១៤ ឧសភា ២០២៦

Written on 03/02/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៦ ថ្ងៃព្រហស្បតិ៍

សន្តម៉ាធីយ៉ាស ជាគ្រីស្តទូត

(បុណ្យគោរព)

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃក្រុមគ្រីស្តទូត (អាលេលូយ៉ា!)។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៦៣,២-៩

ព្រលឹងខ្ញុំស្រេកឃ្លានព្រះជាម្ចាស់

អ្នកណាដែលបានលះបង់ភាពងងឹតនៃអំពើបាប អ្នកនោះស្រេកឃ្លានព្រះជាម្ចាស់។

បន្ទរទី១៖ វិន័យ​របស់​ខ្ញុំ​មាន​ដូច​តទៅ​នេះ គឺ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ (អាលេលូយ៉ា!)។

ឱព្រះជាម្ចាស់អើយ! ព្រះអង្គពិតជាព្រះនៃទូលបង្គំមែន
ទូលបង្គំស្វែងរកព្រះអង្គ ទូលបង្គំចង់នៅក្បែរព្រះអង្គណាស់
ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក។

ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីសក្ការៈ
ទូលបង្គំបានឃើញឫទ្ធានុភាព និងសិរីរុងរឿងរបស់ព្រះអង្គ

ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀត
ទូលបង្គំនឹងពោលពាក្យសរសើរតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។

ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់មួយជីវិតទូលបង្គំ
ហើយទូលបង្គំនឹងលើកដៃឡើងថ្វាយបង្គំព្រះនាមព្រះអង្គ។

ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនា
ហើយទូលបង្គំនឹងបន្លឺសំឡេងឡើង ច្រៀងសរសើរតម្កើងព្រះអង្គ។

ពេលទូលបង្គំចូលដំណេក ទូលបង្គំនឹកដល់ព្រះអង្គ
ហើយពេញមួយយប់ ទូលបង្គំនឹកគិតដល់ព្រះអង្គ

ដ្បិតព្រះអង្គជួយទូលបង្គំ ទូលបង្គំច្រៀងយ៉ាងសប្បាយក្រោមម្លប់បារមីព្រះអង្គ។

ចិត្តគំនិតទូលបង្គំនៅជាប់ជំពាក់ចិត្តគំនិតនឹងព្រះអង្គជានិច្ច
ព្រះអង្គគាំទ្រទូលបង្គំ ដោយព្រះចេស្តារបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ វិន័យ​របស់​ខ្ញុំ​មាន​ដូច​តទៅ​នេះ គឺ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ (អាលេលូយ៉ា!)។

បទលើកតម្កើងតាមព្យាការីដានីអែល (ដន ៣,៥៧-៨៨)

ចូរគ្រប់ស្នាព្រះហស្ថទាំងអស់ សរសើរតម្កើងព្រះអម្ចាស់!

អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ ចូរ​សរសើរតម្កើងព្រះអង្គ (វវ ១៩,៥)។

បន្ទរទី២៖ គ្មាន​នរណា​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ជាង​អ្នក​ដែល​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​នោះ​ឡើយ (អាលេលូយ៉ា!)។

