រដូវធម្មតា សប្ដាហ៍ទី៥ ថ្ងៃអង្គារ
សន្តីស្កូឡាស្ទិក ជាព្រហ្មចារិនី
(បុណ្យរំឭកចាំបាច់)
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអម្ចាស់ ដ្បិតព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ២៤
ព្រះអម្ចាស់យាងចូលក្នុងព្រះវិហាររបស់ព្រះអង្គ
ទ្វារនៃផ្ទៃមេឃបើកចំហរ នៅចំពោះព្រះភក្ត្រព្រះគ្រីស្ត ដែលយាងឡើងស្ថានបរមសុខ (សន្តអ៊ីរេណេ)។
បន្ទរទី១ ៖ អ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធ នឹងឡើងទៅលើភ្នំរបស់ព្រះអម្ចាស់។
| ១ | ផែនដី និងអ្វីៗសព្វសារពើ សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ! |
| ២ | គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីសមុទ្រ ហើយធ្វើឱ្យផែនដីស្ថិតនៅយ៉ាងរឹងប៉ឹងពីលើជម្រៅទឹក។ |
| ៣ | តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន? តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន? |
| ៤ | គឺអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធ ទើបឡើងទៅបាន ជាអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ និងមិននិយាយស្បថបំពាន។ |
| ៥ | ព្រះអម្ចាស់នឹងប្រទានពរដល់គេ ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះនឹងប្រោសគេឱ្យបានសុចរិតដែរ។ |
| ៦ | គឺអ្នកទាំងនេះហើយ ជាប្រជារាស្ត្រដែលស្វែងរកព្រះអង្គ ជាអ្នកស្វែងរកព្រះភក្ត្រព្រះរបស់លោកយ៉ាកុប។ |
| ៧ | ឱទ្វារទាំងឡាយអើយ! ចូរបើកចំហរ! ក្លោងទ្វារដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ! ចូរចំហរឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក! |
| ៨ | តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា? គឺព្រះអម្ចាស់ប្រកបដោយព្រះចេស្តាដ៏ខ្លាំងពូកែ ព្រះអម្ចាស់ជាអ្នកចំបាំងដ៏អង់អាច។ គឺព្រះអង្គហើយដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។ |
| ៩ | ទ្វារទាំងឡាយអើយ! ចូរបើកចំហ! ក្លោងទ្វារដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ! ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក! |
| ១០ | តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា? ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ អ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធ នឹងឡើងទៅលើភ្នំរបស់ព្រះអម្ចាស់។
បទលើកតម្កើងតាមលោកតូប៊ីត (តប ១៣,១-៥ខ.៧-៨)
ព្រះជាម្ចាស់ដាក់ទោស ហើយក៏សង្រ្គោះផងដែរ
សូមសរសើរតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ដ ជាព្រះអម្ចាស់នៃយើង!
ព្រះជាម្ចាស់បានប្រោសយើងឱ្យកើតជាថ្មី ស្របតាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ (១សល ១,៣)។
