២២ មីនា ២០២៧

Written on 15/01/2026
Mary Siya Khim

ថ្ងៃចន្ទពិសិដ្ឋ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៤២

ទូល‌បង្គំស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ណាស់!

អ្នកណាស្រេក សុំអញ្ជើញមក! អ្នកណាចង់បាន សូមអញ្ជើញមកទទួលទឹកដែលផ្តល់ជីវិត ដោយមិនបាច់បង់ថ្លៃ ! (វវ ២២,១៧)។

បន្ទរទី១ ៖ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតីជា​មួយ​ខ្ញុំ»។

២ បពិត្រព្រះជាម្ចាស់ ! ទូលបង្គំប្រាថ្នាចង់នៅជាមួយព្រះអង្គខ្លាំងណាស់។
ដូចក្តាន់ប្រាថ្នារកទឹកហូរដែរ។
៣
ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់ គឺព្រះដ៏មានព្រះជន្មគង់នៅ
តើដល់ពេលណាទើបខ្ញុំអាចទៅនៅចំពោះព្រះភក្ត្រព្រះអង្គបាន?
៤
ខ្ញុំសម្រក់ទឹកភ្នែកទាំងយប់ទាំងថ្ងៃ ឥតមានល្ហែ។
គេចេះតែពោលមកខ្ញុំថា “តើព្រះរបស់អ្នកនៅឯណា?” ។
៥
ខ្ញុំស្រណោះស្រណោកយ៉ាងក្រៃលែង
នឹកឃើញពីគ្រាដែលខ្ញុំនាំមុខប្រជាជនមួយចំនួនធំ
ឆ្ពោះទៅកាន់ព្រះដំណាក់របស់ព្រះអង្គ
ពួកគេមានអំណរសប្បាយ ស្រែកហ៊ោរ និងអរព្រះគុណព្រះអង្គ។
៦
ខ្ញុំនឹកគិតថា ៖ “តើខ្ញុំស្រយុតចិត្តធ្វើអ្វី ថ្ងូរលើខ្លួនឯងធ្វើអ្វ្វី
ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!”
ខ្ញុំមុខជានឹងសរសើរតម្កើងព្រះអង្គតទៅមុខទៀត
ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះរបស់ខ្ញុំ។
៧
បពិត្រព្រះនៃទូលបង្គំ! ទូលបង្គំស្រយុតចិត្តជាខ្លាំង
ហេតុនេះហើយ បានជាទូលបង្គំនឹកដល់ព្រះអង្គ
ពីភូមិទន្លេយ័រដាន់ ភ្នំហ៊ែរម៉ូន និងភ្នំមីតសារ។
៨
ព្រះអង្គបានធ្វើឱ្យទុក្ខកង្វល់ ធ្លាក់មកលើទូលបង្គំផ្ទួនៗគ្នា
ដូចទឹកជ្រោះធ្លាក់ពីលើភ្នំ លាន់ឮគគ្រឹកគគ្រេង។
៩
សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំនៅពេលថ្ងៃ
ដូច្នេះ ខ្ញុំច្រៀងបទតម្កើងព្រះអង្គ នៅពេលយប់
ខ្ញុំសូមអង្វរព្រះអង្គជាម្ចាស់នៃជីវិតខ្ញុំ។
១០
ខ្ញុំទូលសូមព្រះជាម្ចាស់ ដែលជាថ្មដារបស់ខ្ញុំថា
“ហេតុអ្វីបានជាព្រះអង្គបំភ្លេចទូលបង្គំ?
ហេតុអ្វីបានជាទូលបង្គំត្រូវមុខស្រពោន
ដោយត្រូវខ្មាំងសង្កត់សង្កិនដូច្នេះ?” ។
១១
ខ្មាំងសត្រូវនាំគ្នាជេរប្រមាថទូលបង្គំ
រហូតដល់ធ្វើឱ្យទូលបង្គំឈឺចុកចាប់សព្វសាព៌ាង្គកាយ
គេចេះតែពោលមកទូលបង្គំ គ្រប់ពេលគ្រប់វេលាថា
“តើព្រះរបស់អ្នកនៅឯណា?” ។
១២
ខ្ញុំនឹកគិតថា ៖ “តើខ្ញុំស្រយុតចិត្តធ្វើអ្វី ថ្ងូរអំពីខ្លួនឯងធ្វើអ្វី
ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!”
ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត
ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះរបស់ខ្ញុំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតីជា​មួយ​ខ្ញុំ»។

