២៣ មេសា ២០២៦

Written on 26/01/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៣ ថ្ងៃព្រហស្បតិ៍

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៨៧

ក្រុងយេរូសាឡឹមជាមាតានៃយើងទាំងអស់គ្នា

រីឯ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​លើ​វិញ​ គឺ​ស្ត្រីអ្នក​ជា​ដែល​ជា​មាតា​របស់​យើង​ហ្នឹង​ហើយ (កាឡ ៤,២៦)។

បន្ទរទី១ ៖ ពួកយើងនឹងនាំគ្នារាំ ហើយច្រៀងថា ៖ ឱក្រុងរបស់ព្រះជាម្ចាស់អើយ អ្នកជាប្រភពនៃជីវិត និងជាអំណរសប្បាយរបស់យើង អាលេលូយ៉ា!

ព្រះអម្ចាស់បានសង់ក្រុងយេរូសាឡឹមនៅលើភ្នំដ៏វិសុទ្ធ។

ព្រះអម្ចាស់ស្រឡាញ់បុរីស៊ីយ៉ូនជាងកន្លែងឯទៀតៗទាំងអស់ នៅលើទឹកដីលោកយ៉ាកុប។

ឱក្រុងរបស់ព្រះជាម្ចាស់អើយ!
គេលើកតម្កើងសីរីរុងរឿងរបស់អ្នក ដោយពោលថាៈ

ក្នុងចំណោមអ្នកដែលស្គាល់ខ្ញុំ មានជនជាតិអេស៊ីប និងជនជាតិបាប៊ីឡូន
អ្នកខ្លះកើតនៅស្រុកភីលីស្ទីន ខ្លះទៀតនៅស្រុកទីរ៉ុស និងខ្លះទៀតនៅស្រុកអេត្យូពី។

ចំពោះបុរីស៊ីយ៉ូនវិញ គេពោលថា
យើងទាំងអស់គ្នាសុទ្ធតែកើតចេញមកពីបុរីស៊ីយ៉ូននេះ!
ព្រះដ៏ខ្ពង់ខ្ពស់បំផុតធ្វើឱ្យបុរីនេះរឹងមាំ។

ព្រះ‌អម្ចាស់​រាប់​ចំនួន​ប្រជា‌រាស្ដ្រ​នានា​ចុះ​ក្នុង​បញ្ជី ហើយ​សរសេរ​ថា
បុរីស៊ីយ៉ូន​ជា​ស្រុក​កំណើតរបស់​ពួក​គេ​ទាំង​អស់​គ្នា។

ពេល​នោះ ទាំង​ពួក​អ្នក​ច្រៀង ទាំង​ពួក​អ្នក​រាំ នឹង​ពោល​ឡើង​ថា
“បុរីស៊ីយ៉ូន​ជា​ប្រភព​នៃ​ព្រះ‌ពរ​របស់​យើង!”។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ពួកយើងនឹងនាំគ្នារាំ ហើយច្រៀងថា ៖ ឱក្រុងរបស់ព្រះជាម្ចាស់អើយ អ្នកជាប្រភពនៃជីវិត និងជាអំណរសប្បាយរបស់យើង អាលេលូយ៉ា!

បទលើកតម្កើងតាមព្យាការីអេសាយ (អស ៤០,១០-១៧)

គង្វាលដ៏សប្បុរស៖ ព្រះជាម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់ ព្រះអង្គមានបញ្ញាឈ្លាសវៃលើសគេ

ព្រះយេស៊ូមានព្រះបន្ទូលថា៖ “ចូរស្តាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ
ទាំងយករង្វាន់មកចែកឱ្យម្នាក់ៗតាមអំពើដែលខ្លួនបានប្រព្រឹត្ត” (វវ ២២,១២)។

បន្ទរទី២ ៖ ព្រះអង្គ​នឹង​ថែរក្សា​ប្រជារាស្ដ្រ​របស់​ព្រះអង្គ ដូច​គង្វាល​ថែរក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ ព្រះអង្គ​លើក​ព្រះហស្ដ​ឡើង​ប្រមូល​កូន​ចៀមនៅក្នុងដៃរបស់ព្រះអង្គ អាលេលូយ៉ា!

