១២ មីនា ២០២៦

Written on 09/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី៣ ថ្ងៃព្រហស្បតិ៍

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៨៧

ក្រុងយេរូសាឡឹមជាមាតានៃយើងទាំងអស់គ្នា

រីឯ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​លើ​វិញ​ គឺ​ស្ត្រីអ្នក​ជា​ដែល​ជា​មាតា​របស់​យើង​ហ្នឹង​ហើយ (កាឡ ៤,២៦)។

បន្ទរទី១ ៖ ឱក្រុងរបស់ព្រះជាម្ចាស់អើយ ! គេលើកតម្កើងសីរីរុងរឿងរបស់អ្នក។

ព្រះអម្ចាស់បានសង់ក្រុងយេរូសាឡឹមនៅលើភ្នំដ៏វិសុទ្ធ។

ព្រះអម្ចាស់ស្រឡាញ់បុរីស៊ីយ៉ូនជាងកន្លែងឯទៀតៗទាំងអស់ នៅលើទឹកដីលោកយ៉ាកុប។

ឱក្រុងរបស់ព្រះជាម្ចាស់អើយ!
គេលើកតម្កើងសីរីរុងរឿងរបស់អ្នក ដោយពោលថាៈ

ក្នុងចំណោមអ្នកដែលស្គាល់ខ្ញុំ មានជនជាតិអេស៊ីប និងជនជាតិបាប៊ីឡូន
អ្នកខ្លះកើតនៅស្រុកភីលីស្ទីន ខ្លះទៀតនៅស្រុកទីរ៉ុស និងខ្លះទៀតនៅស្រុកអេត្យូពី។

ចំពោះបុរីស៊ីយ៉ូនវិញ គេពោលថា
យើងទាំងអស់គ្នាសុទ្ធតែកើតចេញមកពីបុរីស៊ីយ៉ូននេះ!
ព្រះដ៏ខ្ពង់ខ្ពស់បំផុតធ្វើឱ្យបុរីនេះរឹងមាំ។

ព្រះ‌អម្ចាស់​រាប់​ចំនួន​ប្រជា‌រាស្ដ្រ​នានា​ចុះ​ក្នុង​បញ្ជី ហើយ​សរសេរ​ថា
បុរីស៊ីយ៉ូន​ជា​ស្រុក​កំណើតរបស់​ពួក​គេ​ទាំង​អស់​គ្នា។

ពេល​នោះ ទាំង​ពួក​អ្នក​ច្រៀង ទាំង​ពួក​អ្នក​រាំ នឹង​ពោល​ឡើង​ថា
“បុរីស៊ីយ៉ូន​ជា​ប្រភព​នៃ​ព្រះ‌ពរ​របស់​យើង!”។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱក្រុងរបស់ព្រះជាម្ចាស់អើយ! គេលើកតម្កើងសីរីរុងរឿងរបស់អ្នក។

បទលើកតម្កើងតាមព្យាការីអេសាយ (អស ៤០,១០-១៧)

គង្វាលដ៏សប្បុរស៖ ព្រះជាម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់ ព្រះអង្គមានបញ្ញាឈ្លាសវៃលើសគេ

ព្រះយេស៊ូមានព្រះបន្ទូលថា៖ “ចូរស្តាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ
ទាំងយករង្វាន់មកចែកឱ្យម្នាក់ៗតាមអំពើដែលខ្លួនបានប្រព្រឹត្ត” (វវ ២២,១២)។

បន្ទរទី២ ៖ មើល​ហ្ន៎ ព្រះជាអម្ចាស់​យាង​មកប្រកប​ដោយ​ឫទ្ធានុភាព ព្រះអង្គ​យាង​មក​ប្រកប​ដោយ​ព្រះបារមី ដើម្បី​គ្រង​រាជ្យ។

(បទកាកគតិ)

