០៤ មេសា ២០២៦

Written on 19/01/2026
Mary Siya Khim

ថ្ងៃសៅរ៍ពិសិដ្ឋ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ចូរនាំគ្នាមក យើងឱនកាយក្រាបថ្វាយបង្គំព្រះគ្រីស្តដែលបានរងទុក្ខ សោយទិវង្គត និងត្រូវគេបញ្ចុះក្នុងរូងថ្មមួយ។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៦៤

បន្ទរទី១៖ ទោះបីព្រះអម្ចាស់គ្មានបាបក៏ដោយ ក៏ព្រះអង្គត្រូវគេកាត់ទោសប្រហារជីវិត។ ពិភពលោកនឹង​កាន់​ទុក្ខ ដូច​គេ​កាន់​ទុក្ខ ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ជីវិត។

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ទំនួញរបស់​ទូល‌បង្គំ!
ទូល‌បង្គំភ័យ​ខ្លាច​ខ្មាំង​សត្រូវ​ណាស់ សូម​ការ‌ពារ​ជីវិត​ទូល‌បង្គំផង!។

សូម​ការ‌ពារ​ទូល‌បង្គំ​ឲ្យ​រួច​ផុតពី​ការ​ឃុប‌ឃិត​របស់​មនុស្ស​អាក្រក់
និង​ឲ្យ​ទូល‌បង្គំ​បាន​រួច​ផុតពី​កណ្ដាប់​ដៃ​របស់​ពួក​មនុស្ស​ពាល។

គេ​ប្រើ​ពាក្យ​សម្ដី ដូច​ដាវ​ដ៏​មុត ពួក​គេ​ចោល​ពាក្យ​សម្ដី ដូច​គេ​ចោល​លំពែង។

ពួក​គេ​លួច​ប្រហារ​មនុស្ស​ទៀង​ត្រង់ គឺ​គេ​ប្រហារ​មិន​ឲ្យ​ដឹង​ខ្លួន
ហើយ​ពួក​គេ​មិន​ខ្លាច​ក្រែង​អ្វី​ឡើយ។

ពួក​គេ​និយាយ​លើក​ទឹក​ចិត្ត​គ្នាឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់
ពួក​គេ​គិត​គ្នា​ពី​ការ​លប​ដាក់​អន្ទាក់ចាំ​ចាប់​អ្នក​ដទៃ
ទាំង​ពោល​ថា «គ្មាន​នរណា​ឃើញ​ទេ!» ។

គេ​នាំ​គ្នា​បង្ក​អំពើ​ទុច្ចរិត ទាំង​ពោល​ថា៖
«ឥឡូវ​នេះ យើង​រៀប‌ចំ​ផែន‌ការរបស់​យើង​យ៉ាង​ល្អ​រួច​រាល់​ហើយ!» ។
គ្មាន​នរណា​អាច​យល់​គំនិត​អប្រិយនៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​មនុស្ស​បាន​ទេ!

ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​ប្រហារ​ពួក​គេ ដោយ​មិន​ឲ្យ​ដឹង​ខ្លួន​ជា​មុន
ពួក​គេ​ក៏​របួស​ដួល។

ពាក្យ​សម្ដី​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​វិនាស
អស់​អ្នក​ដែល​ឃើញ​ពួក​គេ នឹង​នាំ​គ្នា​គ្រវី​ក្បាល។
១០
មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង
គេ​ប្រកាស​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
គេ​យល់​អំពី​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។
១១
សូម​ឲ្យ​មនុស្ស​សុចរិត​មាន​អំណរ​សប្បាយ ដោយ‌សារ​ព្រះ‌អម្ចាស់
ហើយ​នាំ​គ្នា​មក​ជ្រក​កោន​ជា​មួយ​ព្រះ‌អង្គ
សូម​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់លើក​តម្កើង​ព្រះ‌អង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ទោះបីព្រះអម្ចាស់គ្មានបាបក៏ដោយ ក៏ព្រះអង្គត្រូវគេកាត់ទោសប្រហារជីវិត។ ពិភពលោកនឹង​កាន់​ទុក្ខ ដូច​គេ​កាន់​ទុក្ខ ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ជីវិត។