បន្ទរទី២ ៖ ការអ្វីក៏ដោយដែលបងប្អូនធ្វើ ចូរកោតសរសើរព្រះមហាក្សត្រអស់កល្បជាអង្វែងតរៀងទៅ។
(បទកាកគតិ)
| ២- | សូមលើកតម្កើង | សិរីរុងរឿង | របស់ព្រះម្ចាស់ |
| ដែលមានព្រះជន្ម | គង់នៅយ៉ាងច្បាស់ | កោតសរសើរណាស់ | |
| អស់កល្បជានិច្ច | ។ | ||
| ព្រះអង្គធ្វើឱ្យ | មនុស្សស្លាប់ទៅហើយ | ចុះស្ថានមច្ចុរាជ | |
| ក្រោយមកព្រះអង្គ | ប្រោសឱ្យបានរួច | គ្មានអ្វីដែលអាច | |
| គេចពីបារមី | ។ | ||
| ៣- | អ៊ីស្រាអែលអើយ | កុំនៅកន្តើយ | តម្កើងរាល់ថ្ងៃ |
| នៅមុខជនជាតិ | ផ្សេងៗទាំងឡាយ | ដែលទ្រង់កម្ចាយ | |
| ឱ្យអ្នកទៅនៅ | ។ | ||
| ៤- | នៅទីនោះឯង | ព្រះអង្គសម្តែង | មិនមានអាស្រូវ |
| ឫទ្ធាបារមី | មានច្រើនពេកកូវ | ទ្រង់សម្តែងនៅ | |
| មុខអស់សត្វលោក | ។ | ||
| ព្រះអង្គពិតជា | ព្រះយើងរាល់គ្នា | អង្វែងរៀងមក | |
| ជាព្រះបិតា | តែមួយលើលោក | ពីនេះទៅមុខ | |
| អស់កល្បតទៅ | ។ | ||
| ៥- | ព្រះអង្គបានដាក់ | ទោសដល់ពួកអ្នក | ជារឿងត្រឹមត្រូវ |
| ព្រោះអ្នករាល់គ្នា | បានប្រព្រឹត្តនូវ | អំពើអាស្រូវ | |
| អាក្រក់អប្រីយ៍ | ។ | ||
| ប៉ុន្តែព្រះអង្គ | ទ្រង់មិនបោះបង់ | តែងតែប្រណី | |
| អាណិតអាសូរ | ប្រជាប្រុសស្រី | ទ្រង់នាំវិលវៃ | |
| ឥតបីខ្ចាត់ខ្ចាយ | ។ | ||
| ៧- | ឥឡូវពេលនេះ | ចូរគិតត្រិះរិះ | អំពីកិច្ចការ |
| ព្រះអង្គប្រព្រឹត្ត | ដល់អ្នករាល់គ្នា | តម្កើងកុំរា | |
| ឱ្យពេញទំហឹង | ។ | ||
| សូមលើកតម្កើង | កុំធ្វើឆ្មៃឆ្មើង | ថ្កើងទាំងរំពឹង | |
| ដែលទ្រង់ប្រព្រឹត្ត | យុត្តិធម៌ត្រចង់ | ចូរកោតព្រះអង្គ | |
| អស់កល្បវែងឆ្ងាយ | ។ | ||
| ៨- | រីឯខ្ញុំវិញ | ខ្ញុំឃ្លាតចាកចេញ | ពីដែនបុរី |
| ហើយបានមករស់ | នៅលើទឹកដី | ពួកខ្មាំងអប្រីយ៍ | |
| ក៏មិនភ្លេចដែរ | ។ | ||
| ខ្ញុំបង្ហាញប្រាប់ | ឱ្យអស់អ្នកបាប | ស្គាល់ជាហូរហែ | |
| ថាព្រះអង្គមាន | ឫទ្ធាពូកែ | បារមីគ្មានប្រែ | |
| ខ្លាំងក្លាឧត្តម | ។ | ||
| ឱអស់អ្នកបាប | កាន់ចិត្តសុភាព | វិលមកជួបជុំ | |
| ប្រព្រឹត្តសុចរិត | កុំនៅសំងំ | ទ្រង់នឹងថ្នាក់ថ្នម | |
| មេត្តាប្រណី | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ការអ្វីក៏ដោយដែលបងប្អូនធ្វើ ចូរកោតសរសើរព្រះមហាក្សត្រ អស់កល្បជាអង្វែងតរៀងទៅ។
ទំនុកតម្កើងលេខ ៣៣
ចម្រៀងកោតសរសើរព្រះជាម្ចាស់ ដែលបានការពារថែរក្សា
អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល (យហ ១,៣)។
បន្ទរទី៣ ៖ មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ដែលអាចកោតសរសើរព្រះអម្ចាស់។
| ១ | មនុស្សសុចរិតអើយ! ចូរនាំគ្នាអបអរសាទរលើកតម្កើងព្រះអម្ចាស់! មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ដែលគួរនឹងកោតសរសើរព្រះអង្គ។ |