១០- មើលហ្ន! ព្រះជា អម្ចាស់រាល់គ្នា ទ្រង់បានយាងមក
  ដោយព្រះបារមី ខ្លាំងក្រៃលើលោក ព្រះអង្គយាងមក
    ដើម្បីគ្រងរាជ្យ
១១- ព្រះអង្គប្រៀបបាន គង្វាលចំណាន ពេញដោយអំណាច
  នាំអស់ហ្វូងចៀម រាល់ថ្ងៃព្រឹកល្ងាច ទាំងមេកូនតូច
    កំពុងបំបៅ
១២- តើនរណាចេះ អាចមានតំរិះ នឹងវាស់ជម្រៅ
  មហាសមុទ្រ ធំហើយសែនជ្រៅ វាស់រហូតទៅ
    ទាំងផ្ទៃមេឃា
  តើនរណាអាច មានតំរិះប្រាជ្ញ អាចនឹងគណនា
  ធូលីហ្មត់ល្អិត ថ្លឹងទាំងព្រឹក្សា គិរីបុព្វតា
    ដោយខ្លួនឯងបាន
១៣- តើនរណាអាច ស្ទង់នូវញាណប្រាជ្ញ នៃព្រះថ្កើងថ្កាន
  អាចធ្វើជាទី ប្រឹក្សាចំណាន ផ្តល់គំនិតបាន
    ចំពោះព្រះអង្គ
១៤- ទ្រង់ឥតមានសួរ យោបល់គាប់គួរ ឬមួយផ្តោះផ្តង
  តែទ្រង់វិនិច្ឆ័យ ត្រឹមត្រូវកន្លង ប្រាជ្ញាញាណផង
    ទ្រង់ចេះដឹងសព្វ
១៥- ប្រជាទាំងឡាយ ដូចទឹកហូរខ្ចាយ ដែលគេកំពប់
  គេមានតម្លៃ បីដូចជាគ្រាប់ ធូលីគេចាប់
    យកទៅដាក់ថ្លឹង
  ម្យ៉ាងទៀតដូចកោះ ដែលមានទាំងអស់ មិនអាចនៅនឹង
  ដូចជាធូលី ត្រូវខ្យល់បក់វឹង កោះគ្មានលំនឹង
    ខ្យល់កួចទៅបាត់
១៦- ព្រៃឈើក្នុងស្រុក ក៏មិនល្មមទុក ធ្វើជាសម្បត្តិ
  ឬធ្វើជាអុស រួមទាំងសព្វសត្វ ទាំងអស់ត្រូវបាត់
    ធ្វើយញ្ញពុំបាន
១៧- ចំពោះព្រះភក្ត្រ ព្រះរបស់អ្នក ប្រជាប៉ុន្មាន
  គ្មានតម្លៃអ្វី ថោកហួសការស្មាន ប្រើការមិនបាន
    ឥតមានប្រយោជន៍
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ មើល​ហ្ន៎ ព្រះជាអម្ចាស់​យាង​មកប្រកប​ដោយ​ឫទ្ធានុភាព ព្រះអង្គ​យាង​មក​ប្រកប​ដោយ​ព្រះបារមី ដើម្បី​គ្រង​រាជ្យ។

ទំនុកតម្កើងលេខ ៩៩

ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា​ក្សត្រ ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ

ព្រះគ្រីស្តមានឋានៈធំជាងពួកខេរូប៊ីម នៅពេលព្រះអង្គយកភាពទន់ខ្សោយរបស់យើង
ព្រះអង្គបានផ្លាស់ប្តូរអំពើបាបរបស់ពិភពលោក (សន្តអាថាណាស)។

បន្ទរទី៣ ៖ ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង ចូរ​នាំ​គ្នាក្រាប​ថ្វាយ‌បង្គំព្រះអង្គ តម្រង់​ទៅ​រក​ភ្នំ​ដ៏វិសុទ្ធ។

ព្រះអម្ចាស់គ្រងរាជ្យ ប្រជាជនទាំងឡាយត្រូវញ័ររន្ធត់។
ព្រះ‌អង្គ​គង់​នៅ​ពី​លើ​ពួក​ខេរូប៊ីម ហើយ​ផែន‌ដី​កក្រើក​ញាប់‌ញ័រ។

ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម នៅក្រុងស៊ីយ៉ូន
ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់លើសប្រជាជាតិទាំងអស់។

មនុស្សគ្រប់ៗរូបត្រូវតែលើកតម្កើងព្រះនាមដ៏ឧត្តុង្គឧត្តម
គួរជាទីស្ញែងខ្លាចរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះវិសុទ្ធ!។

បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយឫទ្ធានុភាព
ព្រះអង្គជាព្រះមហាក្សត្រដែលស្រឡាញ់យុត្តិធម៌!
ព្រះអង្គបានតែងច្បាប់ ហើយធ្វើឱ្យមានសេចក្តីសុចរិត
និងយុត្តិធម៌ នៅក្នុងស្រុកអ៊ីស្រាអែល!។

ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃយើង
ចូរនាំគ្នាក្រាបទាបព្រះបាទារបស់ព្រះអង្គ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ!

លោកម៉ូសេ និងលោកអរ៉ុន ជាបូជាចារ្យរបស់ព្រះអង្គ
លោកសាមូអែលជាមនុស្សម្នាក់ ក្នុង​ចំណោមអ្នក​ដែល​អង្វរ​រក​ព្រះ‌អង្គ
ពេល​លោក​ទាំង​នោះ​អង្វរ​រក​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ឆ្លើយ​តប​មក​លោក​វិញ។

ព្រះអង្គមានព្រះបន្ទូលពីក្នុងដុំពពកមកអស់លោក
អស់លោក​បាន​កាន់​តាម​ព្រះ‌បញ្ជា
និង​ប្រតិបត្តិតាម​សេចក្ដី​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អង្គ​បង្គាប់​ឲ្យ​ពួក​លោក​ធ្វើ។

ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ពួក​លោក
ទោះ​បី​ព្រះ‌អង្គ​ដាក់​ទោស​លោក​ទាំង​នោះ
ព្រោះ​តែ​កំហុស​ដែល​លោក​បាន​ប្រព្រឹត្ត​ក្តី
ក៏​ព្រះ‌អង្គ​តែង‌តែ​អត់‌ទោស​ឲ្យ​ពួក​លោក​ជា‌និច្ច។

ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃយើង
ចូរនាំគ្នាក្រាបថ្វាយបង្គំ តម្រង់​ទៅ​រក​ភ្នំ​ដ៏‌វិសុទ្ធ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង ចូរ​នាំ​គ្នាក្រាប​ថ្វាយ‌បង្គំព្រះអង្គ តម្រង់​ទៅ​រក​ភ្នំ​ដ៏វិសុទ្ធ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ពង្ស ៨,៥១-៥៣ក)​

ពួក​គេ​ជា​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​ផ្ទាល់ គឺ​ប្រជា‌រាស្ដ្រ​ដែល​ព្រះអង្គ​នាំ​ចេញ​ពី​ទាស‌ភាព​នៅ​ស្រុក​អេស៊ីប។ សូម​ព្រះ‌អង្គ​ទត​មើល​មក​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ជន​ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​យើង​ខ្ញុំ​គ្រប់​ពេល ដែល​យើង​ខ្ញុំ​អង្វរ​រក​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​ញែក​យើង​ខ្ញុំ​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ នៅ​លើ​ផែន‌ដី ដើម្បី​ឲ្យ​យើង​ខ្ញុំ​ធ្វើជា​ប្រជារាស្ដ្រ​របស់ព្រះអង្គ​ផ្ទាល់។

បន្ទរ៖ ព្រះ‌អម្ចាស់នឹងរំដោះទូលបង្គំ*ឲ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូល‌បង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ បើខ្ញុំ​ដេញ​ខ្មោច ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ នោះ​បាន​សេចក្ដី​ថា ព្រះរាជ្យរបស់​ព្រះ‌អង្គ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។

ពាក្យអង្វរសកល

ព្រះគ្រីស្តជាព្រះអម្ចាស់បានយាងមកក្នុងចំណោមយើង ដូចជាពន្លឺបំភ្លឺពិភពលោក ដែលយើងអាចដើរក្នុងពន្លឺរបស់ព្រះអង្គ ហើយមិនស្ថិតក្នុងទីងងឹតនៃសេចក្តីស្លាប់ឡើយ។ ចូរយើងកោតសរសើរព្រះអង្គ និងទូលថា ៖

បន្ទរ ៖ ឱព្រះជាអម្ចាស់អើយ ! សូមឱ្យព្រះបន្ទូលរបស់ព្រះអង្គធ្វើជាចង្កៀងបំភ្លឺផ្លូវយើងខ្ញុំ !

បពិត្រព្រះជាម្ចាស់នៃធម៌មេត្តា! សូមព្រះអង្គជួយយើងខ្ញុំឱ្យកាន់តែដូចជាព្រះអង្គក្នុងថ្ងៃនេះ
—ដោយយើងខ្ញុំបានប្រព្រឹត្តអំពើបាបក្នុងលោកអដាំយ៉ាងណា សូមឱ្យយើងខ្ញុំបានរស់ឡើងវិញ ក្នុងព្រះគ្រីស្តយ៉ាងនោះដែរ។ (បន្ទរ)

សូមឱ្យព្រះបន្ទូលរបស់ព្រះអង្គធ្វើជាចង្កៀងបំភ្លឺផ្លូវយើងខ្ញុំ
—ដើម្បីយើងខ្ញុំអាចរស់នៅក្នុងសេចក្តីពិត និងលូតលាស់ឡើងក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គប្រៀនប្រដៅយើងខ្ញុំឱ្យមានចិត្តស្មោះត្រង់ ក្នុងការស្វែងរកផលប្រយោជន៍រួម
—ដូច្នេះ ពន្លឺរបស់ព្រះអង្គអាចរះបំភ្លឺក្នុងក្រុមគ្រួសារទាំងមូល តាមរយៈព្រះសហគមន៍។ (បន្ទរ)

សូមព្រះអង្គប៉ះដួងចិត្តរបស់យើងខ្ញុំឱ្យស្វែងរកព្រះអង្គ
—ហើយកែប្រែចិត្តចេញពីអំពើបាប ដែលទាស់នឹងព្រះប្រាជ្ញាញាណ និងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់ជាព្រះបិតាអើយ ! ព្រះអង្គប្រោសយើងខ្ញុំឲ្យរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ សូមព្រះអង្គមេត្តាបំភ្លឺយើងខ្ញុំឲ្យយកចិត្តទុកដាក់រៀបចំចិត្តគំនិតសម្រាប់ពិធីបុណ្យចម្លងនៅពេលខាងមុខនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។