៤ មិថុនា ២០២៦

Written on 18/02/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី៩ ថ្ងៃព្រហស្បតិ៍

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ចូរ​នាំ​គ្នា​មកថ្វាយ‌បង្គំព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៥៧

ពាក្យអធិដ្ឋាននៅពេលមានទុក្ខព្រួយ

ទំនុកតម្កើងនេះ លើកតម្កើងពីទុក្ខលំបាករបស់ព្រះគ្រីស្ដ (សន្តអូគូស្ទីន)។

បន្ទរទី១ ៖ ឱឃឹម និងពិណរបស់ខ្ញុំអើយ ! ចូរបន្លឺសំឡេងឡើង ខ្ញុំនឹងដាស់ព្រះអាទិត្យឱ្យរះឡើង។

ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ
សូមអាណិតមេត្តាទូលបង្គំផង!
ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ
ទូលបង្គំសូមជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ
រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។

ខ្ញុំស្រែកហៅរកព្រះដ៏ខ្ពង់ខ្ពស់បំផុត
គឺព្រះជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំ នូវអ្វីៗដែលខ្ញុំត្រូវការ។

សូមព្រះអង្គប្រទានការសង្គ្រោះពីស្ថានបរមសុខមកខ្ញុំ
សូមព្រះអង្គវាយប្រហារអស់អ្នកដែលបៀតបៀនខ្ញុំ
សូមព្រះជាម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា
និងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។

ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធខ្ញុំ
ប្រៀបដូចជាសិង្ហដែលប្រុងស៊ីសាច់មនុស្ស
ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ
អណ្តាតរបស់គេដូចដាវដ៏មុត។

ឱព្រះជាម្ចាស់អើយ!
សូមសម្តែងភាពថ្កុំថ្កើងឧត្តុង្គឧត្តមរបស់ព្រះអង្គនៅលើផ្ទៃមេឃ
សូមឱ្យសិរីរុងរឿងរបស់ព្រះអង្គ ភ្លឺចែងចាំងនៅលើផែនដីទាំងមូល។

សត្រូវរបស់ទូលបង្គំ នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ ធ្វើឱ្យទូលបង្គំអស់សង្ឃឹម។
ពួកគេជីករណ្តៅនៅពីមុខទូលបង្គំ តែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្តៅនោះ។

បពិត្រព្រះជាម្ចាស់! ទូលបង្គំទុកចិត្តលើព្រះអង្គ
ទូលបង្គំទុកចិត្តលើព្រះអង្គទាំងស្រុង
ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូតទំនុកតម្កើង

ឱព្រលឹងខ្ញុំអើយ! ចូរភ្ញាក់ឡើង!
ឱឃឹម និងពិណរបស់ខ្ញុំអើយ! ចូរបន្លឺសំឡេងឡើង
ខ្ញុំនឹងដាស់ព្រះអាទិត្យឱ្យរះឡើង
១០
បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ
ទូលបង្គំនឹងស្មូតទំនុកតម្កើងថ្វាយព្រះអង្គក្នុងចំណោមប្រជាជាតិនានា
១១
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ ខ្ពស់ដល់អាកាសវេហាស៍។
១២
ឱព្រះជាម្ចាស់អើយ!
សូមបង្ហាញភាពថ្កុំថ្កើងឧត្តុងឧត្តមរបស់ព្រះអង្គ នៅលើផ្ទៃមេឃ
សូមឱ្យសិរីរុងរឿងរបស់ព្រះអង្គ ភ្លឺចែងចាំងនៅលើផែនដីទាំងមូល។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱឃឹម និងពិណរបស់ខ្ញុំអើយ ! ចូរបន្លឺសំឡេងឡើង ខ្ញុំនឹងដាស់ព្រះអាទិត្យឱ្យរះឡើង។

បទលើកតម្កើងតាមព្យាការីយេរេមី (យរ ៣១,១០-១៤)

