រដូវបុណ្យចម្លង សប្តាហ៍ទី៣ ថ្ងៃសុក្រ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៥១
ឱព្រះជាម្ចាស់អើយ! សូមប្រណីសន្ដោសទូលបង្គំផង!
ត្រូវប្រែគំនិតប្រាជ្ញា និងវិញ្ញាណឲ្យបានថ្មីឡើង ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត និងវិសុទ្ធ មកពីសេចក្ដីពិត
ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ (អភ ៤,២៣-២៤)។
បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ ! សូមលប់លាងកំហុសទូលបង្គំឱ្យបានស្អាតទាំងស្រុង អាលេលូយ៉ា!
| ៣ | ឱព្រះជាម្ចាស់នៃទូលបង្គំអើយ! សូមអាណិតមេត្តាទូលបង្គំ តាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គផង សូមលើកលែងទោសឱ្យទូលបង្គំ តាមព្រះហឫទ័យអាណិតមេត្តាដ៏ទូលំទូលាយរបស់ព្រះអង្គផង!។ |
| ៤ | សូមលប់លាងកំហុសទូលបង្គំឱ្យបានស្អាតទាំងស្រុង សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធរួចពីបាប! |
| ៥ | ទូលបង្គំទទួលសារភាពកំហុសរបស់ទូលបង្គំហើយ អំពើបាបទូលបង្គំដិតជាប់នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។ |
| ៦ | ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ទូលបង្គំបានប្រព្រឹត្តនឹងអំពើដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។ ទោះបីព្រះអង្គដាក់ទោសទូលបង្គំយ៉ាងណាក្តី ក៏ព្រះអង្គនៅតែឥតកំហុសដែរ។ |
| ៧ | ទូលបង្គំមានកំហុសតាំងពីកំណើតមក ទូលបង្គំជាប់បាបតាំងពីនៅក្នុងផ្ទៃម្តាយមកម៉្លេះ! |
| ៨ | ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្តីពិត នៅក្នុងជម្រៅចិត្តមនុស្ស។ សូមប្រោសឱ្យស្គាល់ជម្រៅនៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ |
| ៩ | សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធ នោះទូលបង្គំនឹងបានបរិសុទ្ធមែន សូមលាងសំអាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត។ |
| ១០ | សូមប្រាប់ឱ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ នោះទូលបង្គំនឹងមានអំណរសប្បាយ ចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងប្រែជារីករាយឡើងវិញ។ |
| ១១ | ឱព្រះអង្គអើយ! សូមកុំទតមើលអំពើបាបរបស់ទូលបង្គំឡើយ។ សូមលប់បំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំផង។ |
| ១២ | ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យទូលបង្គំមានចិត្តបរិសុទ្ធ សូមបង្កើតចិត្តគំនិតថ្មីដ៏រឹងប៉ឹងដល់ទូលបង្គំផង។ |
| ១៣ | សូមកុំបោះបង់ទូលបង្គំឱ្យឃ្លាតឆ្ងាយពីព្រះអង្គ សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គចេញពីទូលបង្គំឡើយ។ |
| ១៤ | សូមប្រោសប្រទានឱ្យទូលបង្គំមានអំណរ ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ សូមគាំទ្រទូលបង្គំ ដោយប្រទានព្រះវិញ្ញាណឱ្យទូលបង្គំ សុខចិត្តធ្វើតាមព្រះហឫទ័យព្រះអង្គជានិច្ច។ |
| ១៥ | ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ឱ្យស្គាល់មាគ៌ារបស់ព្រះអង្គ នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។ |
| ១៦ | ឱព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃទូលបង្គំ សូមរំដោះទូលបង្គំឱ្យរួចពីស្លាប់ ទូលបង្គំនឹងប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ។ |
| ១៧ | ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យបន្លឺសំឡេងផង នោះទូលបង្គំនឹងប្រកាសពាក្យសរសើរតម្កើងព្រះអង្គ។ |
| ១៨ | ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយយញ្ញបូជាទេ ទោះបីតង្វាយដុតទាំងមូល ក៏ព្រះអង្គមិនគាប់ព្រះហឫទ័យដែរ។ |
| ១៩ | យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយ គឺចិត្តសោកសង្រេង ព្រះអង្គតែងតែទទួលចិត្តសោកសង្រេង និងចិត្តលែងមានអំនួត។ |
| ២០ | ឱព្រះអម្ចាស់អើយ! សូមប្រោសប្រណីក្រុងស៊ីយ៉ូន សូមមេត្តាកសាងកំពែងក្រុងយេរូសាឡឹមឡើងវិញផង។ |
| ២១ | ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងតង្វាយស្របតាមវិន័យ គឺតង្វាយដុតទាំងមូល និងយញ្ញបូជា គេនឹងយកគោឈ្មោលមកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមលប់លាងកំហុសទូលបង្គំឱ្យបានស្អាតទាំងស្រុង អាលេលូយ៉ា!