៥៧- គ្រប់ស្នាព្រះហស្ត ព្រះម្ចាស់ទាំងអស់ នៅមិនរបូត
  ជារៀងដរាប សូមនាំគ្នាស្មូត តម្កើងរហូត
    អស់កល្បអន្លាយ
៥៨- ឱផ្ទៃមេឃអើយ កុំនៅកន្តើយ ហាក់ដូចជិនណាយ
  ស្មូតបទតម្កើង ដោយចិត្តសប្បាយ អស់កល្បអន្លាយ
    តទៅកុំឈប់
៥៩- សូមឱ្យទេវទូត តម្កើងរហូត ទាំងថ្ងៃទាំងយប់
  ព្រះម្ចាស់ថ្កុំថ្កើង អស់កល្បអស់កប្ប តម្កើងកុំឈប់
    តទៅរាល់ថ្ងៃ
៦០- ចូរទឹកទាំងឡាយ អបអរសប្បាយ លើនភាល័យ
  នាំគ្នាសរសើរ តម្កើងម្ចាស់ថ្លៃ កុំបង្អង់អី
    អស់កល្បអង្វែង
៦១- ហ្វូងតារារះ នៃព្រះអម្ចាស់ នាំគ្នាសម្ដែង
  តម្កើងព្រះអង្គ សរសើរស្ញប់ស្ញែង គ្រប់ទីកន្លែង
    តទៅឥតដាច់
៦២- សូមព្រះអាទិត្យ ព្រះចន្ទមានឫទ្ធិ ពន្លឺចិញ្ចាច
  តម្កើងព្រះអង្គ ដោយចិត្តអង់អាច កុំភ័យកុំខ្លាច
    តទៅកុំប្រែ
៦៣- សូមអស់ទាំងផ្កាយ ដែលនៅរាត់រាយ លើមេឃផងដែរ
  សរសើរតម្កើង កុំបីប្រួលប្រែ កុំក្រឡះកែ
    រាល់ថ្ងៃខែឆ្នាំ
៦៤- សូមឱ្យសន្សើម ទឹកភ្លៀងដ៏ឆ្នើម ធ្លាក់ជាប្រចាំ
  ចូរលើកតម្កើង ទាំងថ្វាយបង្គំ ព្រះម្ចាស់ឧត្តម
    ជានិច្ចកុំរា
៦៥- ចូរអស់ទាំងខ្យល់ ធ្លាប់បក់វិលវល់ រាល់ប្រាំងវស្សា
  គ្រប់ទីកន្លែង តម្កើងព្រះជា ម្ចាស់អ្នករាល់គ្នា
    កុំបីឆ្មៃឆ្មើង
៦៦- ចូរឱ្យកម្ដៅ ទាំងក្នុងទាំងក្រៅ ឱ្យមានទាំងភ្លើង
  នាំគ្នាជួយលើក សរសើរតម្កើង ព្រះអង្គខ្ពស់ឡើង
    តទៅឥតអាក់
៦៧- ចូរឱ្យខ្យល់ក្តៅ ពេលនេះតទៅ និងខ្យល់ត្រជាក់
  សរសើរតម្កើង ព្រះជាម្ចាស់អ្នក កុំបីអន់អាក់
    ជានិច្ចតទៅ
៦៨- សន្សើមនិងព្រឹល សូមអ្នកកុំខ្ជិល កុំបង្អង់នៅ
  ស្មូតបទតម្កើង ព្រះម្ចាស់ជាផ្លូវ អង្វែងតទៅ
    អស់កល្បជានិច្ច
៦៩- ចូរថ្ងៃនិងយប់ កោតកុំឈរឈប់ សរសើរកុំភ្លេច
  ស្មូតបទតម្កើង ព្រះម្ចាស់ជានិច្ច កុំបីកែគេច
    អស់កល្បស្ថេរស្ថិត
៧០- ចូរឱ្យពន្លឺ រន្ទាលរន្ទឺ និងភាពងងឹត
  សរសើរតម្កើង អម្ចាស់មានឫទ្ធិ រាល់ថ្ងៃកុំគិត
    ខ្វល់ខ្វាយឡើយណា
៧១- អាកាសត្រជាក់ ខ្យល់រងាធ្លាក់ មកជាធម្មតា
  ចូរលើកតម្កើង ព្រះអម្ចាស់ជា ព្រះអ្នករាល់គ្នា
    កុំបីឃ្លាងឃ្លាត
៧២- សូមឱ្យទឹកកក កុំបីខានខក ទាំងសន្សើមទៀត
  ចូរលើកតម្កើង កុំបីរវាត កុំឱ្យឃ្លាងឃ្លាត
    រហូតតទៅ
៧៣- សូមដុំពពក ផ្លេកបន្ទោរមក កុំបង្អង់នៅ
