១១ មីនា ២០២៦

Written on 09/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី៣ ថ្ងៃពុធ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៨៦

ពាក្យអធិដ្ឋានរបស់មនុស្សកំសត់ទុគ៌តនៅពេលមានទុក្ខព្រួយ

សូមលើកតម្កើងព្រះជាម្ចាស់ ព្រះអង្គជាព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា។
ព្រះអង្គសម្រាលទុក្ខយើង នៅពេលយើងមានទុក្ខគ្រប់បែបយ៉ាង (២ករ ១,៣-៤)។

បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ ! សូមប្រោសអ្នកបម្រើរបស់ព្រះអង្គឱ្យមានអំណរសប្បាយ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ។

១- ឱព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំផង!
សូមឆ្លើយតបមកទូលបង្គំវិញ ដ្បិតទូលបង្គំជាមនុស្សកំសត់ទុគ៌ត!
២-
សូមរក្សាការពារជីវិតទូលបង្គំផង
ដ្បិតទូលបង្គំមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ
ឱព្រះនៃទូលបង្គំអើយ! សូមសង្គ្រោះអ្នកបម្រើរបស់ព្រះអង្គ
ដែលផ្ញើជីវិតលើព្រះអង្គនេះផង!
៣-
ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ
ដ្បិតទូលបង្គំស្រែកហៅរកព្រះអង្គពេញមួយថ្ងៃ។
៤-
ឱព្រះអម្ចាស់អើយ! សូមប្រោសអ្នកបម្រើរបស់ព្រះអង្គឱ្យមានអំណរសប្បាយ
ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ
៥-
បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយព្រះហឫទ័យសប្បុរស
និងតែងតែអត់អោនឱ្យយើងខ្ញុំ
ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់
ចំពោះអស់អ្នកដែលអង្វររកព្រះអង្គ។
៦-
ឱព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអង្វររបស់ទូលបង្គំ
សូមយកព្រះហឫទ័យទុកដាក់នឹងសូរសម្រែករបស់ទូលបង្គំផង។
៧-
នៅថ្ងៃមានអាសន្ន ទូលបង្គំអង្វររកព្រះអង្គ
ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ។
៨-
បពិត្រព្រះអម្ចាស់! ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចព្រះអង្គទេ
គ្មានព្រះណាធ្វើការអស្ចារ្យដូចព្រះអង្គឡើយ។
៩-
បពិត្រព្រះអម្ចាស់! ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមក
នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ហើយលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។
១០-
ដ្បិតព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្តម ព្រះអង្គធ្វើការអស្ចារ្យ
មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះជាម្ចាស់។
១១-
ឱព្រះអម្ចាស់អើយ! សូមបង្ហាញមាគ៌ារបស់ព្រះអង្គឱ្យទូលបង្គំស្គាល់
ទូលបង្គំនឹងប្រព្រឹត្តតាមសេចក្តីពិតរបស់ព្រះអង្គ
សូមប្រទានឱ្យទូលបង្គំមានចិត្តស្មោះត្រង់
គោរពកោតខ្លាចព្រះនាមព្រះអង្គ។
១២-
បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ!
ទូលបង្គំសូមលើកតម្កើងព្រះអង្គយ៉ាងស្មោះអស់ពីចិត្ត
ទូលបង្គំនឹងលើកតម្កើងសិរីរុងរឿងព្រះនាមរបស់ព្រះអង្គរហូតតរៀងទៅ
១៣-
ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំខ្លាំងណាស់
ព្រះអង្គបានរំដោះជីវិតទូលបង្គំឱ្យរួចផុតពីមច្ចុរាជ។
១៤-
បពិត្រព្រះអម្ចាស់! មនុស្សព្រហើនលើកគ្នាប្រឆាំងនឹងទូលបង្គំ
មនុស្សឃោរឃៅមួយពួក ចង់ដកជីវិតទូលបង្គំ
អ្នកទាំងនោះមិនរវីរវល់នឹងព្រះអង្គទេ។
១៥-
បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ
ព្រះអង្គតែងតែប្រណីសន្តោស ព្រះអង្គអត់ធ្មត់
ហើយពោរពេញទៅដោយមេត្តាករុណាដ៏ស្មោះស្ម័គ្រ។
១៦-
សូមបែរព្រះភក្រ្តមកទតមើលទូលបង្គំ សូមអាណិតមេត្តាទូលបង្គំ
សូមប្រទានកម្លាំងមកទូលបង្គំ ហើយសង្គ្រោះទូលបង្គំ
ដែលជាខ្ញុំបម្រើរបស់ព្រះអង្គផង!។
១៧-
សូមសម្តែងទីសម្គាល់ដ៏អស្ចារ្យចំពោះទូលបង្គំ ដោយព្រះហឫទ័យសប្បុរស
ដើម្បីឱ្យអស់អ្នកដែលស្អប់ទូលបង្គំឃើញ ត្រូវអាម៉ាស់។
បពិត្រព្រះអម្ចាស់! ព្រះអង្គតែងតែសង្គ្រោះ និងសម្រាលទុក្ខទូលបង្គំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមប្រោសអ្នកបម្រើរបស់ព្រះអង្គឱ្យមានអំណរសប្បាយ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ។