បទលើកតម្កើងតាមព្យាការីយេរេមី (យរ ១៤,១៧-២១)
សំណោករបស់ប្រជាជននៅពេលអត់ឃ្លាន និងពេលមានសង្រ្គាម
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ។ ចូរនាំគ្នាកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ (មក ១,១៥)។
បន្ទរទី២ ៖ ព្រះគ្រីស្តបានផ្ទុកបាបរបស់យើងក្នុងព្រះកាយរបស់ព្រះអង្គដែលជាប់លើឈើឆ្កាង អាលេលូយ៉ា!
(បទពាក្យ ៧)
| ១៧- | ទឹកភ្នែកខ្ញុំហូររាល់យប់ថ្ងៃ | ព្រោះតែស្រមៃឥតស្រាកស្រាន្ត | |
| ទីក្រុងដែលធ្លាប់តែថ្កើងថ្កាន | ត្រូវខ្មាំងសាមាន្យបំផ្លាញអស់ | ។ | |
| ១៨- | បើខ្ញុំចេញទៅទីវាលស្រែ | ឃើញសុទ្ធសឹងតែសាកសពសោះ | |
| ពេលចូលដល់ក្រុងឃើញទាំងអស់ | សុទ្ធអ្នករងគ្រោះដោយទុរ្ភិក្ស | ។ | |
| អស់ព្យាការីដើរតត្រុក | ដើរឆ្លងកាត់ស្រុកមិនដែលនឹក | ||
| ទាំងបូជាចារ្យច្រើនសន្ធឹក | ស្រុកកើតទុរ្ភឹក្សគេមិនខ្វល់ | ។ | |
| ១៩- | ឱព្រះអម្ចាស់តើព្រះអង្គ | ពិតជាបោះបង់យូដាចោល | |
| ឬទុកស៊ីយ៉ូនឱ្យតែលតោល | ឬមួយកាត់ចោលស្អប់លែងរាប់ | ។ | |
| យើងខ្ញុំសង្ឃឹមថាបានសុខ | តែជួបតែទុក្ខស្ទើរតែស្លាប់ | ||
| ថាបានសះស្បើយជាឆាប់ៗ | តែប្រែមិនគាប់ជួបអាសន្ន | ។ | |
| ២០- | ឱព្រះម្ចាស់អើយខ្ញុំសូមក្រាប | ទទួលសារភាពមិនអាក់អន់ | |
| ប្រព្រឹត្តអំពើបាបពីមុន | អាក្រក់ពេកពន់មិនគប្បី | ។ | |
| រួមទាំងដូនតានៃយើងខ្ញុំ | ក៏ធ្វើមិនសមចិត្តអប្រីយ៍ | ||
| យើងខ្ញុំសាងបាបរៀងរាល់ថ្ងៃ | ទាស់នឹងព្រះទ័យនៃព្រះអង្គ | ។ | |
| ២១- | ដោយយល់ព្រះនាមព្រះអម្ចាស់ | មេត្តាសន្តោសកុំបោះបង់ | |
| បំបាក់មុខខ្ញុំធ្វើឱ្យក្រុង | ដែលធ្លាប់រឿងរុងត្រូវអាម៉ាស់ | ។ | |
| សូមនឹកពីសម្ពន្ធមេត្រី | ដែលព្រះអង្គលៃចងយូរណាស់ | ||
| ជាមួយយើងខ្ញុំមិនគួរផ្លាស់ | ផ្តាច់ចោលស្រឡះដូច្នេះឡើយ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ព្រះគ្រីស្តបានផ្ទុកបាបរបស់យើងក្នុងព្រះកាយរបស់ព្រះអង្គដែលជាប់លើឈើឆ្កាង អាលេលូយ៉ា!
