រដូវធម្មតា សប្ដាហ៍ទី៥ ថ្ងៃពុធ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរយើងក្រាបនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៣៦
អំពើទុច្ចរិតរបស់មនុស្សបាប និងសេចក្ដីសុចរិតរបស់ព្រះអម្ចាស់
អ្នកណាមកតាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងសេចក្តីងងឹតឡើយ
គឺគេមានពន្លឺនាំគេទៅកាន់ជីវិត (យហ ៨,១២)។
បន្ទរទី១ ៖ បពិត្រព្រះជាម្ចាស់ ! យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
| ២ | ខ្ញុំនឹកឃើញពាក្យរបស់ជនពាល ដែលនិយាយក្នុងពេលបះបោរថា “មិនបាច់គោរពកោតខ្លាចព្រះអម្ចាស់ទេ”។ |
| ៣ | គេបញ្ចើចបញ្ចើលើកតម្កើងខ្លួនឯងខ្លាំងពេក រហូតមិនអាចទទួលស្គាល់ថា ខ្លួនមានកំហុសគួរឱ្យស្អប់នោះឡើយ។ |
| ៤ | គេពោលសុទ្ធតែពាក្យកុហកបោកប្រាស គេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។ |
| ៥ | សូម្បីតែនៅពេលដេក ក៏គេគិតតែពីគម្រោងការនៃការធ្វើអំពើអាក្រក់ដែរ គេមានចិត្តមានៈ ដើរក្នុងផ្លូវមិនល្អ គេមិនព្រមបោះបង់អំពើអាក្រក់ឡើយ។ |
| ៦ | បពិត្រព្រះអម្ចាស់! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។ |
| ៧ | ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ មានកម្ពស់ដូចភ្នំដ៏ខ្ពស់បំផុត ព្រះតម្រិះរបស់ព្រះអង្គជ្រៅដូចមហាសាគរ។ បពិត្រព្រះអម្ចាស់! ព្រះអង្គសង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។ |
| ៨ | បពិត្រព្រះជាម្ចាស់! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គមានតម្លៃដ៏លើសលប់បំផុត! មនុស្សលោកមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ |
| ៩ | ព្រះអង្គប្រទានអាហារយ៉ាងបរិបូណ៌ឱ្យមនុស្សលោក ពីព្រះដំណាក់របស់ព្រះអង្គ ព្រះអង្គប្រទានឱ្យគេមានអំណរសប្បាយដ៏ហូរហៀរដូចទឹកទន្លេ។ |
| ១០ | ដ្បិតព្រះអង្គជាប្រភពនៃជីវិត យើងខ្ញុំមើលឃើញពន្លឺដោយសារពន្លឺរបស់ព្រះអង្គ។ |
| ១១ | សូមសម្តែងព្រះហឫទ័យមេត្តាករុណា ចំពោះអស់អ្នកដែលស្គាល់ព្រះអង្គតទៅទៀត សូមសម្តែងព្រះហឫទ័យសុចរិត ចំពោះអស់អ្នកដែលមានចិត្តទៀងត្រង់។ |
| ១២ | សូមកុំឱ្យមនុស្សព្រហើនកោងកាច មកវាយប្រហារទូលបង្គំបានឡើយ កុំឱ្យមនុស្សពាលមកបណ្តេញទូលបង្គំបានដែរ! |
| ១៣ | មនុស្សប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវបរាជ័យនៅទីនេះ ពួកគេត្រូវដួល ងើបឡើងវិញពុំរួចឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ បពិត្រព្រះជាម្ចាស់ ! យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
បទលើកតម្កើងតាមនាងយូឌីត (យឌ ១៦,១.១៣-១៥)
ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក ព្រះអង្គការពារប្រជាជនរបស់ព្រះអង្គ
គេនាំគ្នាច្រៀងបទចម្រៀងថ្មី (វវ ៥,៩)។
