២៣ កុម្ភៈ ២០២៦

Written on 31/12/2025
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី១ ថ្ងៃចន្ទ

សន្តប៉ូលីកាព ជាអភិបាល និងជាមរណសាក្សី

(បុណ្យរំឭកចាំបាច់)

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៥,២-១០.១២-១៣

ពាក្យ​អធិស្ឋាន​សូម​ព្រះជាម្ចាស់ការពារ

អស់​អ្នក​ដែល​បាន​ទទួល​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ក្នុងជីវិត នឹង​មាន​អំណរជា​រៀង​រហូត។

បន្ទរទី១៖ ឱព្រះអម្ចាស់អើយ ! នៅពេលព្រឹក ព្រះអង្គព្រះសណ្តាប់សំឡេង​របស់ទូលបង្គំ ទូល‌បង្គំផ្ចង់​ចិត្តគំនិត​ទៅ​រក​ព្រះ‌អង្គ។

ឱព្រះអម្ចាស់អើយ! សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ពាក្យរបស់ទូលបង្គំ!
សូមទ្រង់ព្រះសណ្តាប់សម្រែកដ៏ឈឺចាប់របស់ទូលបង្គំផង។

ឱព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃទូលបង្គំអើយ!
សូមយកព្រះហឫទ័យទុកដាក់នឹងសូរសម្រែករបស់ទូលបង្គំផង
ដ្បិតទូលបង្គំសូមអង្វរព្រះអង្គហើយ។

ឱព្រះអម្ចាស់អើយ! នៅពេលព្រឹក ព្រះអង្គសណ្តាប់សំឡេងរបស់ទូលបង្គំ
ទូលបង្គំចូលមកគាល់ ហើយនៅរង់ចាំព្រះអង្គតាំងពីព្រលឹម។

ព្រះអង្គមិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ
មនុស្សអាក្រក់ពុំអាចនៅក្បែរព្រះអង្គបានឡើយ

ព្រះអង្គមិនចង់ឃើញមនុស្សព្រហើនចូលមកជិតព្រះអង្គទេ
ព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងមនុស្សដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។

ព្រះអង្គនឹងធ្វើឱ្យពួកកុហកវិនាសសាបសូន្យ។
ព្រះអម្ចាស់ស្អប់ខ្ពើមអ្នកបង្ហូរឈាម និងអ្នកមានល្បិចកល។

រីឯទូលបង្គំវិញ ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គបាន
ដោយសារតែព្រះអង្គមានព្រះហឫទ័យសប្បុរសយ៉ាងខ្លាំងចំពោះទូលបង្គំ។
ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ
ដោយបែរមុខតម្រង់ទៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ទាំងគោរពកោតខ្លាច។

ឱព្រះអម្ចាស់អើយ! មានមនុស្សជាច្រើនចាំឃ្លាំមើលទូលបង្គំ
សូមដឹកនាំទូលបង្គំឱ្យធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ
សូមពង្រាបផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង។
១០
អ្នកទាំងនោះមានពាក្យសំដីមិនទៀងទេ គេគិតតែចង់បំផ្លិចបំផ្លាញ។
អណ្តាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើ
និងបង្កប់ទៅដោយពិសពុល ដើម្បីប្រហារជីវិត។
១១
រីឯអស់អ្នកជ្រកកោនក្រោមម្លប់បារមីព្រះអង្គ នឹងមានអំណរ
គេនឹងសប្បាយរីករាយរហូតតទៅ ហើយព្រះអង្គក៏នឹងរក្សាការពារគេដែរ។
អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ នឹងសប្បាយរីករាយយ៉ាងខ្លាំង
១៣
បពិត្រព្រះអម្ចាស់! ព្រះអង្គតែងតែប្រទានពរឱ្យមនុស្សសុចរិត
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រៀបបានទៅនឹងខែលការពារគេ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! នៅពេលព្រឹក ព្រះអង្គព្រះសណ្តាប់សំឡេង​របស់ទូលបង្គំ ទូល‌បង្គំផ្ចង់​ចិត្តគំនិត​ទៅ​រក​ព្រះ‌អង្គ។

បទលើកតម្កើងតាមគម្ពីររបាក្សត្រទី១ (១របា ២៩,១០-១៣)

ដ្បិត​ព្រះជាម្ចាស់តែមួយព្រះអង្គគត់ ដែល​មាន​កិត្តិយស និង​សិរីរុងរឿង

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង (អេភេសូ ១,៣)។

បន្ទរទី២ ៖ ឱ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើងខ្ញុំ ! យើងខ្ញុំសូម​សរសើរតម្កើងសិរី‌រុងរឿង​នៃ​ព្រះ‌នាម​ព្រះអង្គ។