(បទកាកគតិ)

១០- មើលហ្ន! ព្រះជា អម្ចាស់រាល់គ្នា ទ្រង់បានយាងមក
  ដោយព្រះបារមី ខ្លាំងក្រៃលើលោក ព្រះអង្គយាងមក
    ដើម្បីគ្រងរាជ្យ
១១- ព្រះអង្គប្រៀបបាន គង្វាលចំណាន ពេញដោយអំណាច
  នាំអស់ហ្វូងចៀម រាល់ថ្ងៃព្រឹកល្ងាច ទាំងមេកូនតូច
    កំពុងបំបៅ
១២- តើនរណាចេះ អាចមានតំរិះ នឹងវាស់ជម្រៅ
  មហាសមុទ្រ ធំហើយសែនជ្រៅ វាស់រហូតទៅ
    ទាំងផ្ទៃមេឃា
  តើនរណាអាច មានតំរិះប្រាជ្ញ អាចនឹងគណនា
  ធូលីហ្មត់ល្អិត ថ្លឹងទាំងព្រឹក្សា គិរីបុព្វតា
    ដោយខ្លួនឯងបាន
១៣- តើនរណាអាច ស្ទង់នូវញាណប្រាជ្ញ នៃព្រះថ្កើងថ្កាន
  អាចធ្វើជាទី ប្រឹក្សាចំណាន ផ្តល់គំនិតបាន
    ចំពោះព្រះអង្គ
១៤- ទ្រង់ឥតមានសួរ យោបល់គាប់គួរ ឬមួយផ្តោះផ្តង
  តែទ្រង់វិនិច្ឆ័យ ត្រឹមត្រូវកន្លង ប្រាជ្ញាញាណផង
    ទ្រង់ចេះដឹងសព្វ
១៥- ប្រជាទាំងឡាយ ដូចទឹកហូរខ្ចាយ ដែលគេកំពប់
  គេមានតម្លៃ បីដូចជាគ្រាប់ ធូលីគេចាប់
    យកទៅដាក់ថ្លឹង
  ម្យ៉ាងទៀតដូចកោះ ដែលមានទាំងអស់ មិនអាចនៅនឹង
  ដូចជាធូលី ត្រូវខ្យល់បក់វឹង កោះគ្មានលំនឹង
    ខ្យល់កួចទៅបាត់
១៦- ព្រៃឈើក្នុងស្រុក ក៏មិនល្មមទុក ធ្វើជាសម្បត្តិ
  ឬធ្វើជាអុស រួមទាំងសព្វសត្វ ទាំងអស់ត្រូវបាត់
    ធ្វើយញ្ញពុំបាន
១៧- ចំពោះព្រះភក្ត្រ ព្រះរបស់អ្នក ប្រជាប៉ុន្មាន
  គ្មានតម្លៃអ្វី ថោកហួសការស្មាន ប្រើការមិនបាន
    ឥតមានប្រយោជន៍
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ព្រះអង្គ​នឹង​ថែរក្សា​ប្រជារាស្ដ្រ​របស់​ព្រះអង្គ ដូច​គង្វាល​ថែរក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ ព្រះអង្គ​លើក​ព្រះហស្ដ​ឡើង​ប្រមូល​កូន​ចៀមនៅក្នុងដៃរបស់ព្រះអង្គ អាលេលូយ៉ា!

ទំនុកតម្កើងលេខ ៩៩

ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា​ក្សត្រ ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ

ព្រះគ្រីស្តមានឋានៈធំជាងពួកខេរូប៊ីម នៅពេលព្រះអង្គយកភាពទន់ខ្សោយរបស់យើង
ព្រះអង្គបានផ្លាស់ប្តូរអំពើបាបរបស់ពិភពលោក (សន្តអាថាណាស)។

បន្ទរទី៣ ៖ ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម នៅក្រុងស៊ីយ៉ូន ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់លើសប្រជាជាតិទាំងអស់ អាលេលូយ៉ា!

ព្រះអម្ចាស់គ្រងរាជ្យ ប្រជាជនទាំងឡាយត្រូវញ័ររន្ធត់។
ព្រះ‌អង្គ​គង់​នៅ​ពី​លើ​ពួក​ខេរូប៊ីម ហើយ​ផែន‌ដី​កក្រើក​ញាប់‌ញ័រ។

ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម នៅក្រុងស៊ីយ៉ូន
ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់លើសប្រជាជាតិទាំងអស់។

មនុស្សគ្រប់ៗរូបត្រូវតែលើកតម្កើងព្រះនាមដ៏ឧត្តុង្គឧត្តម
គួរជាទីស្ញែងខ្លាចរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះវិសុទ្ធ!។

បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយឫទ្ធានុភាព
ព្រះអង្គជាព្រះមហាក្សត្រដែលស្រឡាញ់យុត្តិធម៌!
ព្រះអង្គបានតែងច្បាប់ ហើយធ្វើឱ្យមានសេចក្តីសុចរិត
និងយុត្តិធម៌ នៅក្នុងស្រុកអ៊ីស្រាអែល!។

ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃយើង
ចូរនាំគ្នាក្រាបទាបព្រះបាទារបស់ព្រះអង្គ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ!

