រដូវធម្មតា សប្តាហ៍ទី៩ ថ្ងៃពុធ
សន្តឆាលល្វង់ហ្គា និងសហជីវិន ជាមរណសាក្សីនៅយូហ្គាន់ដា
(បុណ្យរំឭកចាំបាច់)
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរយើងក្រាបនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៣៦
អំពើទុច្ចរិតរបស់មនុស្សបាប និងសេចក្ដីសុចរិតរបស់ព្រះអម្ចាស់
អ្នកណាមកតាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងសេចក្តីងងឹតឡើយ
គឺគេមានពន្លឺនាំគេទៅកាន់ជីវិត (យហ ៨,១២)។
បន្ទរទី១ ៖ បពិត្រព្រះជាម្ចាស់! យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
| ២ | ខ្ញុំនឹកឃើញពាក្យរបស់ជនពាល ដែលនិយាយក្នុងពេលបះបោរថា “មិនបាច់គោរពកោតខ្លាចព្រះអម្ចាស់ទេ”។ |
| ៣ | គេបញ្ចើចបញ្ចើលើកតម្កើងខ្លួនឯងខ្លាំងពេក រហូតមិនអាចទទួលស្គាល់ថា ខ្លួនមានកំហុសគួរឱ្យស្អប់នោះឡើយ។ |
| ៤ | គេពោលសុទ្ធតែពាក្យកុហកបោកប្រាស គេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។ |
| ៥ | សូម្បីតែនៅពេលដេក ក៏គេគិតតែពីគម្រោងការនៃការធ្វើអំពើអាក្រក់ដែរ គេមានចិត្តមានៈ ដើរក្នុងផ្លូវមិនល្អ គេមិនព្រមបោះបង់អំពើអាក្រក់ឡើយ។ |
| ៦ | បពិត្រព្រះអម្ចាស់! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។ |
| ៧ | ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ មានកម្ពស់ដូចភ្នំដ៏ខ្ពស់បំផុត ព្រះតម្រិះរបស់ព្រះអង្គជ្រៅដូចមហាសាគរ។ បពិត្រព្រះអម្ចាស់! ព្រះអង្គសង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។ |
| ៨ | បពិត្រព្រះជាម្ចាស់! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គមានតម្លៃដ៏លើសលប់បំផុត! មនុស្សលោកមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ |
| ៩ | ព្រះអង្គប្រទានអាហារយ៉ាងបរិបូណ៌ឱ្យមនុស្សលោក ពីព្រះដំណាក់របស់ព្រះអង្គ ព្រះអង្គប្រទានឱ្យគេមានអំណរសប្បាយដ៏ហូរហៀរដូចទឹកទន្លេ។ |
| ១០ | ដ្បិតព្រះអង្គជាប្រភពនៃជីវិត យើងខ្ញុំមើលឃើញពន្លឺដោយសារពន្លឺរបស់ព្រះអង្គ។ |
| ១១ | សូមសម្តែងព្រះហឫទ័យមេត្តាករុណា ចំពោះអស់អ្នកដែលស្គាល់ព្រះអង្គតទៅទៀត សូមសម្តែងព្រះហឫទ័យសុចរិត ចំពោះអស់អ្នកដែលមានចិត្តទៀងត្រង់។ |
| ១២ | សូមកុំឱ្យមនុស្សព្រហើនកោងកាច មកវាយប្រហារទូលបង្គំបានឡើយ កុំឱ្យមនុស្សពាលមកបណ្តេញទូលបង្គំបានដែរ! |
| ១៣ | មនុស្សប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវបរាជ័យនៅទីនេះ ពួកគេត្រូវដួល ងើបឡើងវិញពុំរួចឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ បពិត្រព្រះជាម្ចាស់! យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
បទលើកតម្កើងតាមនាងយូឌីត (យឌ ១៦,១.១៣-១៥)
ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក ព្រះអង្គការពារប្រជាជនរបស់ព្រះអង្គ