បទលើកតម្កើងតាមព្យាការីអេសាយ (៣៨,១០-១៤.១៧-២០)

បន្ទរទី២៖ ឱ​ព្រះ‌អម្ចាស់​អើយ ! សូមស្រង់​ព្រលឹង​ទូល‌បង្គំចេញ​ពី​ក្នុង​រណ្ដៅ​មច្ចុរាជផង។

(បទកាកគតិ)

១០- ខ្ញុំនឹកគិតថា នឹងមានវាសនា រស់ពាក់កណ្តាល
  អាយុនៃមនុស្ស មិនត្រេកត្រអាល នៅស្ថានកណ្តាល
    ទៅទៀតបានឡើយ
១១- ខ្ញុំនឹកគិតថា លែងឃើញភក្ត្រា អម្ចាស់ទៀតហើយ
  លែងឃើញទាំងមុខ លែងទាំងឆ្លងឆ្លើយ ឱមនុស្សម្នាអើយ
    ខ្ញុំលាក្សិណក្ស័យ
១២- ជីវិតខ្ញុំត្រូវ ឃ្លាតចាកឆ្ងាយទៅ ផុតអាយុខៃ
  ដូចជាគង្វាល រើគ្មានសំចៃ ជំរំអាស្រ័យ
    ស្នាក់នៅពេលមុន
  ព្រះម្ចាស់ធ្វើឲ្យ ជីវិតខ្ញុំផុយ នាពេលសាយ័ណ្ហ
  ដូចជាងតម្បាញ ត្បាញចប់គ្រប់គ្រាន់ រូតរះបន្ទាន់
    មូរក្រណាត់ទុក
១៣- ខ្ញុំត្រូវវិនាស មុនពេលថ្ងៃរះ នៅមិនស្រណុក
  ឈឺពេញទាំងកាយ រស់ដូចទូលទុក្ខ ដូចសិង្ហសម្រុក
    ចាប់ជាចំណី
  ឱព្រះម្ចាស់អើយ ចាប់ពីថ្ងៃហើយ លុះដល់រាត្រី
  ព្រះអង្គធ្វើឲ្យ ជីវិតខ្ញុំក្ស័យ ដេកនៅក្នុងដី
    ជារៀងដរាប
១៤- ខ្ញុំស្រែកខ្ញុំយំ ដូចត្រចៀកកាំ ខ្ញុំថ្ងូរដូចព្រាប
  ភ្នែកខ្ញុំស្រវាំង មើលមិនឃើញទៀត សូមព្រះម្ចាស់ឆ្លៀត
    ជួយផងព្រះអើយ
១៧- ឥឡូវទ្រង់ប្រោស ឲ្យខ្ញុំជាសះ ព្រោះទ្រង់អាណិត
  ប្រទានឲ្យខ្ញុំ រស់មានជីវិត ទុក្ខព្រួយខ្ញុំបាត់
    សែនអរព្រឺព្រួច
  ទ្រង់សព្វព្រះទ័យ ករុណាប្រណី រំដោះខ្ញុំរួច
  ពីដៃមច្ចុរាជ អំពើបាបខូច ខ្ញុំសែនអរព្រួច
    រួចផុតល្ហែល្ហើយ
១៨- អ្នកស្លាប់អស់ជន្ម មិនអាចអរគុណ ព្រះអង្គបានឡើយ
  រួមទាំងមច្ចុរាជ ទៀតផងក៏ដោយ គ្មានសង្ឃឹមឡើយ
    ពឹងលើព្រះអង្គ
១៩- មានតែមនុស្ស មានជីវិតរស់ ស្ថិតស្ថេរគង់វង្ស
  ទើបគេអាចលើក តម្កើងព្រះអង្គ ប្រាប់តកូនផង
    ពីព្រះទ័យស្មោះ
២០- ឱព្រះម្ចាស់អើយ សូមកុំកន្តើយ មេត្តាសង្គ្រោះ
  យើងខ្ញុំមិនភ្លេច ដំណាក់របស់ ព្រះជាអម្ចាស់
    លេងភ្លេងរាំថ្វាយ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ ! សូមស្រង់​ព្រលឹង​ទូល‌បង្គំចេញ​ពី​ក្នុង​រណ្ដៅ​មច្ចុរាជផង។