បទលើកតម្កើងតាមបេនស៊ីរ៉ាក់ (បសរ ៣៦,១-៥.៧.១០-១៣)

ពាក្យ​អង្វរ​សូម​ព្រះ‌អម្ចាស់​រំដោះ​ក្រុងយេរូសាឡឹម

រីឯ​ជីវិត​អស់​កល្ប‌ជានិច្ច​នោះ គឺ​ឱ្យ​គេ​ស្គាល់​ព្រះ‌អង្គ ដែល​ជា​ព្រះ‌ជាម្ចាស់​ដ៏​ពិត​តែ​មួយ​គត់
និង​ឱ្យ​គេ​ស្គាល់​ព្រះ‌យេស៊ូ‌គ្រីស្ដ ដែល​ព្រះ‌អង្គ​ចាត់​ឱ្យ​មក (យហ ១៧,៣)។

បន្ទរទី២ ៖ ឥឡូវ​នេះ ដល់​ពេល​កាត់​ទោស​មនុស្ស​លោក​ហើយ ហើយ​ចៅហ្វាយ​របស់​មនុស្ស​លោក​នឹង​ត្រូវ​បណ្ដេញ​ចេញ​ទៅ​ក្រៅ។

(បទពាក្យ ៧)

១- ឱព្រះជាម្ចាស់ដែលគ្រប់គ្រង លើលោកឥតហ្មងទាំងមូលអើយ  
  សូមអាណិតអាសូរយើងហើយ ទតកុំកន្តើយយើងខ្ញុំផង ។
២- សូមធ្វើឱ្យគ្រប់ជាតិទាំងឡាយ រស់ទាំងខ្វល់ខ្វាយកុំបង្អង់  
  ឱ្យគេបានឃើញឫទ្ធិព្រះអង្គ ស្ញប់ស្ញែងខ្លាចផងអានុភាព ។
៣- សូមព្រះអង្គលើកព្រះហស្តវាយ ប្រជាជិតឆ្ងាយជាដរាប  
  ដើម្បីឱ្យគេស្គាល់អានុភាព ឱ្យគេជ្រួតជ្រាបពីបារមី ។
៤- ដោយព្រះអង្គដាក់ទោសយើងខ្ញុំ ពិតជាសក្តិសមគ្មានទាស់អ្វី  
  តែសូមសម្តែងព្រះបារមី ឱ្យជាតិដទៃឃើញច្បាស់ថា ។
  ព្រះអង្គជាព្រះដ៏វិសុទ្ធ វិសេសបំផុតលើលោកា  
  សូមសម្តែងឱ្យខ្ញុំដឹងថា ព្រះអង្គផ្តន្ទាពួកគេដែរ ។
៥- សូមឱ្យមនុស្សគ្រប់ជាតិសាសន៍ ទទួលស្គាល់ច្បាស់គ្មានកែប្រែ  
  ក្រៅពីព្រះអង្គគ្មានព្រះទេ ត្រូវចេះរិះរេស្គាល់ព្រះអង្គ ។
៧- សូមទ្រង់សម្តែងថ្លែងសិរី រុងរឿងម្ចាស់ថ្លៃកុំបង្អង់  
  បារមីខ្លាំងក្លានៃព្រះអង្គ ឱ្យមនុស្សទាំងពួងសរសើរកោត ។
១០- សូមពេលចុងក្រោយឆាប់មកដល់ ព្រះអង្គកុំខ្វល់ភ្លេចសម្តែង  
  គេនឹងរៀបរាប់ដោយកោតក្រែង អស្ចារ្យជាក់ស្តែងទ្រង់ប្រព្រឹត្ត ។
១១- សូមឱ្យភ្លើងនៃព្រះពិរោធ កំហឹងក្រេវក្រោធឆេះបំបាត់  
  ដុតកម្ទេចពួកអ្នកទុច្ចរិត កុំឱ្យវារត់រួចសោះឡើយ ។
១២- សូមទ្រង់បំបែកក្បាលសត្រូវ កុំទុកឱ្យនៅពួកនោះហើយ  
  វាពោលក្តែងៗគ្មានគិតឡើយ ថាវានេះហើយសំខាន់ណាស់ ។
១៣- សូមទ្រង់ប្រមូលកុលសម្ពន្ធ ឱ្យឆាប់រួសរាន់កុំក្រឡះ  
  ពូជពង្សយ៉ាកុបមានច្រើនណាស់ រស់នៅដេរដាសឱ្យមកជុំំ ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