  តម្កើងព្រះអង្គ កុំបីហ្មងសៅ ស្មូតរហូតទៅ
    អស់កល្បយូរលង់
៧៤- សូមឱ្យផែនដី ទាំងមូលលកលៃ តម្កើងព្រះអង្គ
  សរសើរកុំឈប់ កុំនៅរេរង់ កោតសរសើរទ្រង់
    កុំប្រែសាវា
៧៥- សូមឱ្យភ្នំធំ កុំនៅសំងំ ភ្នំតូចផងណា
  ស្មូតបទតម្កើង ព្រះម្ចាស់រាល់គ្នា ថ្កើងព្រះនាមា
    អស់កល្បជានិច្ច
៧៦- សព្វអស់អ្វីៗ ដែលដុះលើដី កុំបីមានភ្លេច
  ចូរលើកតម្កើង ព្រះម្ចាស់ជានិច្ច កុំបីកែគេច
    អស់កល្បអន្លាយ
៧៧- ចូរសមុទ្រស្ទឹង ទន្លេល្វើយល្វឹង តូចធំទាំងឡាយ
  នាំគ្នាតម្កើង ដោយក្តីរីករាយ សរសើរម្ចាស់ថ្លៃ
    ឱ្យលាន់រងំ
៧៨- ចូរប្រភពទឹក មានច្រើនសន្ធឹក ព្រែកទាំងតូចធំ
  ទឹកហូរពីជ្រោះ ទឹកធ្លាក់ពីភ្នំ កុំនៅសំងំ
    តម្កើងព្រះអង្គ
៧៩- ចូរអស់ទាំងត្រី តូចធំម្តេចក្តី និងសត្វរស់ក្នុង
  ទន្លេសមុទ្រ តាមព្រែកបួរបឹង កុំសំងំឈឹង
    តម្កើងព្រះម្ចាស់
៨០- សូមបក្សីសត្វ ដែលរស់ខ្វែងខ្វាត់ ច្រើនមីរដេរដាស
  ស្មូតបទតម្កើង ព្រះជាអម្ចាស់ កុំបីចន្លោះ
    អស់កល្បយូរលង់
៨១- សូមឱ្យសត្វស្រុក រស់នៅអែអុក ទាំងសត្វព្រៃផង
  នាំគ្នាសរសើរ តម្កើងព្រះអង្គ អស់កល្បយូរលង់
    តទៅអន្លាយ
៨២- ចូរឱ្យមនុស្ស ទាំងស្រីទាំងប្រុស កុំបីឃ្លាតឆ្ងាយ
  សរសើរព្រះអង្គ ជាព្រះម្ចាស់ថ្លៃ រៀងរាល់យប់ថ្ងៃ
    កុំបីអល់អែក
៨៣- ឱអ៊ីស្រាអែល អ្នកជាជាតិដែល វិសុទ្ធពន់ពេក
  ចូរលើកតម្កើង ព្រះខ្ពស់អនេក ហួសទាំងផ្ទៃមេឃ
    កុំសំងំនៅ
៨៤- អស់បូជាចារ្យ ទាំងឡាយនាំគ្នា ឆ្ពោះតម្រង់ទៅ
  តម្កើងព្រះអង្គ ទាំងថ្ងៃយប់ជ្រៅ កុំសំងំនៅ
    សរសើរកុំឈប់
៨៥- ចូរអ្នកទាំងឡាយ ដែលតែងខ្វល់ខ្វាយ បម្រើគោរព
  ស្មូតតម្កើងព្រះ ទាំងថ្ងៃទាំងយប់ កុំឈរកុំឈប់
    នៅស្ងៀមឱ្យសោះ
៨៦- ចូរវិញ្ញាណក្ខ័ន្ធ អ្នកស្លាប់ប៉ុន្មាន កុំបីចន្លោះ
  ព្រលឹងនៃអ្នក សុចរិតទាំងអស់ តម្កើងដោយស្មោះ
    កុំនៅកន្តើយ
៨៧- អស់អ្នកគោរព ប្រណិប័តន៍គ្រប់ ព្រះអម្ចាស់អើយ
  និងអ្នកដាក់ចិត្ត ជាអ្នកខ្សត់ហើយ កុំបង្អង់ឡើយ
    តម្កើងព្រះអង្គ
៨៨- លោកអណានីយ៉ា រួមជាមួយគ្នា អសារីយ៉ាផង
  និងមីកាអែល តម្កើងព្រះអង្គ ស្មូតតម្កើងផង
    តទៅដរាប
  ព្រះអង្គរំដោះ យើងខ្ញុំឱ្យរស់ ផុតពីក្តីស្លាប់
  ហើយទ្រង់សង្គ្រោះ ខ្ញុំជាប្រញាប់ រួចផុតទុក្ខសព្វ
    ទាំងភ្លើងសន្ធៅ