បន្ទរទី២ ៖ បពិត្រព្រះអម្ចាស់ ! ព្រះអង្គពិតជាប្រសើរឧត្ដុង្គឧត្ដម ប្រកបដោយសិរីរុងរឿងមែន ! ព្រះអង្គមានឫទ្ធិបារមីខ្លាំងអស្ចារ្យលើសអ្វីៗទាំងអស់។
(បទកាកគតិ)
| ១- | ចូរអ្នករាល់គ្នា | បង្គំវន្ទា | ច្រៀងរាំទូលថ្វាយ |
| ព្រះជាអម្ចាស់ | ប្រគុំភ្លេងខ្លុយ | ឈឹងស្គរអោនកាយ | |
| សរសើរតម្កើង | ។ | ||
| ១៣- | ខ្ញុំនឹងច្រៀងបទ | ថ្មីហើយវិសុទ្ធ | ថ្វាយព្រះថ្កើងថ្កាន |
| ព្រះអង្គពិតជា | ប្រសើរហួសស្មាន | បារមីចំណាន | |
| ខ្លាំងក្លាអស្ចារ្យ | ។ | ||
| ១៤- | សូមឱ្យសត្វលោក | ក្នុងទឹកលើគោក | កុំនៅសោកា |
| សុខចិត្តបម្រើ | ព្រះមានចេស្តា | ឥតមាននរណា | |
| ជំទាស់បានឡើយ | ។ | ||
| ១៥- | ពេលទ្រង់យាងមក | ភ្នំក៏កក្រើក | រង្គើអស់ហើយ |
| ធ្លាក់ក្នុងសមុទ្រ | នៅមិនបានឡើយ | ទោះថ្មក៏ដោយ | |
| ក៏ត្រូវអន្តរាយ | ។ | ||
| ប៉ុន្តែព្រះម្ចាស់ | តែងតែសន្តោស | អាណិតពេកក្រៃ | |
| អាសូរដល់រាស្ត្រ | អ្នកទាបក្រក្រី | គោរពរាល់ថ្ងៃ | |
| កោតខ្លាចព្រះអង្គ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! ព្រះអង្គពិតជាប្រសើរឧត្ដុង្គឧត្ដម ប្រកបដោយសិរីរុងរឿងមែន ! ព្រះអង្គមានឫទ្ធិបារមីខ្លាំងអស្ចារ្យលើសអ្វីៗទាំងអស់។
ទំនុកតម្កើងលេខ ៤៧
ព្រះអម្ចាស់ជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គគង់នៅខាងស្តាំព្រះបិតា ហើយគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
បន្ទរទី៣ ៖ ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !
| ២ | ប្រជាជនទាំងឡាយអើយ ! ចូរទះដៃអបអរសាទរ ! ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ ! |
| ៣ | ដ្បិតព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គជាទីកោតស្ញប់ស្ញែងក្រៃលែង ព្រះអង្គជាព្រះមហាក្សត្រដ៏ឧត្តម ដែលគ្រងរាជ្យលើផែនដីទាំងមូល។ |
| ៤ | ព្រះអង្គបង្ក្រាបជាតិសាសន៍នានា ឱ្យមកជាចំណុះរបស់យើង ព្រះអង្គដាក់ប្រជាជាតិនានា ឱ្យស្ថិតនៅក្រោមអំណាចរបស់យើងដែរ។ |
| ៥ | ព្រះអង្គជ្រើសរើសទឹកដីឱ្យយើងទុកជាមត៌ក ធ្វើឱ្យយើងខ្ពស់មុខក្រៃលែង គឺយើងជាពូជពង្សលោកយ៉ាកុបដែលព្រះអង្គស្រឡាញ់។ |
| ៦ | ព្រះជាម្ចាស់យាងឡើងក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ ព្រះអម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។ |
| ៧ | ចូរនាំគ្នាស្មូតទំនុកតម្កើងថ្វាយព្រះជាម្ចាស់ ! ចូរនាំគ្នាស្មូតទំនុកតម្កើងថ្វាយព្រះមហាក្សត្រនៃយើង ! |
| ៨ | ដ្បិតព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃផែនដីទាំងមូល ចូរនាំគ្នាស្មូតកំណាព្យថ្វាយព្រះអង្គ!។ |
| ៩ | ព្រះជាម្ចាស់គ្រងរាជ្យលើប្រជាជាតិនានា ព្រះអង្គគង់នៅលើបល្ល័ង្កដ៏វិសុទ្ធ។ |