បន្ទរ ៖ ឥឡូវ​នេះ ដល់​ពេល​កាត់​ទោស​មនុស្ស​លោក​ហើយ ហើយ​ចៅហ្វាយ​របស់​មនុស្ស​លោក​នឹង​ត្រូវ​បណ្ដេញ​ចេញ​ទៅ​ក្រៅ។

ទំនុកតម្កើងលេខ ១៩

ស្នាព្រះហស្តទាំងប៉ុន្មាន ចូរសរសើរតម្កើងព្រះជាម្ចាស់

ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
និងដើម្បីតម្រង់ផ្លូវយើង ឆ្ពោះទៅរកសេចក្តីសុខសាន្ត (លក ១,៧៨-៧៩)។

បន្ទរទី៣ ៖ ត្រូវ​សម្លឹង​មើល​ទៅ​ព្រះ‌យេស៊ូ ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើឲ្យ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ។ ព្រះអង្គ​សុខ​ចិត្ត​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង​ឥត​ខ្លាច​ខ្មាស​សោះ​ឡើយ។ ឥឡូវ​នេះ ព្រះ‌អង្គ​គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់។

២ ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿងរបស់ព្រះជាម្ចាស់។
អាកាសវេហាស៍ ប្រកាសពីស្នាព្រះហស្តរបស់ព្រះអង្គ។
៣
ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត
យប់មួយប្រាប់យប់មួយទៀតឱ្យបានដឹង។
៤
ដោយមិនប្រើភាសា ឬពាក្យសំដីទេ ហើយក៏មិនឮសូរស័ព្ទអ្វីដែរ។
៥
ប៉ុន្តែ សេចក្តីថ្លែងរបស់មេឃត្រេចចរលើផែនដីទាំងមូល
ហើយសំឡេងរបស់អាកាសវេហាស៍ លាន់ឮរហូតដល់ដាច់ស្រយាលនៃពិភពលោក
ជាកន្លែងដែលព្រះជាម្ចាស់ បានតម្លើងពន្លាសម្រាប់ព្រះអាទិត្យ។
៦
ព្រះអាទិត្យរះឡើងប្រៀបបីដូចជាកូនកំលោះ ចេញមកសំពះផ្ទឹម
ដូចជាវីរបុរសដ៏ខ្លាំងពូកែមួយរូប ចេញមករត់ប្រណាំងទាំងអរសប្បាយ។
៧
ព្រះអាទិត្យចរយាត្រាពីជើងមេឃម្ខាង ឆ្ពោះទៅជើងមេឃម្ខាងទៀត
គ្មានអ្វីអាចបំបាំងកម្តៅរបស់ព្រះអាទិត្យបានឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ត្រូវ​សម្លឹង​មើល​ទៅ​ព្រះ‌យេស៊ូ ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើឲ្យ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ។ ព្រះអង្គ​សុខ​ចិត្ត​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង​ឥត​ខ្លាច​ខ្មាស​សោះ​ឡើយ។ ឥឡូវ​នេះ ព្រះ‌អង្គ​គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ១១,១៩-២០)