បន្ទរ៖ គ្មាន​នរណា​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ជាង​អ្នក​ដែល​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​នោះ​ឡើយ (អាលេលូយ៉ា!)។

ទំនុកតម្កើងលេខ ១៤៩

ចម្រៀងនៃអំណរសប្បាយរបស់សន្តបុគ្គល

ចូរបុត្រធីតាទាំងឡាយនៃព្រះសហគមន៍ ដែលជាប្រជាជនថ្មីរបស់ព្រះជាម្ចាស់ ត្រេកអរសប្បាយចំពោះ​ព្រះគ្រីស្ត ដែលជាស្តេចរបស់ពួកគេ (Hesychius)។

បន្ទរទី៣៖ បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​សេចក្ដីដែល​ខ្ញុំ​បាន​បង្គាប់​មក អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន (អាលេលូយ៉ា!)។

ចូរ​ច្រៀង​បទ​ថ្មីថ្វាយ​ព្រះ‌អម្ចាស់!
ចូរ​ច្រៀង​សរសើរ​ព្រះ‌អង្គនៅ​ក្នុង​អង្គ​ប្រជុំ​របស់​អ្នក​ជឿ​ព្រះ‌អង្គ!

ចូរ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែលរីក‌រាយ​នឹង​ព្រះ‌អង្គ​ ដែល​បាន​បង្កើត​គេ​មក
សូម​ឲ្យ​ប្រជាជន​ក្រុង​ស៊ីយ៉ូនមាន​អំណរ​សប្បាយ នឹង​ព្រះ‌មហា​ក្សត្រ​របស់​ខ្លួន!

ចូរ​នាំ​គ្នា​រាំ​សរសើរ​តម្កើង​ព្រះ‌អង្គ ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដោយ​វាយ​ក្រាប់ និង​ដេញ​ពិណ!

ដ្បិត​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យនឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​លើក​កិត្តិយស​មនុស្ស​ទន់‌ទាបដោយ​សង្គ្រោះ​ពួក​គេ

ចូរ​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គនាំ​គ្នា​អរ​សប្បាយ​ដ៏​លើស‌លប់
ដោយ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់
សូម្បី​តែ​នៅ​ពេល​យប់ ក៏​គេ​ស្រែក​តម្កើង​ព្រះ‌អង្គ​ដោយ​អំណរ​ដែរ!

សូម​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះ‌អង្គ​មិន​ដាច់​ពី​មាត់
ហើយ​ឲ្យ​គេ​កាន់​ដាវ​មុខ​ពីរ​នៅ​ជាប់​នឹង​ដៃ​ជា‌និច្ច

ដើម្បី​សង‌សឹក​ប្រជា‌ជាតិ​នានា និង​ដាក់​ទោស​ជាតិ​សាសន៍​ទាំង‌ឡាយ

ហើយ​យក​ច្រវាក់​ចង​ស្តេច និង​ដាក់​ខ្នោះ​មេ​ដឹក​នាំ​របស់​ពួក​គេ។

ការ​ដាក់​ទោស​សាសន៍​ទាំង​នោះ
ស្រប​តាម​ការ​សម្រេច​របស់​ព្រះ‌ជាម្ចាស់​នេះ​ហើយ
ដែល​ជា​កិត្តិយស​ដ៏​រុង‌រឿង​របស់​អស់​អ្នកស្មោះ‌ត្រង់​នឹង​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​សេចក្ដីដែល​ខ្ញុំ​បាន​បង្គាប់​មក អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន (អាលេលូយ៉ា!)។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ២,១៩-២០)

ហេតុ​នេះ បង‌ប្អូន​លែង​ជា​ជន​បរទេស ឬ​ជា​អាណិកជន​ទៀត​ហើយ គឺ​បង‌ប្អូន​ជា​ជន​រួម​ជាតិ​ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធ និង​ជា​ក្រុម​គ្រួសារ​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌អង្គ​បាន​កសាង​បងប្អូន​ឡើង​ជា​សំណង់ ដោយ​មាន​ក្រុម​គ្រីស្តទូត និង​ព្យាការី ជា​គ្រឹះ និង​មាន​ព្រះ‌គ្រីស្ត‌យេស៊ូផ្ទាល់​ជា​ថ្ម​ដ៏​សំខាន់។
 