| ១០ | អ្នកដឹកនាំរបស់ប្រជាជាតិនានា មកជួបជុំគ្នាជាមួយប្រជាជននៃព្រះរបស់លោកអប្រាហាំ ដ្បិតព្រះមហាក្សត្រនៃផែនដីទាំងមូល ស្ថិតនៅក្រោមអំណាចរបស់ព្រះជាម្ចាស់ ព្រះអង្គយាងឡើងលើសអ្វីៗទាំងអស់!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (តប ៤,១៥ក.១៦ក.១៨ក.១៩ក)
អ្វីៗដែលកូនមិនចូលចិត្ត ចូរកូនកុំធ្វើការនោះលើអ្នកដទៃឱ្យសោះ! ចូរចែកអាហាររបស់កូនដល់អ្នកដែលឃ្លាន និងចែកសំលៀកបំពាក់ដល់អ្នកដែលគ្មានផង។ ចូរសួរយោបល់ពីអ្នកប្រាជ្ញ។ ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នកគ្រប់កាលៈទេសៈ ចូរទូលអង្វរព្រះអង្គឱ្យតម្រង់ផ្លូវកូន និងប្រោសឱ្យកូនបានសម្រេចគ្រប់កិច្ចការ គ្រប់គម្រោងការរបស់កូន។
បន្ទរ៖ សូមទាក់ទាញចិត្តទូលបង្គំ *ឱ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
-ហើយឱ្យទូលបង្គំមានជីវិតរស់នៅតាមមាគ៌ារបស់ព្រះអង្គ!។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសរបស់យើង ហើយគោរពតាមសម្ពន្ធមេត្រីដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ។
ពាក្យអង្វរសកល
យើងខ្ញុំសូមអរព្រះគុណព្រះគ្រីស្ត និងសូមលើកតម្កើងព្រះអង្គ។ ដ្បិតព្រះអង្គបានប្រោសយើងឱ្យបានវិសុទ្ធ និងហៅយើងថាជាបងប្អូនរបស់ព្រះអង្គ។
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គជួយបងប្អូនយើងខ្ញុំ ឱ្យបានរីកចម្រើនឡើងក្នុងភាពដ៏វិសុទ្ធផង។
ដោយរួមចិត្តគំនិតគ្នាតែមួយ យើងខ្ញុំសូមឧទ្ទិសដល់ថ្ងៃចាប់ផ្តើមថ្មីនេះ ដើម្បីលើកតម្កើងព្រះកិត្តិនាមព្រះអង្គដែលមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង
—សូមឱ្យកិច្ចការដែលយើងខ្ញុំប្រព្រឹត្តពេញមួយថ្ងៃនេះ បានគាប់ព្រះហឫទ័យព្រះអង្គផង។ (បន្ទរ)
ថ្ងៃនីមួយៗសម្តែងនូវសេចក្តីស្រឡាញ់របស់ព្រះអង្គ ដើម្បីជាប្រយោជន៍ដល់សុភមង្គល និងសុខមាលភាពរបស់យើងខ្ញុំ
—សូមឱ្យយើងខ្ញុំបន្តលើកតម្កើងសិរីរុងរឿងព្រះអង្គជារៀងរាល់ថ្ងៃផង។ (បន្ទរ)
នៅថ្ងៃនេះ សូមព្រះអង្គបង្រៀនយើងខ្ញុំឱ្យចេះទទួលស្គាល់វត្តមានរបស់ព្រះអង្គនៅក្នុងមនុស្សទាំងអស់
—ជាពិសេសអ្នកក្រីក្រ និងអស់អ្នកដែលរងទុក្ខលំបាកផង។ (បន្ទរ)
នៅថ្ងៃនេះ សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំរស់នៅក្នុងសេចក្តីសុខសាន្តជាមួយមនុស្សទាំងអស់
—ដោយមិនប្រព្រឹត្តអំពើអាក្រក់តបនឹងសេចក្តីអាក្រក់ឡើយ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ ជាព្រះសង្រ្គោះ ! សូមព្រះអង្គសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំនៅព្រឹកនេះ។ សូមព្រះអង្គជួយយើងខ្ញុំឱ្យរស់នៅក្នុងពន្លឺ និងសេចក្តីពិតនៅក្នុងព្រះអង្គ។ យើងខ្ញុំបានកើតម្តងទៀត ជាបុត្រធីតានៃពន្លឺ សូមឱ្យយើងខ្ញុំធ្វើជាសាក្សីរបស់ព្រះអង្គនៅចំពោះមុខមនុស្សទាំងអស់ផង។ ព្រះអង្គដែលគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