ទំនុកតម្កើងលេខ ១០០
អំណរសប្បាយរបស់អស់អ្នកដែលចូលក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់
ព្រះអម្ចាស់ត្រាស់ហៅប្រជារាស្រ្តដែលព្រះអង្គបានលោះ ឱ្យច្រៀងចម្រៀងនៃជ័យជម្នះ (សន្តអាថាណាស)។
បន្ទរទី៣ ៖ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ ! អាលេលូយ៉ា!
| ១ | មនុស្សនៅលើផែនដីទាំងមូលអើយ! ចូរអបអរសាទរថ្វាយព្រះអម្ចាស់! |
| ២ | ចូរគោរពបម្រើព្រះអម្ចាស់ ដោយចិត្តរីករាយ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ! |
| ៣ | ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក យើងជាប្រជារាស្ត្ររបស់ព្រះអង្គ គឺជាប្រជារាស្ត្រដែលព្រះអង្គថែរក្សា។ |
| ៤ | ចូរនាំគ្នាចូលព្រះដំណាក់របស់ព្រះអង្គ ទាំងអរព្រះគុណ ចូរនាំគ្នាចូលមកក្នុងបរិវេណព្រះវិហារ ទាំងពោលសរសើរតម្កើង! ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ! |
| ៥ | ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ ! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ៥,៣០-៣២)
ព្រះនៃបុព្វបុរសរបស់យើង ព្រះអង្គបានប្រោសលោកយេស៊ូ ដែលអស់លោកបានសម្លាប់ ដោយព្យួរនៅលើឈើនោះ ឱ្យមានជីវិតរស់ឡើងវិញ។ ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយឫទ្ធិបារមីរបស់ព្រះអង្គ ហើយតែងតាំងលោកជាព្រះអង្គម្ចាស់ និងជាព្រះសង្គ្រោះ ដើម្បីឱ្យប្រជារាស្ដ្រអ៊ីស្រាអែលកែប្រែចិត្តគំនិត ហើយព្រះជាម្ចាស់លើកលែងទោសឱ្យរួចពីបាប។ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍ទាំងនេះ ហើយព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកស្ដាប់បង្គាប់ព្រះអង្គ ព្រះអង្គក៏ជាសាក្សីដែរ»។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ អាលេលូយ៉ា!
ពាក្យអង្វរសកល
ចូរយើងទូលអង្វរព្រះជាម្ចាស់ជាព្រះបិតា ដែលបានផ្តល់ជីវិតថ្មីឱ្យយើងខ្ញុំ ដោយសារព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញ ៖
បន្ទរ៖ សូមប្រទានសិរីរុងរឿងនៃព្រះបុត្រាព្រះអង្គឱ្យយើងខ្ញុំផង !
បពិត្រព្រះជាអម្ចាស់ ! ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ បានបញ្ចេញនូវគម្រោងការដ៏អស់កល្បជានិច្ច។ ព្រះអង្គបានបង្កើតផែនដី ហើយព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ចំពោះមនុស្សលោកនៅគ្រប់ជំនាន់
—ឱព្រះបិតាដ៏មានធម៌មេត្តាអើយ ! សូមព្រះសណ្តាប់យើងខ្ញុំ។ (បន្ទរ)
សូមជម្រះចិត្តគំនិតរបស់យើងខ្ញុំឱ្យបានបរិសុទ្ធ ដោយសារសេចក្តីពិតរបស់ព្រះអង្គ ហើយសូមដឹកនាំពួកគេឱ្យទៅកាន់មាគ៌ាដ៏វិសុទ្ធ
—ដូច្នេះ យើងខ្ញុំអាចធ្វើអ្វីដែលគាប់ព្រះហឫទ័យព្រះអង្គ។ (បន្ទរ)
សូមឱ្យព្រះភក្រ្តព្រះអង្គបញ្ចេញពន្លឺមកលើយើងខ្ញុំ
—ដើម្បីឱ្យយើងខ្ញុំអាចរួចផុតពីអំពើបាប។ (បន្ទរ)
ព្រះអង្គបានប្រទានសេចក្តីសុខសាន្តរបស់ព្រះគ្រីស្តឱ្យក្រុមគ្រីស្តទូត
—សូមប្រទានសេចក្តីសុខសាន្តឱ្យប្រជារាស្រ្តព្រះអង្គ និងពិភពលោកទាំងមូល។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅលោកសូល ដែលមានចិត្តរឹងរូសឱ្យកែប្រែចិត្តគំនិត ហើយព្រះអង្គក៏ប្រោសយើងខ្ញុំឱ្យជឿលើព្រះគ្រីស្តដែរ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំឱ្យស្ម័គ្រចិត្តរស់នៅតាមរបៀបថ្មី ស្របតាមគម្រោងការរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