បន្ទរ៖ ព្រះ‌អង្គប្រទានឱ្យគេគ្រប់‌គ្រងលើអ្វីៗទាំងអស់នៅផែនដី *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖...
-ឱព្រះអម្ចាស់អើយ ! ទូលបង្គំតែងតែនឹកដល់ព្រះនាមរបស់ព្រះអង្គ។ បន្ទរ៖ *...
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖...

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ យើងត្រូវតែជ្រើសយកមនុស្សម្នាក់ ដែលនៅជាមួយយើងគ្រប់ពេលវេលា នៅពេលព្រះអម្ចាស់យេស៊ូរស់នៅក្នុងចំណោមយើង។ គាត់នឹងជំនួសកន្លែងរបស់យូដាសអ៊ីស្ការីយ៉ុត ហើយធ្វើជា​បន្ទាល់​រួម​ជា​មួយ​យើង អំពី​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។

ពាក្យអង្វរសកល

បងប្អូនជាទីស្រឡាញ់ ! យើងបានទទួលស្ថានបរមសុខទុកជាមរតក រួមជាមួយក្រុមគ្រីស្តទូត។ ចូរយើងអរព្រះគុណព្រះបិតាសម្រាប់ព្រះ-អំណោយទានទាំងអស់របស់ព្រះអង្គ ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សហភាពនៃក្រុមគ្រីស្តទូតកោតសរសើរព្រះអង្គ។

សូមលើកតម្កើងព្រះអម្ចាស់ ! ដ្បិតព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ត ផ្តល់ឱ្យយើងខ្ញុំ តាមរយៈក្រុមគ្រីស្តទូត
—ដែលប្រទានឱ្យយើងខ្ញុំមានជីវិត និងស្រស់បំព្រង។ (បន្ទរ)
 
សូមលើកតម្កើងព្រះអម្ចាស់ ! ដ្បិតបុណ្យគោរពព្រះបន្ទូលព្រះអង្គបានរៀបចំសម្រាប់យើងខ្ញុំ ដោយក្រុមគ្រីស្តទូត
—សូមប្រទានឱ្យយើងខ្ញុំមានពន្លឺ និងអំណរសប្បាយផង។ (បន្ទរ)
 
សូមលើកតម្កើងព្រះអម្ចាស់ ! សម្រាប់ព្រះសហគមន៍ដ៏វិសុទ្ធរបស់ព្រះអង្គ ដែលបានបង្កើតឡើងនៅលើក្រុមគ្រីស្តទូត
—ជាកន្លែងដែលយើងខ្ញុំប្រមូលផ្តុំគ្នាចូលក្នុងសហគមន៍របស់ព្រះអង្គ។ (បន្ទរ)
 
សូមលើកតម្កើងព្រះអម្ចាស់ ! សម្រាប់អំណាចនៃអគ្គសញ្ញាជ្រមុជទឹក និងពលិការដែលព្រះអង្គបានប្រគល់ឱ្យក្រុមគ្រីស្តទូត
—តាមរយៈកិច្ចការទាំងនោះ យើងខ្ញុំបានសម្អាតអំពើបាបរបស់យើងខ្ញុំ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាជាអម្ចាស់ ! ព្រះអង្គបានជ្រើសរើសឱ្យសន្តម៉ាធីយ៉ាសចូលរួមក្នុងចំណោមក្រុមគ្រីស្តទូត។ តាមរយៈពាក្យទូលអង្វររបស់លោក សូមព្រះអង្គប្រោសឱ្យយើងខ្ញុំមានអំណរសប្បាយ ដោយដឹងថា ព្រះអង្គស្រឡាញ់យើងខ្ញុំយ៉ាងខ្លាំង និងរាប់បញ្ចូលយើងខ្ញុំនៅក្នុងចំណោមអស់អ្នកដែលព្រះអង្គបានជ្រើសរើស។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។