០៩ មេសា ២០២៦

Written on 20/01/2026
Mary Siya Khim

ថ្ងៃព្រហស្បតិ៍ សប្តាហ៍បុណ្យចម្លង

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៦៣,២-៩

ព្រលឹងខ្ញុំស្រេកឃ្លានព្រះជាម្ចាស់

អ្នកណាដែលបានលះបង់ភាពងងឹតនៃអំពើបាប អ្នកនោះស្រេកឃ្លានព្រះជាម្ចាស់។

បន្ទរទី១៖ សិរីរុងរឿងរបស់ព្រះគ្រីស្តបានរស់ឡើងវិញ ចេញពីចំណោមមនុស្សស្លាប់ ហើយបានបំភ្លឺប្រជាជនដែលព្រះអង្គបានលោះ ដោយព្រះលោហិតរបស់ព្រះអង្គ អាលេលូយ៉ា!

ឱព្រះជាម្ចាស់អើយ! ព្រះអង្គពិតជាព្រះនៃទូលបង្គំមែន
ទូលបង្គំស្វែងរកព្រះអង្គ ទូលបង្គំចង់នៅក្បែរព្រះអង្គណាស់
ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក។

ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីសក្ការៈ
ទូលបង្គំបានឃើញឫទ្ធានុភាព និងសិរីរុងរឿងរបស់ព្រះអង្គ

ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀត
ទូលបង្គំនឹងពោលពាក្យសរសើរតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។

ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់មួយជីវិតទូលបង្គំ
ហើយទូលបង្គំនឹងលើកដៃឡើងថ្វាយបង្គំព្រះនាមព្រះអង្គ។

ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនា
ហើយទូលបង្គំនឹងបន្លឺសំឡេងឡើង ច្រៀងសរសើរតម្កើងព្រះអង្គ។

ពេលទូលបង្គំចូលដំណេក ទូលបង្គំនឹកដល់ព្រះអង្គ
ហើយពេញមួយយប់ ទូលបង្គំនឹកគិតដល់ព្រះអង្គ

ដ្បិតព្រះអង្គជួយទូលបង្គំ ទូលបង្គំច្រៀងយ៉ាងសប្បាយក្រោមម្លប់បារមីព្រះអង្គ។

ចិត្តគំនិតទូលបង្គំនៅជាប់ជំពាក់ចិត្តគំនិតនឹងព្រះអង្គជានិច្ច
ព្រះអង្គគាំទ្រទូលបង្គំ ដោយព្រះចេស្តារបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ សិរីរុងរឿងរបស់ព្រះគ្រីស្តបានរស់ឡើងវិញ ចេញពីចំណោមមនុស្សស្លាប់ ហើយបានបំភ្លឺប្រជាជនដែលព្រះអង្គបានលោះ ដោយព្រះលោហិតរបស់ព្រះអង្គ អាលេលូយ៉ា!

បទលើកតម្កើងតាមព្យាការីដានីអែល (ដន ៣,៥៧-៨៨)

ចូរគ្រប់ស្នាព្រះហស្ថទាំងអស់ សរសើរតម្កើងព្រះអម្ចាស់!

អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ ចូរ​សរសើរតម្កើងព្រះអង្គ (វវ ១៩,៥)។

បន្ទរទី២៖ ព្រះសង្រ្គោះនៃយើងបានក្រោកឡើងចេញពីផ្នូរ ចូរយើងច្រៀងបទសរសើរតម្កើងថ្វាយព្រះជាអម្ចាស់នៃយើង អាលេលូយ៉ា !