(បទកាកគតិ)

១០- ឥឡូវនេះខ្ញុំ មានបំណងធំ ចង់ចងសម្ពន្ធ
  មេត្រីជាមួយ ព្រះអង្គបន្ទាន់ ជាព្រះនៃជន
    ជាតិអ៊ីស្រាអែល
  ខ្ញុំសូមអង្វរ ព្រះម្ចាស់បវរ បារមីក្រាស់ក្រែល
  សូមទ្រង់ពង្វាង ព្រះពិរោធដែល គ្រប់គ្រងក្រវែល
    លើយើងគ្រប់គ្នា
១១- ពេលនេះកូនចៅ ទាំងអស់គ្នាត្រូវ ឈប់ធ្វើខ្ជីខ្ជា
  ដ្បិតព្រះអម្ចាស់ ជ្រើសអ្នករាល់គ្នា បំពេញមុខងារ
    បម្រើព្រះអង្គ
  ទ្រង់សព្វព្រះទ័យ លើអ្នកពេកក្រៃ ឈរពីមុខទ្រង់
  បម្រើកិច្ចការ តាមព្រះបំណង គ្រឿងក្រអូបផង
    ដាក់ថ្វាយគ្មានទាស់
១២- ពេលនោះកូនចៅ លេវីមិននៅ ក្រោកឡើងទាំងអស់
  ជម្រះដំណាក់ វិសុទ្ធឥតទាស់ ថែមទាំងជម្រះ
    ខ្លួនពួកគេផង
១៣- អំបូរទាំងអស់ គ្មានសល់ម្នាក់សោះ គ្រប់គ្នាតែម្តង
  គេបានញែកខ្លួន ឱ្យអស់សៅហ្មង វិសុទ្ធផូរផង់
    តាមបញ្ជាស្តេច
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ឱព្រះ‌អម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ! យើងខ្ញុំសូមសរសើរតម្កើងសិរី‌រុងរឿងនៃព្រះ‌នាមព្រះអង្គ។

ទំនុកតម្កើងលេខ ២៩

ចូរលើកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសាធារណៈ

ពេលនោះ មានព្រះសូរសៀងពីលើមេឃមកថាៈ “នេះជាបុត្រដ៏ជាទី​ស្រឡាញ់​របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!” (មថ ៣,១៧)។

បន្ទរទី៣ ៖ ចូរគោរពថ្វាយបង្គំព្រះអម្ចាស់ នៅក្នុងទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។

ពួកទេវទូតអើយ! ចូរនាំគ្នាតម្កើងព្រះអម្ចាស់!
ចូរលើកតម្កើងសិរីរុងរឿង និងតេជានុភាពរបស់ព្រះអម្ចាស់។

ចូរលើកតម្កើងព្រះនាមដ៏រុងរឿងរបស់ព្រះអម្ចាស់
ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ!។

ព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងនៅពីលើផ្ទៃទឹក
ព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង ធ្វើឱ្យផ្គរលាន់ឮឡើង
ព្រះអម្ចាស់គង់នៅពីលើមហាសាគរ។

ព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងប្រកបដោយឫទ្ធានុភាព
ព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើង

ព្រះសូរសៀងរបស់ព្រះអម្ចាស់ធ្វើឱ្យបាក់ដើមឈើធំៗ
ព្រះអម្ចាស់បំបាក់ដើមឈើធំៗនៅភ្នំលីបង់។

ព្រះអង្គធ្វើឱ្យភ្នំលីបង់លោតដូចកូនគោ
ព្រះអង្គធ្វើឱ្យភ្នំស៊ីរីយ៉ូនលោតដូចកូនក្របី។

ព្រះសូរសៀងរបស់ព្រះអម្ចាស់ធ្វើឱ្យមានរន្ទះលេចចេញមក។

ព្រះសូរសៀងរបស់ព្រះអម្ចាស់ធ្វើឱ្យវាលរហោស្ថានកក្រើក
ព្រះអម្ចាស់ធ្វើឱ្យវាលរហោស្ថានកាដែសរញ្ជួយ។

ព្រះសូរសៀងរបស់ព្រះអម្ចាស់អង្រួនក្តាន់ញីកំពុងកើតកូន
និងធ្វើឱ្យព្រៃឈើជ្រុះស្លឹកអស់។
ពេលនោះមនុស្សទាំងអស់ស្រែកឡើងក្នុងព្រះវិហារថា
“សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់!”។
១០
ព្រះអម្ចាស់គ្រប់គ្រងលើទឹកជំនន់ដ៏ធំ
ព្រះអម្ចាស់ជាព្រះមហាក្សត្រគ្រប់គ្រងរហូតតរៀងទៅ
១១
ព្រះអម្ចាស់ប្រទានឫទ្ធានុភាពឱ្យប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអម្ចាស់ប្រទានពរឱ្យប្រជារាស្ត្ររបស់ព្រះអង្គមានសន្តិភាព។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរគោរពថ្វាយបង្គំព្រះអម្ចាស់ នៅក្នុងទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (សរ ១៩,៤-៦ក)

អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុ‌ការណ៍ ដែល​យើង​ធ្វើចំពោះ​ជន​ជាតិ​អេស៊ីប ហើយ​យើង​បាន​នាំ​អ្នក​រាល់​គ្នា ដូច​ជា​សត្វ​ឥន្ទ្រី​ដាក់​កូន​នៅ​លើ​ខ្នង​វា មក​រក​យើង។ ឥឡូវ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ពាក្យ​របស់​យើង ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​សម្ពន្ធ‌មេត្រី​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង​ផ្ទាល់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ដ្បិត​ផែន‌ដី​ទាំង​មូល​ជា​កម្ម‌សិទ្ធិ​របស់​យើង។ យើង​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អាណា‌ចក្រ​បូជា‌ចារ្យ ហើយ​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជាតិ​ដ៏‌វិសុទ្ធ។

បន្ទរ ៖ ព្រះ‌អម្ចាស់នឹងរំដោះទូលបង្គំ*ឲ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូល‌បង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ "ខ្ញុំបម្រើព្រះគ្រីស្តប៉ែតសិបប្រាំមួយឆ្នាំហើយ ! ព្រះអង្គមិនដែលធ្វើទោសខ្ញុំទេ ! តើខ្ញុំប្រមាថព្រះសង្គ្រោះ និងព្រះមហាក្សត្ររបស់ខ្ញុំដូចម្តេចបាន?” ។

ពាក្យអង្វរសកល

សូមកោតសរសើរព្រះយេស៊ូជាព្រះសង្រ្គោះនៃយើង ដោយសារព្រះអង្គបានសោយទិវង្គត ទ្រង់បានបើកផ្លូវនៃការសង្រ្គោះឱ្យយើងខ្ញុំ។ យើងខ្ញុំសូមទូលព្រះអង្គថា ៖

បន្ទរ៖ ឱព្រះជាម្ចាស់អើយ ! សូមព្រះអង្គដឹកនាំប្រជារាស្រ្តព្រះអង្គ ឱ្យដើរតាមមាគ៌ារបស់ព្រះអង្គផង !

ឱព្រះជាម្ចាស់ដ៏មានធម៌មេត្តាករុណា ! តាមរយៈអគ្គសញ្ញាជ្រមុជទឹក ព្រះអង្គបានប្រទានជីវិតថ្មីឱ្យយើងខ្ញុំ
—សូមព្រះអង្គប្រោសឱ្យយើងខ្ញុំបានដូចជាព្រះអង្គពីមួយថ្ងៃទៅមួយថ្ងៃ។ (បន្ទរ)

សូមឱ្យចិត្តសប្បុរសរបស់យើងខ្ញុំ នាំអំណរសប្បាយទៅដល់អស់អ្នកដែលត្រូវការនៅថ្ងៃនេះ
—សូមឱ្យយើងរកឃើញព្រះអង្គ តាមរយៈការជួយដល់ពួកគេផង។ (បន្ទរ)

សូមជួយយើងខ្ញុំឱ្យធ្វើអ្វីដែលល្អ ត្រឹមត្រូវ និងសេចក្តីពិតនៅក្បែរព្រះអង្គ
—ហើយស្វែងរកព្រះអង្គជានិច្ច ជាមួយនឹងបេះដូងដែលមិនអាចបំបែកចេញពីគ្នាបាន។ (បន្ទរ)

សូមព្រះអង្គលើកលែងទោសបាបរបស់យើងខ្ញុំ ដែលប្រឆាំងទាស់នឹងការរួបរួមនៃក្រុមគ្រួសារព្រះអង្គ
—សូមប្រោសឱ្យយើងខ្ញុំមានចិត្តគំនិតតែមួយផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដែលបង្កើតអ្វីៗទាំងអស់ ! ព្រះអង្គប្រោសឱ្យសន្តប៉ូលីកាព មានកិត្តិយសចូលរួមក្នុងក្រុមមរណសាក្សី។ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យចូលរួមក្នុងទុក្ខលំបាករបស់ព្រះគ្រីស្ត ដើម្បីឱ្យយើងខ្ញុំរស់ឡើងវិញក្នុងជីវិតអស់កល្បជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។