រដូវសែសិបថ្ងៃ សប្តាហ៍ទី៤ ថ្ងៃពុធ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ មិនត្រូវមានចិត្តរឹងរូសឡើយ។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១០៨
ពាក្យសរសើរតម្កើងព្រះជាម្ចាស់ និងពាក្យទូលអង្វរ
តាំងពីព្រះជាម្ចាស់លើកព្រះបុត្រាឡើងស្ថានបរមសុខ
សិរីរុងរឿងរបស់ព្រះអង្គត្រូវបានប្រកាសទូទាំងភពផែនដី (Arnobius)។
បន្ទរទី១៖ ឱព្រះជាម្ចាស់អើយ ទូលបង្គំត្រៀមចិត្តគំនិតជាស្រេច !
| ២ | ឱព្រះជាម្ចាស់អើយ! ទូលបង្គំត្រៀមចិត្តគំនិតជាស្រេច! ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូតបទតម្កើងអស់ពីដួងចិត្ត! |
| ៣ | ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង! ខ្ញុំនឹងដាស់ព្រះអាទិត្យឱ្យរះ |
| ៤ | ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងស្មូតទំនុកតម្កើងថ្វាយព្រះអង្គក្នុងចំណោមប្រជាជាតិនានា |
| ៥ | ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គខ្ពស់រហូតដល់ផ្ទៃមេឃ ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។ |
| ៦ | ឱព្រះជាម្ចាស់អើយ សូមបង្ហាញភាពថ្កុំថ្កើងឧត្តុង្គឧត្ដមរបស់ព្រះអង្គនៅលើផ្ទៃមេឃ ហើយសូមឱ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល! |
| ៧ | សូមយាងមកសង្គ្រោះយើងខ្ញុំដោយឫទ្ធិបារមីរបស់ព្រះអង្គ សូមឆ្លើយតបនឹងយើងខ្ញុំផង ដើម្បីឱ្យប្រជាជនជាទីស្រឡាញ់របស់ព្រះអង្គបានរួចជីវិត! |
| ៨ | ព្រះជាម្ចាស់មានព្រះបន្ទូលពីទីសក្ការៈរបស់ព្រះអង្គមកថា: «យើងនឹងយកជ័យជម្នះ យើងនឹងបែងចែកស្រុកស៊ីគែម យើងនឹងវាស់ជ្រលងភ្នំស៊ូកូតចែកប្រជារាស្ដ្ររបស់យើង។ |
| ៩ | កាឡាតជាទឹកដីរបស់យើង ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ អេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង ហើយយូដាជាដំបងរាជ្យរបស់យើង។ |
| ១០ | ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង យើងបោះស្បែកជើងយើងលើទឹកដីអេដុម ដើម្បីបញ្ជាក់ថា យើងជាម្ចាស់លើទឹកដីនេះ។ យើងនឹងស្រែកប្រកាសសង្គ្រាមប្រឆាំងនឹងស្រុកភីលីស្ទីន!»។ |
| ១១ | តើនរណាអាចនាំខ្ញុំចូលទៅក្នុងទីក្រុងដ៏រឹងមាំបាន? តើនរណាអាចនាំខ្ញុំចូលទៅក្នុងស្រុកអេដុម? |
| ១២ | ឱព្រះជាម្ចាស់អើយ! មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំ ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គឈប់យាងទៅជាមួយកងទ័ពយើងខ្ញុំទៀតហើយ។ |
| ១៣ | សូមជួយយើងខ្ញុំឱ្យប្រឆាំងតទល់នឹងពួកសត្រូវផង ដ្បិតការសង្គ្រោះមកពីមនុស្សលោកឥតប្រយោជន៍អ្វីសោះ។ |
| ១៤ | បើព្រះជាម្ចាស់គង់នៅជាមួយយើង នោះយើងនឹងមានជ័យជម្នះ ដ្បិតព្រះអង្គនឹងបង្ក្រាបបច្ចាមិត្តរបស់យើងឱ្យរាប។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ឱព្រះជាម្ចាស់អើយ ទូលបង្គំត្រៀមចិត្តគំនិតជាស្រេច !