៥៧- គ្រប់ស្នាព្រះហស្ត ព្រះម្ចាស់ទាំងអស់ នៅមិនរបូត
  ជារៀងដរាប សូមនាំគ្នាស្មូត តម្កើងរហូត
    អស់កល្បអន្លាយ
៥៨- ឱផ្ទៃមេឃអើយ កុំនៅកន្តើយ ហាក់ដូចជិនណាយ
  ស្មូតបទតម្កើង ដោយចិត្តសប្បាយ អស់កល្បអន្លាយ
    តទៅកុំឈប់
៥៩- សូមឱ្យទេវទូត តម្កើងរហូត ទាំងថ្ងៃទាំងយប់
  ព្រះម្ចាស់ថ្កុំថ្កើង អស់កល្បអស់កប្ប តម្កើងកុំឈប់
    តទៅរាល់ថ្ងៃ
៦០- ចូរទឹកទាំងឡាយ អបអរសប្បាយ លើនភាល័យ
  នាំគ្នាសរសើរ តម្កើងម្ចាស់ថ្លៃ កុំបង្អង់អី
    អស់កល្បអង្វែង
៦១- ហ្វូងតារារះ នៃព្រះអម្ចាស់ នាំគ្នាសម្ដែង
  តម្កើងព្រះអង្គ សរសើរស្ញប់ស្ញែង គ្រប់ទីកន្លែង
    តទៅឥតដាច់
៦២- សូមព្រះអាទិត្យ ព្រះចន្ទមានឫទ្ធិ ពន្លឺចិញ្ចាច
  តម្កើងព្រះអង្គ ដោយចិត្តអង់អាច កុំភ័យកុំខ្លាច
    តទៅកុំប្រែ
៦៣- សូមអស់ទាំងផ្កាយ ដែលនៅរាត់រាយ លើមេឃផងដែរ
  សរសើរតម្កើង កុំបីប្រួលប្រែ កុំក្រឡះកែ
    រាល់ថ្ងៃខែឆ្នាំ
៦៤- សូមឱ្យសន្សើម ទឹកភ្លៀងដ៏ឆ្នើម ធ្លាក់ជាប្រចាំ
  ចូរលើកតម្កើង ទាំងថ្វាយបង្គំ ព្រះម្ចាស់ឧត្តម
    ជានិច្ចកុំរា
៦៥- ចូរអស់ទាំងខ្យល់ ធ្លាប់បក់វិលវល់ រាល់ប្រាំងវស្សា
  គ្រប់ទីកន្លែង តម្កើងព្រះជា ម្ចាស់អ្នករាល់គ្នា
    កុំបីឆ្មៃឆ្មើង
៦៦- ចូរឱ្យកម្ដៅ ទាំងក្នុងទាំងក្រៅ ឱ្យមានទាំងភ្លើង
  នាំគ្នាជួយលើក សរសើរតម្កើង ព្រះអង្គខ្ពស់ឡើង
    តទៅឥតអាក់
៦៧- ចូរឱ្យខ្យល់ក្តៅ ពេលនេះតទៅ និងខ្យល់ត្រជាក់
  សរសើរតម្កើង ព្រះជាម្ចាស់អ្នក កុំបីអន់អាក់
    ជានិច្ចតទៅ
៦៨- សន្សើមនិងព្រឹល សូមអ្នកកុំខ្ជិល កុំបង្អង់នៅ
  ស្មូតបទតម្កើង ព្រះម្ចាស់ជាផ្លូវ អង្វែងតទៅ
    អស់កល្បជានិច្ច
៦៩- ចូរថ្ងៃនិងយប់ កោតកុំឈរឈប់ សរសើរកុំភ្លេច
  ស្មូតបទតម្កើង ព្រះម្ចាស់ជានិច្ច កុំបីកែគេច
    អស់កល្បស្ថេរស្ថិត
៧០- ចូរឱ្យពន្លឺ រន្ទាលរន្ទឺ និងភាពងងឹត
  សរសើរតម្កើង អម្ចាស់មានឫទ្ធិ រាល់ថ្ងៃកុំគិត
    ខ្វល់ខ្វាយឡើយណា
៧១- អាកាសត្រជាក់ ខ្យល់រងាធ្លាក់ មកជាធម្មតា
  ចូរលើកតម្កើង ព្រះអម្ចាស់ជា ព្រះអ្នករាល់គ្នា
    កុំបីឃ្លាងឃ្លាត
៧២- សូមឱ្យទឹកកក កុំបីខានខក ទាំងសន្សើមទៀត
  ចូរលើកតម្កើង កុំបីរវាត កុំឱ្យឃ្លាងឃ្លាត
    រហូតតទៅ
៧៣- សូមដុំពពក ផ្លេកបន្ទោរមក កុំបង្អង់នៅ