លោកម៉ូសេ និងលោកអរ៉ុន ជាបូជាចារ្យរបស់ព្រះអង្គ
លោកសាមូអែលជាមនុស្សម្នាក់ ក្នុង​ចំណោមអ្នក​ដែល​អង្វរ​រក​ព្រះ‌អង្គ
ពេល​លោក​ទាំង​នោះ​អង្វរ​រក​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ឆ្លើយ​តប​មក​លោក​វិញ។

ព្រះអង្គមានព្រះបន្ទូលពីក្នុងដុំពពកមកអស់លោក
អស់លោក​បាន​កាន់​តាម​ព្រះ‌បញ្ជា
និង​ប្រតិបត្តិតាម​សេចក្ដី​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អង្គ​បង្គាប់​ឲ្យ​ពួក​លោក​ធ្វើ។

ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ពួក​លោក
ទោះ​បី​ព្រះ‌អង្គ​ដាក់​ទោស​លោក​ទាំង​នោះ
ព្រោះ​តែ​កំហុស​ដែល​លោក​បាន​ប្រព្រឹត្ត​ក្តី
ក៏​ព្រះ‌អង្គ​តែង‌តែ​អត់‌ទោស​ឲ្យ​ពួក​លោក​ជា‌និច្ច។

ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃយើង
ចូរនាំគ្នាក្រាបថ្វាយបង្គំ តម្រង់​ទៅ​រក​ភ្នំ​ដ៏‌វិសុទ្ធ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម នៅក្រុងស៊ីយ៉ូន ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់លើសប្រជាជាតិទាំងអស់ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៨,១០-១១)

ប្រសិន​បើ​ព្រះ‌គ្រីស្ដ​គង់​នៅ​ក្នុង​បង‌ប្អូន ទោះ​បី​រូប​កាយ​របស់​បង‌ប្អូន​ស្លាប់ ព្រោះ​តែ​បាប​ក៏​ដោយ ក៏​ព្រះ‌វិញ្ញាណ​នៅ​តែ​ផ្ដល់​ជីវិតឱ្យបង‌ប្អូន​ដែរ មក​ពី​ព្រះ‌ជាម្ចាស់​ប្រោស​បង‌ប្អូន​ឱ្យសុចរិត។ ប្រសិន​បើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌យេស៊ូឱ្យមាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ សណ្ឋិត នៅ​ក្នុង​បង‌ប្អូន​មែន​នោះ ព្រះ‌ជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌គ្រីស្ដឱ្យមាន​ព្រះ‌ជន្មរស់​ឡើង​វិញ ព្រះ‌អង្គ​ក៏​នឹង​ប្រទាន​ឱ្យរូប​កាយ​របស់​បង‌ប្អូន ដែល​តែង‌តែ​ស្លាប់​នេះ មាន​ជីវិត​តាម‌រយៈ​ព្រះ‌វិញ្ញាណ​ដែល​សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន​នោះ​ដែរ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ ខ្ញុំ​សុំ​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ​លើ​ខ្ញុំ អ្នក​នោះ​មាន​ជីវិត​អស់​កល្ប‌ជានិច្ច អាលេលូយ៉ា!

ពាក្យអង្វរសកល

ព្រះគ្រីស្តតើនឡើងពីចំណោមមនុស្សស្លាប់ ហើយព្រះអង្គតែងតែមានវត្តមាននៅក្នុងព្រះសហគមន៍ជានិច្ច។ ចូរយើងលើកតម្កើងព្រះអង្គ ហើយទូលថា ៖

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមស្នាក់នៅជាមួយនឹងយើងខ្ញុំ !

បពិត្រព្រះយេស៊ូជាអម្ចាស់ ! ព្រះអង្គមានជ័យជម្នះលើអំពើបាប និងសេចក្តីស្លាប់ ព្រះអង្គទទួលសិរីរុងរឿង និងជីវិតអមតៈ
—សូមព្រះអង្គគង់នៅក្នុងចំណោមយើងខ្ញុំជានិច្ច។ (បន្ទរ)

សូមយាងមករកយើងខ្ញុំ ដោយឫទ្ធានុភាពនៃជ័យជម្នះរបស់ព្រះអង្គ
—ហើយសូមសម្តែងព្រះហឫទ័យសប្បុរសរបស់ព្រះបិតា មកក្នុងចិត្តយើងខ្ញុំផង។ (បន្ទរ)

សូមព្រះអង្គយាងមកព្យាបាលរបួសពិភពលោក ដែលមកពីការបែកបាក់គ្នា
—មានតែព្រះអង្គទេ ដែលអាចផ្លាស់ប្តូរចិត្តគំនិតយើងខ្ញុំ ឱ្យទៅជាធ្លុងតែមួយ។ (បន្ទរ)

សូមពង្រឹងជំនឿយើងខ្ញុំក្នុងជ័យជម្នះចុងក្រោយ
—ហើយសូមព្រះអង្គបន្តផ្តល់សេចក្តីសង្ឃឹមឱ្យយើងខ្ញុំ ក្នុងពេលដែលព្រះអង្គយាងមកជាលើកទីពីរ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! ព្រះអង្គប្រោសមនុស្សគ្រប់ជាតិសាសន៍ឱ្យស្គាល់ព្រះអង្គ ដោយមិនរើសមុខនរណាឡើយ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំ ឱ្យយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។