| ២ | ចូរដេញពិណលើកតម្កើងព្រះអម្ចាស់ ចូរលេងចាប៉ីខ្សែដប់ថ្វាយព្រះអង្គផង។ |
| ៣ | ចូរច្រៀងបទថ្មីថ្វាយព្រះអង្គ! ចូរប្រគុំតន្ត្រីយ៉ាងពីរោះក្នុងពេលអបអរសាទរព្រះអង្គ |
| ៤ | ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងទៀងត្រង់ ព្រះអង្គតែងតែប្រព្រឹត្តតាមព្រះបន្ទូលសន្យាជានិច្ច។ |
| ៥ | ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្តីសុចរិត ព្រមទាំងសេចក្តីយុត្តិធម៌ ផែនដីទាំងមូលសម្តែងអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់។ |
| ៦ | ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយហ្វូងផ្កាយទាំងអស់នៅលើមេឃ ក៏កើតឡើងដោយសារព្រះបញ្ជារបស់ព្រះអង្គដែរ |
| ៧ | ព្រះអង្គបានធ្វើឱ្យទឹកសមុទ្រមកផ្តុំគ្នា ព្រះអង្គបង្ឃាំងមហាសមុទ្រឱ្យនៅមួយកន្លែង |
| ៨ | ចូរឱ្យផែនដីទាំងមូលគោរពកោតខ្លាចព្រះអម្ចាស់ ចូរឱ្យមនុស្សទាំងអស់លើផែនដីស្ញែងខ្លាចព្រះអង្គ! |
| ៩ | ដ្បិតពេលព្រះអង្គមានព្រះបន្ទូល អ្វីៗក៏កើតមានឡើងភ្លាម ព្រះអង្គបង្គាប់យ៉ាងណាក៏កើតមានយ៉ាងនោះ។ |
| ១០ | ព្រះអម្ចាស់បំបែកផែនការរបស់ប្រជាជាតិនានា! ព្រះអង្គរំលាយគម្រោងការរបស់ប្រជាជនទាំងឡាយ។ |
| ១១ | រីឯផែនការរបស់ព្រះអង្គវិញ នៅស្ថិតស្ថេររហូតតរៀងទៅ គម្រោងការរបស់ព្រះអង្គក៏នៅស្ថិតស្ថេរអស់កល្បជានិច្ចដែរ។ |
| ១២ | ប្រជាជាតិដែលគោរពបម្រើព្រះអម្ចាស់ ទុកជាព្រះរបស់ខ្លួនមានសុភមង្គលហើយ! ប្រជាជនដែលព្រះអង្គបានជ្រើសរើស ទុកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ មានសុភមង្គលហើយ!។ |
| ១៣ | ព្រះអម្ចាស់ទតពីស្ថានបរមសុខមក ព្រះអង្គទតឃើញមនុស្សលោកទាំងអស់ |
| ១៤ | ពីព្រះដំណាក់របស់ព្រះអង្គ ព្រះអង្គរំពៃមើលមនុស្សទាំងអស់ ដែលរស់នៅលើផែនដី |
| ១៥ | គឺព្រះអង្គហើយដែលបានបង្កើតចិត្តគំនិតគេម្នាក់ៗដូចគ្នា ព្រះអង្គពិនិត្យមើលអំពើទាំងអស់ដែលគេប្រព្រឹត្ត។ |
| ១៦ | ពុំដែលមានស្តេចណាយកជ័យជម្នះបាន ដោយសារកងទ័ពដ៏ខ្លាំងពូកែនោះឡើយ ក៏ពុំដែលមានវីរបុរសណាវាយឈ្នះ ដោយសារកម្លាំងខ្លាំងក្លារបស់ខ្លួននោះដែរ។ |
| ១៧ | សេះចម្បាំងពុំអាចធ្វើឱ្យមានជ័យជម្នះបានឡើយ ទោះបីវាខ្លាំងយ៉ាងណាក៏ដោយ ក៏ពុំអាចសង្គ្រោះគេបានដែរ។ |
| ១៨ | ព្រះអម្ចាស់តាមថែរក្សាអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ គឺអស់អ្នកដែលពឹងផ្អែកលើព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ |
| ១៩ | ព្រះអង្គសង្គ្រោះគេឱ្យរួចពីសេចក្តីស្លាប់ ហើយគេបានរួចជីវិតនៅគ្រាមានទុរ្ភិក្ស។ |
| ២០ | យើងផ្ញើជីវិតលើព្រះអម្ចាស់ ព្រះអង្គជាខែលដែលសង្គ្រោះ និងការពារយើង |
