឱ្យចុះពីស្ថានបរមសុខខ្ពស់ | ពីបល្ល័ង្កយសដ៏ឧត្តម | ។ | |
| សូមឱ្យព្រះប្រាជ្ញាញាណរួម | ធ្វើការទាំងព្រមជាមួយខ្ញុំ | ||
| បង្ហាត់បង្រៀនការតូចធំ | កិច្ចការដែលល្មមគាប់ព្រះទ័យ | ។ | |
| ១១- | ដ្បិតព្រះប្រាជ្ញាញាណជ្រាបសព្វ | ទ្រង់ឈ្វេងយល់គ្រប់ទាំងឈ្លាសវៃ | |
| ណែនាំរូបខ្ញុំទាំងរំពៃ | ការពារផុតភ័យខ្ញុំរុងរឿង | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ សូមឱ្យព្រះប្រាជ្ញាញាណយាងពីបល្ល័ង្ក ប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដើម្បីធ្វើការនឿយហត់រួមជាមួយទូលបង្គំ។
ទំនុកតម្កើងលេខ ១១៧
ចូរសរសើរតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា
រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់
ដោយព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់គេ (រ៉ូម ១៥,៩)។
បន្ទរទី៣ ៖ ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើង រហូតតរៀងទៅ។
| ១ | ប្រជាជាតិទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះអម្ចាស់! ប្រជារាស្ត្រទាំងប៉ុន្មានអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! |
| ២ | ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើងរហូតតរៀងទៅ។ សូមសរសើរតម្កើងព្រះអម្ចាស់ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើង រហូតតរៀងទៅ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ភីល ២,១៤-១៥)
ចូរធ្វើកិច្ចការទាំងអស់ដោយឥតរអ៊ូរទាំ ឬជជែកតវ៉ាឡើយ ដើម្បីឱ្យបងប្អូនបានល្អឥតខ្ចោះ ឥតសៅហ្មង ជាបុត្រធីតារបស់ព្រះជាម្ចាស់ដែលឥតមានកំហុសក្នុងចំណោមមនុស្សវៀចវេរ និងខិលខូចនៅជំនាន់នេះ។ បងប្អូនភ្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោក។
បន្ទរ៖ ឱព្រះអម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះអង្គ *ព្រះអង្គជាជម្រករបស់ទូលបង្គំ។ បន្ទរឡើងវិញ៖…
-នៅក្នុងពិភពលោកនេះ ទូលបង្គំគ្មានអ្វីផ្សេងទៀតក្រៅពីព្រះអង្គឡើយ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្ដីស្លាប់។
ពាក្យអង្វរសកល
យើងខ្ញុំសូមអង្វរព្រះបិតា ដែលបានជ្រើសរើសព្រះនាងព្រហ្មចារិនីម៉ារី ជាអ្នកដែលមានឋានៈលើសអស់មនុស្សលោកនៅលើផែនដី និងនៅក្នុងស្ថានបរមសុខ ដោយពោលថា ៖
បន្ទរ ៖ សូមព្រះអង្គទតមើលមកមាតារបស់ព្រះបុត្រាព្រះអង្គ និងសូមព្រះអង្គសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំផង។
យើងខ្ញុំសូមអរព្រះគុណព្រះបិតាចំពោះព្រះហឫទ័យមេត្តាករុណា ដែលព្រះអង្គបានប្រទានព្រះនាងម៉ារី ជាមាតា និងជាគំរូសម្រាប់យើងខ្ញុំ
—តាមពាក្យអង្វររបស់ព្រះនាង សូមព្រះអង្គលាងជម្រះដួងចិត្តយើងខ្ញុំឱ្យបានស្អាតបរិសុទ្ធផង។ (បន្ទរ)
ព្រះអង្គបានបំផុសគំនិតព្រះនាងម៉ារីឱ្យយកចិត្តទុកដាក់លើព្រះបន្ទូលរបស់ព្រះអង្គ និងឱ្យព្រះនាងមានចិត្តស្មោះត្រង់គោរពបម្រើព្រះអង្គ
—តាមពាក្យអង្វររបស់ព្រះនាង សូមព្រះអង្គប្រទានព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធមកយើងខ្ញុំផង។ (បន្ទរ)
ព្រះអង្គបានពង្រឹងដួងចិត្តព្រះនាងម៉ារី ឱ្យនៅឈរក្បែរឈើឆ្កាង ហើយព្រះអង្គបានប្រទានអំណរសប្បាយដល់ព្រះនាង នៅគ្រាដែលព្រះបុត្រាមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង
—តាមរយៈពាក្យអង្វររបស់ព្រះនាង សូមព្រះអង្គរម្ងាប់ទុក្ខព្រួយរបស់យើងខ្ញុំ និងជួយពង្រឹងនូវសេចក្តីសង្ឃឹមរបស់យើងខ្ញុំផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ជាព្រះបិតា ! ព្រះអង្គជាប្រភពទឹក និងជាការសង្រ្គោះ សូមឱ្យយើងខ្ញុំប្រកាសពីសិរីរុងរឿងរបស់ព្រះអង្គជារៀងរាល់ថ្ងៃ ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំច្រៀងកោតសរសើរព្រះអង្គជារៀងរហូតនៅស្ថានបរមសុខនោះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