បទលើកតម្កើងតាមព្យាការីអេសាយ (អស ៦១,១០-៦២,៥)
បន្ទរទី២៖ ព្រះអង្គបានយកសេចក្តីសុចរិត និងការសង្រ្គោះមកពាក់ឱ្យខ្ញុំ។
(បទពាក្យ ៧)
| ១០- | ខ្ញុំមានអំណរសប្បាយខ្លាំង | ព្រោះតែព្រះអង្គស្តាប់អង្វរ | |
| ព្រះអង្គសង្គ្រោះខ្ញុំកំដរ | រហូតរៀងមកមិនដែលខាន | ។ | |
| លម្អខ្ញុំដូចកូនកំលោះ | ពាក់មកុដស្រស់ល្អភុំផាន | ||
| ដូចកូនក្រមុំយ៉ាងចំណាន | នៅលើវិមានថ្ងៃរៀបការ | ។ | |
| ១១- | ដីធ្វើឱ្យគ្រាប់ពូជធារដុះ | ពន្លកសក្បុសនៅក្នុងច្បារ | |
| លូតលាស់ស្គុះស្គាយស្រស់យ៉ាងណា | ក្តីសុចរិតថ្លាមិនបាត់បង់ | ។ | |
| និងការសរសើរលើកតម្កើង | លូតលាស់ផុសឡើងមិនបង្អង់ | ||
| ចេញពីទឹកដីល្អផូរផង់ | នៅមុខទូទាំងជាតិទាំងឡាយ | ។ | |
| ១- | យើងតែងនិយាយការពារក្រុង | ឱ្យនៅគង់វង្សមានអ្នកថែ | |
| យេរូសាឡឹមស៊ីយ៉ូនដែរ | យើងមិនស្ងៀមទេមិនកន្តើយ | ។ | |
| ដរាបទាល់តែក្តីសុចរិត | ចាំងចែងពេញពិតទើបធូរស្បើយ | ||
| ដូចថ្ងៃរះពេញពន្លឺហើយ | ការសង្គ្រោះឱ្យភ្លឺដូចភ្លើង | ។ | |
| ២- | ពេលនោះមនុស្សគ្រប់ជាតិសាសន៍ | ឃើញសុចរិតច្បាស់មិនឆ្មៃឆ្មើង | |
| ស្តេចទាំងប៉ុន្មាននឹកឃើញឡើង | សិរីរុងរឿងនៃអ្នកដែរ | ។ | |
| ឈ្មោះចាស់ក្រុងឯងគេលែងហៅ | គេពោលសំដៅតាមគេប្រែ | ||
| ឈ្មោះល្អសែនសមអ្វីម៉្លេះទេ | ព្រះប្រទានគេឱ្យរុងរឿង | ។ | |
| ៣- | ក្រុងឯងនឹងទៅជាភួងជ័យ | ប្រណីតពេកក្រៃសែនថ្កុំថ្កើង | |
| នឹងទៅជាមកុដរាជ្យរុងរឿង | ព្រះហស្តព្រះយើងទ្រង់កាន់កាប់ | ។ | |
| ៤- | គេនឹងលែងហៅអ្នកឯងថា | ស្ត្រីមិនបានការមិនចំណាប់ | |
| ស្ត្រីប្តីបោះបង់មិនគួររាប់ | គេលែងបង្អាប់ដល់អ្នកទៀត | ។ | |
| តំបន់ជុំវិញគេក៏លែង | មើលងាយហៅថាចោលម្សៀត | ||
| ថាស្ងាត់ជ្រងំដូចព្រៃស្បាត | ដែលមានដុះសុទ្ធស្មៅទៀតទេ | ។ | |
| តែផ្ទុយទៅវិញគេនឹងហៅ | ឯងថាពាលពៅបងសូមស្នេហ៏ | ||
| តំបន់ជុំវិញគេបំពេរ | ថាស្ងួនមាសមេភរិយាបង | ។ | |
| ដ្បិតព្រះអម្ចាស់គាប់ព្រះទ័យ | នឹងអ្នកពេកក្រៃគ្មានសៅហ្មង | ||
| ដូចពាក្យសំដីឆ្លើយសារសង | ពាក្យអូនពាក្យបងត្រូវរ៉ូវគ្នា | ។ | |
| ៥- | ព្រះម្ចាស់បង្កើតជារូបអ្នក | ទ្រង់គង់ថ្នមថ្នាក់រាល់វេលា | |
| សប្បាយឥតខ្វល់ដូចភរិយា | ថ្មីថ្មោងជាគ្នានឹងស្វាមី | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ ព្រះអង្គបានយកសេចក្តីសុចរិត និងការសង្រ្គោះមកពាក់ឱ្យខ្ញុំ។
ទំនុកតម្កើងលេខ ១៤៦
សុភមង្គលរបស់អស់អ្នកដែលជឿទុកចិត្តលើព្រះជាម្ចាស់
ការសរសើរតម្កើងព្រះជាម្ចាស់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង មានន័យថា គ្រប់យ៉ាងដែលយើងធ្វើ ត្រូវតែសម្រាប់សិរីរុងរឿងរបស់ព្រះអង្គ (Arnobius)។
បន្ទរទី៣៖ ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត។
| ១ | អាលេលូយ៉ា! ខ្ញុំសូមលើកតម្កើងព្រះអម្ចាស់អស់ពីដួងចិត្ត! |