  តម្កើងព្រះអង្គ កុំបីហ្មងសៅ ស្មូតរហូតទៅ
    អស់កល្បយូរលង់
៧៤- សូមឱ្យផែនដី ទាំងមូលលកលៃ តម្កើងព្រះអង្គ
  សរសើរកុំឈប់ កុំនៅរេរង់ កោតសរសើរទ្រង់
    កុំប្រែសាវា
៧៥- សូមឱ្យភ្នំធំ កុំនៅសំងំ ភ្នំតូចផងណា
  ស្មូតបទតម្កើង ព្រះម្ចាស់រាល់គ្នា ថ្កើងព្រះនាមា
    អស់កល្បជានិច្ច
៧៦- សព្វអស់អ្វីៗ ដែលដុះលើដី កុំបីមានភ្លេច
  ចូរលើកតម្កើង ព្រះម្ចាស់ជានិច្ច កុំបីកែគេច
    អស់កល្បអន្លាយ
៧៧- ចូរសមុទ្រស្ទឹង ទន្លេល្វើយល្វឹង តូចធំទាំងឡាយ
  នាំគ្នាតម្កើង ដោយក្តីរីករាយ សរសើរម្ចាស់ថ្លៃ
    ឱ្យលាន់រងំ
៧៨- ចូរប្រភពទឹក មានច្រើនសន្ធឹក ព្រែកទាំងតូចធំ
  ទឹកហូរពីជ្រោះ ទឹកធ្លាក់ពីភ្នំ កុំនៅសំងំ
    តម្កើងព្រះអង្គ
៧៩- ចូរអស់ទាំងត្រី តូចធំម្តេចក្តី និងសត្វរស់ក្នុង
  ទន្លេសមុទ្រ តាមព្រែកបួរបឹង កុំសំងំឈឹង
    តម្កើងព្រះម្ចាស់
៨០- សូមបក្សីសត្វ ដែលរស់ខ្វែងខ្វាត់ ច្រើនមីរដេរដាស
  ស្មូតបទតម្កើង ព្រះជាអម្ចាស់ កុំបីចន្លោះ
    អស់កល្បយូរលង់
៨១- សូមឱ្យសត្វស្រុក រស់នៅអែអុក ទាំងសត្វព្រៃផង
  នាំគ្នាសរសើរ តម្កើងព្រះអង្គ អស់កល្បយូរលង់
    តទៅអន្លាយ
៨២- ចូរឱ្យមនុស្ស ទាំងស្រីទាំងប្រុស កុំបីឃ្លាតឆ្ងាយ
  សរសើរព្រះអង្គ ជាព្រះម្ចាស់ថ្លៃ រៀងរាល់យប់ថ្ងៃ
    កុំបីអល់អែក
៨៣- ឱអ៊ីស្រាអែល អ្នកជាជាតិដែល វិសុទ្ធពន់ពេក
  ចូរលើកតម្កើង ព្រះខ្ពស់អនេក ហួសទាំងផ្ទៃមេឃ
    កុំសំងំនៅ
៨៤- អស់បូជាចារ្យ ទាំងឡាយនាំគ្នា ឆ្ពោះតម្រង់ទៅ
  តម្កើងព្រះអង្គ ទាំងថ្ងៃយប់ជ្រៅ កុំសំងំនៅ
    សរសើរកុំឈប់
៨៥- ចូរអ្នកទាំងឡាយ ដែលតែងខ្វល់ខ្វាយ បម្រើគោរព
  ស្មូតតម្កើងព្រះ ទាំងថ្ងៃទាំងយប់ កុំឈរកុំឈប់
    នៅស្ងៀមឱ្យសោះ
៨៦- ចូរវិញ្ញាណក្ខ័ន្ធ អ្នកស្លាប់ប៉ុន្មាន កុំបីចន្លោះ
  ព្រលឹងនៃអ្នក សុចរិតទាំងអស់ តម្កើងដោយស្មោះ
    កុំនៅកន្តើយ
៨៧- អស់អ្នកគោរព ប្រណិប័តន៍គ្រប់ ព្រះអម្ចាស់អើយ
  និងអ្នកដាក់ចិត្ត ជាអ្នកខ្សត់ហើយ កុំបង្អង់ឡើយ
    តម្កើងព្រះអង្គ
៨៨- លោកអណានីយ៉ា រួមជាមួយគ្នា អសារីយ៉ាផង
  និងមីកាអែល តម្កើងព្រះអង្គ ស្មូតតម្កើងផង
    តទៅដរាប
  ព្រះអង្គរំដោះ យើងខ្ញុំឱ្យរស់ ផុតពីក្តីស្លាប់
  ហើយទ្រង់សង្គ្រោះ ខ្ញុំជាប្រញាប់ រួចផុតទុក្ខសព្វ
    ទាំងភ្លើងសន្ធៅ