ពី​មុន ខ្ញុំ​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ស្លូត ដែល​គេ​ដឹក​ទៅ​ទី​សត្ត‌ឃាត។ ខ្ញុំ​ពុំ​បាន​ដឹង​អំពី​គម្រោង‌ការ ដែល​ពួក​គេ​គិត​បម្រុង​នឹង​ធ្វើចំពោះ​ខ្ញុំ​ទេ។ ពួក​គេ​និយាយ​គ្នា​អំពី​ខ្ញុំ​ថា “យើង​នាំ​គ្នា​រំលំ​ដើម​ឈើ​កំពុង​តែ​មាន​ផ្លែ​នេះ​ទៅ យើង​ដក​វា​ចេញ​ពី​ចំណោម​មនុស្ស​មាន​ជីវិត កុំ​ឲ្យ​នរណា​នឹក​នា​ដល់​ឈ្មោះ​វា​ទៀត!” ។ បពិត្រ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រះ‌អង្គ​ជា​ចៅ‌ក្រម​ដ៏​សុចរិត ព្រះ‌អង្គ​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្សយ៉ាង​ច្បាស់ ទូល‌បង្គំ​នឹង​ឃើញ​ព្រះ‌អង្គ​រក​យុត្តិធម៌ ដោយ​ដាក់​ទោស​ពួក​គេ​ជា​មិន​ខាន ទូល‌បង្គំ​ប្រគល់​រឿង​ហេតុ​របស់​ទូល‌បង្គំលើ​ព្រះ‌អង្គ​ទាំង​ស្រុង។

បន្ទរ៖ ព្រះ‌អង្គ​បាន​លោះ​មនុស្សយក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ *ដោយ‌សារព្រះ‌លោហិត​របស់​ព្រះ‌អង្គ។ បន្ទរឡើងវិញ៖…
-ពី​គ្រប់​ពូជ គ្រប់ភាសា គ្រប់​ប្រជាជន និង​ពី​គ្រប់​ជាតិ​សាសន៍។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ ឱ​ព្រះ‌បិតា​ដ៏​សុចរិត​អើយ ! មនុស្ស​លោក​ពុំ​បាន​ស្គាល់​ព្រះ‌អង្គ​ទេ រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​ស្គាល់​ព្រះ‌អង្គ ហើយ​អ្នក​ទាំង​នេះ​ក៏​ទទួល​ស្គាល់​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល‌បង្គំឲ្យ​មក​មែន។

ពាក្យអង្វរសកល

ចូរយើងទូលអង្វរព្រះគ្រីស្ត ជាព្រះសង្រ្គោះដែលបានលោះយើង ដោយព្រះអង្គបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតអាសូរយើងខ្ញុំ !

ព្រះអង្គបានយាងឡើងទៅក្រុងយេរូសាឡឹម ដើម្បីរងទុក្ខលំបាក និងទទួលសិរីរុងរឿង
—សូមព្រះអង្គនាំព្រះសហគមន៍ទៅកាន់បុណ្យចម្លងនៃស្ថានបរមសុខផង។ (បន្ទរ)

ព្រះអង្គត្រូវគេឆ្កាង និងចាក់ទម្លុះដោយលំពែងរបស់ទាហាន
—សូមព្រះអង្គព្យាបាលរបួសយើងខ្ញុំ។ (បន្ទរ)

ព្រះអង្គបានធ្វើឱ្យឈើឆ្កាងទៅជាដើមឈើនៃជីវិត
—សូមព្រះអង្គប្រោសប្រទានឱ្យដើមឈើនេះមានផលផ្លែ សម្រាប់អស់អ្នកដែលបានកើតជាថ្មី ក្នុងអគ្គសញ្ញាជ្រមុជទឹក។ (បន្ទរ)

នៅលើឈើឆ្កាង ព្រះអង្គបានលើកលែងទោសឱ្យចោរដែលកែប្រែចិត្តគំនិត
—សូមព្រះអង្គលើកលែងទោសអំពើបាបរបស់យើងខ្ញុំផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! យើងខ្ញុំនាំគ្នារំឭកដល់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គរងទុក្ខលំបាក ដើម្បីសង្គ្រោះមនុស្សលោក។ សូមព្រះអង្គមេត្តាលើកលែងទោសឲ្យយើងខ្ញុំដែលជាមនុស្សទន់​ខ្សោយ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។