ទំនុកតម្កើងលេខ ១៥០

បន្ទរទី៣៖ យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​លើ​ស្ថាន​មច្ចុរាជ។

អាលេលូយ៉ា ! ចូរ​សរសើរ​តម្កើងព្រះ‌ជាម្ចាស់​នៅ​ក្នុង​កន្លែង​ដ៏‌វិសុទ្ធ !
ចូរ​សរសើរ​តម្កើង​ព្រះអង្គ​នៅ​ក្នុង​លំហ​អាកាស ដែល​ជា​ព្រះ‌ដំណាក់​ដ៏​រឹង‌មាំ​របស់​ព្រះ‌អង្គ !

ចូរ​សរសើរ​តម្កើង​ព្រះអង្គចំពោះ​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ !
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ប្រសើរ​ឧត្តុង្គ‌ឧត្ដម​បំផុត !

ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​សំឡេង​ត្រែ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​ដេញ​ចាប៉ី និង​ដេញ​ពិណ !

ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​វាយ​ក្រាប់ និង​រាំ​របាំ !
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​វាយ​ឃឹម និង​ផ្លុំ​ខ្លុយ !

ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​វាយ​ស្គរ​យ៉ាង​ពីរោះ !
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​វាយ​ស្គរ​ឲ្យ​លាន់​ឮ​រំពង !

ចូរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ចេញ​ចូល
សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ! អាលេ‌លូយ៉ា !

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​លើ​ស្ថាន​មច្ចុរាជ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហស ៦,១-២)

អ្នក​រាល់​គ្នា​ពោល​ថា “ចូរ​នាំ​គ្នា​មក! ពួក​យើង​វិល​ទៅ​រក​ព្រះ‌អម្ចាស់​វិញ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​យើង​របួស ព្រះ‌អង្គ​ក៏​នឹង​ប្រោស​ពួក​យើង​ឲ្យ​ជា​វិញ ព្រះ‌អង្គ​បាន​ប្រហារ​ពួក​យើង ព្រះ‌អង្គ​ក៏​នឹង​រុំ​របួស​ឲ្យ​ពួក​យើង​ដែរ។ ពីរ​ថ្ងៃ​ទៀត ព្រះ‌អង្គ​នឹង​ប្រទាន​ជីវិតមក​ពួក​យើង​វិញ។ នៅ​ថ្ងៃ​ទី​បី ព្រះ‌អង្គ​នឹង​លើក​ពួក​យើង​ឡើង​វិញ ហើយ​ពួក​យើង​នឹង​រស់​នៅ​ជា​មួយ​ព្រះ‌អង្គ។

បន្ទរ៖ ព្រះ‌អង្គ​បាន​ដាក់​ខ្លួន ធ្វើតាម​ព្រះ‌បញ្ជារហូត​ដល់​សោយ​ទិវង្គត គឺរហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាងថែម​ទៀត​ផង ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់លើក​តម្កើង​ព្រះ‌អង្គ​ឡើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌អង្គមាន​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់។

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ ឱព្រះសង្រ្គោះនៃពិភពលោក សូមសង្រ្គោះយើងខ្ញុំ ! នៅលើឈើឆ្កាង ព្រះអង្គបានបង្ហូរព្រះលោហិត ដើម្បីលោះយើងខ្ញុំ។ យើងខ្ញុំស្រែកអង្វររកព្រះអង្គ សូមសង្រ្គោះយើងខ្ញុំផង។