បន្ទរ៖ ព្រះសង្រ្គោះនៃយើងបានក្រោកឡើងចេញពីផ្នូរ ចូរយើងច្រៀងបទសរសើរតម្កើងថ្វាយព្រះជាអម្ចាស់នៃយើង អាលេលូយ៉ា !

ទំនុកតម្កើងលេខ ១៤៩

ចម្រៀងនៃអំណរសប្បាយរបស់សន្តបុគ្គល

ចូរបុត្រធីតាទាំងឡាយនៃព្រះសហគមន៍ ដែលជាប្រជាជនថ្មីរបស់ព្រះជាម្ចាស់ ត្រេកអរសប្បាយចំពោះ​ព្រះគ្រីស្ត ដែលជាស្តេចរបស់ពួកគេ (Hesychius)។

បន្ទរទី៣៖ អាលេលូយ៉ា ! ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ដូចព្រះអង្គមានព្រះបន្ទូលមែន អាលេលូយ៉ា !

ចូរ​ច្រៀង​បទ​ថ្មីថ្វាយ​ព្រះ‌អម្ចាស់!
ចូរ​ច្រៀង​សរសើរ​ព្រះ‌អង្គនៅ​ក្នុង​អង្គ​ប្រជុំ​របស់​អ្នក​ជឿ​ព្រះ‌អង្គ!

ចូរ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែលរីក‌រាយ​នឹង​ព្រះ‌អង្គ​ ដែល​បាន​បង្កើត​គេ​មក
សូម​ឲ្យ​ប្រជាជន​ក្រុង​ស៊ីយ៉ូនមាន​អំណរ​សប្បាយ នឹង​ព្រះ‌មហា​ក្សត្រ​របស់​ខ្លួន!

ចូរ​នាំ​គ្នា​រាំ​សរសើរ​តម្កើង​ព្រះ‌អង្គ ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដោយ​វាយ​ក្រាប់ និង​ដេញ​ពិណ!

ដ្បិត​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យនឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​លើក​កិត្តិយស​មនុស្ស​ទន់‌ទាបដោយ​សង្គ្រោះ​ពួក​គេ

ចូរ​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គនាំ​គ្នា​អរ​សប្បាយ​ដ៏​លើស‌លប់
ដោយ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់
សូម្បី​តែ​នៅ​ពេល​យប់ ក៏​គេ​ស្រែក​តម្កើង​ព្រះ‌អង្គ​ដោយ​អំណរ​ដែរ!

សូម​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះ‌អង្គ​មិន​ដាច់​ពី​មាត់
ហើយ​ឲ្យ​គេ​កាន់​ដាវ​មុខ​ពីរ​នៅ​ជាប់​នឹង​ដៃ​ជា‌និច្ច

ដើម្បី​សង‌សឹក​ប្រជា‌ជាតិ​នានា និង​ដាក់​ទោស​ជាតិ​សាសន៍​ទាំង‌ឡាយ

ហើយ​យក​ច្រវាក់​ចង​ស្តេច និង​ដាក់​ខ្នោះ​មេ​ដឹក​នាំ​របស់​ពួក​គេ។

ការ​ដាក់​ទោស​សាសន៍​ទាំង​នោះ
ស្រប​តាម​ការ​សម្រេច​របស់​ព្រះ‌ជាម្ចាស់​នេះ​ហើយ
ដែល​ជា​កិត្តិយស​ដ៏​រុង‌រឿង​របស់​អស់​អ្នកស្មោះ‌ត្រង់​នឹង​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ អាលេលូយ៉ា ! ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ដូចព្រះអង្គមានព្រះបន្ទូលមែន អាលេលូយ៉ា !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៨,១០-១១)

