រដូវបុណ្យចម្លង សប្តាហ៍ទី៥ ថ្ងៃព្រហស្បតិ៍
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៥៧
ពាក្យអធិដ្ឋាននៅពេលមានទុក្ខព្រួយ
ទំនុកតម្កើងនេះ លើកតម្កើងពីទុក្ខលំបាករបស់ព្រះគ្រីស្ដ (សន្តអូគូស្ទីន)។
បន្ទរទី១ ៖ ឱព្រះជាម្ចាស់អើយ ! សូមបង្ហាញភាពថ្កុំថ្កើងឧត្តុងឧត្តមរបស់ព្រះអង្គ នៅលើផ្ទៃមេឃ អាលេលូយ៉ា !
| ២ | ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ សូមអាណិតមេត្តាទូលបង្គំផង! ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ ទូលបង្គំសូមជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។ |
| ៣ | ខ្ញុំស្រែកហៅរកព្រះដ៏ខ្ពង់ខ្ពស់បំផុត គឺព្រះជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំ នូវអ្វីៗដែលខ្ញុំត្រូវការ។ |
| ៤ | សូមព្រះអង្គប្រទានការសង្គ្រោះពីស្ថានបរមសុខមកខ្ញុំ សូមព្រះអង្គវាយប្រហារអស់អ្នកដែលបៀតបៀនខ្ញុំ សូមព្រះជាម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។ |
| ៥ | ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធខ្ញុំ ប្រៀបដូចជាសិង្ហដែលប្រុងស៊ីសាច់មនុស្ស ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ អណ្តាតរបស់គេដូចដាវដ៏មុត។ |
| ៦ | ឱព្រះជាម្ចាស់អើយ! សូមសម្តែងភាពថ្កុំថ្កើងឧត្តុង្គឧត្តមរបស់ព្រះអង្គនៅលើផ្ទៃមេឃ សូមឱ្យសិរីរុងរឿងរបស់ព្រះអង្គ ភ្លឺចែងចាំងនៅលើផែនដីទាំងមូល។ |
| ៧ | សត្រូវរបស់ទូលបង្គំ នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ ធ្វើឱ្យទូលបង្គំអស់សង្ឃឹម។ ពួកគេជីករណ្តៅនៅពីមុខទូលបង្គំ តែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្តៅនោះ។ |
| ៨ | បពិត្រព្រះជាម្ចាស់! ទូលបង្គំទុកចិត្តលើព្រះអង្គ ទូលបង្គំទុកចិត្តលើព្រះអង្គទាំងស្រុង ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូតទំនុកតម្កើង |
| ៩ | ឱព្រលឹងខ្ញុំអើយ! ចូរភ្ញាក់ឡើង! ឱឃឹម និងពិណរបស់ខ្ញុំអើយ! ចូរបន្លឺសំឡេងឡើង ខ្ញុំនឹងដាស់ព្រះអាទិត្យឱ្យរះឡើង |
| ១០ | បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងស្មូតទំនុកតម្កើងថ្វាយព្រះអង្គក្នុងចំណោមប្រជាជាតិនានា |
| ១១ | ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ ខ្ពស់ដល់អាកាសវេហាស៍។ |
| ១២ | ឱព្រះជាម្ចាស់អើយ! សូមបង្ហាញភាពថ្កុំថ្កើងឧត្តុងឧត្តមរបស់ព្រះអង្គ នៅលើផ្ទៃមេឃ សូមឱ្យសិរីរុងរឿងរបស់ព្រះអង្គ ភ្លឺចែងចាំងនៅលើផែនដីទាំងមូល។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះជាម្ចាស់អើយ ! សូមបង្ហាញភាពថ្កុំថ្កើងឧត្តុងឧត្តមរបស់ព្រះអង្គ នៅលើផ្ទៃមេឃ អាលេលូយ៉ា !