សុភមង្គលរបស់មនុស្សដែលទទួលការសង្រ្គោះ

ព្រះយេស៊ូត្រូវសោយទិវង្គត ដើម្បីឱ្យកូនចៅរបស់ព្រះជាម្ចាស់
ដែលបានបែក​ខ្ញែក​គ្នា​ មកចូលរួមជាប្រជាជនតែមួយឡើងវិញ (យហ ១១,៥១.៥២)។

បន្ទរទី២ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ យើងនឹងផ្ដល់សម្បត្តិដ៏បរិបូណ៌ដល់ប្រជារាស្រ្តរបស់យើង។

(បទព្រហ្មគីតិ)

១០- ប្រជាជាតិទាំងឡាយ សូមខ្វល់ខ្វាយនាំគ្នាស្តាប់  
  បន្ទូលព្រះផ្សាយផ្សព្វ ទៅដល់សព្វកោះនៅឆ្ងាយ
  ចូរអ្នកប្រកាសថា ព្រះដែលជាអ្នកកម្ចាយ  
  អ៊ីស្រាអែលទៅឆ្ងាយ តែពេលក្រោយទ្រង់ប្រមូល
  ព្រះអង្គថែររក្សា ឱ្យគ្រប់គ្នាជុំត្រកូល  
  ដូចគង្វាលប្រមូល ចៀមមកមូលមិនឱ្យបាត់
១១- ព្រះអម្ចាស់បានលោះ ឱ្យរួចគ្រោះលែងខ្ចាយខ្ចាត់  
  រំដោះឱ្យរួចផុត ពួកទុច្ចរិតដែលខ្លាំងក្លា
១២- ពួកគេត្រឡប់វិញ គ្មានទោម្នេញស្រែកខ្ញៀវខ្ញារ  
  ហើយគេក៏នាំគ្នា ចាំត្រៀបត្រាទទួលទ្រព្យ
  ដែលព្រះម្ចាស់ប្រទាន គេឱ្យមានលែងអភ័ព្វ  
  មានស្រូវស្រាល្អគាប់ ប្រេងក្រអូបទាំងចៀមគោ
  ចិត្តពួកគេប្រៀបបាន សួនឧទ្យានមានទឹកហូរ  
  ស្រោចស្រពឡើងជន់ជោរ គេលែងថ្ងូរលែងហេវហត់
១៣- គ្រានោះស្ត្រីក្រមុំ ចូលមករាំតាមបែបបទ  
  ក្មេងចាស់មិនកំណត់ គេមិនហត់រាំសប្បាយ
  យើងប្រែទុក្ខវេទនា គេទៅជាសើចក្អាកក្អាយ  
  ឱ្យពួកគេសប្បាយ គេរីករាយលែងលំបាក
១៤- អស់លោកបូជាចារ្យ បានភោក្តាគ្មានសម្រាក  
  សាច់ឆ្ងាញ់មិនស្រាន្តស្រាក មិនលំបាកដើររុករក
  យើងនឹងផ្តល់អំណោយ ទានទៅឱ្យរាស្ត្រគ្រប់ស្រុក  
  លែងព្រួយលែងកើតទុក្ខ រស់បានសុខសាន្តតទៅ
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ យើងនឹងផ្ដល់សម្បត្តិដ៏បរិបូណ៌ដល់ប្រជារាស្រ្តរបស់យើង។

ទំនុកតម្កើងលេខ ៤៨

ពាក្យអរព្រះគុណសម្រាប់ការរំដោះប្រជារាស្រ្ត

ទេវទូត​នោះ​បាន​លើក​វិញ្ញាណ​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ​មួយ​យ៉ាង​ធំ​ខ្ពស់ រួច​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ក្រុង​ដ៏‌វិសុទ្ធ
ជា​ក្រុង​យេរូ‌សាឡឹម​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ គឺ​ចុះ​មក​ពី​ព្រះ‌ជាម្ចាស់ (វវ ២១,១០)។