| ២១ | យើងមានអំណរព្រោះតែព្រះអង្គ យើងទុកចិត្តលើព្រះនាមដ៏វិសុទ្ធបំផុតរបស់ព្រះអង្គ។ |
| ២២ | ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើយើងខ្ញុំផង ព្រោះយើងខ្ញុំផ្ញើជីវិតលើព្រះអង្គហើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ដែលអាចកោតសរសើរព្រះអម្ចាស់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១៣,១១ខ.១២-១៣ក)
ដល់ពេលយើងត្រូវក្រោកពីដេក ដ្បិតឥឡូវនេះការសង្គ្រោះខិតមកជិតយើង ជាងកាលយើងទើបនឹងជឿ។ យប់ជិតផុតហើយ ហើយថ្ងៃក៏ជិតដល់ដែរ ដូច្នេះ យើងត្រូវលះបង់អំពើនៃសេចក្តីងងឹតចោលទៅ ហើយប្រដាប់ខ្លួនដោយគ្រឿងសាស្ត្រាវុធនៃពន្លឺវិញ។ ត្រូវរស់នៅឱ្យបានត្រឹមត្រូវដូចរស់នៅក្នុងពេលថ្ងៃ។
បន្ទរ៖ ព្រះអង្គគង់នៅជាមួយទូលបង្គំ *ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ។ បន្ទរឡើងវិញ៖…
-ព្រះអង្គជាជម្រករបស់ទូលបង្គំ ហើយប្រទានឱ្យទូលបង្គំមានសេរីភាព។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ឥឡូវនេះ នាងព្រហ្មចារិនីឈ្លាសវៃរូបនេះ បានទៅឯព្រះគ្រីស្តហើយ។ ក្នុងចំណោមព្រហ្មចារិនីឯទៀតៗ នាងប្រៀបដូចជារស្មីនៃព្រះអាទិត្យនៅស្ថានបរមសុខ។
ពាក្យអង្វរសកល
យើងខ្ញុំជាគ្រីស្តបរិស័ទចែករំលែកព្រះជន្មរបស់ព្រះជាម្ចាស់។ យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្តជាមហាបូជាចារ្យ ដោយសម្រែកនៃអំណរសប្បាយថា ៖
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់យើងខ្ញុំ។
ឱព្រះមហាក្សត្រដ៏មានតេជានុភាពសព្វប្រការអើយ ! តាមរយៈអគ្គសញ្ញាជ្រមុជទឹក ព្រះអង្គបានប្រគល់មុខងារជាបូជាចារ្យដល់យើងខ្ញុំ
—សូមព្រះអង្គជួយយើងខ្ញុំឱ្យចេះថ្វាយខ្លួន និងលើកតម្កើងព្រះអង្គផង។ (បន្ទរ)
សូមព្រះអង្គជួយយើងខ្ញុំឱ្យចេះគោរពតាមវិន័យរបស់ព្រះអង្គ
—ដើម្បីឱ្យយើងខ្ញុំរួមរស់ជាមួយព្រះអង្គ ហើយឱ្យព្រះអង្គគង់នៅជាមួយយើងខ្ញុំ តាមរយៈឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ (បន្ទរ)
សូមព្រះអង្គប្រោសប្រទាននូវព្រះប្រាជ្ញាញាណអស់កល្បជានិច្ចដល់យើងខ្ញុំ
—សូមព្រះអង្គជួយយើងខ្ញុំឱ្យប្រព្រឹត្តតាមកិច្ចការរៀងៗខ្លួននៅក្នុងថ្ងៃនេះផង។ (បន្ទរ)
នៅថ្ងៃនេះ សូមឱ្យសហជីវិនរបស់យើងខ្ញុំបានរួចផុតពីទុក្ខព្រួយ
—និងសូមឱ្យពួកគេបានទទួលនូវអំណរសប្បាយផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! ថ្ងៃនេះ យើងខ្ញុំសូមរំឭកដល់សន្តីស្កូឡាស្ទីក ជាទីគាប់ព្រះហឫទ័យព្រះអង្គ។ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យចេះបម្រើព្រះអង្គដោយចិត្តស្មោះ តាមគំរូរបស់សន្តីស្កូឡាស្ទីក និងឱ្យយើងខ្ញុំមានអំណរសប្បាយទទួលសេចក្តីស្រឡាញ់ដែលមកពីព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