បទលើកតម្កើងតាមព្យាការីយេរេមី (យរ ៣១,១០-១៤)
សុភមង្គលរបស់មនុស្សដែលទទួលការសង្រ្គោះ
ព្រះយេស៊ូត្រូវសោយទិវង្គត ដើម្បីឱ្យកូនចៅរបស់ព្រះជាម្ចាស់
ដែលបានបែកខ្ញែកគ្នា មកចូលរួមជាប្រជាជនតែមួយឡើងវិញ (យហ ១១,៥១.៥២)។
បន្ទរទី២ ៖ ព្រះអម្ចាស់បានរំដោះប្រជារាស្រ្តរបស់ព្រះអង្គ អាលេលូយ៉ា!
(បទព្រហ្មគីតិ)
| ១០- | ប្រជាជាតិទាំងឡាយ | សូមខ្វល់ខ្វាយនាំគ្នាស្តាប់ | |
| បន្ទូលព្រះផ្សាយផ្សព្វ | ទៅដល់សព្វកោះនៅឆ្ងាយ | ។ | |
| ចូរអ្នកប្រកាសថា | ព្រះដែលជាអ្នកកម្ចាយ | ||
| អ៊ីស្រាអែលទៅឆ្ងាយ | តែពេលក្រោយទ្រង់ប្រមូល | ។ | |
| ព្រះអង្គថែររក្សា | ឱ្យគ្រប់គ្នាជុំត្រកូល | ||
| ដូចគង្វាលប្រមូល | ចៀមមកមូលមិនឱ្យបាត់ | ។ | |
| ១១- | ព្រះអម្ចាស់បានលោះ | ឱ្យរួចគ្រោះលែងខ្ចាយខ្ចាត់ | |
| រំដោះឱ្យរួចផុត | ពួកទុច្ចរិតដែលខ្លាំងក្លា | ។ | |
| ១២- | ពួកគេត្រឡប់វិញ | គ្មានទោម្នេញស្រែកខ្ញៀវខ្ញារ | |
| ហើយគេក៏នាំគ្នា | ចាំត្រៀបត្រាទទួលទ្រព្យ | ។ | |
| ដែលព្រះម្ចាស់ប្រទាន | គេឱ្យមានលែងអភ័ព្វ | ||
| មានស្រូវស្រាល្អគាប់ | ប្រេងក្រអូបទាំងចៀមគោ | ។ | |
| ចិត្តពួកគេប្រៀបបាន | សួនឧទ្យានមានទឹកហូរ | ||
| ស្រោចស្រពឡើងជន់ជោរ | គេលែងថ្ងូរលែងហេវហត់ | ។ | |
| ១៣- | គ្រានោះស្ត្រីក្រមុំ | ចូលមករាំតាមបែបបទ | |
| ក្មេងចាស់មិនកំណត់ | គេមិនហត់រាំសប្បាយ | ។ | |
| យើងប្រែទុក្ខវេទនា | គេទៅជាសើចក្អាកក្អាយ | ||
| ឱ្យពួកគេសប្បាយ | គេរីករាយលែងលំបាក | ។ | |
| ១៤- | អស់លោកបូជាចារ្យ | បានភោក្តាគ្មានសម្រាក | |
| សាច់ឆ្ងាញ់មិនស្រាន្តស្រាក | មិនលំបាកដើររុករក | ។ | |
| យើងនឹងផ្តល់អំណោយ | ទានទៅឱ្យរាស្ត្រគ្រប់ស្រុក | ||
| លែងព្រួយលែងកើតទុក្ខ | រស់បានសុខសាន្តតទៅ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ព្រះអម្ចាស់បានរំដោះប្រជារាស្រ្តរបស់ព្រះអង្គ អាលេលូយ៉ា!