| ២ | ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត ខ្ញុំនឹងស្មូតបទថ្វាយព្រះរបស់ខ្ញុំ ក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ។ |
| ៣ | កុំទុកចិត្តមេដឹកនាំ កុំទុកចិត្តមនុស្សលោក ដែលពុំអាចសង្គ្រោះនរណាបាននោះឡើយ |
| ៤ | ពេលគេត្រូវផុតដង្ហើម គេវិលត្រឡប់ទៅជាធូលីដីវិញ ហើយគម្រោងការរបស់គេក៏នឹងរលាយសូន្យនៅថ្ងៃនោះដែរ។ |
| ៥ | អ្នកណាដែលព្រះរបស់លោកយ៉ាកុបសង្គ្រោះ ហើយអ្នកណាដែលសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់ខ្លួន អ្នកនោះមានសុភមង្គលហើយ!។ |
| ៦ | ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី ព្រះអង្គបានបង្កើតសមុទ្រ និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ ព្រះអង្គតែងតែគោរពតាមព្រះបន្ទូលសន្យារបស់ព្រះអង្គជានិច្ច។ |
| ៧ | ព្រះអង្គរកយុត្តិធម៌ឱ្យអស់អ្នកដែលត្រូវគេសង្កត់សង្កិន ព្រះអង្គប្រទានអាហារដល់អស់អ្នកដែលស្រេកឃ្លាន ព្រះអម្ចាស់ដោះលែងអ្នកជាប់ឃុំឃាំង |
| ៨ | ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ឱ្យមើលឃើញ ព្រះអម្ចាស់លើកអ្នកដែលអស់សង្ឃឹមឱ្យងើបឡើងវិញ ព្រះអម្ចាស់ស្រឡាញ់មនុស្សសុចរិត |
| ៩ | ព្រះអម្ចាស់ការពារជនបរទេស ព្រះអង្គគាំទ្រក្មេងកំព្រា និងស្ត្រីមេម៉ាយ តែព្រះអង្គធ្វើឱ្យគម្រោងការរបស់មនុស្សអាក្រក់ត្រូវរលាយសូន្យ។ |
| ១០ | ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ច! ក្រុងស៊ីយ៉ូនអើយ! ព្រះរបស់អ្នកនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ! ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!។ អាលេលូយ៉ា!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៧,៦.៨-៩)
ព្រះអម្ចាស់ ជាព្រះរបស់អ្នក ចាត់ទុកអ្នកជាប្រជាជនដ៏វិសុទ្ធ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសអ្នកពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ឲ្យធ្វើជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់»។ ព្រះអង្គជ្រើសរើសអ្នករាល់គ្នា មកពីព្រះអង្គស្រឡាញ់អ្នករាល់គ្នា ហើយសព្វព្រះហឫទ័យគោរពតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា។ ហេតុនេះហើយបានជាព្រះអម្ចាស់ប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ ដើម្បីនាំអ្នករាល់គ្នាចេញពីស្រុកដែលអ្នករាល់គ្នាធ្វើជាទាសករ ព្រះអង្គរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្តេចស្រុកអេស៊ីប។ ដូច្នេះ អ្នកត្រូវទទួលស្គាល់ថា មានតែព្រះអម្ចាស់ជាព្រះរបស់អ្នកប៉ុណ្ណោះ ដែលជាព្រះដ៏ពិតប្រាកដ។ ព្រះអង្គគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គ ដោយព្រះហឫទ័យស្មោះត្រង់ ហើយសម្ដែងព្រះហឫទ័យមេត្តាករុណារហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ និងកាន់តាមបទបញ្ជារបស់ព្រះអង្គ។
បន្ទរ៖ ព្រះអម្ចាស់នឹងរំដោះទូលបង្គំ*ឲ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖...