បទលើកតម្កើងតាមព្យាការីអេសាយ (អស ៣៣,១៣-១៦)

ការ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​របស់​ព្រះជាម្ចាស់

ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះ ចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន
និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ (កក ២,៣៩)។

បន្ទរទី២ ៖ អ្នកណាដើរតាមសេចក្តីសុចរិត ហើយ​និយាយ​តែសេចក្ដីពិត​ អ្នកនោះមានសុភមង្គលហើយ។

(បទកាកគតិ)

១៣- ឱអ្នកដែលនៅ ស្រុកឆ្ងាយៗត្រូវ នាំគ្នាប្រុងស្តាប់
  អំពីកិច្ចការ ដែលយើងធ្វើស្រាប់ ត្រូវខំត្រងត្រាប់
    ស្តាប់ទាំងអស់គ្នា
  ឯអ្នកដែលនៅ ជិតៗនេះត្រូវ កុំនៅរួញរា
  ត្រូវទទួលស្គាល់ បារមីឫទ្ធា អានុភាពចេស្តា
    យើងខ្លាំងក្លាក្រៃ
១៤- នៅក្រុងស៊ីយ៉ូន មនុស្សបាបញ័រខ្លួន រន្ធត់ភិតភ័យ
  ពួកទមិឡតក់ស្លុត ញ័រអស់ជើងដៃ គេពោលស្រដី
    ពាក្យដូច្នេះថា
  ពួកយើងទាំងអស់ នរណាអាចរស់ ជិតភ្លើងខ្លាំងក្លា
  ឬក្បែរគុកភ្លើង ឆេះខ្លាំងអស្ចារ្យ អស់កល្បយូរយារ
    តទៅជានិច្ច
១៥- មានតែអ្នកបាន ប្រព្រឹត្តតាមដាន មាគ៌ាសុចរិត
  និងអ្នកនិយាយ តែពាក្យដែលពិត ទើបអាចស្ថេរស្ថិត
    កៀកកិតនៅជាប់
  គឺអ្នកមិនធ្វើ ទៅតាមអំពើ ហិង្សាមិនគាប់
  ចង់រកកម្រៃ ប្រវ័ញ្ចគៃកិប មិនទទួលយក
    សំណូកទៀតផង
១៦- មនុស្សបែបនេះ នឹងបាននៅរស់ កន្លែងខ្ពស់ខ្ពង់
  មានថ្មរឹងមាំ ជ្រកកោនទៀតផង អាហារគ្រប់គ្រាន់
    ទាំងទឹកមិនខ្វះ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ អ្នកណាដើរតាមសេចក្តីសុចរិត ហើយ​និយាយ​តែសេចក្ដីពិត​ អ្នកនោះមានសុភមង្គលហើយ។