ពាក្យអង្វរសកល

ព្រះសង្រ្គោះនៃយើងបានរងទុក្ខលំបាក សោយទិវង្គត ហើយព្រះសពព្រះអង្គត្រូវគេបញ្ចុះក្នុងរូងថ្មមួយ ដើម្បីឱ្យយើងខ្ញុំមានជីវិតរស់ឡើងវិញ។ ដោយសេចក្តីស្រឡាញ់ដ៏ស្មោះ ចូរយើងលើកតម្កើងព្រះអង្គ ដែលជ្រាបពីតម្រូវការរបស់យើងថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតអាសូរយើងខ្ញុំ !

ឱព្រះគ្រីស្តជាព្រះសង្រ្គោះនៃយើងខ្ញុំអើយ! ព្រះមាតារងទុក្ខលំបាក ដោយឈរមើលព្រះអង្គសោយទិវង្គត និងបញ្ចុះសពព្រះអង្គ
—សូមឱ្យយើងខ្ញុំបានចែករំលែកការឈឺចាប់របស់ព្រះអង្គ នៅក្នុងទុក្ខលំបាករបស់យើងខ្ញុំផង។ (បន្ទរ)

ព្រះគ្រីស្តជាព្រះអម្ចាស់នៃយើង! ប្រៀបដូចជាគ្រាប់ពូជដែលងាប់នៅក្នុងដី។ ព្រះអង្គបាននាំផលផ្លែនៃព្រះអំណោយទានមកឱ្យយើងខ្ញុំ
—សូមឱ្យយើងខ្ញុំស្លាប់ព្រោះអំពើបាប ហើយរស់នៅសម្រាប់ព្រះជាម្ចាស់។ (បន្ទរ)

ព្រះគ្រីស្តជាគង្វាលដ៏សប្បុរស! ព្រះអង្គបានលាក់ខ្លួនពីពិភពលោកក្នុងសេចក្តីស្លាប់
—សូមបង្រៀនយើងខ្ញុំឱ្យចេះស្រឡាញ់ជីវិត ដែលលាក់ខ្លួនជាមួយព្រះអង្គក្នុងព្រះបិតាផង។ (បន្ទរ)

ព្រះគ្រីស្តជាលោកអដាំថ្មី ! ព្រះអង្គបានយាងចូលក្នុងអាណាចក្រនៃសេចក្តីស្លាប់ ដើម្បីដោះលែងមនុស្សសុចរិតទាំងអស់ តាំងពីកំណើតពិភពលោកមក
—សូមឱ្យអស់អ្នកដែលបានស្លាប់ក្នុងអំពើបាប ស្តាប់ឮព្រះសូរសៀងរបស់ព្រះអង្គ និងមានជីវិតរស់ឡើងវិញ។ (បន្ទរ)

ព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ តាមរយៈអគ្គសញ្ញាជ្រមុជទឹក យើងខ្ញុំបានរួមស្លាប់ជាមួយព្រះអង្គ
—ដោយអគ្គសញ្ញាជ្រមុជទឹក សូមឱ្យយើងខ្ញុំរស់ឡើងវិញរួមជាមួយព្រះអង្គ និងមានជីវិតថ្មីផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងដែលមានព្រះជន្ម គង់នៅអស់កល្បជានិច្ច ! ព្រះបុត្រាតែមួយរបស់ព្រះអង្គបានយាងចុះមក ក្នុងចំណោមមនុស្សស្លាប់ និងបានរស់ឡើងវិញ ពោរពេញដោយសិរីរុងរឿង។ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសប្រជារាស្រ្តដ៏ស្មោះត្រង់របស់ព្រះអង្គ ដែលបានរួមស្លាប់ជាមួយព្រះបុត្រា ក្នុងអគ្គសញ្ញាជ្រមុជទឹក ឲ្យរស់ឡើងវិញ ទៅជាអង្គតែមួយនឹងព្រះអង្គនៅស្ថានបរមសុខ ដែលទ្រង់គង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។