គេនាំគ្នាច្រៀងបទចម្រៀងថ្មី (វវ ៥,៩)។
បន្ទរទី២ ៖ បពិត្រព្រះអម្ចាស់ ! ព្រះអង្គពិតជាប្រសើរឧត្ដុង្គឧត្ដម ប្រកបដោយសិរីរុងរឿងមែន! ព្រះអង្គមានឫទ្ធិបារមីខ្លាំងអស្ចារ្យលើសអ្វីៗទាំងអស់។
(បទកាកគតិ)
| ១- | ចូរអ្នករាល់គ្នា | បង្គំវន្ទា | ច្រៀងរាំទូលថ្វាយ |
| ព្រះជាអម្ចាស់ | ប្រគុំភ្លេងខ្លុយ | ឈឹងស្គរអោនកាយ | |
| សរសើរតម្កើង | ។ | ||
| ១៣- | ខ្ញុំនឹងច្រៀងបទ | ថ្មីហើយវិសុទ្ធ | ថ្វាយព្រះថ្កើងថ្កាន |
| ព្រះអង្គពិតជា | ប្រសើរហួសស្មាន | បារមីចំណាន | |
| ខ្លាំងក្លាអស្ចារ្យ | ។ | ||
| ១៤- | សូមឱ្យសត្វលោក | ក្នុងទឹកលើគោក | កុំនៅសោកា |
| សុខចិត្តបម្រើ | ព្រះមានចេស្តា | ឥតមាននរណា | |
| ជំទាស់បានឡើយ | ។ | ||
| ១៥- | ពេលទ្រង់យាងមក | ភ្នំក៏កក្រើក | រង្គើអស់ហើយ |
| ធ្លាក់ក្នុងសមុទ្រ | នៅមិនបានឡើយ | ទោះថ្មក៏ដោយ | |
| ក៏ត្រូវអន្តរាយ | ។ | ||
| ប៉ុន្តែព្រះម្ចាស់ | តែងតែសន្តោស | អាណិតពេកក្រៃ | |
| អាសូរដល់រាស្ត្រ | អ្នកទាបក្រក្រី | គោរពរាល់ថ្ងៃ | |
| កោតខ្លាចព្រះអង្គ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! ព្រះអង្គពិតជាប្រសើរឧត្ដុង្គឧត្ដម ប្រកបដោយសិរីរុងរឿងមែន! ព្រះអង្គមានឫទ្ធិបារមីខ្លាំងអស្ចារ្យលើសអ្វីៗទាំងអស់។
ទំនុកតម្កើងលេខ ៤៧
ព្រះអម្ចាស់ជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គគង់នៅខាងស្តាំព្រះបិតា ហើយគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
បន្ទរទី៣ ៖ ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !
| ២ | ប្រជាជនទាំងឡាយអើយ ! ចូរទះដៃអបអរសាទរ ! ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ ! |
| ៣ | ដ្បិតព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គជាទីកោតស្ញប់ស្ញែងក្រៃលែង ព្រះអង្គជាព្រះមហាក្សត្រដ៏ឧត្តម ដែលគ្រងរាជ្យលើផែនដីទាំងមូល។ |
| ៤ | ព្រះអង្គបង្ក្រាបជាតិសាសន៍នានា ឱ្យមកជាចំណុះរបស់យើង ព្រះអង្គដាក់ប្រជាជាតិនានា ឱ្យស្ថិតនៅក្រោមអំណាចរបស់យើងដែរ។ |
| ៥ | ព្រះអង្គជ្រើសរើសទឹកដីឱ្យយើងទុកជាមត៌ក ធ្វើឱ្យយើងខ្ពស់មុខក្រៃលែង គឺយើងជាពូជពង្សលោកយ៉ាកុបដែលព្រះអង្គស្រឡាញ់។ |
| ៦ | ព្រះជាម្ចាស់យាងឡើងក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ ព្រះអម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។ |
| ៧ | ចូរនាំគ្នាស្មូតទំនុកតម្កើងថ្វាយព្រះជាម្ចាស់ ! ចូរនាំគ្នាស្មូតទំនុកតម្កើងថ្វាយព្រះមហាក្សត្រនៃយើង ! |
| ៨ | ដ្បិតព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃផែនដីទាំងមូល ចូរនាំគ្នាស្មូតកំណាព្យថ្វាយព្រះអង្គ!។ |
| ៩ | ព្រះជាម្ចាស់គ្រងរាជ្យលើប្រជាជាតិនានា ព្រះអង្គគង់នៅលើបល្ល័ង្កដ៏វិសុទ្ធ។ |