-ដែលគេដាក់ចាំចាប់ទូលបង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ អ្នកណាស្ដាប់សេចក្ដីដែលខ្ញុំនិយាយ ហើយជឿលើព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច។
ពាក្យអង្វរសកល
ចូរយើងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា តាមរយៈឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គជម្រះដួងចិត្តរបស់យើងឱ្យបានវិសុទ្ធ និងពង្រឹងយើងខ្ញុំក្នុងសេចក្តីស្រឡាញ់។ ចូរយើងបន្ទាបខ្លួនទូលព្រះអង្គថា ៖
បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! សូមប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គឱ្យយើងខ្ញុំផង !
សូមជួយយើងខ្ញុំឱ្យចេះទទួលរបស់ល្អពីព្រះអង្គ ដោយចិត្តកត្តញ្ញូយ៉ាងជ្រាលជ្រៅ
—ហើយឱ្យយើងខ្ញុំចេះទទួលយកសេចក្តីអាក្រក់ នៅពេលវាមកដល់ពួកយើង ដោយចិត្តអត់ធ្មត់។ (បន្ទរ)
សូមព្រះអង្គបង្រៀនយើងខ្ញុំឱ្យចេះស្រឡាញ់ មិនត្រឹមតែក្នុងគ្រាដ៏អស្ចារ្យ ឬពិសេសប៉ុណ្ណោះទេ
—ប៉ុន្តែ លើសពីនេះទៅទៀត សូមឱ្យយើងខ្ញុំចេះស្រឡាញ់ក្នុងហេតុការណ៍ធម្មតានៃជីវិតប្រចាំថ្ងៃ។ (បន្ទរ)
សូមឱ្យយើងខ្ញុំចៀសវាងពីអ្វី ដែលយើងខ្ញុំមិនត្រូវការពិតប្រាកដ
—ហើយសូមព្រះអង្គជួយបងប្អូនយើងខ្ញុំដែលកំពុងរងទុក្ខលំបាកផង។ (បន្ទរ)
សូមឱ្យយើងខ្ញុំទទួលស្នាមរបួសរបស់ព្រះបុត្រាព្រះអង្គ
—ដ្បិតដោយសារស្នាមរបួសលើព្រះកាយនេះហើយ ដែលព្រះអង្គបានប្រទានជីវិតឱ្យយើងខ្ញុំ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះបិតាជាអម្ចាស់អើយ ! ព្រះអង្គប្រទានរង្វាន់ដល់អ្នកសុចរិត ហើយព្រះអង្គលើកលែងទោសដល់អ្នកបាបដែលកែប្រែចិត្តគំនិត។ សូមព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះអស់អ្នកដែលទូលអង្វរព្រះអង្គ។ ពេលយើងខ្ញុំសារភាពថា យើងខ្ញុំជាអ្នកបាប សូមព្រះអង្គមេត្តាលើកលែងទោសឲ្យយើងខ្ញុំរួចផុតពីបាបផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