បន្ទរទី៣ ៖ ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម ដែលត្រូវតែលើកតម្កើងឱ្យខ្ពង់ខ្ពស់បំផុត នៅក្នុងបុរីព្រះជាម្ចាស់របស់យើង។

ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម ដែលត្រូវតែលើកតម្កើងឱ្យខ្ពង់ខ្ពស់បំផុត
នៅក្នុងបុរីព្រះជាម្ចាស់របស់យើង គឺនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។

ភ្នំរបស់ព្រះជាម្ចាស់ជាភ្នំមួយដ៏ល្អប្រណីត គឺភ្នំស៊ីយ៉ូនដែលជាកំពូលនៃពិភព
ជាបុរីរបស់ព្រះមហាក្សត្រ ដែលនាំឱ្យផែនដីទាំងមូលមានអំណរ។

ព្រះជាម្ចាស់បានសម្តែងឱ្យដឹងថា
ព្រះអង្គជាកំពែងដ៏រឹងមាំនៅក្នុងបុរីនោះ។

ស្តេចនានាបានលើកគ្នាមកវាយប្រហារភ្នំស៊ីយ៉ូន

ពេលគេឃើញក្រុងស៊ីយ៉ូន គេស្រឡាំងកាំង
ភ័យតក់ស្លុត នាំគ្នារត់ចេញទៅវិញ

គេភ័យញាប់ញ័រ ឈឺចុកចាប់ ដូចជាស្ត្រីសម្រាលកូន

ដូចជាខ្យល់ព្យុះបក់មកពីទិសបូព៌ា បំបែកនាវា។

យើងបានឮគេថ្លែងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ
ឥឡូវនេះ យើងក៏បានឃើញផ្ទាល់
នៅក្នុងបុរីរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាបុរីនៃព្រះរបស់យើង
ព្រះអង្គនឹងការពារក្រុងនេះឱ្យបានរឹងមាំរហូតតរៀងទៅ។
១០
បពិត្រព្រះជាម្ចាស់! ពេលយើងខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះអង្គ
យើងខ្ញុំនឹកអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។
១១
បពិត្រព្រះជាម្ចាស់! ព្រះនាមរបស់ព្រះអង្គល្បីរន្ទឺ
ក្នុងលោកទាំងមូលយ៉ាងណា មនុស្សម្នាក៏នឹងលើកតម្កើងព្រះអង្គ
រហូតដល់ស្រុកដាច់ស្រយាលផែនដីយ៉ាងនោះដែរ។
ព្រះអង្គគ្រប់គ្រងដោយសុចរិត។
១២
សូមឱ្យអ្នកក្រុងស៊ីយ៉ូនរីករាយឡើង
សូមឱ្យអ្នកក្រុងនៃស្រុកយូដារីករាយជាខ្លាំង
ដ្បិតព្រះអង្គវិនិច្ឆ័យប្រកបដោយយុត្តិធម៌។
១៣
ចូរនាំគ្នាហែក្បួនព័ទ្ធជុំវិញក្រុងស៊ីយ៉ូន!
ចូររាប់ចំនួនប៉មរបស់ក្រុងនេះមើល!
១៤
ចូរស្ងើចសរសើរកំពែងក្រុង ចូរពិនិត្យមើលវិមានបុរីនេះទៅ
ដើម្បីឱ្យអ្នករាល់គ្នាយកទៅថ្លែងប្រាប់មនុស្សនៅជំនាន់ក្រោយថា ៖
១៥
“ព្រះជាម្ចាស់ពិតជាព្រះរបស់យើងអស់កល្បជានិច្ច
ព្រះអង្គក៏ដឹកនាំយើងជាអង្វែងតរៀងទៅដែរ” ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម ដែលត្រូវតែលើកតម្កើងឱ្យខ្ពង់ខ្ពស់បំផុត នៅក្នុងបុរីព្រះជាម្ចាស់របស់យើង។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៦៦,១-២)​