ទំនុកតម្កើងលេខ ៤៨
ពាក្យអរព្រះគុណសម្រាប់ការរំដោះប្រជារាស្រ្ត
ទេវទូតនោះបានលើកវិញ្ញាណខ្ញុំឡើងទៅលើភ្នំមួយយ៉ាងធំខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងដ៏វិសុទ្ធ
ជាក្រុងយេរូសាឡឹមដែលចុះពីស្ថានបរមសុខ គឺចុះមកពីព្រះជាម្ចាស់ (វវ ២១,១០)។
បន្ទរទី៣ ៖ «ព្រះជាម្ចាស់ពិតជាព្រះរបស់យើងអស់កល្បជានិច្ច ហើយព្រះអង្គជាអ្នកដឹកនាំយើងជាអង្វែងតរៀងទៅដែរ» អាលេលូយ៉ា!
| ២ | ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម ដែលត្រូវតែលើកតម្កើងឱ្យខ្ពង់ខ្ពស់បំផុត នៅក្នុងបុរីព្រះជាម្ចាស់របស់យើង គឺនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ |
| ៣ | ភ្នំរបស់ព្រះជាម្ចាស់ជាភ្នំមួយដ៏ល្អប្រណីត គឺភ្នំស៊ីយ៉ូនដែលជាកំពូលនៃពិភព ជាបុរីរបស់ព្រះមហាក្សត្រ ដែលនាំឱ្យផែនដីទាំងមូលមានអំណរ។ |
| ៤ | ព្រះជាម្ចាស់បានសម្តែងឱ្យដឹងថា ព្រះអង្គជាកំពែងដ៏រឹងមាំនៅក្នុងបុរីនោះ។ |
| ៥ | ស្តេចនានាបានលើកគ្នាមកវាយប្រហារភ្នំស៊ីយ៉ូន |
| ៦ | ពេលគេឃើញក្រុងស៊ីយ៉ូន គេស្រឡាំងកាំង ភ័យតក់ស្លុត នាំគ្នារត់ចេញទៅវិញ |
| ៧ | គេភ័យញាប់ញ័រ ឈឺចុកចាប់ ដូចជាស្ត្រីសម្រាលកូន |
| ៨ | ដូចជាខ្យល់ព្យុះបក់មកពីទិសបូព៌ា បំបែកនាវា។ |
| ៩ | យើងបានឮគេថ្លែងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ ឥឡូវនេះ យើងក៏បានឃើញផ្ទាល់ នៅក្នុងបុរីរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាបុរីនៃព្រះរបស់យើង ព្រះអង្គនឹងការពារក្រុងនេះឱ្យបានរឹងមាំរហូតតរៀងទៅ។ |
| ១០ | បពិត្រព្រះជាម្ចាស់! ពេលយើងខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះអង្គ យើងខ្ញុំនឹកអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ |
| ១១ | បពិត្រព្រះជាម្ចាស់! ព្រះនាមរបស់ព្រះអង្គល្បីរន្ទឺ ក្នុងលោកទាំងមូលយ៉ាងណា មនុស្សម្នាក៏នឹងលើកតម្កើងព្រះអង្គ រហូតដល់ស្រុកដាច់ស្រយាលផែនដីយ៉ាងនោះដែរ។ ព្រះអង្គគ្រប់គ្រងដោយសុចរិត។ |
| ១២ | សូមឱ្យអ្នកក្រុងស៊ីយ៉ូនរីករាយឡើង សូមឱ្យអ្នកក្រុងនៃស្រុកយូដារីករាយជាខ្លាំង ដ្បិតព្រះអង្គវិនិច្ឆ័យប្រកបដោយយុត្តិធម៌។ |
| ១៣ | ចូរនាំគ្នាហែក្បួនព័ទ្ធជុំវិញក្រុងស៊ីយ៉ូន! ចូររាប់ចំនួនប៉មរបស់ក្រុងនេះមើល! |
| ១៤ | ចូរស្ងើចសរសើរកំពែងក្រុង ចូរពិនិត្យមើលវិមានបុរីនេះទៅ ដើម្បីឱ្យអ្នករាល់គ្នាយកទៅថ្លែងប្រាប់មនុស្សនៅជំនាន់ក្រោយថា ៖ |