ទំនុកតម្កើងលេខ ៩៨

ព្រះអម្ចាស់វិនិច្ឆ័យទោស ដោយព្រះហឫទ័យមេត្តាករុណា

នៅក្នុងទំនុកតម្កើងមួយនេះ មានរៀបរាប់អំពីការយាងមកលើកដំបូងរបស់ព្រះអម្ចាស់
ហើយមានមនុស្សគ្រប់ជាតិសាសន៍ នឹងទទួលជឿលើព្រះអង្គ (សន្តអាថាណាស)។

បន្ទរទី៣ ៖ ចូរអបអរសាទរព្រះអម្ចាស់ ជាព្រះមហាក្សត្រ ! ។

១- ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! ដ្បិតព្រះអង្គបានប្រព្រឹត្តការអស្ចារ្យ
ព្រះអង្គយកជ័យជម្នះដោយឫទ្ធិបារមី និងព្រះចេស្តាដ៏វិសុទ្ធរបស់ព្រះអង្គ។
២-
ព្រះអម្ចាស់បានបង្ហាញការសង្គ្រោះរបស់ព្រះអង្គ
ព្រះអង្គបានសម្តែងឱ្យប្រជាជាតិនានា
ឃើញសេចក្តីសុចរិតរបស់ព្រះអង្គ។
៣-
ព្រះអង្គនៅតែសម្តែងព្រះហឫទ័យមេត្តាករុណា
និងព្រះហឫទ័យស្មោះស្ម័គ្រចំពោះកូនចៅអ៊ីស្រាអែលជានិច្ច។
មនុស្សម្នាដែលរស់នៅគ្រប់ទីដាច់ស្រយាលនៃផែនដី
បានឃើញការសង្គ្រោះនៃព្រះរបស់យើង។
៤-
មនុស្សនៅលើផែនដីទាំងមូលអើយ!
ចូរអបអរសាទរព្រះអម្ចាស់ដោយអំណរ!
ចូរស្រែកហ៊ោរយ៉ាងសប្បាយ ព្រមទាំងដេញតូរ្យតន្ត្រីផង!
៥-
ចូរដេញពិណថ្វាយព្រះអម្ចាស់ ចូរដេញយ៉ាងពីរោះថ្វាយព្រះអង្គ
៦-
ចូរផ្លុំត្រែ និងផ្លុំស្នែង ចូរអបអរសាទរព្រះអម្ចាស់ ជាព្រះមហាក្សត្រ!។
៧-
សមុទ្រ និងអ្វីដែលមានជីវិតនៅក្នុងសមុទ្រ
ផែនដី និងអ្វីៗដែលរស់នៅលើផែនដី ចូរនាំគ្នាបន្លឺសំឡេងយ៉ាងអឺងកង!
៨-
ទន្លេទាំងឡាយ ចូរអបអរសាទរ ភ្នំទាំងឡាយ ចូរស្រែកហ៊ោរព្រមៗគ្នាឡើង
៩-
នៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី
ព្រះអង្គនឹងគ្រប់គ្រងផែនដីដោយយុត្តិធម៌
ព្រះអង្គនឹងគ្រប់គ្រងប្រជាជនទាំងឡាយដោយទៀងត្រង់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរអបអរសាទរព្រះអម្ចាស់ ជាព្រះមហាក្សត្រ ! ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៧,៦.៨-៩)

ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចាត់​ទុក​អ្នក​ជា​ប្រជាជន​ដ៏‌វិសុទ្ធ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស‌រើស​អ្នក​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី ឲ្យ​ធ្វើជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់» ។ ព្រះ‌អង្គ​ជ្រើស‌រើស​អ្នក​រាល់​គ្នា មក​ពី​ព្រះ‌អង្គ​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​សព្វ​ព្រះ‌ហឫទ័យ​គោរព​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ ដើម្បី​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្វើជា​ទាស‌ករ ព្រះ‌អង្គ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីប។ ដូច្នេះ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​ប៉ុណ្ណោះ ដែល​ជា​ព្រះ​ដ៏​ពិត​ប្រាកដ។ ព្រះអង្គគោរព​តាម​សម្ពន្ធ‌មេត្រីរបស់​ព្រះ‌អង្គ ដោយ​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ហើយ​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ និង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

បន្ទរ៖ ព្រះ‌អម្ចាស់នឹងរំដោះទូលបង្គំ*ឲ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូល‌បង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «សុំ​កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​លុប​បំបាត់​គម្ពីរ‌វិន័យ ឬ​គម្ពីរ​ព្យាការីចោល​ឡើយ។ ខ្ញុំ​មិនមែន​មក​លុប​បំបាត់​ទេ គឺ​ខ្ញុំ​មក​ធ្វើឲ្យ​គម្ពីរ​មាន​អត្ថ‌ន័យ​ពេញ​លក្ខណៈ​ទៅ​វិញ» ។

ពាក្យអង្វរសកល

សូមលើកតម្កើងព្រះជាម្ចាស់ ដែលប្រទានការសង្រ្គោះមកមនុស្សលោក។ ព្រះអង្គបានចេញព្រះរាជបញ្ជាឱ្យមនុស្សត្រូវកើតជាថ្មីក្នុងព្រះអង្គ នៅពេលអ្វីៗទាំងអស់នឹងបង្កើតសាជាថ្មី។ ចូរយើងទូលសូមព្រះអង្គ ដោយមានទំនុកចិត្តថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូម​ប្រទាន​ចិត្ត​គំនិត​ថ្មីដ៏រឹងប៉ឹងមកយើងខ្ញុំផង !

បពិត្រព្រះអម្ចាស់ ! ព្រះអង្គមានព្រះបន្ទូលសន្យាអំពីផ្ទៃមេឃ និងផែនដីថ្មី
—តាមរយៈព្រះវិញ្ញាណព្រះអង្គ សូមឱ្យយើងខ្ញុំរីករាយនឹងព្រះវត្តមានព្រះអង្គនៅក្រុងយេរូសាឡឹម ឯស្ថានបរមសុខអស់កល្បជានិច្ចផង។ (បន្ទរ)

សូមជួយយើងខ្ញុំឱ្យប្រព្រឹត្តកិច្ចការរួមជាមួយព្រះអង្គ ដើម្បីធ្វើឱ្យពិភពលោកនេះមានជីវិត ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ
—និងកសាងផែនដីជាទីក្រុងនៃភាពយុត្តិធម៌ សេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត។ (បន្ទរ)

សូមព្រះអង្គរំដោះយើងខ្ញុំចេញពីការធ្វេសប្រហែស និងភាពខ្ជិលច្រអូស
—សូមប្រទានឱ្យយើងខ្ញុំមានអំណរសប្បាយ ក្នុងព្រះអំណោយទាននៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គមេត្តារំដោះយើងខ្ញុំឱ្យរួចពីមារកំណាច
—និងទាសករផ្លូវអារម្មណ៍ ដែលធ្វើឱ្យយើងខ្វាក់ភ្នែក មើលមិនឃើញសេចក្តីល្អ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះជាអម្ចាស់យើងខ្ញុំអើយ ! ក្នុងរដូវសែសិបថ្ងៃនេះ ព្រះអង្គចិញ្ចឹមយើងខ្ញុំដោយព្រះបន្ទូលរបស់ព្រះអង្គ និងបង្រៀនយើងខ្ញុំឲ្យចេះរួមរស់ជាមួយព្រះគ្រីស្ត។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំបម្រើព្រះអង្គដោយចិត្តស្មោះ និងរួមគ្នាអធិដ្ឋានជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។