ប្រសិន​បើ​ព្រះ‌គ្រីស្ដ​គង់​នៅ​ក្នុង​បង‌ប្អូន ទោះ​បី​រូប​កាយ​របស់​បង‌ប្អូន​ស្លាប់ ព្រោះ​តែ​បាប​ក៏​ដោយ ក៏​ព្រះ‌វិញ្ញាណ​នៅ​តែ​ផ្ដល់​ជីវិត​ឲ្យ​បង‌ប្អូន​ដែរ មក​ពី​ព្រះ‌ជាម្ចាស់​ប្រោស​បង‌ប្អូន​ឲ្យ​សុចរិត។ ប្រសិន​បើ​ព្រះ‌វិញ្ញាណ​របស់ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌យេស៊ូឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ សណ្ឋិតនៅ​ក្នុង​បង‌ប្អូន​មែន​នោះ ព្រះ‌ជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌គ្រីស្ដ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​ក៏​នឹង​ប្រទាន​ឲ្យ​រូប​កាយ​របស់​បង‌ប្អូន ដែល​តែង‌តែ​ស្លាប់​នេះ មាន​ជីវិត​តាម‌រយៈ​ព្រះ‌វិញ្ញាណ​ ដែល​សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន​នោះ​ដែរ។

បន្ទរ៖ នេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា!។

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ ព្រះ‌អម្ចាស់​យាង​មក​គង់​នៅ​កណ្ដាល​ចំណោម​សាវ័ក​ទាំង​អស់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដីសុខ‌សាន្ត» ។ អាលេលូយ៉ា !

ពាក្យអង្វរសកល

ព្រះគ្រីស្តតើនឡើងពីចំណោមមនុស្សស្លាប់ ហើយព្រះអង្គតែងតែមានវត្តមាននៅក្នុងព្រះសហគមន៍ជានិច្ច។ ចូរយើងលើកតម្កើងព្រះអង្គ ហើយទូលថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមស្នាក់នៅជាមួយនឹងយើងខ្ញុំ !

បពិត្រព្រះយេស៊ូជាអម្ចាស់ ! ព្រះអង្គមានជ័យជម្នះលើអំពើបាប និងសេចក្តីស្លាប់ ព្រះអង្គទទួលសិរីរុងរឿង និងជីវិតអមតៈ
—សូមព្រះអង្គគង់នៅក្នុងចំណោមយើងខ្ញុំជានិច្ច។ (បន្ទរ)

សូមយាងមករកយើងខ្ញុំ ដោយឫទ្ធានុភាពនៃជ័យជម្នះរបស់ព្រះអង្គ
—ហើយសូមសម្តែងព្រះហឫទ័យសប្បុរសរបស់ព្រះបិតា មកក្នុងដួងចិត្តយើងខ្ញុំផង។ (បន្ទរ)

សូមព្រះអង្គយាងមកព្យាបាលរបួសពិភពលោក ដែលមកពីការបែកបាក់គ្នា
—មានតែព្រះអង្គទេ ដែលអាចផ្លាស់ប្តូរចិត្តគំនិតយើងខ្ញុំ ឱ្យទៅជាធ្លុងតែមួយ។ (បន្ទរ)

សូមពង្រឹងជំនឿយើងខ្ញុំក្នុងជ័យជម្នះចុងក្រោយ
—ហើយសូមព្រះអង្គបន្តផ្តល់សេចក្តីសង្ឃឹមឱ្យយើងខ្ញុំ ក្នុងពេលដែលព្រះអង្គយាងមកជាលើកទីពីរ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យប្រមែប្រមូលមនុស្សគ្រប់ជាតិសាសន៍ ឲ្យរួបរួមគ្នាក្នុងមហាគ្រួសារតែមួយ។ សូមព្រះអង្គមេត្តាប្រោសឲ្យអស់អ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹក មានចិត្តថ្លើមតែមួយ មានជំនឿតែមួយ និងសេចក្តីស្រឡាញ់តែមួយ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។