| ១៥ | “ព្រះជាម្ចាស់ពិតជាព្រះរបស់យើងអស់កល្បជានិច្ច ព្រះអង្គក៏ដឹកនាំយើងជាអង្វែងតរៀងទៅដែរ” ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ «ព្រះជាម្ចាស់ពិតជាព្រះរបស់យើងអស់កល្បជានិច្ច ហើយព្រះអង្គជាអ្នកដឹកនាំយើងជាអង្វែងតរៀងទៅដែរ» អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៨,១០-១១)
ប្រសិនបើព្រះគ្រីស្ដគង់នៅក្នុងបងប្អូន ទោះបីរូបកាយរបស់បងប្អូនស្លាប់ ព្រោះតែបាបក៏ដោយ ក៏ព្រះវិញ្ញាណនៅតែផ្ដល់ជីវិតឱ្យបងប្អូនដែរ មកពីព្រះជាម្ចាស់ប្រោសបងប្អូនឱ្យសុចរិត។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញ សណ្ឋិត នៅក្នុងបងប្អូនមែននោះ ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រីស្ដឱ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រទានឱ្យរូបកាយរបស់បងប្អូន ដែលតែងតែស្លាប់នេះ មានជីវិតតាមរយៈព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងបងប្អូននោះដែរ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ បើអ្នករាល់គ្នាប្រតិបត្តិតាមវិន័យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្ដីស្រឡាញ់របស់ខ្ញុំ ឱ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន អាលេលូយ៉ា!
ពាក្យអង្វរសកល
ព្រះគ្រីស្តតើនឡើងពីចំណោមមនុស្សស្លាប់ ហើយព្រះអង្គតែងតែមានវត្តមាននៅក្នុងព្រះសហគមន៍ជានិច្ច។ ចូរយើងលើកតម្កើងព្រះអង្គ ហើយទូលថា ៖
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមស្នាក់នៅជាមួយនឹងយើងខ្ញុំ !
បពិត្រព្រះយេស៊ូជាអម្ចាស់ ! ព្រះអង្គមានជ័យជម្នះលើអំពើបាប និងសេចក្តីស្លាប់ ព្រះអង្គទទួលសិរីរុងរឿង និងជីវិតអមតៈ
—សូមព្រះអង្គគង់នៅក្នុងចំណោមយើងខ្ញុំជានិច្ច។ (បន្ទរ)
សូមយាងមករកយើងខ្ញុំ ដោយឫទ្ធានុភាពនៃជ័យជម្នះរបស់ព្រះអង្គ
—ហើយសូមសម្តែងព្រះហឫទ័យសប្បុរសរបស់ព្រះបិតា មកក្នុងចិត្តយើងខ្ញុំផង។ (បន្ទរ)
សូមព្រះអង្គយាងមកព្យាបាលរបួសពិភពលោក ដែលមកពីការបែកបាក់គ្នា
—មានតែព្រះអង្គទេ ដែលអាចផ្លាស់ប្តូរចិត្តគំនិតយើងខ្ញុំ ឱ្យទៅជាធ្លុងតែមួយ។ (បន្ទរ)
សូមពង្រឹងជំនឿយើងខ្ញុំក្នុងជ័យជម្នះចុងក្រោយ
—ហើយសូមព្រះអង្គបន្តផ្តល់សេចក្តីសង្ឃឹមឱ្យយើងខ្ញុំ ក្នុងពេលដែលព្រះអង្គយាងមកជាលើកទីពីរ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះបិតាដ៏មានធម៌មេត្តាករុណាដ៏លើសលប់ ! ព្រះអង្គសង្គ្រោះអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ ដោយផ្តល់សេរីភាពដ៏ពិតប្រាកដដល់គេ។ សូមព្រះអង្គមេត្តាប្រោសឱ្យព្រះសហគមន៍របស់ព្រះអង្គ ចេះគោរព និងការពារសេរីភាពនេះ ព្រមទាំងណែនាំឱ្យមនុស្សគ្រប់ជាតិសាសន៍ ចូលរួមជាមហាគ្រួសារតែមួយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