| ១០ | អ្នកដឹកនាំរបស់ប្រជាជាតិនានា មកជួបជុំគ្នាជាមួយប្រជាជននៃព្រះរបស់លោកអប្រាហាំ ដ្បិតព្រះមហាក្សត្រនៃផែនដីទាំងមូល ស្ថិតនៅក្រោមអំណាចរបស់ព្រះជាម្ចាស់ ព្រះអង្គយាងឡើងលើសអ្វីៗទាំងអស់!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (តប ៤,១៥ក.១៦ក.១៨ក.១៩ក)
អ្វីៗដែលកូនមិនចូលចិត្ត ចូរកូនកុំធ្វើការនោះលើអ្នកដទៃឱ្យសោះ! ចូរចែកអាហាររបស់កូនដល់អ្នកដែលឃ្លាន និងចែកសំលៀកបំពាក់ដល់អ្នកដែលគ្មានផង។ ចូរសួរយោបល់ពីអ្នកប្រាជ្ញ។ ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នកគ្រប់កាលៈទេសៈ ចូរទូលអង្វរព្រះអង្គឱ្យតម្រង់ផ្លូវកូន និងប្រោសឱ្យកូនបានសម្រេចគ្រប់កិច្ចការ គ្រប់គម្រោងការរបស់កូន។
បន្ទរ៖ សូមទាក់ទាញចិត្តទូលបង្គំ *ឱ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
-ហើយឱ្យទូលបង្គំមានជីវិតរស់នៅតាមមាគ៌ារបស់ព្រះអង្គ!។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសរបស់យើង ហើយគោរពតាមសម្ពន្ធមេត្រីដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ។
ពាក្យអង្វរសកល
យើងខ្ញុំសូមអរព្រះគុណព្រះគ្រីស្ត និងសូមលើកតម្កើងព្រះអង្គ។ ដ្បិតព្រះអង្គបានប្រោសយើងឱ្យបានវិសុទ្ធ និងហៅយើងថាជាបងប្អូនរបស់ព្រះអង្គ។
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គជួយបងប្អូនយើងខ្ញុំ ឱ្យបានរីកចម្រើនឡើងក្នុងភាពដ៏វិសុទ្ធផង។
ដោយរួមចិត្តគំនិតគ្នាតែមួយ យើងខ្ញុំសូមឧទ្ទិសដល់ថ្ងៃចាប់ផ្តើមថ្មីនេះ ដើម្បីលើកតម្កើងព្រះកិត្តិនាមព្រះអង្គដែលមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង
—សូមឱ្យកិច្ចការដែលយើងខ្ញុំប្រព្រឹត្តពេញមួយថ្ងៃនេះ បានគាប់ព្រះហឫទ័យព្រះអង្គផង។ (បន្ទរ)
ថ្ងៃនីមួយៗសម្តែងនូវសេចក្តីស្រឡាញ់របស់ព្រះអង្គ ដើម្បីជាប្រយោជន៍ដល់សុភមង្គល និងសុខមាលភាពរបស់យើងខ្ញុំ
—សូមឱ្យយើងខ្ញុំបន្តលើកតម្កើងសិរីរុងរឿងព្រះអង្គជារៀងរាល់ថ្ងៃផង។ (បន្ទរ)
នៅថ្ងៃនេះ សូមព្រះអង្គបង្រៀនយើងខ្ញុំឱ្យចេះទទួលស្គាល់វត្តមានរបស់ព្រះអង្គនៅក្នុងមនុស្សទាំងអស់
—ជាពិសេសអ្នកក្រីក្រ និងអស់អ្នកដែលរងទុក្ខលំបាកផង។ (បន្ទរ)
នៅថ្ងៃនេះ សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំរស់នៅក្នុងសេចក្តីសុខសាន្តជាមួយមនុស្សទាំងអស់
—ដោយមិនប្រព្រឹត្តអំពើអាក្រក់តបនឹងសេចក្តីអាក្រក់ឡើយ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គប្រោសឱ្យឈាមរបស់មរណសាក្សីត្រឡប់ទៅជាគ្រាប់ពូជ ដែលបង្កើតគ្រីស្តបរិស័ទថ្មីៗជាច្រើន។ សូមព្រះអង្គប្រទានព្រះពរដល់ព្រះសហគមន៍ ដែលស្រោចស្រពដោយឈាមរបស់សន្តឆាលល្វង់ហ្គា និងសហជីវិន បានបង្កើតជាផលផ្លែដ៏បរិបូរណ៍។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