ព្រះអម្ចាស់មានព្រះបន្ទូលថាៈ ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីជា​កំណល់​ទ្រជើងរបស់យើងដែរ តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណាឱ្យយើង​បាន? តើ​កន្លែងដែលយើងសម្រាកនោះនៅឯណា? យើងទេតើដែលបានបង្កើតអ្វីៗទាំង​អស់​ ហើយអ្វីៗទាំងនោះក៏សុទ្ធតែជាកម្មសិទ្ធិរបស់យើងដែរ -នេះជាព្រះបន្ទូល​របស់​ព្រះអម្ចាស់- យើងនឹងយកចិត្តទុកដាក់ចំពោះជនកំសត់ទុគ៌ត ដែលបានបាក់​ទឹក​ចិត្ត និងធ្វើតាមពាក្យយើងដោយញាប់ញ័រ។

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ! ពី​ក្នុង​រណ្ដៅ​ដ៏​ជ្រៅទូល‌បង្គំស្រែក​អង្វរ​ព្រះ‌អង្គ *សូម​ព្រះ‌អង្គ​ទ្រង់ព្រះ‌សណ្ដាប់​ទូលបង្គំ​ផង!។ បន្ទរឡើងវិញ៖…
-ទូលបង្គំនឹងធ្វើតាមព្រះហឫទ័យព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តបរិសុទ្ធ ព្រះ‌អង្គ​នឹង​រំដោះយើងឱ្យរួច​ពី​កណ្ដាប់​ដៃ​របស់ខ្មាំង​សត្រូវ។

ពាក្យអង្វរសកល

ព្រះយេស៊ូគ្រីស្តជាអម្ចាស់បានប្រោសប្រទាននូវពន្លឺថ្ងៃបន្តបន្ទាប់ដល់យើងខ្ញុំ។ យើង​ខ្ញុំសូមអរព្រះគុណព្រះអង្គដោយពោលថា ៖

បន្ទរ ៖ ឱព្រះជាអម្ចាស់អើយ ! សូមប្រទានព្រះពរដល់យើងខ្ញុំ និងសូមនាំយើងខ្ញុំឱ្យមកជិតព្រះអង្គផង !

ព្រះអង្គបានបូជាព្រះជន្មថ្វាយព្រះបិតា ដើម្បីឱ្យយើងខ្ញុំរួចពីបាប
—សូមព្រះអង្គទទួលពាក្យអង្វរ និងការងាររបស់យើងខ្ញុំទុកជាដង្វាយនៅថ្ងៃនេះ។ (បន្ទរ)

ព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំមានអំណរសប្បាយ ដោយសារពន្លឺនៃថ្ងៃផ្សេងទៀត
—សូមឱ្យផ្កាយព្រឹករះបំភ្លឺក្នុងដួងចិត្តយើងខ្ញុំផង។ (បន្ទរ)

សូមព្រះអង្គប្រទានចិត្តអត់ធ្មត់ដល់យើងខ្ញុំ ចំពោះអស់អ្នកដែលយើងនឹងជួបនៅថ្ងៃនេះ
—ហើយសូមឱ្យយើងខ្ញុំយកតម្រាប់តាមព្រះអង្គ​ផង។ (បន្ទរ)

បពិត្រព្រះអម្ចាស់! សូមប្រោសប្រទានឱ្យយើងខ្ញុំបានស្គាល់ពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅព្រឹកនេះ
—ហើយសូម​ឱ្យយើងខ្ញុំមានសេចក្តីរីករាយ ដោយសារកម្លាំងមកពីព្រះអង្គផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាព និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច​ ! យើង​ខ្ញុំទូលអង្វរទៅព្រះអង្គទាំងពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច។ សូមព្រះអង្គបំបាត់នូវ​ភាព​ងងឹត​នៃអំពើបាបចេញពីចិត្តគំនិតយើងខ្ញុំ ហើយសូមនាំយើងខ្ញុំឱ្យមកកាន់ពន្លឺដ៏ពិត​ប្រាកដ គឺ​ព្រះយេស៊ូគ្រីស្ដជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យ​រួម​ជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។